en     km
en     km

សហភាពអឺរ៉ុបប្រារព្ធទិវាអន្តរជាតិប្រឆាំងការរើសអើងអ្នកស្រលាញ់ភេទដូចគ្នា

Share

ថ្ងៃនេះគឺជាទិវាអន្តរជាតិប្រឆាំងការរើសអើងអ្នកស្រលាញ់​ភេទ​ដូចគ្នា អ្នកកែភេទ និងអ្នកស្រលាញ់ទាំងពីរភេទ (IDAHOT) ដែលមានគោលបំណងលើកកម្ពស់​ការ​យល់ដឹង​ស្ដីពី ការរំលោភសិទ្ធិស្រ្តីស្រឡាញ់ស្រ្តី បុរសស្រឡាញ់បុរស អ្នកស្រឡាញ់ទាំងពីរភេទ អ្នកប្តូរយេនឌ័រ និងអ្នកស្រឡាញ់ភេទដូចគ្នា។ សហភាពអឺរ៉ុបបានប្រារព្ធកម្មវិធីនេះ ដោយបានអញ្ជើញបណ្តាស្ថាប័ន និងអង្គការពាក់ព័ន្ធពិភាក្សាពីបញ្ហាប្រឈម និងដំណោះស្រាយចំពោះករណីអ្នកស្រលាញ់ភេទដូចគ្នានេះ។ តំណាងអង្គការសង្គមសស៊ីវិលដែលធ្វើការលើកស្ទួយបញ្ហានេះ និយាយថា បញ្ហាសម្រាប់អ្នកស្រលាញ់ភេទដូចគ្នាពិសេសការរើសអើងពីបរិស្ថានជុំវិញនៅតែកើតមានឡើង ដែលត្រូវការកិច្ចអន្តរាគមពីស្ថាប័នរដ្ឋាភិបាលជាចាំបាច់។

(លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ)

 

នៅថ្ងៃទី ១៧ ឧសភា នេះសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានរៀបចំកិច្ចប្រជុំជាមួយរដ្ឋជាសមាជិក និង អង្គការ​នានាដែលធ្វើការលើសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ដើម្បីផ្លាស់ប្ដូរជុំវិញបញ្ហាប្រឈមរបស់អ្នកស្រឡាញ់ភេទ​ដូចគ្នា​នៅក្នុងប្រទេសកម្ពុជា និងវិធីដែលសហភាពអឺរ៉ុប​អាច​គាំទ្រ​នូវការលើកកម្ពស់ និង ការការពារសិទ្ធិរបស់ពួកគាត់។

ទំព័រហ្វេសប៊ុករបស់ស្ថានទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានបង្ហាញរូបភាពសកម្មភាពរបស់អ្នកចូលរួម បង្ហូតទង់ឥន្ទធនូនៅក្នុងបរិវេណនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ដែលបញ្ជាក់ថា សហភាពអឺរ៉ុបមានស្មារតីសាមគ្គីភាពជាមួយមនុស្សទាំងអស់ ដែលទទួលរងការ​រើសអើង​លើអត្តសញ្ញាណ និងនិន្នាការភេទ។

ក្រុមអង្គការធ្វើការពាក់ព័ន្ធបញ្ហាអ្នកស្រលាញ់ភេទដូចគ្នា ជួបជុំគ្នានៅសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា។រូបភាព ហ្វេសប៊ុករបស់សហភាពអឺរ៉ុប

 

សេចក្តីប្រកាសរបស់តំណាងជាន់ខ្ពស់សហភាពអឺរ៉ុប លោកស្រី Federica Mogherini ក្នុងឱកាសនៃទិវាអន្តរជាតិ​ប្រឆាំង​ការ​រើសអើង​អ្នកស្រលាញ់ភេទដូចគ្នា បានសរសេរថា សហភាពអឺរ៉ុបបេ្តជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការលើកកម្ពស់ និងការពារសិទ្ធិស្រ្តី បុរសស្រលាញ់បុរស អ្នកស្រលាញ់បានទាំងពីរភេទ អ្នកប្តូរយេនឌ័រ និងមនុស្សអន្តរភេទ ឬហៅថា អ្នកស្រលាញ់ភេទដូចគ្នា។

សហភាពអឺរ៉ុបកត់សម្គាល់ឃើញថា នៅទូទាំងពិភពលោក អ្នកកែភេទ និងអ្នកស្រលាញ់ភេទដូចគ្នា តែងតែត្រូវបានបរិស្ថានជុំវិញ ធ្វើទុក្ខបុកម្នេញ រើសអើង បង្ក ឬរំខាន និងធ្វើបាប។ ពួកគេជារឿយៗត្រូវបានគេប្រព្រឹត្តបទល្មើសផ្សេងៗ នាំឱ្យមានការស្អប់ខ្ពើមគ្នា និងទទួលរងការប្រព្រឹត្តអំពើហិង្សាក្នុងទម្រង់ធ្ងន់ធ្ងរផ្សេងៗ ដូចជា ការធ្វើទារុណកម្ម និងការធ្វើឃាតជាដើម។

សហភាពអឺរ៉ុបសម្គាល់ទៀតថា មានប្រទេសចំនួន ៧២ បានចែងច្បាប់ស្តីពីនិន្នាការភេទនេះ ដែលអាជ្ញាធរប្រទេសនោះ បានបន្តចាត់ទុកអ្នករួមភេទដូចគ្នា ហើយចោទជាបទល្មើសព្រហ្មទណ្ឌ។ ចំណែកប្រទេសខ្លះ ច្បាប់ពុំបានផ្តល់ការការពារក្នុងកម្រិតមួយដែលចាំបាច់នោះឡើយ ប្រការនេះបណ្តោយឱ្យមានការរើសអើងកើតឡើងរាល់ថ្ងៃក្នុងទិដ្ឋភាពជីវិតរស់នៅប្រចាំថ្ងៃនៃអ្នកស្រលាញ់ភេទដូចគ្នា។

ក្នុងសេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុបដដែល​លោកស្រី Federica Mogherini​ បានសរសេរថា សហភាពអឺរ៉ុប នៅតែបន្តប្រយុទ្ធប្រឆាំងនឹងនិទណ្ឌភាពចំពោះករណីរើសអើង និងការប្រព្រឹត្តអំពើហិង្សាចំពោះអ្នកស្រលាញ់ភេទដូចគ្នា ទាំងក្នុងនឹងក្រៅដែនដីរបស់ខ្លួន។

                                    រូបភាពអ្នកស្រលាញ់ភេទដូចគ្នា រៀបចំពិធីភ្ជាប់ពាក្យដែលផ្ទុះការភ្ញាក់ផ្អើលលើសង្គមហ្វេសប៊ុក។

 

កញ្ញា ឈឿង រចនា សកម្មជនអ្នកស្រលាញ់ភេទដូចគ្នា និងជាអ្នកសម្របសម្រួលគម្រោងមូលនិធិមីក្រូឥន្ទធនូអន្តរជាតិ ប្រាប់វិទ្យុស្រ្តីថា អ្នកស្រលាញ់ភេទដូចគ្នានៅកម្ពុជា នៅតែជួបប្រទះបញ្ហាប្រឈមជាច្រើនដូចជា បញ្ហាសេដ្ឋកិច្ច ភាពក្រីក្រ សុខភាពផ្លូវចិត្ត ការកែប្តូរភេទ ការរើសអើងពីក្រុមគ្រួសារ និងសង្គម និងកង្វះការការពារផ្នែកផ្លូវច្បាប់ជាដើម។ តែយ៉ាងណាកញ្ញា​ រចនា ក្នុងនាមអ្នកធ្វើការលើកស្ទួយអ្នកស្រលាញ់ភេទដូចគ្នា មានសុទិដ្ឋិនិយមថា​ នៅកម្ពុជាមិនទាន់មានការរឹតបណ្តឹង និងការធ្វើទុក្ខបុកម្នេញធ្ងន់ធ្ងរលើអ្នកស្រលាញ់ភេទដូចគ្នា ដូចប្រទេសមួយចំនួនដែលបានចែងច្បាប់មិនឱ្យមានភេទទីបីឬអ្នកស្រលាញ់ភេទដូចគ្នានេះតែម្តង។

តែយ៉ាងណាក្តី​កញ្ញា រចនា នៅតែទទូចដល់ស្ថាប័នរាជរដ្ឋាភិបាលត្រូវ យកចិត្តទុកដាក និងផ្តល់កិច្ចអន្តរាគមឱ្យសកម្មជាងនេះ ដើម្បីបង្កបរិយាកាសងាយស្រួលដល់អ្នកស្រលាញ់ភេទដូចគ្នាអាចមានជីវិតរស់នៅពេញលេញរួចចាកពីការរើសអើងពីសង្គម។ កញ្ញា ឈឿង រចនា៖«បើសិនជាមានការគាំទ្រពីរដ្ឋាភិបាលដែលអនុវត្តការងារអភិវឌ្ឍន៍សង្គម គោលនយោបាយផ្សេងៗឱ្យឆ្លើយតបទៅនឹងអនុសញ្ញាស្តីពីសិទ្ធិមនុស្សដែលចុះហត្ថលេខីហ្នឹង វាត្រូវតែទិសដៅយូរនិងឆាប់វានឹងទៅដល់គោលដៅការពារអ្នកស្រលាញ់ភេទដូចគ្នាឱ្យមានភាពល្អប្រសើរជាងហ្នឹង។ វាអាចចំណាយពេលយូរនឹងឆាប់វាអាស្រ័យលើឆន្ទៈរបស់ស្ថាប័នរដ្ឋាភិបាលដែរ ដែលគិតថាគាត់យល់ពីបញ្ហារបស់យើងប៉ុណ្ណា ហើយវាត្រូវចេញពីយើងដែលយើងជាសហគមន៍អ្នកស្រលាញ់ភេទដូចគ្នា មានការគាំទ្រដើម្បីជំរុញសំឡេងឱ្យទៅដល់ខាងលើ»

                                                                ​   ស្រ្តីស្រលាញ់ភេទដូចគ្នារៀបការជាមួយគ្នា។រូបភាពហ្វេសប៊ុក

 

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០១៦ មកសហភាពអឺរ៉ុបបានផ្តល់ការគាំទ្រដល់គម្រោងចំនួន១៦ ដែលអនុវត្តដោយអង្គការសង្គមស៊ីវិលនៅអាស៊ី អាហ្រ្វិក អាមេរិកឡាទីន និងអឺរ៉ុបបូព៌ាក្នុងទឹកប្រាក់ ៥,២លានអឺរ៉ូ។

ដោយឡែកក្នុងឆ្នាំ២០១៨វិញ សហភាពអឺរ៉ុបបានប្រកាសស្នើសុំឱ្យមានការដាក់សំណើអនុវត្តគម្រោងក្នុងទឹកប្រាក់ ១០ លានអឺរ៉ូ ដើម្បីគាំទ្រដល់អង្គការដែលធ្វើការងារផ្តោតលើអ្នកស្រលាញ់ភេទដូចគ្នានៅលើសកលលោក។

លើសពីនេះសហភាពអឺរ៉ុប កាលពីពេលថ្មីៗនេះបានពង្រឹងបន្ថែមគោលការណ៍ណៃនាំដែលកំពុងចូលជាធរមានរបស់សហភាពអឺរ៉ុប ដើម្បីលើកកម្ពស់ និងការពារការទទួលបានគ្រប់សិទ្ធិមនុស្សទាំងអស់របស់អ្នកស្រលាញ់ភេទដូចគ្នា។

 

 

Share

Image
Image
Image