en     km
en     km

សាលាក្រុងជូនដំណឹងពីការបិទចរាចរបណ្តោះអាសន្ននៅស្តុបនាងគង្ហីងយប់នេះ

Share

(ភ្នំពេញ)៖ កំណាត់ផ្លូវឆេកូ ឬផ្លូវលេខ១៦៩ ត្រង់រង្វង់មូលនាងគង្ហីងនឹងត្រូវបិទចរាចរជាបណ្តោះអាសន្ននៅយប់ថ្ងៃទី១១ ខែមេសា​ វេលាម៉ោង ២១:០០ ដល់ម៉ោង ៥:០០ទៀបភ្លឺ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលារាជធានីភ្នំពេញ។

ការប្រកាសផ្អាក់ចរាចរជាបណ្តោះអាសន្ននេះ ព្រោះថាយប់នេះក្រុមការងារនឹងចាប់ផ្តើមដំឡើងគ្រោងដែកកាត់ទទឹងផ្លូវ ដែលជាគ្រោងស្ពានថ្មើរជើងលើអាកាសនៅរង្វង់មូលនាងគង្ហីង។ ការបិទចរាចរជាបណ្តោះអាសន្នគឺដើម្បីការរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់ទីនោះ។

ក្នុងសេចក្តីជូនដំណឹងដដែល សាលាក្រុងភ្នំពេញបានស្នើសូមប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់ទីតាំងការដ្ឋាននៅវេលាយប់នេះ មេត្តាយោគយល់អធ្យាស្រ័យ និងពង្វាងចរាចរដោយសេចក្តីអនុគ្រោះ។

សូមបញ្ជាក់ថាស្ពានអាកាសថ្មើរជើងនៅស្តុបនាងគង្ហីង បានចាប់ផ្តើមដំណើរការសាងសង់កាលពីអំឡុងខែតុលា ឆ្នាំ២០១៧មកម្ល៉េះ។ ស្ពាននេះ សាងសង់ក្រោមកិច្ចសហប្រតិបត្តិការរវាងសាលារាជធានីភ្នំពេញ និងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយចំណាយថវិកាប្រមាណ ៣លានដុល្លារអាមេរិក។

បើតាមសាលារាជធានីភ្នំពេញស្ពានអាកាសថ្មើរជើងនេះនឹងជួយសម្រួលការធ្វើដំណើរឆ្លងកាត់បណ្តាផ្លូវនានា នៅជុំវិញរង្វង់មូលនាងគង្ហីងតែម្តង។ ផ្លូវនេះត្រូវបានចាក់សសរស្ពានចំនួន ៦ កន្លែងនៅជុំវិញរង្វង់មូល។ ក្រោយសាងសង់ស្ពានអាកាសថ្មើរជើងនេះ នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ ក៏ដូចជាបង្កើនសុវត្ថិភាពដល់អ្នកថ្មើរជើងផងដែរ៕

Share

Image
Image
Image