en     km
en     km

សហភាពអឺរ៉ុបសម្រេចយកពន្ធអង្ករកម្ពុជាជាង២០០ដុល្លារក្នុងមួយតោននៅជំហានដំបូង

Share

ភ្នំពេញ៖ សហភាពអឺរ៉ុបបានសម្រេចតម្រូវឱ្យកម្ពុជាត្រូវបង់ពន្ធលើការនាំចូលអង្ករជាជំហានដំបូងចូលក្នុងទីផ្សាររបស់ខ្លួន ជាអ្វីដែលអ្នកជំនាញកសិកម្មមើលឃើញថា អាចបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យស្រូវអង្ករ និងសេដ្ឋកិច្ចជាតិ។

(លោក កែវ សុខា​ រាយការណ៍ពីព័ត៌មាននេះ)

 

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌Reuters មានកាលពីថ្ងៃទី១៤ មករា ឆ្នាំ២០១៩ បានឱ្យដឹងថា គណៈកម្មការអឺរ៉ុបសម្រេចយកពន្ធអង្ករពីប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា ក្នុងរយៈពេល៣ឆ្នាំខាងមុខ​ ដោយតម្រូវបង់ពន្ធ២០០,៧៣ដុល្លារក្នុងមួយតោននៅឆ្នាំដំបូង។

​យ៉ាងណាការសម្រេចនេះ នឹងចាប់ផ្តើមអនុវត្តន៍ចាប់ពីថ្ងៃសុក្រសប្តាហ៍នេះ ប្រសិនបើក៏ភាគីពាក់ព័ន្ធមិនបានប្តឹងជំទាស់។

វិទ្យុស្រ្តីបានព្យាយាមទាក់ទងក្រសួងកសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជាជាច្រើនលើក តែគ្មានអ្នកឆ្លើយតប។

បើតាម​​ Reuters ការសម្រេចរបស់គណៈកម្មការអឺរ៉ុប ធ្វើឡើងតបតាមការស្នើរបស់រដ្ឋាភិបាលអ៊ីតាលី  ក្នុងគោលដៅរក្សាតម្លៃអង្ករនៅបណ្តាប្រទេសអឺរ៉ុបដែលផលិតស្រូវមានការកើនឡើង។​

                                     កម្មករច្រកអង្ករចូលបាវ និងលីអង្ករដាក់ក្នុងឃ្លំាង។ រូបភាព៖ សហព័ន្ធស្រូវអង្ករកម្ពុជា

 

គណៈកម្មការអឺរ៉ុបរកឃើញថា ការអនុគ្រោះពន្ធនាំអង្ករចូលពីកម្ពុជា និងមីយ៉ាន់ម៉ា ធ្វើឲ្យប៉ះពាល់ដល់ដំណើរការផលិតអង្ករក្នុងតំបន់អឺរ៉ុបស្របពេលប្រទេសចំនួន ៨ នៅភាគខាងត្បូងអឺរ៉ុបផលិតអង្ករកើនឡើងចាប់ពីប្រទេស Portugal ដល់ Bulgaria។​

អ្នកជំនាញផ្នែកកសិកម្ម និង ជាស្ថានិកនៃអង្គការសេដាក លោក បណ្ឌិត យ៉ង សាំងកុមារ បានសរសេរលើទំព័រហ្វេសប៊ុករបស់លោក ដោយភ្ជាប់ជាមួយសារព័ត៌មាន Reuters លើរឿងរ៉ាវនេះថា វិធានការនេះនឹងប៉ះពាល់យ៉ាងខ្លាំងដល់វិស័យស្រូវអង្ករ និងសេដ្ឋកិច្ចខ្មែរ ជាពិសេសកសិករខ្មែរ ព្រោះមិនអាចប្រកួតប្រជែងចូលទីផ្សារអឺរ៉ុបបាន។ លោកបន្ថែមថា ល្មមដល់ពេលមានដែលកម្ពុជាមានគោលនយោបាយល្អជួយលើកស្ទួយសមត្ថភាពប្រកួតប្រជែងរបស់កសិកម្មនិងសេដ្ឋកិច្ចខ្មែរហើយ។

                                                         លោកបណ្ឌិត យ៉ង សាំងកុមារ កំពុងមានវត្តនៅប្រទេសទីម័រ។

 

អង្គការកសិករ និង សហករណ៍កសិកម្មអឺរ៉ុប (Copa Cogeca) បានជំរុញឲ្យគណៈកម្មាការអឺរ៉ុបអនុវត្តជាបន្ទាន់នូវវិធានការការ ពារលើការនាំចូលអង្ករពីប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា ស្របពេលដែលប្រទេស អ៊ីតាលី និង អេស្ប៉ាញត្អូញត្អែរពីផលប៉ះពាល់ដល់ទីផ្សារអង្កររបស់ពួកគេ។

សហករណ៍កសិករអឺរ៉ុបធ្លាប់បានស្នើបញ្ហានេះតាំងពីខែធ្នូ ឆ្នាំ២០១៨ មកម្ល៉េះ ប៉ុន្តែសំន្នើនេះមានភាពមិនទាន់ចុះសម្រុងពីប្រទេសជាសមាជិកអឺរ៉ុបទាំង២៨ប្រទេស។

បើសិន​សេចក្តី​សម្រេច​នេះ​​ត្រូវ​អនុវត្តនាពេលខាងមុខនេះ​ ​អង្ករ​របស់​​កម្ពុជា​​នឹង​ប្រឈម​​ការ​យក​ពន្ធ​១៧៥អឺរ៉ូ ស្មើប្រមាណ ២០០,៧៣ ដុល្លារ​អាមេរិក​ក្នុង​ ១ ​​តោន​​នៅ​ឆ្នាំ​ដំបូង ​និង ១៧៣ដុល្លារ​នៅ​​ ឆ្នាំ​ទី ២ ហើយ ១៤៤ដុល្លារ​នៅ​ឆ្នាំ​បន្ទាប់។ ករណីនេះបើកម្ពុជាមិនមានចំណាត់ការច្បាស់លាស់នោះកម្ពុជានឹងអាចខាតបង់ ៥៤ លានដុល្លារអាមេរិកលើការនាំចូលអង្ករទៅកាន់ទីផ្សារអឺរ៉ុប។ ការខាតបង់នេះ ព្រោះកម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអឺរ៉ុបចំនួនប្រមាណ ២៧ម៉ឺនតោន ស្មើនឹង៤២.៩៨ភាគរយនៃចំនួននាំចេញសរុបនៅឆ្នាំ២០១៨។

                                                                             ​កសិកររបស់អង្គការសេដាកប្រមូលផលស្រូវ

 

យោងតាមរបាយការណ៍របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយ បង្ហាញថានៅឆ្នាំ ២០១៨ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិបានចំនួន​ជាង ៦២ម៉ឺនតោន ចំនួននេះបញ្ជាក់ថា ការនាំចេញអង្ករបានធ្លាក់ចុះ ១,៥ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៧ ដែលមានចំនួនជាង ៦៣ ម៉ឺនតោន។

យោងតាមរបាយការណ៍នេះ កម្ពុជាបាននាំចេញអង្ករក្រអូបជាង ៤៩ ម៉ឺនតោន អង្ករសគ្រាប់វែងជាង ១០ ម៉ឺនតោន និងអង្ករចំហុយគ្រាប់វែង ២,៦ ម៉ឺនតោន។ ប្រទេសដែលជាទីផ្សារទិញអង្ករកម្ពុជាច្រើនជាងគេ គឺសហគមន៍អឺរ៉ុបដែលមានចំនួនជិត ២៧ម៉ឺនតោន ស្មើនឹង៤២.៩៨ភាគរយនៃចំនួននាំចេញសរុប។

ចំណែកប្រទេសដែលទិញអង្ករពីកម្ពុជាច្រើនជាងគេ គឺមានប្រទេសចិន ចំនួនជាង១៧ម៉ឺនតោន ស្មើនឹង២៧.១៧ភាគរយ, ប្រទេសបារាំងចំនួនជិត ៩ ម៉ឺនតោន, ប្រទេសម៉ាឡេស៊ី ជាង ៤ម៉ឺនតោន, ប្រទេសហ្គាប៉ូង (Gabon) ជាង៣ម៉ឺនតោន។ ចំណែកប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍វិញមានប្រទេសវៀតណាមចំនួនជាង ២.៦ម៉ឺនតោន, ប្រទេសថៃ ជាង ២.៣ម៉ឺនតោន។

គេនៅចាំបានថា កាល​ពី​​ឆ្នាំ ​២០១៦ ​កសិករ​ដាំដុះ​ស្រូវ​នៅ​​​ខេត្ត​បាត់ដំបង​ ដែល​ជា​ខេត្ត​ផលិត​ស្រូវ​ដ៏​សំខាន់​មួយ​របស់​​កម្ពុជា​ បាន​ចេញ​មក​តវ៉ា​នៅ​តាម​ផ្លូវដើម្បី​ប្រឆាំង​នឹង​ការ​ធ្លាក់​ចុះ​តម្លៃ ​តាម​រយៈ​ការ​បិទ​ផ្លូវ​ ដើម្បី​ឲ្យ​មាន​អន្តរាគមន៍​ពី​រដ្ឋាភិបាល​។​ គ្រានោះរដ្ឋាភិបាលក៏បានបញ្ចេញសាច់ប្រាក់ប្រមាណជាង ២៧លានដុល្លារ ដើម្បីជួយទិញស្រូវពីកសិករទាំងនោះ៕

 

 

Share

Image
Image
Image