en     km
en     km

សាច់ញាតិ​សកម្មជន​ការពារ​បរិស្ថាន​នៃ​អង្គការ​ចលនា​មាតា​ធម្មជាតិ​ ស្នើ​ឱ្យ​ទម្លាក់​ការ​ចោទប្រកាន់​ លើ​កូន​ និង​ប្តី​ពួក​គេ​

Share

មាតាធម្មជាតិ-family-
​ក្រុម​គ្រួសារ​សកម្មជន​ការពារ​បរិស្ថាន​នៃ​អង្គការ​ចលនា​មាតា​ធម្មជាតិ​ បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​ការ​ចោទប្រកាន់​ សកម្មជន​ការពារ​បរិស្ថាន​ និង​តំណាង​សហគមន៍​អា​រ៉ែ​ង​ ឲ្យ​មាន​សេរីភាព​វិញ​។​ ការ​ស្នើ​សុំ​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ នៅ​ព្រឹក​ថ្ងៃ​ទី​ ០៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​នេះ​ នៅ​ភោ​ជនី​ដ្ឋា​ន​ ទន្លេបាសាក់​ រាជធានី​ភ្នំពេញ​ ខណៈ​ដែល​សាលាដំបូង​ខេត្តកោះកុង​កំពុង​បើក​សវនាការ​ទៅ​លើ​ យុវជន​របស់​អង្គការ​ចលនា​ធម្មជាតិ​ទាំង​បី​នាក់​នោះ​ ។​

​ថ្លែង​ក្នុង​សន្និសីទកាសែត​ ដែល​បាន​រៀបចំ​ឡើង​នៅ​ភោ​ជនី​ដ្ឋា​ន​ ទន្លេបាសាក់​នា​ ថ្ងៃ​ទី​ ០៤​ ខែ​ វិច្ឆិកា​នេះ​ អ្នកស្រី​ សំ​ សំណាង​ ជា​ម្តាយ​របស់​លោក​ទ្រី​ សុ​វិ​គា​ ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ បាន​ស្នើរ​ឱ្យ​មានការ​ដោះ​លែង​កូនប្រុស​អ្នកស្រី​ ជា​ពិសេស​អ្នកស្រី​ស្នើ​ទៅ​ដល់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ ឲ្យ​ជួយ​រក​ខុស​ត្រូវ​លើ​ករណី​នេះ​ផង​ ។​ អ្នកស្រី​ថា​កូនប្រុស​អ្នកស្រី​មិន​បាន​ធ្វើ​អ្វី​ខុសច្បាប់​ឡើយ​ រូបគេ​គ្រាន់តែ​ទៅ​ការពារ​សម្បត្តិ​ធម្មជាតិ​តែ​ប៉ុណ្ណោះ​។​ អ្នកស្រី​រំពឹង​ថា​ កូនប្រុស​អ្នកស្រី​នឹង​មាន​សេរីភាព​វិញ​នា​ពេល​ឆាប់ៗ​នេះ​។​

​ចំណែក​អ្នកស្រី​ ថា​ សុភា​ ភរិយា​របស់​លោក​ស៊ឹ​ម​ សំណាង​ បាន​ប្រាប់​ថា​ ក្រោយ​ពី​ប្តី​អ្នកស្រី​ជាប់​ពន្ធនាគារ​ គ្រួសារ​អ្នកស្រី​បាន​ជួប​បញ្ហា​ជីវភាព​យ៉ាង​ខ្លាំង​ ព្រោះ​ប្តី​អ្នកស្រី​គឺជា​ជំហរ​គ្រួសារ​។​ ម្យ៉ាងវិញទៀត​ ប្តី​អ្នកស្រី​ក៏​កំពុង​មាន​ជំងឺ​នៅ​ក្នុង​ខ្លួន​ផង​ដែរ​។​ ដូច​គ្នា​នឹង​ អ្ន​ស្រី​ សំ​ សំណាង​ អ្នកស្រី​ ថា​ សុភា​ បាន​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​ធ្វើ​អន្តរាគមន៍​យ៉ាងណា​ ដោះ​លែង​ប្តី​អ្នកស្រី​ និង​អ្នក​ទាំង​បី​ផ្សេង​ទៀត​ឱ្យ​បាន​នៅ​ក្រៅ​ឃុំ​ផង​ដែរ​។​

​លោក​ថន​ រ​ដ្ឋា​ ជា​សកម្មជន​ការពារ​ធនធានធម្មជាតិ​របស់​អង្គការ​ចលនា​មាតា​ធម្មជាតិ​ បាន​លើក​ឡើង​ថា​ អ្វី​ដែល​តុលាការ​ខេត្តកោះកុង​ បាន​ចោទប្រកាន់​ទៅ​លើ​យុវជន​ទាំង​បី​នាក់​ គឺជា​រឿង​មិន​សម​ស្រប​ ហើយ​យុវជន​ទាំងនោះ​មិន​បាន​ធ្វើ​ខុស​ដូច​អ្វី​ដែល​ក្រុមហ៊ុន​ចោទប្រកាន់​ឡើយ​ ពួក​គេ​គ្រាន់តែ​ប្រើប្រាស់​សិទ្ធិ​ ជា​ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​តែ​ប៉ុណ្ណោះ​។​

​សូម​ជំរាប​ថា​ កាលពី​ថ្ងៃ​ទី​១៧​ ខែសីហា​ ឆ្នាំ​២០១៥​ យុវជន​អង្គការ​មាតា​ធម្មជាតិ​ ៣​នាក់​ ត្រូវ​បាន​ កម្លាំង​នគរបាល​ខេត្តកោះកុង​ ឃាត់ខ្លួន​ ខណៈ​ដែល​ពួក​គេ​តវ៉ា​ទាមទារ​ឱ្យ​បញ្ឈប់​ ការ​ធ្វើ​អាជីវកម្ម​របស់​ក្រុមហ៊ុន​បូម​ខ្សាច់​ នៅ​ក្នុង​ខេត្តកោះកុង​ ។​ យុវជន​ទាំង​៣​រូប​ រួម​មាន​៖​ ឈ្មោះ​ សាន់​ ម៉ា​ឡា​  អាយុ​ ២៣​ឆ្នាំ​ ទ្រី​ សុ​វី​គា​  អាយុ​២៤​ឆ្នាំ​ និង​ ស៊ឹ​ម​ សំណាង​  អាយុ​ ២៦​ឆ្នាំ​។​ ការ​ឃាត់ខ្លួន​យុវជន​ខាងលើ​ ធ្វើ​ឡើង​តាម​បណ្តឹង​របស់​ក្រុមហ៊ុន​ ។​ ពួក​គេ​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន​ នៅ​ពន្ធនាគារ​ខេត្ត​បណ្តោះអាសន្ន​ ដោយ​ចោទប្រកាន់​ពី​បទ​ «​គំរាមកំហែង​ថា​ នឹង​ធ្វើ​ឲ្យ​ខូចខាត​ ដែល​ភ្ជាប់​បញ្ជា​អ្វីមួយ​»​ តាម​មាត្រា​ ៤២៤​ នៃ​ក្រមព្រហ្មទណ្ឌ​៕

Share

Image
Image
Image