en     km
en     km

ស្ដ្រី​ខ្មែរ​មួយ​ចំនួន​ជ្រើសរើស​ការ​ធ្វើ​ចំណាកស្រុក​ដើម្បី​ជីវភាព​គ្រួសារ​

Share

ភ្នំពេញ​ ៖​ ស្ដ្រី​ខ្មែរ​ ភាគច្រើន​នៅ​តែ​ជ្រើសរើស​ការ​ធ្វើ​ចំណាកស្រុក​ដើម្បី​ រក​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ បើ​ទោះ​អ្នកខ្លះ​ធ្លាប់​បាន​ជួប​ប្រទះ​ការ​ធ្វើទុក្ខបុកម្នេញ​ពេល​ដែល​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​។​ ស្ដ្រី​ខ្មែរ​ មិន​ថា​ អ្នក​មិន​ទាន់​រៀប​ការ​ ឬ​អ្នក​រៀប​ការ​ហើយ​នោះ​ទេ​ ពួក​គេ​បាន​សម្រេចចិត្ដ​ចាក​ចេញពី​ប្រទេស​កំណើត​របស់​ខ្លួន​ ដើម្បី​ទៅ​ធ្វើ​ការងារ​នៅ​ក្រៅ​ទេស​ បំណង​រក​ប្រាក់​ចិញ្ចឹម​កូន​ និង​ឪពុក​ ម្ដាយ​។​ ពួក​គេ​បាន​អះអាង​ថា​ បើ​ទោះជា​ការងារ​លំបាក​យ៉ាងណា​ ក៏​អាច​ធ្វើ​បាន​ដែរ​ ឲ្យ​តែ​កូន​បាន​រៀន​ និង​ឪពុក​ម្ដាយ​ បាន​រួច​ផុត​ការ​លំបាក​ខ្វះ​មុខ​ ខ្វះ​ក្រោយ​។​

​តទៅ​នេះ​គឺជា​បទ​យ​ការណ៍​ស្ដី​ពី​ស្ដ្រី​ខ្មែរ​ ដែល​បាន​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​ ដើម្បី​លើក​ស្ទួយ​ជីវភាព​គ្រួសារ​ ដែល​រៀបចំ​ឡើយ​ដោយ​លោក​ លៀ​ ស៊ី​ណា​ ៖

 

កម្មការិនីខ្មែរ ដែលត្រូវទៅធ្វើការនៅទីក្រុងហុងកុង កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧

 

​នេះ​គឺជា​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ ។​ ខណៈ​នេះ​យន្តហោះ​មួយ​បាន​រំកិល​ខ្លួន​បន្តិច​ម្ដងៗ​ មក​រក​ទីតាំង​មួយ​ដើម្បី​ដឹក​អ្នកដំណើរ​ដែល​ត្រូវ​ទៅ​កាន់​ទីក្រុង​ហុងកុង​ ដែល​ជា​តំបន់​សេដ្ឋកិច្ច​ស្វយ័ត​របស់​ ប្រទេស​ចិន​។​ ពេល​នេះ​ហើយ​ ជា​ការ​ចាកចេញ​របស់​ពល​ការិនី​ខ្មែរ​ ត្រូវ​ឡើង​យន្តហោះ​នេះ​ ទៅ​ធ្វើ​ការងារ​តាម​ផ្ទុះ​នៅ​ទីក្រុង​ពាណិជ្ជកម្ម​ដ៏​ធំ​នៅ​អាស៊ី​មួយ​នេះ​។​

​កាលពី​ថ្ងៃ​ទី​២៧​ ធ្នូ​ឆ្នាំ​២០១៧​ កម្មការិនី​ខ្មែរ​ជាង​ ១០​នាក់​ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ទីក្រុង​ហុងកុង​ ជា​លើក​ដំបូង​ដើម្បី​ធ្វើការ​ជា​ជំនួយការ​មេផ្ទះ​។​ តែ​ទោះជា​ការ​បញ្ជូន​ស្ដ្រី​ខ្មែរ​ទៅ​ធ្វើ​ការងារ​នៅ​ទីក្រុង​ហុងកុង​ ជា​លើក​ដំបូង​ក្ដី​ ក៏​ប៉ុន្ដែ​វា​មិនមែន​ជា​លើក​ទី​១​ទេ​ ដែល​កម្ពុជា​ អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ ចេញ​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​។​ ក្រៅពី​ទីក្រុង​ហុងកុង​ កម្ពុជា​ ក៏​បាន​អនុញ្ញាត​ឲ្យ​ស្ដ្រី​ខ្មែរ​ ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​កូរ៉េ​ ថៃ​ ម៉ា​ឡេ​ស៊ី​ សិង្ហ​បុរី​ និង​ប្រទេស​ជប៉ុន​ផង​ដែរ​។​

​អ្នកស្រី​ ស៊ិ​ម​ សា​រ៉េ​ត​ មានស្រុក​កំណើត​មក​ពី​ខេត្ដកំពង់ចាម​ ដែល​បច្ចុប្បន្ន​អ្នកស្រី​មាន​អាយុ​ ៣៣​ឆ្នាំ​។​ អ្នកស្រី​ឈរ​រង់ចាំ​នៅ​ខាង​មុខ​ព្រ​លាន​យន្ដហោះ​អន្ដរជាតិ​ភ្នំពេញ​ ជាទី​ដែល​អ្នកស្រី​រង់ចាំ​ចេញដំណើរ​តាម​យន្ដហោះ​ ឆ្ពោះទៅ​កាន់​ទីក្រុង​ហុងកុង​ ជា​ទឹកដី​ដែល​អ្នកស្រី​ ត្រូវ​ទៅ​ធ្វើការ​ជា​ជំនួយការ​មេផ្ទះ​។​ អ្នកស្រី​ បាន​ផ្ដល់​សម្ភាសន៍​ឲ្យ​វិទ្យុ​ស្ដ្រី​ដឹង​ថា​ មូលហេតុ​ដែល​អ្នកស្រី​សម្រេចចិត្ដ​ទៅ​ធ្វើ​ការងារ​ក្រៅប្រទេស​ ពីព្រោះ​តែ​កត្ដា​ប្រាក់បៀវត្ស​ ។​ អ្នកស្រី​ បន្ដ​ថា​ ប្រាក់បៀវត្ស​ដែល​អ្នកស្រី​ធ្វើ​ការងារ​តាម​រោងចក្រ​ក្នុងស្រុក​ខ្មែរ​ គឺ​មិន​គ្រប់គ្រាន់​សម្រាប់​ការ​ផ្គត់ផ្គង់​ តម្រូវការ​ប្រចាំ​ថ្ងៃ​របស់​អ្នកស្រី​ នឹង​កូនៗ​បាន​ទេ​។​ អ្នកស្រី​ សា​រ៉េ​ត​ រំពឹង​ថា​ ការ​ទៅ​ធ្វើ​ការងារ​នៅ​ក្រៅប្រទេស​នេះ​ នឹង​អាច​ធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​របស់​អ្នកស្រី​បាន​ល្អ​ប្រសើរ​ជាង​សព្វថ្ងៃ​។​

​អ្នកស្រី​ ស៊ិ​ម​ សា​រ៉េ​ត​ ៖«​មក​ពី​ជីវភាព​ខ្ញុំ​ខ្វះខាត​ ហើយ​ជីវភាព​វា​ខ្សត់ខ្សោយ​ ហើយ​ទៅ​វា​បាន​ប្រាក់ខែ​ខ្ពស់​ អ​ញ្ចឹ​ង​បាន​ចង់ទៅ​ហ្នឹង​ ហើយ​ទៅ​ហ្នឹង​រំពឹង​ថា​ ខ្ញុំ​ទៅ​ធ្វើការ​ឲ្យ​គេ​បាន​មួយ​អាណត្ដិ​ពីរ​ឆ្នាំ​ហ្នឹង​ យក​ប្រាក់​មក​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ខ្ញុំ​»​។​

​ដូច​គ្នា​ដែរ​ សម្រាប់​អ្នកស្រី​ ផេង​ សុ​ជា​ អាយុ​ ២៨​ឆ្នាំ​ មាន​ស្រុ​កំណើត​មក​ពី​ខេត្ដកំពង់ធំ​ អ្នកស្រី​ជា​កម្មការិនី​ម្នាក់​ក្នុង​ចំណោម​កម្មការិនី​ជា​ច្រើន​ទៀត​ ដែល​កំពុង​រង់ចាំ​ដើម្បី​ធ្វើ​ដំណើរ​ទៅ​កាន់​គោលដៅ​ នៃ​ការ​ស្វែងរក​ថវិកា​ផ្គត់ផ្គង់​ជីវភាព​ឪពុក​ម្ដាយ​ ដែល​ រស់នៅ​ក្នុង​ភាព​ក្រីក្រ​នៅ​ឯ​ស្រុក​។​ អ្នកស្រី​ សុ​ជា​ បាន​លើក​ហេតុផល​ចំនួន​ ៣​ចំ​ណុ​ ដែល​ជំរុញ​ទឹកចិត្ដ​អ្នកស្រី​ឲ្យ​សម្រេចចិត្ដ​ ដាក់​ពាក្យ​ទៅ​បម្រើ​ការងារ​នៅ​ក្រៅប្រទេស​។​

​អ្នកស្រី​ ផេង​ សុ​ជា​ ៖«​ខ្ញុំ​ចង់ទៅ​ ដោយសារ​ទី​១​ ជា​ចំណុច​ល្អ​គឺ​វា​មាន​ប្រាក់ខែ​ខ្ពស់​ ទី​២​ ខ្ញុំ​មាន​ជំនឿ​ចិត្ដ​លើ​រាជរដ្ឋាភិបាល​ ទី​៣​ គឺ​ក្រសួង​ការងារ​ តម្រូវ​ឲ្យ​ខ្ញុំ​ទៅ​ដោយ​មិន​មានការ​បង្ខិតបង្ខំ​ពី​ក្រុមហ៊ុន​។​ លើស​ពី​នេះ​ក្រុមហ៊ុន​ ក៏​បាន​ណែនាំ​ល្អៗ​ជា​ច្រើន​សម្រាប់​ពួក​ខ្ញុំ​ មុន​ពេល​ខ្ញុំ​ទៅ​»​។​

​ការងារ​នៅ​ក្រៅប្រទេស​ គឺ​មិន​ថា​ផ្នែក​អ្វី​នោះ​ទេ​ ពិត​ណាស់​ កម្រៃ​គឺ​បាន​ខ្ពស់​ជាង​ក្នុងស្រុក​ទ្វេគុណ​ ព្រោះតែ​កម្រៃ​ខ្ពស់​នេះ​ហើយ​ ទើប​ធ្វើ​ឲ្យ​ស្ដ្រី​ខ្មែរ​ភាគច្រើន​ តែងតែមាន​ចិត្ដ​ចង់ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ ដោយ​សង្ឃឹមថា​ ក្រោយ​វិល​មក​វិញ​ ឪពុក​ ម្ដាយ​ របស់​ពួក​គេ​ នឹង​បាន​រស់នៅ​សុខ​ ស្រួល​ មិន​ហត់នឿយ​ និង​លំបាក​ដូច​បច្ចុប្បន្ន​។​ ស្ដ្រី​ភាគច្រើន​ សុខចិត្ដ​លំបាក​ខ្លួនឯង​ ឲ្យ​តែ​គ្រួសារ​ពួក​គេ​ ចៀស​ផុត​ពី​ក្ដី​ទុក្ខ​។​

​តែ​យ៉ាងនេះ​ ស្ត្រី​ខ្មែរ​ ធ្វើការ​នៅ​តាម​ផ្ទះ​ នៃ​ប្រទេស​ខ្លះ​ តែង​ធ្លាក់​ចូល​ក្នុង​ស្ថានភាព​ រង​ទុក្ខទោស​ ហើយ​ត្រូវ​បង្ខំចិត្ត​ ត្រឡប់​មក​វិញ​ ដោយ​មិន​សល់​ប្រាក់​កាក់​អ្វី​ឡើយ​ ដោយសារ​ការងារ​របស់​ពួក​គេ​ មិន​មានការ​ច្បាប់​ការពារ​ ឬ​ ក៏​ពុំ​មាន​កិច្ចព្រមព្រៀង​ជាក់លាក់​ ពី​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​២​ ។​ កាលពី​ជាង​ ១០​ឆ្នាំ​មុន​ ស្ដ្រី​ខ្មែរ​ភាគច្រើន​ ត្រូវ​បាន​មេខ្យល់​បោក​ យក​ទៅ​លក់​ ឲ្យ​ធ្វើ​ការងារ​នៅ​ក្រៅប្រទេស​ និង​ខ្លះ​ទៀត​ ត្រូវ​បាន​មេខ្យល់​នាំ​យក​ទៅ​លក់​ឲ្យ​ធ្វើ​ប្រពន្ធ​ ឬ​បម្រើសេវា​ផ្លូវភេទ​ ដែល​ករណី​នេះ​ នាំ​ឱ្យ​រដ្ឋាភិបាល​ កម្ពុជា​ សើរើ​ច្បាប់​ របស់​ខ្លួន​និង​ ពិនិត្យ​កិច្ចព្រមព្រៀងទ្វេភាគី​ឡើង​វិញ​។​

​ចំណុច​នេះ​ មិនមែន​អ្នកស្រី​ សុ​ជា​ មិន​ធ្លាប់​ឮ​ នោះ​ទេ​ ក៏​ប៉ុន្ដែ​អ្នកស្រី​គិត​ថា​ កាលពីមុន​នឹង​បច្ចុប្បន្ន​នេះ​ គឺ​មិន​ដូច​គ្នា​ឡើយ​ ដោយ​អ្នកស្រី​បន្ដ​ថា​ ការ​សម្រេចចិត្ដ​ទៅ​ធ្វើ​ការងារ​ក្រៅប្រទេស​របស់​អ្នកស្រី​នេះ​ គឺ​នឹង​មិន​មាន​បញ្ហា​ត្រូវ​បាន​គេ​បោក​បញ្ឆោត​ដូច​កាលពីមុន​ឡើយ​ ព្រោះតែ​សព្វ​ថ្ងៃនេះ​ មានការ​ផ្សព្វផ្សាយ​ជា​ច្រើន​អំពី​ព័ត៌មាន​ ពី​ការងារ​ចំណាកស្រុក​ ទៅ​ធ្វើ​ការងារ​ក្រៅប្រទេស​ រួម​ផ្សំ​នឹង​ព័ត៌មាន​មួយ​ចំនួន​ទៀត​ ដែល​អ្នកស្រី​ទទួល​បាន​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​

​អ្នកស្រី​ ផេង​ សុ​ជា​ ៖«​ទី​១​ ខ្ញុំ​គិត​ថា​ ពេល​ហ្នឹង​មក​ពី​គាត់​អត់​បានដឹង​ ហើយ​ភាគច្រើន​កើតឡើង​នៅ​តាម​ភូមិ​។​ តែ​ឥឡូវ​គេ​ដឹង​ច្រើន​ហើយ​ ដោយសារ​យើង​មាន​សង្គម​ហ្វេ​ស​ប៊ុ​ក​ ហើយ​ទី​២​ មាន​បណ្ដាញ​ផ្សព្វផ្សាយ​ជា​ច្រើន​ដែល​គេ​ផ្សព្វផ្សាយ​»​។​

​ចំណែក​អ្នកស្រី​ ឈិ​ន​ សុធា​រី​ ដែល​កំពុង​ត្រៀមខ្លួន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ហុងកុង​ដូច​គ្នា​ទៅ​កម្មការិនី​ទាំង​ពីរ​រូប​នេះ​ដែរ​ បាន​និយាយ​ថា​ អ្នកស្រី​ធ្លាប់​ជា​កម្មការិនី​មួយ​រូប​ ដែល​បាន​ទៅ​ធ្វើ​ការងារ​ជា​ជំនួយការ​មេផ្ទះ​ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​
​រយៈពេល​ ៥​ឆ្នាំ​។​ អ្នកស្រី​ បាន​ជួប​ផល​លំបាក​ជា​ច្រើន​ ពី​ការ​ធ្វើទុក្ខបុកម្នេញ​ ការ​ប្រើ​ឲ្យ​ធ្វើការ​ស្ទើរតែ​ រក​ពេល​ឈប់​សម្រាក​គ្មាន​ និង​ការ​ទទួល​បាន​ប្រាក់បៀវត្ស​មិន​គ្រប់​ចំនួន​ ក្រោយ​ពេល​អ្នកស្រី​ វិល​មក​ស្រុក​កំណើត​វិញ​។​ តែ​យ៉ាងណា​អ្នកស្រី​ ទទួលស្គាល់​ថា​ កាលពី​ពេល​ដែល​អ្នកស្រី​ ចេញ​ទៅ​ធ្វើ​ការងារ​នៅ​ក្រៅប្រទេស​កាលនោះ​ អ្នកស្រី​មិន​បានដឹង​ព័ត៌មាន​អ្វី​ឡើយ​ ហើយ​ការ​ចាកចេញ​របស់​អ្នកស្រី​ គឺ​ធ្វើ​ទៅ​តាមតែ​ការ​ឮ​តៗ​គ្នា​ តែ​ប៉ុណ្ណោះ​។​

​អ្នកស្រី​ ឈិ​ន​ សុធា​រី​ ៖«​ខ្ញុំ​ធ្វើ​ការងារ​នៅ​ជាមួយ​ថៅកែ​រហូត​ ជូន​កាល​ជួត​ផ្ទះ​គាត់​អី​ហើយ​អ​ញ្ចឹ​ង​ទៅ​ គាត់​យក​ទៅ​ជួត​ផ្ទះ​បងប្អូន​គាត់​ ម្ង៉ៃ​លាង​ឡាន​ ៤​ ទៅ​៥​ ថ្ងៃអាទិត្យ​ មុជទឹក​ឲ្យ​ឆ្កែ​ទៀត​។​ ពេលទំនេរ​អ​ញ្ចឹ​ង​ អា​ទឹកមាត់​ត្រចៀកកាំ​ហ្នឹង​គាត់​ឲ្យ​ខ្ញុំ​អង្គុយ​បេះ​ទឹកមាត់​ត្រជៀកកាំ​ហ្នឹង​ទៀត​ទៅ​ ជួនកាល​ខ្ញុំ​ចូល​ដេក​ម៉ោង​ ១០​ ម៉ោង​អី​ទៅ​»​។​

​ក្ដី​ទុក្ខវេទនា​ ដែល​បាន​ឆ្លងកាត់​ព្រោះតែ​ការ​ចំណាកស្រុក​ដោយ​ប្រថុយប្រថាន​នេះ​ បាន​ធ្វើ​ឲ្យ​អ្នកស្រី​ សុធា​រី​ មាន​អារម្មណ៍​ខ្លាចរអា​នៅ​ពេល​ដែល​ឮដំណឹង​ពី​ការ​បញ្ជូន​ពលករ​ទៅ​ធ្វើ​ការងារ​ក្រៅប្រទេស​ម្ដងៗ​។​ ក៏​ប៉ុន្ដែ​ស្ដ្រី​រូប​នេះ​ នៅ​តែ​មាន​បំណង​ចង់​ចេញ​ទៅ​ក្រៅប្រទេស​ដើម្បី​រក​ការងារ​ធ្វើការ​ ទទួល​បាន​ប្រាក់​កម្រៃ​ខ្ពស់​យក​មក​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។​

​អ្នកស្រី​ បាន​សម្រេច​ចិត្ដជា​ថ្មី​ទៀត​ ដើម្បី​ទៅ​ធ្វើ​ការងារ​នៅ​ក្រៅប្រទេស​ ក្រោយ​ពី​កញ្ញា​បាន​ចំណាយពេល​ ៣​ខែ​ ចូល​សិក្សា​វគ្គ​បណ្ដុះបណ្ដាល​ពី​ក្រុម​បញ្ជូន​ពលករ​ទៅ​ក្រៅប្រទេស​ ដែល​មាន​ក្រសួង​ការងារ​ ជា​សេនាធិការ​។​ អ្នកស្រី​បាន​និយាយ​ថា​ ការ​ទៅ​កាន់​ទីក្រុង​ហុងកុង​លើក​នេះ​ នាង​រំពឹង​ថា​ នឹង​មិន​ជួប​បញ្ហា​អកុសល​ដូច​កាលពី​ទៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​នោះ​ទេ​។​

​អ្នកស្រី​ ឈិ​ន​ សុធា​រី​ ៖«​ខ្ញុំ​អត់​មាន​គិត​ថា​ ស្ថានភាព​ដូច​កាល​ទៅ​ម៉ា​ឡេ​ទៀត​ទេ​ ព្រោះថា​កាល​ទៅ​ម៉ា​ឡេ​ខ្ញុំ​អត់​ដែល​បាន​ចូល​ក្រសួង​ការងារ​ បាន​មក​ជួប​បងៗ​អ​ញ្ចឹ​ង​ទេ​។​ កាល​ទៅ​ហ្នឹង​គឺ​ទៅ​ហោះ​នៅ​ស្រុក​យួន​ឯណោះ​ ទៅ​ហោះ​នៅ​ស្រុក​យួន​ហ្នឹង​ ជិះឡាន​ ទម្រាំ​ទៅ​ដល់​ល្ងាច​។​ កាល​ទៅ​ហ្នឹង​អត់​មានបាន​ទៅ​ជួប​សម្ភាសន៍​អី​ទេ​ តែ​ដល់​មក​ហ្នឹង​គឺ​ហ្នឹង​ធឹង​ ដូច​ថា​បាន​ជួប​ក្រសួង​ជួប​អី​ ដែល​គេ​ណែនាំ​យើង​ថា​ ក្រុមហ៊ុន​ហ្នឹង​ គឺ​ស្របច្បាប់​ស្រប​អី​អ​ញ្ចឹ​ង​»​។​

​ស្ដ្រី​ខ្មែរ​ បាន​ចាក​ចេញពី​ភូមិកំណើត​ ដើម្បី​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​ អ្នកខ្លះ​ធ្វើ​ការងារ​ដោយ​បាន​ផល​ល្អ​ ដែល​មិន​មានការ​ធ្វើបាប​ ឬ​កេ​ញ​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​អ្វី​ឡើយ​។​ ក៏​ប៉ុន្ដែ​ស្ដ្រី​ខ្មែរ​ខ្លះ​ទៀត​ បាន​ចេញ​ទៅ​ធ្វើ​ការងារ​ប្រទេស​ ត្រូវ​បាន​ថៅកែ​ ធ្វើបាប​ នឹង​ស្ដ្រី​ខ្លះ​ទៀត​ ត្រូវ​បាន​ម្ចាស់ផ្ទះ​ធ្វើ​ទារុណកម្ម​ និង​ចាប់រំលោភ​ជាដើម​។​ ជាក់ស្ដែង​កាលពី​ឆ្នាំ​២០១១​ ប្រទេស​កម្ពុជា​ បាន​សម្រេច​បញ្ឈប់​ការ​បញ្ជូន​ស្ដ្រី​ខ្មែរ​ ទៅ​បម្រើ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ ក្រោយ​ពេល​ដែល​មាន​របាយការណ៍​ នឹង​បណ្ដឹង​ជា​ច្រើន​ ដែល​បង្ហាញ​ពី​ការ​រំលោភសិទ្ធិ​ការងារ​ ការ​ធ្វើទុក្ខបុកម្នេញ​ ការ​បង្ខំ​រំលោភ​ និង​ការ​ធ្វើ​ទារុណកម្មរ​ លើ​ស្ដ្រី​ខ្មែរ​ ពី​សំណាក់​ម្ចាស់ផ្ទះ​។​

​តែ​យ៉ាងណា​ការ​បញ្ជូន​ស្ដ្រី​ខ្មែរ​ ទៅ​បម្រើ​តាម​ផ្ទះ​ ជា​ជំនួយការ​មេផ្ទះ​នៅ​ទីក្រុង​ហុងកុង​ លើក​ដំបូង​នា​ពេល​នេះ​ ត្រូវ​បាន​លោក​ ងុ​យ​ រិ​ទ្ធ​ អគ្គនាយករង​ នៃ​អគ្គនាយកដ្ឋាន​ការងារ​ នៃ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ នៅ​អាកា​យានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ​ មុន​ពេល​នាំ​កម្មការិនី​ ចេញ​ទៅ​កាន់​ទីក្រុង​ហុងកុង​ថា​ ស្ដ្រី​ខ្មែរ​ ដែល​ទៅ​បម្រើ​ការងារ​ នៅ​ទីក្រុង​ហុងកុង​នេះ​ ពួក​គេ​នឹង​មិន​ជួប​ បញ្ហា​ដូច​កាលពី​ទៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ឡើយ​។​ លោក​អះអាង​ថា​ ទីក្រុង​ហុងកុង​ មានការ​អនុវត្ដ​ច្បាប់​តឹងរ៉ឹង​ នឹង​បាន​ផ្ដល់​សិទ្ធិ​ពេញលេញ​ដល់​ពលករ​ក្រៅប្រទេស​ ដូច​ទៅ​នឹង​ពលរដ្ឋ​ របស់​គេ​ដែរ​។​

​លោក​ ងុ​យ​ រិ​ទ្ធ​ ៖«​ច្បាប់​របស់​ហុងកុង​ គឺ​ផ្ដល់​សិទ្ធិ​សេរីភាព​ ហើយនឹង​ការ​ការពារ​ពលករ​បរទេស​ហ្នឹង​ ដូច​ពលករ​របស់​ហុងកុង​ហ្នឹង​ ហើយ​ពលករ​របស់​ប្រទេស​ដទៃ​ គឺ​មាន​សិទ្ធិ​ស្នើ​គ្នា​ គឺ​ដូច​គ្នា​ មិន​ខុស​គ្នា​ទេ​»​។​

​តែ​យ៉ាងណា​កាលពី​ខែធ្នូ​ ឆ្នាំ​២០១៧​ កន្លង​ទៅ​នេះ​ ទីភ្នាក់ងារសារព័ត៌មាន​អន្ដរជាតិ​ រ៉​យ​ទ័​រ​ បាន​ចេញផ្សាយ​អត្ថបទ​មួយ​ ដោយ​សរសេរ​ថា​ ពលករ​ហ្វី​លី​ពិន​ភាគច្រើន​បំផុត​ បាន​ទទួល​រង​ការ​ធ្វើបាប​ ការ​រំលោភសិទ្ធិ​ការងារ​ ពី​ក្រុម​ម្ចាស់ផ្ទះ​នៅ​ទីក្រុង​ហុងកុង​។​

​កាលពី​ចុងឆ្នាំ​២០១៧​ ក្នុង​របាយការណ៍​រួម​គ្នា​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ ហៅ​កាត់​ថា​ (ILO)​ និង​អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ​ ហៅ​កាត់​ថា​ (IOM)​ បាន​រក​ឃើញ​ថា​ ពលករ​ចំណាកស្រុក​ខ្មែរ​ ៨​នាក់​ក្នុង​ចំណោម​ ១០​នាក់​ត្រូវ​បាន​រំលោភ​បំពាន​សិទ្ធិ​ការងារ​ និង​ ៧​នាក់​ក្នុង​ចំណោម​ ១០​នាក់​ បាន​កើត​ជំងឺផ្លូវចិត្ត​។​ ពលករ​ខ្មែរ​ចំណាកស្រុក​ទៅ​ក្រៅប្រទេស​ត្រូវ​បាន​ឲ្យ​ដឹង​ថា​ មាន​ចំនួន​ ១​លាន​ ១​សែន​ ៥​ម៉ឺន​នាក់​ ដែល​ក្នុង​ចំនួន​នេះ​ ពលរដ្ឋ​ខ្មែរ​មាន​វត្ដ​មា​នៅ​ប្រទេស​ថៃ​ជាង​១​លាន​នាក់​។​ តាម​របាយការណ៍​ដដែល​នេះ​ ពល​ការិនី​ បម្រើ​ការងារ​តាម​ផ្ទះ​ ត្រូវ​បាន​រំលោភសិទ្ធិ​ការងារ​ និង​ជួប​ប្រទះ​ការ​កើត​ជំងឺផ្លូវចិត្ត​ធ្ងន់ធ្ងរ​ក្រោយ​ពេល​ពួក​គេ​ត្រឡប់​មក​កាន់​ទឹកដី​កំណើត​វិញ​។​

​លោក​ អំ​ សំអាត​ មន្ដ្រីជាន់ខ្ពស់​ផ្នែក​ស៊ើបអង្កេត​អង្គការ​សម្ព័ន្ធ​ ខ្មែរ​ជំរឿន​ និង​ការពារ​សិទ្ធិ​មនុស្ស​ លី​កាដូ​ ធ្លាប់​បាន​ប្រាប់​វិទ្យុ​ស្ដ្រី​កន្លង​ទៅ​នេះ​ថា​ ក្នុង​នាម​សង្គម​ស៊ី​វិល​ដែល​ធ្វើ​ការងារ​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ លោក​នៅ​តែ​មាន​ក្ដី​បារម្ភ​ពី​សុវត្ថិភាព​ស្ដ្រី​ខ្មែរ​ ដែល​ត្រូវ​បាន​នាំ​ទៅ​ធ្វើ​ការងារ​ជា​ជំនួយការ​មេផ្ទះ​នៅ​ក្រៅប្រទេស​។​ តាម​មន្ដ្រីជាន់ខ្ពស់​អង្គការ​លី​កាដូ​ ដដែល​បាន​បន្ដ​ថា​ ស្ដ្រី​ខ្មែរ​ ដែល​ទៅ​ធ្វើ​ការងារ​នៅ​ក្រៅប្រទេស​ ភាគច្រើន​តែងតែ​រង​ការ​ទុក្ខ​បុក​ម្នេញ​ ការ​រំលោភ​បំពាន​សិទ្ធិ​ និង​ផ្លូវភេទ​។​

​ទន្ទឹម​នឹង​មានបទពិសោធន៍​ជា​ច្រើន​ជុំវិញ​ ពី​ការ​រំលោភ​បំពាន​សិទ្ធិ​ មក​លើ​ស្ដ្រី​ខ្មែរ​ ដែល​ចេញ​ទៅ​បម្រើ​ការងារ​ជា​ជំនួយការ​មេផ្ទះ​ នៅ​ក្រៅប្រទេស​ដូចនេះ​។​ ចំពោះ​ការ​បញ្ជូន​ស្ដ្រី​ខ្មែរ​ ទៅ​កាន់​ទីក្រុង​ហុងកុង​ ជា​លើក​នេះ​ ក្នុង​ឆ្នាំ​២០១៧​ ក្រុមហ៊ុន​ អេ​លី​ត​ មេន​ផា​វ័​រ​ អេ​ជិន​ស៊ី​ និង​ក្រុមហ៊ុន​ អ៊ឹ​ង​រិ​ទ្ធី​គ្រុប​ ដែល​ជា​ក្រុមហ៊ុន​ស្វែងរក​ការងារ​ឲ្យ​ពលករ​ខ្មែរ​ ធ្វើ​នៅ​ក្រៅប្រទេស​ បាន​អះអាង​ថា​ ការ​បញ្ជូន​ស្ដ្រី​ខ្មែរ​ទៅ​ធ្វើ​ការងារ​នៅ​ក្រៅប្រទេស​នេះ​ នឹង​មិន​មាន​បញ្ហា​រំលោភសិទ្ធិ​ ឬ​ក៏​បញ្ហា​ជា​ផល​អាក្រក់​អ្វី​ផ្សេងៗ​កើតឡើង​នោះ​ទេ​។​ ក្រុមហ៊ុន​បាន​បញ្ជាក់​ថា​ ព្រោះតែ​ការ​បញ្ជូន​ទៅ​នេះ​ គឺ​មានការ​ដឹង​ឮ​ នឹង​មាន​កិច្ចសន្យា​ត្រឹមត្រូវ​ ទាំង​ភាគី​ក្រសួង​ការងារ​កម្ពុជា​ និង​ភាគី​អាជ្ញាធរ​ នៃ​ទីក្រុង​ហុងកុង​។​

​ដោយសារ​ តែ​មាន​ទំនុកចិត្ត​ដូចនេះ​ហើយ​ បានជា​ ម្ដាយ​ ឪពុក​ និង​គ្រូ​សារ​ដែល​ជូន​ដំណើរ​កូន​ឡើង​យន្តហោះ​ទៅ​ធ្វើការ​នៅ​ ក្រុង​ហុងកុង​ម្នាក់ៗ​ហាក់​ មាន​ទំនុកចិត្ត​ជាង​មុន​ ដែល​ថា​ កូនស្រី​របស់​ខ្លួន​នឹង​រស់នៅ​ និង​ធ្វើ​ការងារ​តាម​ផ្ទះ​នៅ​ក្រុង​ហុងកុង​ នឹង​ប្រកបដោយ​សុវត្ថិភាព​ និង​ជួយ​ផ្ដល់​ប្រាក់​ចំណូល​ មក​ឲ្យ​គ្រួសារ​នៅ​ប្រទេស​កំណើត​៕

Share

Image
Image
Image