en     km
en     km

សំណង់​អគារ​កើនឡើង​ តែ​ជីវភាព​កម្មករ​សំណង់​នៅ​តែ​ខ្វះខាត​

Share

​អគារ​ខ្ពស់ៗ​ ផ្សារ​ទំនើប​ សណ្ឋាគារ​ ផ្ទះល្វែង​ វីឡា​ ឬ​ក៏​ខុន​ដូ​ជាដើម​ ត្រូវ​បាន​សាងសង់​ជា​ហូរហែរ​រៀងរាល់ថ្ងៃ​។​ កំណើន​នេះ​ក៏​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​វិស័យ​សំណង់​នៅ​កម្ពុជា​ហាក់​មានការ​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់​ ដែល​នេះ​ជា​កត្តា​មួយ​ជួយ​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​ដើរទៅ​មុខ​ផង​ដែរ​។​ កាលពី​ពេល​កន្លង​ទៅ​នេះ​ ធនាគារពិភពលោក​បាន​ព្យាករណ៍​ទុក​ថា​កំណើនសេដ្ឋកិច្ច​កម្ពុជា​មានការ​កើនឡើង​ក្នុង​រង្វង់​ ៦.៩%​ ក្នុង​ឆ្នាំ​ ២០១៥​ នេះ​។​

លោកស្រី ម៉ន ស្រីវី កំពុងអង្គុយកាត់ដែក
លោកស្រី ម៉ន ស្រីវី កំពុងអង្គុយកាត់ដែក

​ត្បិត​មានការ​សាងសង់​សំណង់​ជា​ច្រើន​នៅ​កម្ពុជា​ ពិសេស​នៅ​រាជធានី​ភ្នំពេញ​ក៏​ពិតមែន​ ប៉ុន្តែ​បើ​មើល​ពី​ជីវភាព​ប្រជាជន​មួយ​ចំនួន​វិញ​ហាក់​នៅ​តែ​មានការ​ខ្វះខាត​ច្រើន​នៅឡើយ​។​ កម្លាំង​ស្នូល​ដែល​មិន​អាច​ខ្វះ​បាន​ក្នុង​វិស័យ​សំណង់​ដែរ​នោះ​ គឺ​កម្មករ​នេះឯង​ ហើយ​ក្នុង​ចំណោម​អ្នក​ទាំងនោះ​ ក៏​មាន​ស្ត្រី​ផង​ដែរ​។​

​ជាក់ស្ដែង​លោកស្រី​ ម៉​ន​ ស្រ​វី​ ដែល​សព្វ​ថ្ងៃជា​កម្មការិនី​សំណង់​ មក​ធ្វើការ​ជាមួយ​ប្ដី​នៅ​ភ្នំពេញ​ បាន​រៀបរាប់​ពី​ជីវភាព​របស់​គ្រួសារ​គាត់​ថា​ គាត់​មិន​មានមុខ​របរ​អ្វី​ផ្សេង​ធ្វើ​ទេ​ ដោយ​ជើងខូច​ម្ខាង​ ហើយ​គាត់​បាន​ត្រឹមតែ​មក​ធ្វើការ​សំណង់​ជាមួយ​ប្ដី​តែ​ប៉ុណ្ណោះ​។​

​ដោយសារ​តែ​នៅ​ឯ​ស្រុក​កំណើត​ លោកស្រី​មិនដឹង​ថា​មានមុខ​របរ​អី​ធ្វើ​ ហើយ​បើ​ទោះជា​រក​ បាន​ ក៏​វា​មិន​អាច​សល់​ និង​ល្មម​គ្រប់គ្រាន់​ក្នុង​ការ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ដែរ​ ដូច្នេះ​លោកស្រី​ ក៏​សម្រេចចិត្ត​មក​ធ្វើ​ការងារ​សំណង់​ជាមួយ​ប្ដី​នៅ​ទីក្រុង​។​

លោក​ស្រី​ ស្រី​វី​ កំពុង​លាយ​កំបោរ​
លោក​ស្រី​ ស្រី​វី​ កំពុង​លាយ​កំបោរ​

លោកស្រី​បញ្ជាក់​ថា​៖​ «​គ្រួសារ​ពិបាក​ គ្រួសារ​យើង​ដូច​ថា​ខ្វះខាត​អីចឹង​ មុខរបរ​មិនសូវ​មាន​ ចេះ​តែ​ដើរ​តាម​ប្ដី​មក​រកស៊ី​ជាមួយ​គាត់​ចឹ​ង​ទៅ​ ដល់​ពេល​ជួនកាល​មាន​លុយ​មាន​កាក់​អីចឹង​ទៅ​ ផ្ញើ​ឱ្យ​កូន​អី​ខ្លះ​ចឹ​ង​ទៅ​ ម៉ែ​អ្នក​នៅ​មើល​ចៅ​នៅផ្ទះ​»​។​

​នៅ​ពេល​ដែល​ទំនិញ​ក៏​ថ្លៃ​ ប៉ុន្តែ​ប្រាក់​កម្រៃ​ក៏​បាន​ត្រឹមតែ​ ២២០០០៛​ ហើយ​ប្ដី​របស់​គាត់​ក៏​បាន​តែ​ជាង​ ៣​ ម៉ឺន​ ដែរ​ ក្នុង​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ ដែល​នេះ​ធ្វើ​ឱ្យ​លោកស្រី​ ត្រូវការ​ចំណាយ​ច្រើន​ ហើយ​ប្រាក់​កាក់​របស់​ប្ដី​គាត់​គឺ​ទុក​សម្រាប់​សន្សំ​ ទើប​អាច​សល់​បាន​ខ្លះ​សម្រាប់​ផ្ញើ​ទៅ​ស្រុក​។​

​បើ​ក្រឡេក​មើលទៅ​ស្ថានភាព​ធ្វើការ​របស់​ពលករ​នៅ​ការដ្ឋាន​សំណង់​វិញ​ ពួក​គាត់​លើក​ឡើង​ថា​ មានការ​លំបាក​មួយ​ចំនួន​ដោយ​ខ្លួន​ត្រូវ​ធ្វើការ​ទាំង​ឈឺ​។​ លោកស្រី​ ស្រ​វី​រៀបរាប់​ពី​ការ​តស៊ូ​របស់​ខ្លួន​ថា​៖​ «​ខ្ញុំ​ក្នុង​ចិត្ត​តស៊ូ​អា​រឿង​ការងារ​សំណង់​ហ្នឹង​ បើសិនជា​អត់​ពី​ការងារ​សំណង់​ហ្នឹង​ ខ្ញុំ​ទៅ​កន្លែង​ការងារ​ផ្សេង​ ប្រហែលជា​អត់​បាន​ធ្វើ​ទេ​ ព្រោះ​អី​យើង​ខូច​ជើង​ ជើង​យើង​ខូច​ម៉ា​ចំហៀង​ចឹ​ង​ គេ​អត់ឱ្យ​ធ្វើ​ដែរ​ ឥឡូវ​គេ​រើស​យក​តែ​អ្នក​ជើងល្អ​អ្នក​រូបរាង​ស្អាត​»​។​

pic-4
លោកស្រី ស្រីវី កំពុងរៀបឥដ្ឋសម្រាប់យកទៅជាន់ខាងលើ

​លោកស្រី​ ស្រី​វី​ បាន​រៀបរាប់​ថា​ បើ​ទោះជា​គាត់​ធ្វើ​សំណង់​ ក៏​នេះ​ជា​ការងារ​មួយ​ដែល​មាន​តម្លៃ​ដែរ​ ហើយ​អ្នក​រាល់គ្នា​ក៏​មិន​បាន​មើលងាយ​អ្វី​ដល់​កម្មករ​សំណង់​ឬ​ចំពោះ​លោកស្រី​ដែរ​។​

​លោកស្រី​ បញ្ជាក់​៖​ «​គេ​ឱ្យ​ [​តម្លៃ​]​ តើ​ មិនមែន​ថា​គេ​មិន​ឱ្យ​ណា៎​!​ គេ​មិន​មក​ជិះជាន់​យើង​ផង​ហ្នឹង​!​ គេ​ប្រើ​យើង​ គេ​ឱ្យ​យើង​សម្រាក​ដែរ​តើ​»​។​

​ការងារ​ប្រចាំ​ថ្ងៃ​របស់​គាត់​គឺ​មាន​យួរ​ឥដ្ឋ​យួរ​កំបោរ​ទៅ​ឱ្យ​គេ​ លាយ​កំបោរ​ទៅ​ឱ្យ​គេ​ ពេល​ខ្លះ​យួរ​ឬ​លើក​របស់​ធ្ងន់ៗ​មួយ​ចំនួន​ដែរ​ និង​ធ្វើ​កិច្ចការ​សំណង់​ផ្សេងៗ​ទៀត​ដែល​គាត់​អាច​ធ្វើ​បាន​។​ ក្រោយ​ពី​ចប់​ការងារ​សំណង់​ លោកស្រី​ក៏​នៅ​មាន​នាទី​ធ្វើ​បាយ​ម្ហូប​សម្រាប់​ទទួលទាន​ពីរ​នាក់​ប្ដី​ប្រពន្ធ​នៅ​កន្លែង​ធ្វើ​សំណង់​នោះ​ផ្ទាល់​ទៀត​ផង​។​

​ជា​ទូទៅ​ការងារ​សំណង់​ គេ​ឃើញ​ភាគច្រើន​បុរស​ជា​អ្នក​ធ្វើ​ ប៉ុន្តែ​ចំនួន​ស្ត្រី​វិញ​គឺ​មិនសូវ​មាន​ច្រើន​នោះ​ទេ​ ព្រោះ​ការងារ​សំណង់​ត្រូវការ​ឡើង​ខ្ពស់ៗ​ អ​ញ្ចឹ​ង​កម្លាំង​ស្រី​ មិន​ដូច​កម្លាំង​ប្រុស​ទេ​ ប៉ុន្តែ​ដោយ​គេ​អាណិត​ គេ​ឃើញ​មក​តាម​ប្ដី​ ហើយ​គេ​ក៏​ផ្ដល់​ការងារ​ឱ្យ​គាត់​ធ្វើ​ទៅ​។​

pengsim
លោក​ ឈាន់​ ប៉េង​ស៊ីម​ ជា​ប្ដី​របស់​លោក​ស្រី​

​ស្ថិត​ក្នុង​ស្ថានភាព​រស់នៅ​ផ្លាស់​ប្តូរ​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង​តាមតែ​ទីតាំង​សំណង់​ដែល​ពួក​គាត់​ធ្វើ​រាល់ថ្ងៃ​ ប្ដី​របស់​ ម៉​ន​ ស្រី​វី​ ដែល​មានឈ្មោះ​ថា​ ឈាន់​ ប៉េង​ស៊ី​ម​ ក៏​បាន​បង្ហាញ​ពី​ការ​យល់​ឃើញ​ចំពោះ​ការងារ​របស់​ប្រពន្ធ​គាត់​ថា​ ត្បិត​បើ​គាត់​ជា​ស្ត្រី​មក​ធ្វើការ​សំណង់​ តែ​មាន​ពេល​ខ្លះ​ក៏​មិន​ពិបាក​ខ្លាំង​ពេក​ដែរ​៖​ «​វា​មិន​ពិបាក​អី​ដែរ​ទេ​ ហើយ​ក៏​វា​មិន​ធ្ងន់ធ្ងរ​អី​ដែរ​ តែបើ​គាត់​ចង់​មក​ធ្វើ​ ក៏​មក​ទៅ​បាន​ពីរ​នាក់​ រួច​ហើយ​វា​បាន​លុយ​ផ្ញើ​ទៅ​ផ្ទះ​ផង​»​។​

​ចំពោះ​កម្មករ​ធ្វើការ​ជាមួយ​លោកស្រី​ ស្រី​វី​ នោះ​ដែរ​ លោក​ តូច​ សី​ យល់​ឃើញ​ថា​ការងារ​មនុស្ស​ស្រី​មិនសូវ​ធ្ងន់​ប៉ុន្មាន​ទេ​ ដោយ​គាត់​និយាយ​ថា​ គ្រាន់តែ​លី​កំបោរ​លី​ឥដ្ឋ​ វា​មិន​ពិបាក​អី​ទេ​។​ លោក​បញ្ជាក់​ថា​៖​ «​មាន​ពិបាក​មាន​ស្រណុក​ មិនមែន​ថា​យើង​អង្គុយតែ​ពិបាក​រហូត​ ឬ​ស្រណុក​រហូត​ដែរ​ តែ​យើង​រក​លុយ​ មិន​ដែល​អង្គុយ​ស្រណុក​គេ​ឱ្យ​លុយ​យើង​ណា​»​។​

​កំពុង​ធ្វើ​បាយ​ម្ហូប​បណ្ដើរ​លោកស្រី​ ស្រី​វី​ក៏​បាន​និយាយ​ពី​ការ​លំបាក​របស់​គាត់​បណ្ដើរ​ថា​៖«​ការ​លំបាក​ហ្នឹង​ ចុក​ដៃ​ចុក​ជើង​ចឹ​ង​ទៅ​ រសេះរសោះ​ ជួនកាល​ឈឺក្បាល​អីចឹង​ទៅ​ ប៉ិន​ចេះ​តែ​ទ្រាំ​ទៅ​ណា៎​!​ លេបថ្នាំ​អី​ខ្លះ​ចឹ​ង​ទៅ​ឱ្យ​បាត់​ឈឺក្បាល​បាន​មាន​កម្លាំង​ធ្វើ​ឱ្យ​គេ​ទៀត​ បើ​យើង​អត់​ធ្វើ​ យើង​អត់​បាន​លុយ​ទេ​»​។​

​បើ​ទោះជា​យ៉ាងណា​ការងារ​លោកស្រី​ ម៉​ន​ ស្រី​វី​ ត្រូវ​ធ្វើការ​រយៈពេល​ ៨​ ម៉ោង​ក្នុង​១​ថ្ងៃ​ ហើយ​គាត់​ថា​ពេល​ឥឡូវ​ថៅកែ​ក៏​ឱ្យ​ឈប់​សម្រាក​ថ្ងៃអាទិត្យ​មួយ​ថ្ងៃ​ដែរ​។​ ក្នុង​ការងារ​ប្រចាំ​ថ្ងៃ​របស់​គាត់​ គាត់​ធ្វើការ​ផង​ក្នុង​ពេល​ដែល​គាត់​មាន​បញ្ហា​ជើង​គាត់​ផង​ ដោយពេល​ដើរ​គឺ​គាត់​ដូច​រាង​លើកជើង​បោះៗ​ ដើរទៅ​ខ្ជើ​តៗ​ អូស​ជើង​ម្ខាង​។​

​ស្រប​ពេល​ដែល​ខ្លួន​មក​ធ្វើការ​សំណង់​ជាមួយ​ប្ដី​នៅ​ភ្នំពេញ​ប្រមាណ​ជាង​ ១០​ ឆ្នាំ​ដែល​សព្វថ្ងៃ​បាន​ទុក​កូន​អាយុ​៧​ឆ្នាំ​ និង​ ៩​ឆ្នាំ​ ឱ្យ​ម្ដាយ​មើលថែ​ទាំ​ និង​ទៅ​រើ​ន​ទៅ​សូត្រ​នៅ​ឯ​ស្រុក​កំណើត​ ដោយ​ក្នុង​១​ខែ​ គាត់​អាច​ផ្ញើ​ទៅ​ផ្ទះ​បាន​ប្រមាណ​ ៥​ម៉ឺន​ឬ​ ១០​ម៉ឺន​ប៉ុណ្ណោះ​។​ លោកស្រី​ ប្រាប់​ថា​៖​ «​ចាយ​ទិញ​ម្ហូប​ហូប​រាល់ថ្ងៃ​ហ្នឹង​មិនសូវ​ជា​ឆ្ងាញ់​ប៉ុន្មាន​ទេ​ ត្បិតត្បៀត​ ព្រោះ​អី​ឱ្យ​សល់​ផ្ញើ​ទៅ​ឱ្យ​កូន​ចាយ​ខ្លះ​ ឱ្យ​កូន​រៀន​ផង​អី​ផង​»៕

Share

Image
Image
Image