en     km
en     km

សាស្ត្រាចារ្យ​ម្នាក់​រង​ការ​វាយដំ​ពី​មហាជន​បដិសេធ​ការ​បង្កគ្រោះថ្នាក់​ចរាចរណ៍​

Share

ភ្នំពេញ​៖​លោក​សាស្ត្រាចារ្យ​សកល​វិទ្យាល័យ​កម្ពុជា​ដែល​រង​ការ​វាយដំ​ពី​សំណាក់​មហាជន​ចោទ​ករណី​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ហើយ​ព្យាយាម​រត់គេច​បាន​ច្រានចោល​ថា​ខ្លួន​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​ទេ​។​ តែ​ជាមួយ​គ្នា​នេះ​ មនុស្ស​៣​នាក់​ត្រូវ​បាន​ចោទ​​ប្រើ​ហិង្សា​លើ​លោក​សាស្ត្រាចារ្យ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ហើយ​កសាង​សំណុំរឿង​ឡើង​តុលាការ​ ។​

លោក ស៊ុយ សារ៉េត សាស្រ្តាចារ្យនៅសកលវិទ្យាល័យត្រូវបានក្រុមពលរដ្ឋព្រួតវាយតំដោយសារករណីបង្កគ្រោះថ្នាក់ចរាចរណ៍។រូបភាព៖ Facebook

​កាលពី​ថ្ងៃ​អាទិ​ត្យ​ ទី​១១​ ខែមីនា​ ស​ប្តា​ហ៍​មុន​ លោក​ ស៊ុ​យ​ សា​រ៉េ​ត​ សាស្ត្រាចារ្យ​ភាសា​អង់គ្លេស​នៅ​សកល​វិទ្យាល័យ​កម្ពុជា​ត្រូវ​បាន​មហាជន​ឃាត់​រថយន្ត​វាយដំ​រង​របួស​ធ្ងន់ធ្ងរ​។​ហ្វូង​មនុស្ស​វាយប្រហារ​លើ​​លោក​សាស្ត្រាចារ្យ​បាន​ចោទ​បុរស​នេះ​ថា​បាន​បើកឡាន​បុក​មនុស្ស​ ហើយ​រត់គេច​ខ្លួន​ពី​ការ​ទទួលខុសត្រូវ​។​លោក​សាស្ត្រាចារ្យ​ត្រូវ​បាន​ហ្វូង​មនុស្ស​វាយតំ​ដោយ​ប្រើ​ដុំ​ថ្ម​ ដុំឥដ្ឋ​ រង​របួសធ្ងន់​បាក់​ថ្គាម​ រ​ង្កើ​ធ្មេញ​បែកក្បាល​ហូរ​ឈាម​ស្រោច​ខ្លួន​។

​ការ​ចំណាយពេល​សម្រាក​ព្យាបាល​ជំងឺ​អស់​រយៈពេល​ជិត​១០​ថ្ងៃ​នៅ​ប្រទេស​វៀតណាម​ធ្វើ​អោយ​លោក​ ស៊ុ​យ​ សា​រ៉េ​ត ​មាន​ស្ថានភាព​ធូរស្រាល​ហើយ​និយាយ​បាន​ទៀត​ផង​។​

កាលពី​ថ្ងៃ ​ចន្ទ ទី១៩ ខែមីនា ​ម្សិលមិញ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​គេ​បានឃើញ​លោក​សាស្ត្រាចារ្យដេក​លើ​គ្រែពេទ្យ​ ហើយ​និយាយ​តិចៗ​ដោយ​បដិសេធ​ថា​ លោក​ពុំ​បាន​បើកឡាន​បុក​ម៉ូតូ​ទេ​គឺ​ម៉ូតូ​របស់​បុរស​ម្នាក់​នោះ​ទេ​ ជា​អ្នក​បើក​បុក​គូទ​ឡាន​គាត់​នៅ​ផ្នែក​ស្តាំ​ហើយ​ដួល​។


​លោក​ ស៊ុ​យ​ សា​រ៉េ​ត​ វ័យ​ ៥២​ ឆ្នាំ​ ពន្យល់​នៅ​ក្នុង​វី​ដេ​អូ​ឃ្លីប​ដោយ​សំឡេង​ស្អក់ៗ​ថា​មុន​ម៉ោង​កើតហេតុ​លោក​បាន​បើកឡាន​ចេញពី​ម្តុំ​អតីត​ផ្ទះ​ចាស់​របស់​លោក​នៅ​ខណ្ឌ​ឬ​ស្សី​កែវ​រាជធានី​ភ្នំពេញ​ដើម្បី​ទៅ​ទទួល​ភរិយា​ របស់​លោក​ចេញពី​ហូប​ការ​។​

​នៅ​ពេល​នោះ​លោក​ថា​មាន​ក្មេង​ស្ទាវ​ម្នាក់​ជិះ​ម៉ូតូ​បណ្តើរ​លេខ​ទូរស័ព្ទ​បណ្តើរ​រួច​ក៏​បុក​គូទ​ឡាន​បុរស​ម្នាក់​ធ្វើ​ឲ្យ​លោក​បង្ខំ​ចាប់​ហ្វ្រាំង​ឡាន​។​លោក​បន្ថែម​ថា​ចាប់​ហ្វ្រាំង​ឡាន​ក៏​មាន​បុរស​វ័យ​ចំណាស់​ពីរ​នាក់​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​មក​គៀរ​ឡាន​គាត់​នៅ​ផ្នែក​ខាងស្តាំ​។​ប៉ុន្តែ​លោក​មិន​បញ្ជាក់​អំពី​ស្ថាន​ ភាព​ម៉ូតូ​បើកបរ​ដោយ​បុរស​វ័យ​កណ្តាល​មាន​ស្ថាន​យ៉ាងណា​ឡើយ​។​

លោក​ ស៊ុ​យ​ សា​រ៉េ​ត៖​«ប្អូនម្នាក់វាលេងទូរស័ព្ទដល់ឡានខ្ញុំចាប់ហ្វំាងវាក៏ជិះទៅបុខគូទឡានគេ ហើយវាក៏ដួលនៅខាងមុខខាង​ស្តំាដៃ ហើយខ្ញុំក៏ចាប់ហ្វំាងដោយចាប់ហ្វំាងទៅមាម៉ូតូស្រវឹងមានមនុស្សចាស់ខ្ទង់វ័យ៤០ពីរនាក់ដូចអត់អាវបើតាមខ្ញុំដឹង អត់មានពាក់មួកទៀត(សុវត្ថិភាព)ដោយជិះមកគៀរឡានខ្ញុំនៅខាងស្តំា។»

​លោក​សាស្ត្រាចារ្យ​បកស្រាយ​ក្នុង​វី​ដេ​អូ​ឃ្លីប​ថា​បន្ទាប់​មក​លោក​ក៏​បើកឡាន​គេច​ពី​ម៉ូតូ​ស្ទាវ​ម្នាក់​នោះ​ដែល​បុក​គូទ​ឡាន​គេ​ហើយ​ដួល​នៅ​មុខ​ឡាន​លោក​ផ្នែក​ខាងស្តាំ​គឺ​នៅ​ពេល​នោះ​ហើយ​ដែល​មាន​ក្រុម​ស្ទាវ​ជិះ​ម៉ូតូ​ពីរ​បី​ គ្រឿង​ស្រែក​ឲ្យ​ឈប់​ឡាន​ដោយ​ចោទ​ថា​បើកឡាន​បុក​គេ​ហើយ​រត់គេច​។​មិនយូរ​ប៉ុន្មាន​ក្រុម​ស្ទាវ​ទាំងនោះ​យក​មួក​សុវត្ថិភាព​វាយ​បំបែក​កញ្ចក់​ឡាន​ហើយ​វាយដំ​មក​លើ​លោក​ដោយ​មិន​ស្តាប់​ហេតុផល​អ្វី​ទាំងអស់​។​

លោក​ ស៊ុ​យ​ សា​រ៉េ​ត៖«ម៉ូតូស្ទាវពីរបីគ្រឿងអាចិនៗបុករះគេហើយអត់ទទួលខុសត្រូវ ឯងចិន ហើយវាយកមួកសុវត្ថិភាពវៃកញ្ចក់ឡានខ្ញុុំកញ្ជក់បែកហើយ ខ្ញុំក៏ទម្លាក់កញ្ចក់ថាអូនមិនបានជាអូនម៉ិចមកវាយឡានពូ អាមួយទៀតហក់មកវៃយកៗ ខ្ញុំបែកឈាមរហូតចង់សន្លប់ ហើយខ្ញុំគិតថាបើកឲ្យខាងមសត្ថកិច្ចជួយដ៏បើកទៅអត់មានអ្នកណាជួយ។»

​ទាក់ទង​រឿង​នេះ​ មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សា​លើ​ជនសង្ស័យ​ព្រោះ​ជា​អំពើ​ខុសច្បាប់​ហើយ​ករណី​នេះ​គួរ​ ត្រូវ​ រាយការណ៍​ទៅ​សមត្ថកិច្ច​អន្តរាគមន៍​ករណី​បទល្មើស​ខុសច្បាប់​កើតឡើង​។​

​ក្រោយ​កើតហេតុ​មួយ​ថ្ងៃ​ លោក​ គង់​ រតនៈ​ អនុប្រធាន​កម្មវិធី​សុ​វត្តិភាព​ចរាចរណ៍​ផ្លូវគោក​នៃ​អង្គការ​ Handicap​ International​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​ថា​ទ​ង្វើ​អ្នក​វាយដំ​លើ​ជន​បង្កហេតុ​បើកឡាន​រត់គេច​ជា​អំពើ​ខុសច្បាប់​គឺជា​ការ​ប្រមាថ​លើ​ក្រមសីលធម៌​សង្គម​។​លោក​បន្ថែម​ថា​អ្នកបើកបរ​បង្ក​គ្រោះ​ថា្ន​ក់​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ហើយ​អ្នក​វាយ​អ្នក​បើកឡាន​ក៏​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ដែរ​។​

​ដូច​គ្នា​នេះ​ដែរ​ លោក​ សន​ ជ័យ​ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​យល់​ថា​ប្រជាពលរដ្ឋ​គួរ​រាយការណ៍​ទៅ​ប៉ូលិស​ចរចា​រណ៍​ជា​ជាង​ប្រើ​អំពើ​ហិង្សា​លើ​ជនល្មើស​។​

​លោក​ សន​ ជ័យ​ បង្ហាញ​ទស្សនៈ​ថា​ការ​វាយតំ​លើ​ជនល្មើស​ប្រហែលជា​ការ​ខ្វះ​ជំនឿ​ជាក់​លើ​ប្រព័ន្ធ​យុត្តិធម៌​និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ទើប​ប្រជាពលរដ្ឋ​សម្រេច​អន្តរាគមន៍​ក្រៅ​ប្រព័ន្ធ​តុលាការ​។​​ករណី​វាយតំ​ទៅ​លើ​លោក​សាស្ត្រាចារ្យ​ ស៊ុ​យ​ សា​រ៉េ​ត​ ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​បី​នាក់​បណ្តោះអាសន្ន​ដោយ​រង់ចាំ​ជំនុំ​ជម្រះក្ដី​។

​ជនសង្ស័យ​ទាំងនោះ​ឈ្មោះ​ យ៉ា​ត​ ​ទិ​ត្យា​ លោក​ អាន​ វិ​នទី​ និង​លោក​ អាន​ ផ​ល្លី​។​នេះ​បើ​តាម​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​អ្នក​ទាំង​បី​រូប​ត្រូវ​គេ​ នាំ​មក​បង្ហាញ​មុខជា​សាធារណ​ដោយ​ដៃ​ជាប់​ខ្នោះ​ ។​ពួក​គេ​ បាន​សារភាព​ពី​ការ​ប្រើ​ហិង្សា​ជ្រុល​ហួសហេតុ​ ។​តែ​ពួក​គេ​ ថា​ ការ​វាយប្រហារ​លើ​ លោក​ ស៊ុ​យ​សា​រ៉េ​ត​ មាន​អ្នក​បង្អើល​ ថា​គាត់​បាន​បើកឡាន​មនុស្ស​ស្លាប់​ទើប​ធ្វើ​អោយ​ពួក​គាត់​មាន​កំហឹង​ដូចនេះ​។​ពួក​គាត់​បាន​ សារភាព​ដូចនេះ​តាម​ការ​ចោទសួរ​របស់​អ្នក​សារព័ត៌មាន​ហើយ​ត្រូវ​គេ​បង្ហោះ​វិ​ដេ​អូ​ឃ្លី​ប​ជា​សាធារណ​ ។​

ជនល្មើសម្នាក់៖«ពេលនោះខ្ញុំបានយកដំថ្មគាប់គាតមែនប៉ុន្តែខ្ញុំគប់បានម្តង់ហើយបានទាត់ឡាន។ខ្ញុំអត់បានត្រូវឬមិនត្រូវព្រោះខ្ញុំចោលទៅក្នុងឡាន។»

​កាលពី​ថ្ងៃ​ទី​១៣​ ខែមីនា​ កូនស្រី​ លោក​បណ្ឌិត​ ស៊ុ​យ​ សា​រ៉េ​ត​ បាន​ប្តឹង​ទា​សំណង​ជំងឺ​ចិត្ត​ប្រមាណ​១​ពាន់​២​រយ​លាន​រៀល​ស្មើ​ប្រហែល​៣០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។​

​យោង​តាម​ក្រមព្រហ្មទណ្ឌ​ត្រង់​មាត្រា​២១៧​បាន​ចែង​ថា​អំពើ​ហិង្សា​ដោយ​ចេតនា​លើ​អ្នក​ដទៃ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១​ឆ្នាំទៅ​៣​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​២​លាន​រៀល​ទៅ​៦​លាន​រៀល​។​មាត្រា​២១៨​ បាន​ចែង​ថា​អំពើ​ហិង្សា​ដោយ​ចេតនា​ ដោយ​មានការ​គិត​ទុកជា​មុន​ ដោយ​ប្រើ​អាវុធ​ឬ​គំរាមកំហែង​នឹង​អាវុធ​និង​អំពើ​ហិង្សា​ដោយ​មនុស្ស​ច្រើន​ក្នុង​ឋានៈ​ជា​ចារី​ សហចារី​ អ្នក​ផ្តើមគំនិត​និង​អ្នកសមគំនិត​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​២​ឆ្នាំទៅ​៥​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ពី​៤​លាន​រៀល​ទៅ​១០​លាន​រៀល​៕

Share

Image
Image
Image