en     km
en     km

សាលា​រាជធានី​ភ្នំពេញ​ប្រកាស​ផ្អាក​ធ្វើ​បណ្ណ​បើកបរ​បណ្ដោះអាសន្ន​

Share

cover-PP-city-hall_driving-lisence-pause
ភ្នំពេញ៖  ​បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រី​បញ្ជា​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​ ផ្អាក​ការ​ធ្វើ​ប័ណ្ណបើកបរ​ ហើយ​ឱ្យ​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​ពិភាក្សា​អំពី​ការ​បញ្ចុះតម្លៃ​ធ្វើ​បណ្ណ​បើកបរ​ជូន​ប្រជាពលរដ្ឋ​ ភ្លាមៗ​នេះ​មាន​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​របស់​សាលា​រាជធានី​ភ្នំពេញ​ ជូនដំណឹង​ថា​ ចាប់ពី​ថ្ងៃ​ ទី​៣០​ ខែធ្នូ​ ឆ្នាំ​ ២០១៥​ នេះ​តទៅ​ ការ​ធ្វើ​បណ្ណ​បើកបរ​យានយន្ដ​គ្រប់​ប្រភេទ​ នៅ​មន្ទីរ​សាធារណការ​ ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​ ត្រូវ​ផ្អាក​ជា​បណ្ដោះអាសន្ន​។​

កញ្ញា​ ​ជុំ​ ជោគ​ជា​តា រាយការណ៍ពីព័ត៌មាននេះ៖

​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ ប្រកាស​ឱ្យ​មន្ទីរ​សាធារណការ​ ផ្អាក​ការ​ធ្វើ​បណ្ណ​បើកបរ​ជា​បណ្ដោះអាសន្ន​ ដើម្បី​ទុក​ពេលវេលា​ឱ្យ​រាជរដ្ឋាភិបាល​សិក្សា​ឡើង​វិញ​នូវ​នីតិវិធី​ និង​កម្រៃ​នៃ​ការ​បង់​សេវា​សាធារណៈ​។​

​យោង​តាម​សេចក្ដីជូនដំណឹង​ របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ចុះ​ថ្ងៃ​ទី​ ២៩​ ខែធ្នូ​ ឆ្នាំ​២០១៥​  ស្ដី​ពី​ការ​ផ្អាក​ជា​បណ្ដោះអាសន្ន​នៃ​បណ្ណ​បើកបរ​យានយន្ដ​គ្រប់​ប្រភេទ​បានឱ្យ​ដឹង​ថា​ ចាប់ពី​ថ្ងៃ​ទី​៣០​ ខែធ្នូ​ ឆ្នាំ​២០១៥​ ការ​ធ្វើ​បណ្ណ​បើកបរ​យានយន្ដ​គ្រប់​ប្រភេទ​នៅ​មន្ទីរ​សាធារណការ​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​ ត្រូវ​ផ្អាក​ជា​បណ្ដោះអាសន្ន​ រហូត​ដល់​មានការ​ជូនដំណឹង​សា​ជា​ថ្មី​។​

​សូម​ជម្រាប​ថា​ ការ​ប្រកាស​ឱ្យ​ផ្អាក​ការ​ចេញ​បណ្ណ​បើកបរ​ជា​បណ្ដោះអាសន្ន​ ធ្វើ​ឡើង​ក្រោយ​ពេល​សម្ដេច​ ហ៊ុន​ សែន​ បាន​លើក​ឡើង​ជុំវិញ​រឿង​នេះ​ កាលពី​យប់​ ថ្ងៃ​ទី​២៩​ ខែធ្នូ​ ឆ្នាំ​២០១៥​។​ ក្នុង​ហ្វេ​ស​ប៊ុ​ក​នោះ​ សម្ដេច​ហ៊ុន​ សែន​ បាន​បញ្ជា​ឱ្យ​រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ ក៏​ដូច​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និង​ក្រសួង​ពាក់ព័ន្ធ​ធ្វើការ​ពិភាក្សា​នូវ​នីតិវិធី​ ធ្វើ​បណ្ណ​បើកបរ​ ដើម្បី​បញ្ចុះតម្លៃ​ និង​លុប​ចោលការ​ចំណាយ​របស់​ប្រជាជន​ផង​ដែរ​។​

​សម្ដេច​បាន​សរសេរ​ថា​៖​ «​ខ្ញុំ​នឹង​តាមដាន​ពិនិត្យ​រឿង​នេះ​ជា​បន្ត​មុន​នឹង​ដាក់​ឱ្យ​អនុវត្ត​សារ​ជា​ថ្មី​។​ ខ្ញុំ​សង្ឃឹមថា​ ការ​បញ្ចុះ​ តម្លៃ​ ធ្វើ​បណ្ណ​បើកបរ​នេះ​ គឺ​នឹង​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​បាន​មួយ​កម្រិត​ធំ​របស់​បងប្អូន​ ជា​ពិសេស​ សម្រាប់​យុវជន​ដែល​ត្រូវការ​បណ្ណ​ បើកបរ​ចាំបាច់​ ជាមួយនឹង​ការ​អនុវត្ត​ច្បាប់​ ចរាចរណ៍​ នៅ​ដើមឆ្នាំ​២០១៦​ នេះ​»​។​

​ជុំវិញ​រឿង​នេះ​ លោក​ មាស​ នី​ អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​ មាន​ប្រសាសន៍​ថា​ បើសិនជា​ គិត​អំពី​ការ​ពិចារណា​ ទៅ​លើ​ការ​បង់ថ្លៃ​ ឬ​ក៏​ពិនិត្យ​មើល​ឡើង​វិញ​ទៅ​លើ​តម្លៃ​នៃ​បណ្ណ​សម្រាប់​ បើកបរ​ គឺជា​រឿង​មួយ​ត្រឹមត្រូវ​ ដែល​រដ្ឋាភិបាល​ គួរតែ​គិត​តាំងពី​ដើម​មក​ មិនមែន​គ្រាន់តែ​ អនុម័ត​ច្បាប់​រួច​ ចាប់​រៀបចំ​វិធានការ​រឹត​បន្តឹង​តែ​ម្ដងនោះ​ទេ​។​

«​យើង​មិន​មាន​បន្ទោស​ទាំងស្រុង​ទៅ​លើ​ថា​ អ្វី​ដែល​ធ្វើ​នោះ​វា​ខុស​ទេ​ វា​ត្រូវ​ហើយ​ ដើម្បី​ សម្របសម្រួល​ឱ្យ​វា​ត្រូវ​នឹង​ស្ថានភាព​របស់​ពលរដ្ឋ​ ក៏​ប៉ុន្ដែ​កិច្ចការ​អស់នេះ​ បើសិនជា​ រដ្ឋាភិបាល​មាន​សុ​ឆន្ទៈ​ក្នុង​ការ​ធ្វើ​  គឺ​ត្រូវ​គិត​តាំងពី​មុន​ ត្រូវ​គិត​តាំងពី​មុន​ឱ្យ​ហើយ​ ថា​តើ​ដើម្បី​អនុវត្ដ​ច្បាប់​ត្រូវការ​មាន​ដំណាក់កាល​អ្វីខ្លះ​ វិធីសាស្ដ្រ​អ្វីខ្លះ​?​ មិនមែន​គ្រាន់តែ​ អនុម័ត​ច្បាប់​រួច​ហើយ​ ហើយ​ចាប់​រៀបចំ​វិធានការ​បន្តឹង​តែ​ម្ដង​បែប​នេះ​ សួរ​ថា​ ពលរដ្ឋ​ទូ​ទាំង​ប្រទេស​ ១៥​ លាន​នាក់​ ហើយ​យើង​ដឹង​តែ​មួយ​ក្រុម​តូច​នៅ​ក្នុង​ទីក្រុង​ អ្នក​នៅ​ជនបទ​គ្នា​អត់​ទាន់​ទៅ​បានដឹង​ស្អី​ផង​។​ សូ​ម្បី​តែ​ឥឡូវនេះ​ ខ្ញុំ​កំពុង​ធ្វើ​ដំណើរ​តាម​តំបន់​ជនបទ​ហ្នឹង​ អ្នកស្រុក​ ភាគច្រើន​ គាត់​មិន​ទាំង​ដឹង​ថា​ តើ​ត្រូវធ្វើ​បណ្ណ​បើកបរ​ នៅឯណា​ផង​ហ្នឹង​»​។​

​ទាក់ទង​នឹង​រឿង​នេះ​ដែរ​ លោក​ សន​ ជ័យ​ នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ មាន​ប្រសាសន៍​ថា​ ការ​សម្រេច​របស់​រដ្ឋាភិបាល​ ទាក់ទង​នឹង​ការ​ឱ្យ​ផ្អាក​ធ្វើ​ប័ណ្ណបើកបរ​នេះ​ គឺជា​ការ​ឆ្លើយ​តប​មួយ​ ជាមួយ​បញ្ហា​ និង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​។​ ប៉ុន្ដែ​ជា​ការ​ប្រសើរ​ លោក​ យល់​ថា​ រដ្ឋាភិបាល​គួរតែ​ព្យួរ​អនុក្រឹត្យ​ ស្ដី​ពី​ការ​ពិន័យ​អន្ដរកាល​ទុក​ចោល​មួយ​ឡែក​សិន​ ដើម្បី​ធានា​ថា​ រដ្ឋ​មាន​លទ្ធភាព​គ្រប់គ្រាន់​ នូវ​ការ​ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ​ ក្នុង​តម្លៃ​មួយ​ ដែល​សមរម្យ​។​

«​បាទ​!​ តម្លៃ​ដែល​សមរម្យ​នេះ​ គឺ​បាន​ន័យ​ថា​រដ្ឋាភិបាល​ បាន​យកចិត្ដទុកដាក់​ហើយ​ទៅ​លើ​ ការ​ធ្វើ​បណ្ណ​បើកបរ​ ប៉ុន្ដែ​ក៏​នៅ​មាន​បញ្ហា​ផ្សេង​ទៀត​ដែរ​ ដូច​ជា​ ចំណុច​ដែល​និយាយ​អំពី​ការ​ តម្រូវ​ឱ្យ​មានការ​ផ្ទេរកម្មសិទ្ធិ​យានយន្ដ​ បាន​ន័យ​ថា​ ត្រូវ​កាត់ឈ្មោះ​ ហើយនឹង​ការ​សុំ​ច្បាប់​ ដើម្បី​ផ្លាស់​ប្ដូរ​ម៉ាស៊ីនរថយន្ដ​ បើសិនជា​មានការ​ផ្លាស់​ប្ដូរ​។​ នេះ​សុទ្ធតែ​ ជា​បញ្ហា​បច្ចេកទេស​ ហើយ​ពាក់ព័ន្ធ​នឹង​ការ​ចំណាយ​ច្រើន​របស់​ប្រជាពលរដ្ឋ​»​។​

​គួរ​បញ្ជាក់​ដែរ​ថា​ ថ្មីៗ​នេះ​ សម្ដេច​ ហ៊ុន​ សែន​ ក៏​បាន​ប្រកាស​ឱ្យ​ក្រុមហ៊ុន​ និង​សាលា​រាជធានី​ភ្នំពេញ​ ឈប់​យក​ក​លុយ​នៅ
​ផ្លូវ​វ៉េ​ង​ស្រេង​ផង​ដែរ​៕

PP-city-hall_driving-lisence-pause

Share

Image
Image
Image