en     km
en     km

សហភាពអឺរ៉ុបស្ថិតក្នុងស្ថានភាពឃ្លាំមើលដោយភាពស្ងប់ស្ងាត់ខណៈEBAជិតដល់ថ្ងៃចូលជាធរមាន

Share

សហភាព​អឺរ៉ុប បានចាប់ផ្តើម​បើក​ដំណើរការនីតិវិធីដកប្រព័ន្ធEBA ជា​ផ្លូវការ​លើកដំបូងពីកម្ពុជា កាលពី​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០១៩។  នីតិវិធី នៃ​ការព្យួរ EBA មាន​៣​ដំណាក់កាល​។ នៅដំណាក់​កាល​ចុង​ក្រោយ គឺនៅអំឡុងខែកុម្ភៈឆ្នាំ២០២០ ដែលនៅសល់ ជិត៤ខែទៀតនឹងដាក់ចូលជាធរមាន  ប្រសិនបើ កម្ពុជា មិនធ្វើតាមការទាមទាររបស់សហភាពអឺរ៉ុប ដោយតម្រូវអោយស្ដារលទ្ធិប្រជាធិបតេយ្យ ជាមួយ​នឹងការធ្វើ​ឱ្យ​​រស់ឡើងវិញ នូវគណបក្សសង្រ្គោះជាតិ ដែលត្រូវបានរំលាយ។

ជាការកត់សម្គាល់ គឺនៅរយៈពេលចុងក្រោយនេះ សហភាពអឺរ៉ុប ស្ថិត​ក្នុងស្ថានភាពឃ្លាំមើលដោយភាពស្ងប់ស្ងាត់ ដោយលែងចេញសេចក្ដីថ្លែងការណ៍អ្វីទាំងអស់ ពាក់នឹងស្ថានភាពសិទ្ធិមនុស្ស និង នយោបាយនៅកម្ពុជា។

តើមូលហេតុអ្វីបានជាសហភាពអឺរ៉ុបប្រកាន់ជំហរស្ងប់ស្ងាត់ខណៈស្ថានការណ៍នយោបាយនៅពេលនេះកាន់តែផុយស្រួយ ក្នុងអន្តរកាលដែល លោកសមរង្ស៊ី ប្រកាសវិលចូលកម្ពុជានៅថ្ងៃទី៩វិច្ឆិកា?

ដើម្បី ជ្រាប ! ​សូមស្ដាប់ អត្ថាធិប្បាយរបស់ លោក នួនបូរិនដូចតទៅ៖

ក្នុងដំណាក់កាលចុងក្រោយនេះ គេសង្កេតឃើញ សហភាពអឺរ៉ុបលែងចេញសេចក្ដីថ្លែងការណ៍អ្វី​ទាំង​អស់ អំពីកម្ពុជា ​។

ក្នុងស្ថានភាពដូចសព្វថ្ងៃនេះ  សម្រាប់សហភាពអឺរ៉ុប ច្បាស់ជានៅមិនស្ងៀមទេ គឺច្បាស់ ជាចេញសេចក្ដីថ្លែងការណ៍ ឬ ក៏កោះប្រជុំ​ សមាជិកសភា របស់ខ្លួន ដើម្បីវាយតម្លៃស្ថានការនយោបាយនិងសិទិ្ធមនុស្ស នៅ កម្ពុជា ដែល យ៉ាងហោចណាស់ នឹងទាមទារអោយកម្ពុជាបន្ថយការគាប​សង្កត់​ទៅលើ​ក្រុម​ប្រឆាំង​ដែល តាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ សកម្មជន គាំទ្រ ការវិលមកវិញរបស់លោកសមរង្ស៊ី ចំនួន ៤០នាក់ត្រូវបានចាប់ខ្លួន។ អាជ្ញាធរចោទ ពួកគាត់ថា បានធ្វើសកម្មភាពគាំទ្រផែនការរបស់ លោកសមរង្ស៊ី ប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាល ដែលគេហៅថា បទល្មើសឧប្បឃាត។ សកម្មភាពនៃការចាប់ខ្លួន សកម្មជនអតីត​គណ​បក្សប្រឆាំង មានរៀងរាល់ថ្ងៃ គឺយ៉ាងហោចណាស ម្នាក់ឬពីរត្រូវចាប់ខ្លួន។ តែបែបនេះ ក្ដី សម្រាប់​សហភាពអឺរ៉ុបដែលតែងតែឈឺឆ្អាលនឹងហេតុការណ៍ដូចនេះ បែរជានៅស្ងៀមស្ងាត់ទៅវិញ។

តើកត្តាអ្វីខ្លះ បានជាសហភាពអឺរ៉ុប ម្ចាស់ប្រព័ន្ធអនុគ្រោះពន្ធ EBAប្រកាន់ជំហរបែបនេះ?

ការពិតសហភាពអឺរ៉ុប បានបញ្ជូន តំណាងរបស់ខ្លួនគឺច្រើនលើកមកហើយ មក​បញ្ចុះ​បញ្ជូល​កម្ពុជា​អោយ ធ្វើ់តាម​តម្រូវកា​រ​របស់​ខ្លួន គឺធ្វើយ៉ាងមិច អោយប្រជាធិបតេយ្យ ដែលគេថាបានដើរដល់​មាត់​ច្រាំងនៃគ្រោះថ្នាក់នេះត្រឡប់ថយក្រោយវិញ។ សហភាពអឺរ៉ុបចង់ និយាយថា រាជរដ្ឋាភិបាល និងបក្ស​កាន់​អំណាច ត្រូវធ្វើការសន្ទនាគា្នឡើងវិញជាមួយ អតីតគណបក្សសង្រ្គោះជាតិ ប្រយោជន៍អោយ មាន​ទំនុកចិត្តដែលថា ភាគីកម្ពុជា មានជម្លោះខាងនយោបាយនឹងគ្នា អាចឈានទៅរកដំណោះស្រាយ ដើម្បី​ត្រួសត្រាយផ្លូវ នៃការស្ដារ ប្រជាធិបតេយ្យហើយ ជាក្ដីសង្ឃឹមអំ​ពីការផ្សះផ្សាគ្នាឡើងវិញ។

ការណ៍នេះ ក៏អាចមកពីសហភាពអឺរ៉ុប កំពុងសម្លឹកមើល អំពីចំហររបស់រាជរដ្ឋាភិបាល នៅ​ដំណាក់​កាល​ចុងក្រោយ​ ថាតើ បានគោរពនិងអនុវត្ត នូវការតាំងចិត្តរបស់ខ្លួនបានកម្រិតណា ដើម្បី ទប់​ស្កាត់​កុំអោយ ប្រព័ន្ធអនុគ្រោះពន្ធ EBA ត្រូវដកហូតជាផ្លូវការ។

ការណ៍ដែល សហភាពអឺរ៉ុបស្ថិតនៅក្នុងស្ថានភាពស្ងប់ស្ងាត់ បែបនេះ ទំនងមកពី សហគមន៍មាន​២៨​ប្រទេសជាសមាជិកនេះ  ព្យាយាមអត់ធ្មត់ ព្រោះ ខ្លួនកំពុងស្ថិតក្នុងស្ថានភាពអន្តរកាល ដែលនឹង​ឈាន ទៅដល់ ការដាក់អោយចូលជាធរមាននៃប្រព័ន្ធពន្ធដ៏ធំសម្រាប់ផលិតទំនិញពីកម្ពុជា។ សហភាព​អឺរ៉ុប​ដែលមិនឃើញប្រតិកម្មមកលើកម្ពុជាទៀតនេះក៏អាចមកពី បទបញ្ជាផ្ទៃក្នុងរបស់ស្ថាប័ននេះ បានចង​លែងអោយ មានសកម្មភាពអ្វី គឺត្រូវតែរង់ចាំការឆ្លើយតបពីកម្ពុជាតែប៉ុណ្ណោះ។​

បើដូច្នេះមែន មានន័យថា សភាពអឺរ៉ុប នៅពេល នេះ ដើរតួជាអ្នកចាំទី គឺចាំទទួលបាល់ពីកម្ពុជាទាត់មក​វិញ ថាតើច​ង់លេងជាមួយសហភាពអឺរ៉ុប បន្តទៀត ឬទេ ។ បើ ចង់លេងបន្តទៀត សូមអញ្ជើញ ចាប់ដៃ​គូសន្ទាគ្នា​ឡើងវិញ ហើយសហភាពអឺរ៉ុប អាចនឹងក្លាយជាអ្នកសម្របសម្រួលជាថ្មីទៀត ។

តើកម្ពុជា គួរប្រកាន់ជំហរ បែបណា នៅពេលនេះ ?

កម្ពុជាកំពុងប្រឈមនឹងសម្ពាធពីការដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ទៅវិញ។ ករណីនេះ បើកម្ពុជារបូត EBA គឺកម្ពុជាត្រូវបំពេញកាតព្វកិច្ចបង់ពន្ធចូលទីផ្សារអឺរ៉ុប យ៉ាងតិច ជិត ៧០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ។ នេះ បើតាមទំហំពាណិជ្ជកម្មកម្ពុជា និង អឺរ៉ុប ដែលហក់ឡើងខ្ពស់នៅឆ្នាំ ២០១៨ គឺជាង ៥ពាន់ លានដុល្លារ ហើយក្នុងនោះកម្ពុជា នាំទំនិញទៅទីផ្សារអឺរ៉ុបកើនឡើងជាង ៤ពាន់ លានដុល្លារ។ ប៉ុន្តែអ្នកជំនាញផ្នែកសេដ្ឋកិច្ច និង ធនាគារពិភពលោក បានព្រមានថា សេដ្ឋកិច្ចកម្ពុជាអាចនឹងឈរទ្រឹង  ឬ ធ្លាក់មកក្រោម ៧ ភាគរយវិញ ប្រសិនបើបាត់បង់ EBA ។​

ចំពោះកម្ពុជា  EBA ផ្តល់ផលប្រយោជន៍យ៉ាងខ្លាំងដល់ វិស័យវាយនភ៏ណ្ឌ អង្ករ និងផលិតផលសក្តានុពលមួយចំនួនទៀត។  គ្រាន់តែវិស័យវាយនភ័ណ្ឌតែមួយមុខ គឺបានជួយ កម្មករ កម្មការិនី កម្ពុជា ជាង៨០ម៉ឺននាក់មានការងារ មានប្រាក់ចំណូល ។ ជាមួយគ្នានេះ បានជួយ ជាប្រយោជន៍ ដល់ អ្នកពាក់ព័ន្ធជិត២លាននាក់។ លើសពីនេះ វិស័យនេះ ជួយកាត់បន្ថយ អត្រាភាពក្រីក្រនៅកម្ពុជាបានទៀតហើយ អាចទប់ស្កាត់ចំណាកស្រុកទៅធ្វើការនៅប្រទេសថៃទៀតផង។ នេះជាផ្នែកមួយ ដែលរាជរដ្ឋាភិបាល កម្ពុជាពិតជាត្រូវប្រកាន់យកនិងធ្វើការពិចារណា ។ ប៉ុន្តែ​ត្រង់ថាប្រកាន់យកដោយ សេចក្ដីត្រូវការចង់បានប្រព័ន្ធអនុគ្រោះពន្ធ EBA ខ្លាំងពេក ក៏ពិបាលយល់ ព្រោះ ថា ពេលខ្លះ ថ្នាក់ដឹកនាំកម្ពុជា មានថ្នាក់កំពូលៗ ដូចជាប្រកាន់ជំហរមិនត្រូវគ្នា ។ សម្រាប់ នាយករដ្ឋមន្ត្រីតែងតែ អះអាងថា បើបាត់ EBA ក៏បាត់ទៅ ព្រោះថា បើបាត់ក៏មិនធ្វើអោយសេដ្ឋកិច្ចកម្ពុជា ក្រឡាប់ដែរ។  សម្រាប់ ឧបនាយករដ្ឋមន្ត្រី ដែលពេលខ្លះ ជានាយករដ្ឋមន្ត្រីស្ដីទី ថាចង់បាន ចង់រក្សាទុក ។ កាលពីពេលថ្មីៗនេះ នៅក្នុងដំណើរទស្សនកិច្ចមួយនៅប្រទេសអាល្លឺម៉ង់  ឧបនាយករដ្ឋមន្ត្រី រូបនេះ ដូចជាសម្ដែងការសោកស្ដាយបើកម្ពុជាបាត់របូត EBA ។ លោកសង្ឃឹមថា ប្រព័ន្ធសេដ្ឋកិច្ចមួយនេះ នឹងមិនបាត់បង់ងាយៗនោះទេ។

រឿង EBA ដែលកំពុងដើរជិតដល់មាត់ច្រាំងហើយនេះ  សម្រាប់ សមាគមរោងចក្រកាត់ដេរ កម្ពុជា ក៏តែងតែចេញសេចក្ដីថ្លែងការណ៍អំពីជំហររបស់ខ្លួនដែរ​។សមាគមនេះ គឺជាប្រភពរស់រវើក ដែលទទួលបានផលប្រយោជន៍ដោយផ្ទាល់ពីប្រព័ន្ធអនុគ្រោះពន្ធ EBA ។ ក្រុមហ៊ុននិងរោងចក្រសុទ្ធតែបានផលប្រយោជន៍ពី EBA គឺមិនថាឡើយកម្មករកម្មការិនីនោះទេ។ គេសង្កេតឃើញ សមាគមនេះ បានចេញសេចក្ដីថ្លែងការណ៍ ដោយបង្ហាញជំហរ ចង់រក្សាទុក EBA បន្តទៀត។ យ៉ាងណា ជំហរចង់រក្សាទុក EBA គឺជាស្ថិតនៅលើសេចក្ដីសម្រេចចុងក្រោយរបស់រាជរដ្ឋាភិបាល កម្ពុជាថាតើត្រូវការ ប្រាក់សន្សំដើម្បី កំណើនសេដ្ឋកិច្ច ឬក៏ប្រកាន់ជំហរយកឈ្នះដើម្បីរដ្ឋមួយដែលតែងតែនិយាយថា កម្ពុជាជារដ្ឋអធិបតេយ្យ គឺមិនអាចទទួលយកលក្ខខ័ណ្ឌគាបសង្កត់ណាមួយពីបរទេសឡើយ។

យ៉ងណា ពេលវេលាដើម្បីបន្តរក្សាទុកប្រព័ន្ធអនុគ្រោះពន្ធ EBA មើលទៅ កាន់តែខិតចូលមកដល់ហើយ។ គិតពីពេលនេះ ទៅគឺនៅខែកុម្ភៈឆ្នាំ២០២០ គឺជាដំណាក់កាលចុងក្រោយ ដែលគេថា ជាដំណាក់ ចូលជាធរមាននៃការដក EBA ពីកម្ពុជា ។ រយៈពេលនេះ គឺខ្លីណាស់ ព្រោះនៅសល់តែប៉ុន្មានខែទៀតបណ្ណោះ៕  

Share

Image
Image
Image