en     km
en     km

សៀវភៅ​ “​សេដ្ឋកិច្ច​កម្ពុជា​”​ នឹង​ជួយ​ពលរដ្ឋ​កម្ពុជា ឱ្យ​ត្រៀមខ្លួន​កាន់តែ​ប្រសើរ​ពេល​ចូល​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​

Share

cover-Hang-CHuon-Narong-with-his-book-launching
​ភ្នំពេញ​៖​  រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​ និង​កីឡា​ លោក​ ហង់​ ជួនណា​រ៉ុ​ន​ មាន​ប្រសាសន៍​ថា​ សៀវភៅ​ “​សេដ្ឋកិច្ច​កម្ពុជា​”​ មាគ៌ា​ឆ្ពោះទៅ​រក​អនាគត​ដ៏​ភ្លឺស្វាង​ ដែល​សរសេរ​ដោយ​លោក​ផ្ទាល់​ នឹង​ជួយ​ដល់​សិស្ស​ និស្សិត​ និង​ពលរដ្ឋ​កម្ពុជា​ឱ្យ​ត្រៀមខ្លួន​កាន់តែ​ប្រសើរ​ ពេល​កម្ពុជា​ចូល​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​។​

លោក​ ហង់​ ជួនណា​រ៉ុ​ន​ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​ និង​កីឡា​ មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​សម្ពោធ​​សៀវភៅ​ “​សេដ្ឋកិច្ច​កម្ពុជា​”​ នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ នា​ព្រឹក​ថ្ងៃ​ទី​៣០​ ខែធ្នូ​ ឆ្នាំ​២០១៥​ ថា​ សៀវភៅ​ “​សេដ្ឋកិច្ច​កម្ពុជា​”​ សរសេរ​ដោយ​លោក​រដ្ឋមន្ត្រី​ផ្ទាល់​ នឹង​ជួយ​ដល់​សិស្ស​-​និស្សិត​ និង​ពលរដ្ឋ​កម្ពុជា​ឱ្យ​មានចំណេះ​ដឹង​ពី​វិស័យសេដ្ឋកិច្ច​ទាំង​ក្នុង​ប្រទេស​ និង​ក្នុង​តំបន់​អាស៊ាន​ឱ្យ​កាន់តែ​ទូលាយ​ ដើម្បី​ត្រៀមខ្លួន​ឱ្យ​បាន​កាន់តែ​ប្រសើរ​ ពេល​កម្ពុជា​ចូល​ក្នុង​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​។​

ក្នុង​ពិធី​សម្ពោធ​សៀវភៅ​របស់​ខ្លួន​លោក​ ហង់​ ជួនណា​រ៉ុ​ន​ មាន​ប្រសាសន៍​ថា​ គោលបំណង​ដែល​លោក​សរសេរ​សៀវភៅ​សេដ្ឋកិច្ច​កម្ពុជា​នេះ​ឡើង​ គឺ​ដើម្បី​បង្ហាញ​ឱ្យ​ឃើញ​ពី​ដំណើរ​វិវត្តន៍​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​រយៈពេល​ ២០​ឆ្នាំ​ ចុង​ក្រោយ​រហូត​ដល់​ឆ្នាំ​ ២០១៥​ នេះ​។​ ទន្ទឹម​គ្នា​នេះ​ដែរ​ លោក​ ហង់​ ជួនណា​រ៉ុ​ន​ បាន​បន្ថែម​ថា​ លោក​ចង់​ចែករំលែក​ចំណេះដឹង​ពាក់ព័ន្ធ​នឹង​វិស័យ​សេដ្ឋកិច្ច​កម្ពុជា​  ដែល​លោក​ធ្លាប់​មាន​បទ​ពិសោធ​ធ្វើ​ការងារ​រយៈពេល​ ១៥​ ឆ្នាំ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ទៅ​កាន់​យុវជន​និង​ពលរដ្ឋ​កម្ពុជា​។​

​លោក​ ហង់​ ជួនណា​រ៉ុ​ន​ ជឿជាក់​ថា​ តាម​រយៈ​សៀវភៅ​របស់​លោក​ នឹង​ចូលរួម​ចំណែក​ជួយ​យុវជន​ និង​ពលរដ្ឋ​កម្ពុជា​ យល់​ដឹង​ពី​វិស័យសេដ្ឋកិច្ច​បាន​ទូលំទូលាយ​បន្ថែម​ទៀត​ បាន​ត្រៀមខ្លួន​អភិវឌ្ឍ​ជាតិ​បាន​កាន់តែ​ប្រសើរ​នៅ​ថ្ងៃ​អនាគត​។​
«​ខ្ញុំ​អាច​ចងក្រង​សៀវភៅ​មួយ​ សម្រាប់​យុវជន​កម្ពុជា​ ឱ្យ​គាត់​បាន​យល់​ដឹង​ថា​តើ​ការ​អភិវឌ្ឍ​នេះ​ (​សេដ្ឋកិច្ច​)​ វា​ឆ្លងកាត់​បញ្ហា​អ្វីខ្លះ​ ឆ្លងកាត់​ដំណាក់កាល​អ្វីខ្លះ​ ហើយ​តើ​មាន​កត្តា​អ្វីខ្លះ​ដែល​ធ្វើ​ឱ្យ​យើង​អភិវឌ្ឍ​សេដ្ឋកិច្ច​បាន​ល្អ​ប្រសើរ​ ហើយ​នៅ​ថ្ងៃ​ខាង​មុខ​ទៀត​មាន​បញ្ហា​អ្វី​ មាន​បញ្ហា​ប្រឈម​អ្វីខ្លះ​ ដែល​ត្រូវ​ដោះស្រាយ​ដើម្បី​ឈាន​ទៅ​រក​ការ​អភិវឌ្ឍ​នៅ​ក្នុង​ដំណាក់កាល​មួយទៀត​»​។​

តាម​ការ​បញ្ជាក់​របស់​លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ​ ខ្លឹមសារ​សំខាន់​នៅ​ក្នុង​សៀវភៅ​ “​សេដ្ឋកិច្ច​កម្ពុជា​”​ ដែល​មាន​កម្រាស់​ជាង​ ៥០០​ ទំព័រ​នេះ​ មាន​និយាយ​អំពី​ការ​អភិវឌ្ឍ​គ្រប់​ផ្នែក​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា​ ដូច​ជា​ ការ​កសាង​ធនធានមនុស្ស​ ការ​អភិវឌ្ឍ​វិស័យ​ម៉ាក្រូសេដ្ឋកិច្ច​ កសិកម្ម​ ឧស្សាហកម្ម​ ការ​កសាង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ វិស័យ​សុខាភិបាល​ ព្រមទាំង​បង្ហាញ​ពី​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​កម្ពុជា​ ជាមួយ​អន្តរជាតិ​ និង​ប្រទេស​ទាំងអស់​ក្នុង​តំបន់​អាស៊ាន​ដូច​ជា​ប្រទេស​ថៃ​ សិង្ហ​បុរី​ ម៉ា​ឡេ​ស៊ី​ជាដើម​។​

«​ខ្ញុំ​ចង់​ផ្សព្វផ្សាយ​ឱ្យ​និស្សិត​យើង​ ឱ្យ​ប្រជាជន​យើង​យល់​ដឹង​ឱ្យ​បាន​ទូលំទូលាយ​ពី​បញ្ហា​អាស៊ាន​ ព្រោះ​ផ្នែក​មួយ​នៃ​សៀវភៅ​នេះ​ គឺ​ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​អន្តរជាតិ​ និង​បញ្ហា​អាស៊ាន​ អ៊ីចឹង​នៅ​ពេល​ចូល​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ ខ្ញុំ​ចង់ឱ្យ​យុវជន​យើង​ ប្រជាជន​យើង​យល់​ដឹង​ពី​អាស៊ាន​ច្រើន​ ហើយ​យើង​ក៏​បាន​ជ្រើសរើស​ពេលវេលា​ផ្សព្វផ្សាយ​នៅ​ពេល​នេះ​ ដើម្បី​ឱ្យ​ខ្ញុំ​បាន​ចែករំលែក​ដល់​យុវជន​យើង​»​។​

សូម​ជម្រាប​ថា​ លោក​ ហង់​ ជួនណា​រ៉ុ​ន​ បច្ចុប្បន្ន​ក្រៅពី​មាន​តួនាទី​ជា​រដ្ឋមន្ត្រីក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ លោក​ក៏​មាន​តួនាទី​ជា​ប្រធាន​នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​ (SNEC)​ ស្ថាប័ន​ស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​កម្ពុជា​ផង​ដែរ​។​ លោក​ ហង់​ ជួនណា​រ៉ុ​ន​ បាន​សរសេរ​សៀវភៅ​មួយ​ចំនួន​ជា​ភាសា​ខ្មែរ​ អង់គ្លេស​ និង​ភាសា​បារាំង​ ស្តី​ពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​ហិ​រញ្ញា​វត្ថុ​សាធារណៈ​កម្ពុជា​៕​

Share

Image
Image
Image