en     km
en     km

សាលា​រាជធានី​ភ្នំពេញ​៖​ គ្រួសារ​សព​លោក​បណ្ឌិត​ កែម​ ទ្បី​ ត្រូវ​បញ្ជាក់​កាលបរិច្ឆេទ​ឱ្យ​ច្បាស់លាស់​ពី​ការ​ដង្ហែរ​សព​?

Share

ភ្នំពេញ៖ ​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​លោក​ មាន​ ចាន់​យ៉ា​ដា​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​ឱ្យ​ដឹង​ថា​ ដើម្បី​ឱ្យ​សាលា​រាជ ធានី​ភ្នំ ពេញ​អាច​ចូលរួម​សហការ​ក្នុង​ការ​ដង្ហែរ​សព​លោក​បណ្ឌិត​ កែម​ ទ្បី​ ឱ្យ​ដំណើរការ​រលូន​នោះ​ គណៈកម្មការ​រៀបចំ​បុណ្យសព​ និង​គ្រួសារ​សព​ ត្រូវ​បាន​បញ្ជាក់​ពី​កាលបរិច្ឆេទ​ឱ្យ​បាន​ច្បាស់លាស់​ក្នុង​ថ្ងៃ​ដង្ហែរ​ សព​លោក​បណ្ឌិត​ កែម​ ទ្បី​ ចេញពី​វត្ត​ចាស់​។​ ការ​ថ្លែង​បែប​នេះ​ខណៈ​សាលា​រាជធានី​ភ្នំពេញ​បាន​សម្តែង​ការ​ខកចិត្ត​ទៅ​នឹង​ការ​ពន្យា​ពេល​ដង្ហែរ​សព​របស់​លោក​ បណ្ឌិត​ កែម​ ទ្បី​។​ យ៉ាងណា​គណៈកម្មការ​រៀបចំ​បុណ្យសព​នឹង​ដាក់​លិខិត​ទៅ​សាលា​រាជធានី​ភ្នំពេញ​បន្ត​តម្កល់សព​រយៈពេល​ ១​ស​ប្តា​ហ៍​ទៀត​។​

 

men-chan-yada-
លោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីភ្នំពេញ។រូបភាពពី Google

​ខណៈ​ថ្ងៃ​ដង្ហែរ​សព​របស់​លោក​បណ្ឌិត​ កែម​ ទ្បី​ បាន​ពន្យា​ពេល​នោះ​ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ លោក​ មាន​ ចាន់​យ៉ា​ដា​ ថា​សាលា​រាជធានី​ភ្នំពេញ​ខកចិត្ត​ទៅ​នឹង​ការ​ពន្យា​ពេល​ដ​ងែ្ហ​រស​ព​នោះ​ ដោយ​ស្នើ​ឱ្យ​គណៈកម្មការ​រៀបចំ​បុណ្យសព​ ក៏​ដូច​ជា​គ្រួសារ​សព​ត្រូវ​មាន​គោល​ជំហរ​ឱ្យ​ច្បាស់លាស់​ពី​កាលបរិច្ឆេទ​នៃ​ការ​ដង្ហែរ​សព​។​

​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​លោក​ មាន​ ចាន់​យ៉ា​ដា​ មាន​ប្រសាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃ​ទី​១៧​ កក្កដា​នេះ​ថា​ សាលា​រាជធានី​ភ្នំពេញ​ខកបំណង​យ៉ាង​ខ្លាំង​ ចំពោះ​គណកម្មការ​រៀបចំ​ពិធី​បុណ្យសព​ និង​ក្រុម​គ្រួសារ​សព​ ដែល​បាន​សម្រេច​លើក​ពេល​ដង្ហែរ​សព​លោក​ កែម​ ឡី​ ដូច​អ្វី​ដែល​គណកម្មការ​នេះ​ធ្លាប់​បាន​ស្នើ​សុំ​មក​សាលាក្រុង​នោះ​។​ តែ​យ៉ាងណា​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​រូប​នេះ​បញ្ជាក់​ថា​ សាលាក្រុង​នឹង​នៅ​តែ​សហការ​ជាមួយ​ក្រុម​គ្រួសារ​សព​ ក៏​ដូច​ជា​គណកម្មការ​រៀបចំ​បុណ្យសព​ក្នុង​ការ​សម្រួល​ចរាចរ​ សណ្តាប់ធ្នាប់​ និង​សុខ​សុវត្ថិភាព​ក្នុង​ពិធី​ដង្ហែរ​សព​លោក​បណ្ឌិត​ កែម​ ឡី​ ដដែល​ តែ​លោក​សូម​ឱ្យ​មានការ​កំណត់ពេល​ជាក់លាក់​។​

​យ៉ាងណាមិញ​លោក​ មាន​ ចាន់​យ៉ា​ដា​ បន្ថែម​ថា​ សាលា​រាជធានី​បាន​ទទួល​មតិ​រិះគន់​ពី​មហាជន​តាម​រយៈ​អាជ្ញាធរ​មូលដ្ឋាន​ថា​ ការ​ពន្យារពេល​នៃ​ការ​ដង្ហែរ​សព​នេះ​ គឺជា​ផ្នែក​មួយ​នៃ​ការ​កេង​ចំណេញ​ផ្នែក​នយោបាយ​ និង​ថា​ការ​ពន្យារពេល​នេះ​គឺ​ដើម្បី​ប្រើ ប្រាស់​ពេលវេលា​ប្រមូល​ថវិកា​ និង​ដើម្បី​ជា​ថ្នូរ​នៃ​ការ​សន្យា​ផ្សេងៗ​ជាមួយ​ភរិយា​របស់​លោក​បណ្ឌិត​ កែម​ ឡី​។​

​លោក​ មាន​ ចាន់​យ៉ា​ដា​ ក៏​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​ស្ត្រី​ដែរ​ថា​ សាលាក្រុង​និង​តម្រូវ​ឱ្យ​គណកម្មការ​រៀបចំ​បុណ្យសព​ និង​ក្រុម​គ្រួសារ​សព​ ត្រូវ​ដង្ហែរ​សព​លោក​បណ្ឌិត​ កែម​ ឡី​ ចេញ​ ពោល​គឺ​មិន​ឱ្យ​លើស​ពី​ពេលវេលា​ដែល​គណៈកម្មការ​ និង​ក្រុម​គ្រួសារ​សព​ធ្លាប់​បាន​ស្នើ​សុំ​មក​សាលាក្រុង​សុំ​តម្កល់សព​លោក​ កែម​ ឡី​រយៈពេល​ ១០​ថ្ងៃ​នោះ​។​  តែ​យ៉ាងណា​ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​រូប​នេះ​ មិន​បាន​បញ្ជាក់​ពី​ចំណាត់ការ​ណាមួយ​នោះ​ទេ​ ប្រសិនបើ​សព​លោក​ កែម​ ឡី​ មិន​បាន​យក​ចេញ​តាម​កាលកំណត់​នោះ​។​ «​យើង​សូម​ឱ្យ​ខាង​គ្រួសារ​សព​ណ​ក៏​ដូច​ជា​គណៈកម្មការ​រៀបចំ​បុណ្យ​ឱ្យ​មាន​ជំហរ​ច្បាស់លាស់​ ពេល​ដែល​មក​ពិភាក្សា​ជាមួយ​អាជ្ញាធរ​យើង​ សូម​ឱ្យ​មាន​ភាព​ច្បាស់លាស់​ កុំមក​ពិភាក្សា​ឯកភាព​គ្នា​ហើយ​ ស្រាប់តែ​ចុង​ក្រោយ​មិន​ដង្ហែរ​វិញ​ យើង​មិន​មាន​ពេលវេលា​ដើម្បី​ផ្លាស់​ប្តូរ​ទៅ​តាម​កា​រស​ម្រេ​ចិត្ត​របស់​ក្រុម​គ្រួសារ​ម្តង​ហែរ​ ម្តង​មិន​ហែរ​ស្រេច​តែ​ចិត្ត​ដូច្នេះ​លើ​ក្រោយ​គឺថា​សូម​ឱ្យ​គាត់​បញ្ជាក់​ឱ្យ​បាន​ច្បាស់​ជា​ផ្លូវការ​មក​សាលា​រាជធានី​ភ្នំពេញ​…»​

kem-ley-11--07-thum
​សពលោក កែម ឡី តម្កល់នៅវត្តចាស់។

​ទាក់ទង​នឹង​ករណី​នេះ​ដែរ​លោក​ ថេន​ សា​វឿ​ន​ សមាជិក​គណៈកម្មការ​រៀបចំ​ពិធី​បុណ្យសព​លោក​ កែម​ ឡី​ និយាយ​ថា​ សា លា​រាជធានី​ភ្នំពេញ​គួរ​យោគយល់​អំពី​ការ​ពន្យា​ពេល​នៃ​ការ​ដង្ហែរ​សព​នេះ​ ព្រោះ​ការ​ពន្យា​ពេល​នេះ​ដោយសារ​ក្រុម​គ្រួសារ​សព​ក៏​ទទួល​បានការ​ស្នើ​សុំ​ពី​សាធារណៈជន​មួយ​ចំនួន​សុំ​ឱ្យ​មាន​ពន្យា​ពេល​ដង្ហែរ​សព​នេះ​សិន​។​ លោក​ ហេង​     សា​វឿ​ន​ បន្ត​ថា​គ្រួសារ​សព​ ក៏​ដូច​ជា​គណៈកម្មការ​រៀបចំ​បុណ្យសព​បាន​ជូនដំណឹង​ទៅ​សាលា​រាជធានី​ភ្នំពេញ​ផង​ដែរ​ពី​មូលហេតុ​នៃ​ការ​ពន្យា​ពេល​ដង្ហែរ​សព​នេះ​។​

​លោក​ ថេន​ សា​វឿ​ន​ គូសបញ្ជាក់​ថា​ គ្រួសារ​សព​ និង​គណៈកម្មការ​រៀបចំ​បុណ្យសព​នឹង​ដាក់​លិខិត​ទៅ​សាលា​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ច័ន្ទ​ទី​១៨​ ខែកក្កដា​ស្អែក​នេះ​ ដើម្បី​ពន្យារពេល​រក្សា​សព​លោក​បណ្ឌិត​ កែម​ ទ្បី​ នៅ​វត្ត​ចាស់​មួ​យស​ប្តា​ហ៍​ទៀត​ តាម​ការ​ស្នើ​សុំ​ពី​សាធារណៈជន​។​ លោក​ ថេន​ សា​វឿ​ន​ បញ្ជាក់​បន្ថែម​ថា​ សព​លោក​លោក​ កែម​ ឡី​ នឹង​អាច​ដង្ហែរ​ទៅ​បញ្ចុះ​នៅ​ស្រុក​កំណើត​របស់​លោក​ កែម​ ឡី​ នៅ​ស​ប្តា​ហ៍​ក្រោយ​នេះ​។​ «​លិខិត​ចុង​ក្រោយ​ដែល​យើង​នឹង​ដាក់​ទៅ​ហ្នឹង​គឺ​យើង​សុំ​ក្នុង​អំ​ទ្បុ​ង​ពេល​មួ​យស​ប្តា​ហ៍​បាន​ន័យ​ថា​អំ​ទ្បុ​ង​ពេល​មួ​យស​ប្តា​ហ៍​ដែល​យើង​គិត​ចាប់ពី​ថ្ងៃ​ហ្នឹង​ទៅ​មុខ​ហ្នឹង​គឺ​បាន​ន័យ​ថា​អំ​ទ្បុ​ង​ពេល​មួយ​        ស​ប្តា​ហ៍នឹង​បន្ត​នៅ​វត្ត​ចាស់​ ចឹ​ង​បើ​យោង​តាម​លិខិត​នេះ​អ្វី​ដែល​យើង​យល់​ អំ​ទ្បុ​ង​ពេល​មួយ​     ស​ប្តា​ហ៍​ទៅ​មុខ​ទៀត​ប្រហែល​ថ្ងៃអាទិត្យ​ស​ប្តា​ហ៍​ក្រោយ​អាច​នឹង​ធ្វើការ​ដង្ហែរ​សព​ចេញ​ហើយ​ បើ​យោង​លិខិត​ភរិយា​លោក​បណ្ឌិត​កែម​ ទ្បី​ដែល​ដាក់​ជូន​សាលា​រាជធានី​ភ្នំពេញ​…»​។​

​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​លោក​ ឯម​ សុ​វ​ណ្ណា​រ៉ា​ យល់​ឃើញ​ថា​ សាលា​រាជធានី​ភ្នំពេញ​គួរ​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មករ​វាង​ក្រុម​គ្រួសារ​សព​ និង​សាលា​រាជធានី​ភ្នំពេញ​ ព្រោះ​ការ​ដង្ហែរ​សព​នេះ​ត្រូវការ​ពេលវេលា​ និង​ធ្វើ​ទៅ​តាម​សំណូមពរ​មួយ​ចំនួន​របស់​សាធារណៈជន​ចង់​រក្សា​សព​លោក​បណ្ឌិត​ កែម​ ទ្បី​ មួយ​រយៈ​សិន​តែ​ប៉ុណ្ណោះ​។​

​លោក​ ឯម​ សុ​វ​ណ្ណា​រ៉ា​ បន្ត​ថា​ចំពោះ​ទស្សនៈ​មហាជន​មួយ​ចំនួន​ដែល​សាលា​រាជ​ក្រុង​បាន​ដកស្រង់​ថា​ការ​ពន្យា​ពេល​សព​លោក​ បណ្ឌិត​ កែម​ ទ្បី​ នោះ​ជា​រឿង​នយោបាយ​នោះ​ លោក​មិន​យល់​ឃើញ​ដូច្នោះ​នោះ​ទេ​ ហើយ​សាលា​រាជធានី​ភ្នំពេញ​ត្រូវ​បើក​កិច្ចសហការ​ជាមួយ​គ្រួសារ​សព​ខណៈ​ក្រុម​គ្រួសារ​មិន​ទាន់​រក​ឃើញ​ជន​សមគំនិត​សម្លាប់​លោក​បណ្ឌិត​ កែម​ ទ្បី​ នៅ​ទ្បើ​យ​។​ «​ខ្ញុំ​គិត​ថា​ទោះបីជា​ការ​ទុក​សាកសព​នេះ​យូរ​លើស​តិចតួច​វា​មិនជា​ការ​ចំណេញ​អី​ច្រើន​នោះ​ទេ​ទៅ​ផ្លូវ​នយោបាយ​ព្រោះ​មនុស្ស​ស្លាប់​ទៅ​ហើយ​អ​ញ្ចឹ​ង​ទេ​គួរតែ​អនុគ្រោះ​ឬ​ក៏​យោគយល់​ទៅ​ព្រោះ​មិន​អាច​យក​សព​ធ្វើ​ជា​អាជីវកម្ម​ណាស់​ទេ​ ព្រោះ​ស្ថានភាព​សព​មិន​បាន​នូវ​យូរ​នោះ​ទេ​…»​។​

​សូម​រំលឹក​ថា​ លោក​បណ្ឌិត​ កែម​ ឡី​ អ្នក​សិក្សា​ពី​ការ​អភិវឌ្ឍ​សង្គម​ ដែល​តែងតែ​ហ៊ាន​វិភាគ​រិះ​គន់​ចំនុច​អវិជ្ជមាន​របស់​រដ្ឋា ភិបាល​ចំៗ​ចំណុច​នោះ​ គឺ​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​នៅ​ក្នុង​ស្តារ​ម៉ាត​ស្ថា​នី​ប្រេងឥន្ធនៈ​កាល់​តិច​មួយ​កន្លែង​ ក្បែរ​ស្តុ​បបូ​កូ​ រាជធានី​ភ្នំពេញ​ នៅ​វេលា​ម៉ោង​ ៩​ព្រឹក​ ថ្ងៃ​ទី​១០​ក​ក្ដ​ដា​។​

​សព​លោក​បណ្ឌិត​ កែម​ ឡី​ ត្រូវ​បាន​តម្កល់​នៅ​វត្ត​ចាស់​រយៈពេល​ ៧​ថ្ងៃ​មក​ហើយ​ គិត​ត្រឹម​ថ្ងៃ​ទី​១៧​ខែ​ក​ក្ដា​នេះ​។​ គណកម្មការ​រៀបចំ​បុណ្យសព​លោក​ កែម​ ឡី​ និង​ក្រុម​គ្រួសារ​សព​ បាន​សម្រេច​លើក​ពេល​ដង្ហែរ​សព​ លោក​ កែម​ ឡី​ វិញ​ ព្រោះ​មាន​សំណូម​ពរ​ពី​សាធារណៈជន​ជា​ច្រើន​ បាន​ស្នើ​សូម​ឱ្យ​តម្កល់សព​លោក​ កែម​ ឡី​ ឱ្យ​បាន​យូរ​បន្តិច​ ដើម្បី​ឱ្យ​សាធារណជន​នៅ​ទី​ឆ្ងាយៗ​ដែល​ស្រលាញ់​រាប់អាន​លោក​បណ្ឌិត​ កែម​ ឡី​បាន​មក​គោរព​ និង​ចែក​រំ​លែង​ទុក្ខ​ក្រៀមក្រំ​ដល់​ក្រុម​គ្រួសារ​នៃ​សព​៕

Share

Image
Image
Image