en     km
en     km

សាយ អឹងវ៉េង ជាស្រ្ដីមេដឹកនាំតៃវ៉ាន់ម្នាក់គត់ហ៊ានប្រឈមមុខបុរសខ្លាំងចិនស៊ីជីងភីង

Share

រដ្ឋាភិបាលរបស់លោកស្រី សាយ អឹងវ៉េងបានបញ្ជាទិញសព្វាវុធពីអាមេរិកក្នុងតម្លៃ២ពាន់២រយលានដុល្លារកាលពីថ្ងៃទី៩កក្កដា ថាដើម្បីទប់ស្កាត់បញ្ហាប្រឈប។​ការណ៍នេះធ្វើឱ្យចិនខឹងតៃវ៉ាន់យ៉ាងខ្លាំង គឺខឹងដល់ទាំងអាមេរិកទៀតថា ជាអ្នកញុះញង់បំបែកបំបាក់គោលនយោបាយប្រទេសមួយប្រព័ន្ធពីររបស់ចិន។ តែតៃវ៉ាន់ថា គ្មានថ្ងៃយល់ព្រមឱ្យចិនអនុវត្តគោលនយោបាយយុទ្ធសាស្រ្ដខ្លួនលើខ្លួនបានឡើយ។ ទាំងនេះ គឺជា​ការងើបតតាំងប្រឆាំងតប របស់ លោកស្រី តាយអឹងវ៉េង ជាស្រ្ដីមេដឹកនាំ តៃវ៉ាន់ ដែលហ៊ានជល់នឹងលោកស៊ី មេដឹកនាំកំពូលរបស់ចិន។

កញ្ញា ឆោម ពៅនិកា អធិប្បាយព័ត៌មាននេះ៖

នៅអាស៊ីប៉ាស៊ីហ្វិច ត្រូវការ សន្ដិភាព និង ស្ថេរភាព។ នេះជាការអះអាងរបស់អាមេរិកដោយអ្នកនាំពាក្យក្រសួងការបរទេសលោក Morgan Ortagus ចំពោះការលក់អាវុធឱ្យ កោះតៃវ៉ាន់ នូវក្នុងទំហំ ២ពាន់២រយលានដុល្លារនៃរដ្ឋាភិបាលលោកស្រី តាយ អឹងវ៉េង កាលពីថ្ងៃអង្គារ។ សម្រាប់ផែនការយុទ្ធសាស្រ្ដ ប្រើប្រាស់អាវុធក្នុងការការពារអធិបតេយ្យភាព គឺជម្រុញឱ្យមានសមត្ថភាពនៅក្នុងការការពារជាតិ ឬ កាត់បន្ថយបញ្ហាប្រឈមណាមួយដែលចេះតែមានការគម្រាមកំហែងនោះ។ រដ្ឋាភិបាលលោកស្រី តាយ អឹង វ៉េង ក៏ថ្មីៗនេះ បានអនុម័តថវិកាជាតិចំនួន ២ពាន់២រយលានដុល្លារក្នុងការបញ្ជាទិញនូវរថក្រោះ M1A2T Abrams  ចំនួន១០៨គ្រឿង កាំភ្លើង Stinger២៥០ ដើម រួមនឹង រថក្រោះផ្ទុកមីស៊ីល១៥០០គ្រឿង។ ឆ្លើយតបទៅនឹងការលើកឡើងទោះហេតុផលម្ដេចក៏ដោយ រដ្ឋាភិបាលសង្គមនិយមបានបញ្ជាជាបន្ទាន់ឱ្យអាមេរិកលុបចោលនូវការលក់អាវុធទាំងនោះ។ បើអាមេរិកនៅតែរឹងទទឹង មានន័យថា អាមេរិក មានចេតនាលូកដៃកាន់តែជ្រៅនៅក្នុងកិច្ចការអាយុជីវិតជាតិរបស់ចិន ព្រោះ តៃវ៉ាន់ គឺស្ថិតក្នុងគោលនយោបាយប្រទេសមួយប្រព័ន្ធពីរនឹងចិន។  

បែបណាក៏ដោយ តាមរយៈបណ្ដាញសង្គម Twitter ស្រ្ដីមេដឹកនាំតៃវ៉ាន់រូបនេះ ថា ការបញ្ជាទិញអាវុធនោះគឺចាប់តាំងពីខែមិនាមកម្ល៉េះ ពេលនេះ លោកស្រី ធ្វើការកោតសរសើរចំពោះសេចក្ដីសម្រេចរបស់រដ្ឋការលោកត្រាំ។

៧០ឆ្នាំ តៃវ៉ាន់ឯកភាពថា មានស្រ្ដីខ្លាំងប្រឆាំងអំណាចចក្រពត្តិចិន

ព័ត៌មានពី the Strait Times និយាយអំពីជ័យជម្នះរបស់ស្រ្ដីឆ្នើម មេដឹកនាំតៃវ៉ាន់​លោកស្រី តាយអឹងវ៉េង ដែលថា ថ្ងៃ ទី១៣ មិថុនា គឺជាថ្ងៃដ៏អស្ចារ្យមួយរបស់លោកស្រីតាយអឹងវ៉េងបាន ត្រូវតែងតាំងជាបេក្ខជនប្រធានាធិបតី សម្រាប់ការបោះឆ្នោតជាសកល នៅ ខែ មករា ឆ្នាំ២០២០ ខាងមុខនេះ។ ជ័យជម្នះនេះកើតឡើងដោយសារសមត្ថភាពដ៏ក្លៀវក្លា និង​ភាពជាអ្នកដឹកនាំពិតប្រាកដដែលលោកស្រីមាន ធ្វើឱ្យទាំងក្នុងស្រុក សមាជិក​និង ពិភពលោកមើលឃើញជាក់ស្ដែង។ ការបោះឆ្នោតផ្ទៃក្នុងបក្សនោះ គឺលោកស្រីបាននាំមុខនូវសម្លេងគាំទ្រ២០ភាគរយ លើសលើ អតីតមេដឹកនាំខ្លួន លោក William Lai Ching-te ក្នុងបក្សកាន់អំណាចបច្ចុប្បន្ន គឺគណបក្សប្រជាធិតេយ្យជឿនលឿន ក្នុងទម្រង់ សមាមាត្រា ៣៥.៦៨ភាគរយ ទល់នឹង ២៧.៤៨ ភាគរយ។

លោកស្រី សាយអឹងវ៉េង នៅឆ្នាំនេះ មានអាយុ៦៣ឆ្នាំហើយ។ ទម្រាំលោកស្រីបានក្លាយជាប្រធានាធិបតី លោកស្រីធ្លាប់ធ្វើអភិបាលក្រុងតៃប៉ិ ក្រោយពីបញ្ចប់បរិញ្ញាបត្រច្បាប់ អនុបណ្ឌិតពាណិជ្ជកម្ម និង ថ្នាក់បណ្ឌិតនៅចក្រភពអង់គ្លេសនៃជំនាញសេដ្ឋកិច្ច និង វិទ្យាសាស្រ្ដនយោបាយ។ សូមជម្រាបថា មេដឹកនាំតៃវ៉ាន់មួយនេះ ដល់តែរៀនខ្ពង់ខ្ពស់ ឋានៈកំពូលលំដាប់ជាតិយ៉ាងដូច្នេះ លោកស្រីមិនចង់មានជោគជ័យលើរឿងស្នេហានោះទេ ដែលមានន័យថា លោកស្រីមិនទាន់រៀបការនោះទេ។ កំឡុងឆ្នាំ ២០០៨ ដល់ឆ្នាំ២០១២ លោកស្រីជាប្រធានគណបក្សប្រជាធិបតេយ្យជឿនលឿន។ បន្ដបន្ទាប់ក្នុងឆ្នាំ២០១២ ដល់ឆ្នាំ២០១៦ លោកស្រីត្រូវបានជាប់ឆ្នោតជាប្រមុខរដ្ឋាភិបាលតៃវ៉ាន់ ដែលរបបនេះមានឈ្មោះថាសាធារណរដ្ឋចិន។ សាធារណរដ្ឋចិន បច្ចុប្បន្នមានប្រជាជន ជាង២៣លាននាក់ លើទឹកដី ៣៦១៩៣ គីឡូម៉ែត្រការេ។ កោះតៃវ៉ាន់ នេះហាក់រងការគម្រាមកំហែងជាខ្លាំងតែពីសំណាក់ប្រទេសដែលអះអាងថាកោះនេះជារបស់ខ្លួន ដែលតៃវ៉ាន់មានព្រំដែនខាងលិចជាប់ជាមួយ និងមានព្រំដែនទឹកប្រឈមនឹងជប៉ុន និងហ្វីលីពីន ហើយជិតនឹងសមុទ្រចិនខាងត្បូង។

ក្រោមការដឹកនាំរបស់ស្រ្ដីខ្លាំងរូបនេះ តៃវ៉ាន់បានក្លាយជាប្រទេសមានចំណូលខ្ពស់។ ប្រជាជនម្នាក់ៗរស់នៅយ៉ាងសម្បូរសប្បាយ មានការអប់រំខ្ពស់ បច្ចេកទេសជឿនលឿន។ ទាំងអស់នេះបានធ្វើឱ្យប្រទេសលោកស្រីក្លាយជាប្រទេស មានសេដ្ឋកិច្ចឧស្សាហកម្មនាំចេញខ្លាំងក្លា និងត្រូវបានទទួលស្គាល់ថាជាប្រទេសមួយហៅថាខ្លាសេដ្ឋកិច្ចនៅអាស៊ីខាងកើត។ ក្នុងឆ្នាំ២០១៩នេះ តៃវ៉ាន់ជាប់ជាប្រទេសមានសេដ្ឋកិច្ចធំលំដាប់ទី២១ គឺក្រោយពីការដឹកនាំរដ្ឋាភិបាលនិរទេសខ្លួនរបស់ស្ថាបនិកតៃវ៉ាន់លោក ជៀន កៃជៀក ក្នុងឆ្នាំ១៩៤៩មកនោះ។ បើកាលណាសេដ្ឋកិច្ចខ្លាំង កម្លាំងយោធា ក៏មាន តៃវ៉ាន់នឹងនៅតែប្រកាន់ខ្លួនឱ្យមានស្ថេរភាពក្នុងលំដាប់ជាតិ ថែមទាំងពង្រីកនិង ពង្រឹងវិសាលភាពនិង សក្ដានុពលវិស័យការទូតនោះ តៃវ៉ាន់ មានភាពរឹងដៃរឹងជើងកាន់តែខ្លាំងក្នុងការប្រកាន់ជំហរឯករាជ្យរបស់ខ្លួន។ សមិទ្ធិផលបែបនេះហើយទើបធ្វើឱ្យមានការលើកឡើងពីមជ្ឈដ្ឋានថា  ៧០ឆ្នាំ តៃវ៉ាន់ឯកភាពថា មានស្រ្ដីខ្លាំងម្នាក់ប្រឆាំងអំណាចចក្រពត្តិចិន។

ស៊ីជីងភីង បុរសខ្លាំង ខ្លាំងដល់កម្រិតណានឹងភាពមានៈរបស់ លោកស្រីសាយ អ៉ឹង វ៉េង

ស៊ីប្រកាន់ចិត្តដដែលជាដដែល ប្រកាន់ចិត្តសឹងជាប្រវត្តិសាស្រ្ដ ទៅហើយ សម្រាប់ឆ្នាំ២០១៩ នៅថ្ងៃទី២ មករា ក្នុងឱកាសខួបទី៤០ឆ្នាំនៃគណបក្សកម្មុយនីស្ដចិន លោកស៊ី ប្រមុខរដ្ឋាភិបាលចិន ថ្លែងសារទៅកាន់ជនរួមជាតិនៅតៃវ៉ាន់ យ៉ាងដូច្នេះថា៖

ពីមុន ក៏ដូចពេលនេះតទៅតួនាទី ចិន និង​សាររបស់ចិន សូមឱ្យជនរួមជាតិតៃវ៉ាន់ដឹងឱ្យច្បាស់ថា គ្មានការផ្លាស់ប្ដូរណាមួយគឺគ្មានការជៀសមិនផុតឡើយនូវឯកសមោធាននៃប្រជាជាតិ គឺត្រូវតែប្រកាន់ឱ្យច្បាស់ពីភាពចាំបាច់នៃមូលដ្ឋានចិនតែមួយ ប្រទេសដែលមានប្រព័ន្ធពីរ ជារដ្ឋពេញលេញ។

ទោះមានការលើកឡើងបែបនេះក៏ដោយ គេសង្កេតឃើញថា ភាគីទាំងពីរនៅតែមានភាពប្រឈមផ្នែកយោធាដដែល ទោះជាមានការប្រតិបត្តិការសហការនឹងគ្នាក្នុងទំនាក់ទំណងវប្បធម៌ និង សេដ្ឋកិច្ចក៏ដោយក្ដី។ តបទៅនឹង ការថ្លែងដោយលោកស៊ីយ៉ាងដូច្នេះ ស្រ្ដីខ្លាំងនៃកោះតូចតៃវ៉ាន់បានលើកឡើងយ៉ាងច្បាស់លាស់នូវ រឿងត្រូវតែមានបួនយ៉ាងសម្រាប់ចិនឱ្យយល់ព្រម។ គោលការណ៍ត្រូវតែបួនយ៉ាងសម្រាប់ចិននោះរួមមាន

1) ចិនត្រូវតែហ៊ានទទួលស្គាល់ការពិតថា មានរដ្ឋតៃវ៉ាន់

២ ចិនត្រូវតែគោរពរាល់ការប្ដេជ្ញាចិនរបស់តៃវ៉ាន់ទាក់ទងនឹងសេរីភាពនិង ប្រជាធិបតេយ្យ

៣ ចិនត្រូវតែប្រកាន់នូវភាពខុសគ្នារវាងច្រកសមុទ្រដោយផ្អែកលើសមភាព

៤ រាល់ការចរចាត្រូវតែធ្វើឡើងដោយរដ្ឋាភិបាលនៃភាគីទាំងសងខាង

ជាមួយនឹងការថ្លែងតបបែបនោះ លោកស្រី សាយ បានប្រាប់ដល់អាជ្ញាធររបស់ខ្លួន អំពីគោលនយោបាយឧស្សាហកម្មនៃការការពារជាតិ គឺមានការផ្គត់ផ្គង់យុទ្ធោបករណ៍ដ៏ខ្លាំងសប្បាយ និង​មានយុទ្ធសាស្រ្ដសំខាន់ៗចេញដោយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនផងដែរ។ បែបនេះ លោកស្រី សុំឱ្យមានសកលភាព គឺ ពីសហរដ្ឋអាមេរិក ប្រទេសខ្លាំងក្លាដទៃ ឃ្លាំមើល និង​គាំទ្រនូវសន្ដិសុខ សុវត្ថិភាពតៃវ៉ាន់។​

ដូចជាមិនយូរប៉ុន្មានថ្ងៃទេ ក្រោយពីសុន្ទរកថារបស់លោកស្រីសាយ លោក ស៊ី បានបង្ហាញនូវក្រមខណ្ឌទំនាក់ទំនងច្រកសមុទ្រដោយថា រឿងត្រូវតែ និង​នឹងក្លាយជារបស់ចិន គឺធ្វើឡើងដើម្បីសន្ដិភាពហើយរដ្ឋាភិបាលរបស់លោកមិនចង់បំផ្ទុះសង្គ្រាមស៊ីវិលនោះទេ គឺ មិនចង់ប្រើកម្លាំងទ័ពដើម្បីវាយកាន់កាប់កោះតៃវ៉ាន់ទេ។

ក្នុងខែមករា ដដែលនោះ ស៊ី ថែមទាំងចង្អុលបង្ហាញឱ្យតៃវ៉ាន់ឃើញអំពី គោលនយោបាយប្រទេស ប្រព័ន្ធពីរនេះដែលបានដាក់ចុះនៅក្រុងហុងកុង និង​ម៉ាកាវ ដែលក្រុងស្វយ័តពីរនេះ ស៊ីបញ្ជាក់ថា ចិនដីគោក តែងតែគិតប្រយោជន៍ប្រជាជាតិទោះទៅដល់ទីណា។

ស្រាប់តែមកដល់ដើមខែមិថុនា ចៃដន្យមិនល្អ ព័ត៌មាននៃវិសោធនកម្មច្បាប់ស្ដីពីបត្យាប័ន ដែលនាំជនសង្ស័យពីហុងកុងទៅកាត់ទោសនៅប៉េកាំងបានលេចលឺជាដំណឹង។ អហិង្សាបាតុកម្មរបស់មហាជន ហុងកុងចាប់កក្រើកពេញដងផ្លូវ ក្រោមឈុតខ្មៅ សឹងតែហៅថា ចលនាសមុទ្រខ្មៅទៅហើយ។ ការតវ៉ារបស់ក្រុងហុងកុងហាក់ផ្ដល់សញ្ញាមួយទៅកាន់ក្រុងតៃប៉ិ ឱ្យមើលអំពីទង្វើនៃការដឹកនាំរបស់រដ្ឋាភិបាលក្រុងប៉េកាំងដែលជារឿងតែងតែគាបសង្កត់សិទ្ធិរបស់ខ្លួនតាំងពីឆ្នាំ១៩៩៧ ឆ្នាំដែលអង់គ្លេសបានប្រគល់ហុងកុងឱ្យទៅប៉េកាំងនោះ។ ​​​

សាយអឹងវ៉េង ស្រ្ដីនាំមកនូវអនាគតថ្មីភ្លឺស្វាងដល់តៃវ៉ាន់

ក្រោមការដឹកនាំរបស់លោកស្រី ទោះជាមានជម្លោះវោហាសាស្រ្ដ និង​ភាពតានតឹងយោធានឹងចិន ក៏ដោយ ក៏លោកស្រីបង្ហាញជំហរមិនចុះញ៉មនឹងប្រកួតជាមួយដែរ។ ដោយទទួលបានមេដឹកនាំទុកចិត្តបាន ប្រជាជនក្រុងតៃប៉ិ បានសម្រេចចង់ផ្ញើវាសនាអនាគតប្រទេសនេះដល់លោកស្រីឱ្យកាន់មួយអាណត្តិទៀត។ ការសម្រេចចង់ផ្ញើវាសនានេះស្ដែងឡើងតាមរូបភាពធំមួយ គឺស្របពេលបាតុកម្មនៅហុងកុងបានទទួលលទ្ធផល ដោយលោកស្រី ហ្ការីឡាំ នាយកប្រតិបត្តិក្រុងហុងកុង បានប្រកាសថា វិសោធនកម្មច្បាប់បត្យាប័នត្រូវបានស្លាប់ហើយ។ គឺនៅឯក្រុងតៃប៉ិ គេហទំព័រសារព័ត៌មាន The interpreter ចុះផ្សាយថា ប្រជាជនកោះតៃវ៉ាន់លើសលប់បដិសេធគោលនយោបាយក្រុងប៉េកាំង ដោយលទ្ធផល៨០ភាគរយនៃប្រជាជនគឺមិនពេញចិត្តនិងទទួលយកការគ្រប់គ្រងបែបនេះទេ ព្រោះហុងកុងពេលនេះជាគម្រូហើយ។ យោងតាមលទ្ធផលដដែលនោះ ជាង៨៧ភាគរយនៃប្រជាជនកោះតៃវ៉ាន់ លើ២៣លាននាក់ ជឿជាក់ថា អនាគតកោះតៃវ៉ាន់នឹងក្លាយជាដែនដីមួយមានការគ្រប់គ្រងដោយឡែក។ ជំនឿជាកដ៏មុតមាំនេះ ត្រូវបានប្រកាសក្ដែងដោយមេដឹកនាំស្រីថា ពេលនេះកោះតៃវ៉ាន់ក្លាយជាតំបន់មួយដែលមានសេរីភាពស្របតាមគោលការណ៍ប្រជាធិបតេយ្យរបស់ប្រទេស យ៉ាងដូចនេះមិនយូរមិនឆាប់តៃវ៉ាន់នឹងជារដ្ឋអធិបតេយ្យមួយ។ តួលេខនៅថ្ងៃនេះ គឺជាតួលេខមួយដែលឆ្លុះបញ្ចាំងសម្រាប់ការបោះឆ្នោតប្រធានាធិបតីនៅខែមករា ដែលធ្វើឱ្យមានការរំពឹងថា គណបក្សប្រជាធិបតេយ្យជឿនលឿនរបស់លោកស្រីសាយអឹងវ៉េង នឹងទទួលបានសម្លេងគាំទ្រលើសគណបក្សគូមីញតាងដែលមាននិន្នាការទៅរកចិនដីគោក។ ប្រការនេះមានន័យថា ប្រជាពលរដ្ឋតៃវ៉ាន់សង្ឃឹមថាវាសនាអនាគតរបស់ប្រទេសខ្លួននឹងត្រូវបានឃ្លាំមើលបន្ថែមពីលើការគ្រប់គ្រងរបស់មេដឹកនាំស្រ្ដីបេះដូងឯករាជ្យ សាយអឹងវ៉េង៕

អត្ថបទ ដោយពៅនិកា

Share

Image
Image
Image