en     km
en     km

សហភាព​អឺរ៉ុប​ប្រកាស​ឱ្យ​យុវជន​កម្ពុជា​ ប្រកួត​គ្នា​សរសេរ​អត្ថបទ​ លើ​ប្រធានបទ​ចំនួន​៣​

Share

សហភាព​អឺរ៉ុប​ប្រកាស​ឱ្យ​យុវជន​កម្ពុជា​ប្រកួត​គ្នា​សរសេរ​អត្ថបទ​ លើ​ប្រធានបទ​ចំនួន​៣​ ដែល​ទាក់ទិន​នឹង​ លក្ខណៈសម្បត្តិ​នៃ​សមាគម​អាស៊ាន​ បញ្ហា​ធនធានធម្មជាតិ​ និង​ អនាគត​របស់​យុវជន​ ដែល​ហៅ​ថា​«​ការ​វិនិយោគ​ផ្នែក​និពន្ធ​ អត្ថបទ​លើ​យុវជន​កម្ពុជា​»​។​

Eu-flag-textប្រធានបទ​ទាំង​៣​នេះ​គឺ​៖
១/​តើ​សមាគម​អាស៊ាន​គួរ​មាន​លក្ខណៈ​ដូច​សហភាព​អឺរ៉ុប​ដែរ​ឬទេ​?​

២/​ហេតុ​អ្វី​បានជា​ធនធានធម្មជាតិ​ជា​បញ្ហា​ដែល​គួរ​យកចិត្តទុកដាក់​?​

3/​តើ​យុវជន​គួរ​ធ្វើ​អ្វីខ្លះ​ដើម្បី​កែប្រែ​អនាគត​ឲ្យ​មាន​ភាពល្អ​ប្រសើរ​?​

​ប្រធានបទ​នេះ​ត្រូវ​បាន​រៀបចំ​ដោយ​ សហភាព​អឺរ៉ុប​ សហការ​ជាមួយ​សមាគមយុវជន​ខ្មែរ​ កាលពី​ថ្ងៃ​ពុធ​ទី​ ២៤​ខែសីហា​ នៅ​ការិយាល័យ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក​ អា​ឡាំង​ វ៉ា​ន់​ដឺ​ស្មី​សសិន​ ភារធារី​ស្តីទី​នៃ​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ មាន​ប្រសាសន៍​ក្នុង​សន្និសីទ​ប្រកាស​បើក​ការ​ប្រកួត​និពន្ធ​អត្ថបទ​ឆ្នាំ​២០១៦​ថា​៖​ «​ប្រធានបទ​ទាំង​៣​ដែល​បាន​ជ្រើសរើស​សម្រាប់​ការ​ដាក់​ប្រកួត​នេះ​ នឹង​អនុញ្ញាត​ឲ្យ​និស្សិត​អធិប្បាយ​ពី​អត្ថន័យ​នៃ​បាវចនា​ ឯកភាព​ចម្រុះ​ និង​ ចក្ខុវិស័យ​តែ​មួយ​ អត្តសញ្ញាណ​តែ​មួយ​ សហគមន៍​តែ​មួយ​ ព្រមទាំង​មូលហេតុ​កំណើនសេដ្ឋកិច្ច​រឹង​មាំ​ ដែល​ចាំបាច់​ត្រូវធ្វើ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ និង​ ប្រកបដោយ​ភាព​បៃតង​»​។​  

​តាម​លោក​ អា​ឡាំង​ វ៉ា​ន់​ដឺ​ស្មី​សសិន​ ការ​ប្រកួត​នេះ​គឺ​ក្នុង​គោលបំណង​ឲ្យ​និស្សិត​ជា​ពិសេស​យុវជន​កម្ពុជា​ជំនាន់​ក្រោយ​បាន​បង្ហាញ​ពី​ឆន្ទៈ​របស់​ខ្លួន​ តាម​រយៈ​ការ​តែង​និពន្ធ​អត្ថបទ​តែងសេចក្តី​និយាយ​ពី​ថ្នាក់ដឹកនាំ​ និង​ ដៃគូ​អភិវឌ្ឍ​ ដើម្បី​ចូលរួម​កំណែទម្រង់​គោលនយោបាយ​នានា​ ក្នុង​តំបន់​។​

​លោក​បន្ថែម​ថា​ ថ្វីបើ​ស្នាដៃ​ របស់​បេក្ខជន​កន្លង​មក​ សហភាព​អឺរ៉ុប​ និង​ អង្គការ​ដៃគូ​មិន​ទាន់​ រៀបចំ​បោះពុម្ពផ្សាយ​ជា​សាធារណៈ​ក្តី​ តែ​ក៏​អាច​ជា​ធនធាន​មួយ​សម្រាប់​ថ្ងៃ​អនាគត​ផង​ដែរ​។​

​ចំណែក​លោកស្រី​ សិទ្ធិ​ ហុង​អេ​ង​ ប្រធាន​សមាគមយុវជន​ខ្មែរ​ KYA​ បាន​ថ្លែង​ក្នុង​សន្និសីទ​នេះ​ដែរ​ថា​យុវជន​ ឬ​ សិស្ស​ និស្សិត​ដែល​ចាប់អារម្មណ៍​ អាច​ដាក់​ពាក្យ​ចូលរួម​ប្រកួត​ ដោយ​ ត្រូវ​មាន​អាយុ​ចាប់ពី​ ១៨​ ដល់​ ២៦​ឆ្នាំ​ ហើយ​ការ​និពន្ធ​អត្ថបទ​ត្រូវ​សរសេរ​ជា​ភាសា​អង់គ្លេស​ បារាំង​ និង​ អា​ឡឺ​ម៉​ង់​។ តាម​លោកស្រី​ ការ​ឈប់​ទទួល​អត្ថបទ​ប្រកួត​គឺ​ នៅ​ថ្ងៃ​ទី​៣០​ខែតុលា​ ឆ្នាំ​២០១៦​។

​លោកស្រី​ សិទ្ធិ​ ហុង​អេ​ង​ បន្ត​ថា​ យុវជន​ ឬ​ សិស្ស​ និស្សិត​នឹង​មានឱកាស​ចូលរួម​ប្រកួត​អត្ថបទ​ច្រើន​ជាង​បណ្តា​ឆ្នាំ​កន្លង​ទៅ​ ពីព្រោះ​នេះ​ជា​ឱកាស​ក្នុង​ការ​បញ្ចេញ​សំលេង​ ទស្សនៈ​ របស់​យុវជន​កម្ពុជា​ ដើម្បី​រួមចំណែក​ក្នុង​ការ​កសាង​សង្គម​ជាតិ​។​

​គួរ​រម្លឹក​ផង​ដែរ​ថា​ នេះ​ជា​លើក​ទី​៣​ហើយ​ ចំពោះ​ការ​រៀបចំ​ការ​ប្រកួត​និពន្ធ​អត្ថបទ​ ដែល​កាលពី​លើក​ទី​១​ក្នុង​ឆ្នាំ​២០១៤​ ការ​ប្រកួត​មាន​តែ​មួយ​ប្រធានបទ​។​ ការ​ប្រកួត​លើក​ទី​១​នេះ​ បេក្ខជន​ចូលរួម​ និង​ អ្នក​ទទួល​បាន​ជ័យ​លា​ភី​មាន​ចំនួន​តិចតួច​។​ ចំណែក​លើក​ទី​២​ ការ​ប្រកួត​និពន្ធ​អត្ថបទ​បាន​កំណត់​ប្រធានបទ​ចំនួន​៣​ដូច​លើក​ទី​៣​នេះ​ដែរ​ ដោយ​តម្រូវ​ឱ្យ​បេក្ខជន​ទទួល​បាន​ជ័យ​លា​ភី​មាន​ចំនួន​១០​រូប​ ហើយ​រង្វាន់​លេខ​១​ គេ​ដាក់​រហស្សនាម​ថា​ Golden​ ចំណែកឯ​អ្នក​ឈ្នះ​លេខ​២​និង​លេខ​៣​គេ​ហៅ​ថា​រង្វាន់​លេខ​២,​លេខ​៣​។​

​ការ​វិនិយោគ​ផ្នែក​និពន្ធ​អត្ថបទ​លើ​យុវជន​កម្ពុជា​ គឺជា​ផ្នែក​មួយ​នៃ​ជំនួយ​អភិវឌ្ឍន៍​របស់​សហភាព​អឺរ៉ុប​ ក្រោម​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ និង​អង្គការ​សង្គម​ស៊ី​វិល​៕​

Share

Image
Image
Image