en     km
en     km

សហជីព​ និង​សង្គម​ស៊ី​វិល​ស្នើ​ឱ្យ​រដ្ឋសភា​ យកចិត្តទុកដាក់​ពិភាក្សា​សេចក្តីព្រាងច្បាប់​សហជីព​

Share

cover-Union-press-release-on-6.3.16
​ភ្នំពេញ​៖​ តំណាង​សហជីព​ និង​សង្គម​ស៊ី​វិល​ បាន​ចេញ​សេចក្តី​ថ្លៃ​ង​ការណ៍​រួម​ ស្នើ​សុំ​ឱ្យ​រដ្ឋសភា​យកចិត្តទុកដាក់​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​សហជីព​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ នៅ​ថ្ងៃ​ទី​០៩​ ខែមីនា​ ខាង​មុខ​។​ ទន្ទឹម​គ្នា​នេះ​ សង្គម​ស៊ី​វិល​ និង​សហជីព​សុំ​ឱ្យ​រដ្ឋ​សភាព​ទទួលយក​សំណើ​ផ្សេងៗ​បញ្ចូល​ទៅ​ក្នុង​សេចក្តីព្រាងច្បាប់​ស្តី​ពី​សហជីព​។​

​លម្អិត​ព័ត៌មាន​ដោយ​ លោក​ ម៉ៅ​ សំណាង​៖

​តំណាង​សហជីព​និង​សង្គម​ស៊ី​វិល​ ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​សេរីភាព​របស់​កម្មករ​ បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​ នៅ​ថ្ងៃ​ទី​០៦​ ខែមីនា​នេះ​ សុំ​ឱ្យ​រដ្ឋសភា​យកចិត្តទុកដាក់​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​សហជីព​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​០៩​ ខែមីនា​ ខាង​មុខ​។​

​សេចក្តីថ្លែងការណ៍​រួម​របស់​តំណាង​សហជីព​ និង​សង្គម​ស៊ី​វិល​ បានឱ្យ​ដឹង​ថា​ តំណាង​សហជីព​ និង​សង្គម​ស៊ី​វិល​ពាក់ព័ន្ធ​ បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​សេចក្តីព្រាងច្បាប់​ស្តី​ពី​សហជីព​តាំងពី​ដំណាក់កាល​ដំបូង​ រហូត​ដល់​សេចក្តីព្រាងច្បាប់​នេះ​ប​ញ្ជួ​ន​ដល់​រដ្ឋសភា​។​ ទន្ទឹម​គ្នា​នេះ​ កា​រវិ​វត្ត​ចុង​ក្រោយ​ រដ្ឋសភា​ គ្រោង​នឹង​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​រយៈពេល​មួយ​ព្រឹក​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​សហជីព​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​០៩​ ខែមីនា​ ឆ្នាំ​២០១៦​ ដែល​សិក្ខាសាលា​នេះ​មាន​ពេល​ត្រឹមតែ​កន្លះ​ម៉ោង​តែ​ប៉ុណ្ណោះ​ដើម្បី​ឱ្យ​ភាគី​ពាក់ព័ន្ធ​សួរ​សំណួរ​។​

​បន្លែ​ម​លើ​សេចក្តីថ្លែងការណ៍​រួម​ លោក​ ប៉ាវ​ ស៊ី​ណា​ ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា​ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​ស្ត្រី​ FM​ 102​ នៅ​ថ្ងៃនេះ​ថា​ ពេលវេលា​កន្លះ​ម៉ោង​ គឺ​មិន​គ្រប់គ្រាន់​ឡើយ​សម្រាប់​ការ​សួរ​សំណួរ​ និង​បង្ហាញ​ពី​ក្តី​កង្វល់​ចំពោះ​មាត្រា​មួយ​ចំនួន​ក្នុង​សេចក្តីព្រាងច្បាប់​ស្តី​ពី​សហជីព​ ទៅ​កាន់​រដ្ឋសភា​។​

​លោក​ ប៉ាវ​ ស៊ី​ណា​ បានឱ្យ​ដឹង​ទៀត​ថា​ សហជីព​ និង​សង្គម​ស៊ី​វិល​ ចង់ឱ្យ​រដ្ឋសភា​ពិចារណា​កំណត់​ពេលវេលា​ឱ្យ​បាន​គ្រប់គ្រាន់​ ដើម្បី​ពិនិត្យ​និង​ពិភាក្សា​ឱ្យ​បាន​ម៉ត់ចត់​ចំពោះ​សេចក្តីព្រាងច្បាប់​មួយ​នេះ​ ជា​ពិសេស​សុំ​ឱ្យ​រដ្ឋសភា​ទទួលយក​ចំណុច​មួយ​ចំនួន​ដែល​សហជីព​ និង​សង្គម​ស៊ី​វិល​ស្នើ​សុំ​ដាក់​បញ្ចូល​ក្នុង​សេចក្តីព្រាងច្បាប់​ស្តី​ពី​សហជីព​នេះ​។​

​ចំណែក​លោក​ សៀង​ សម្បត្តិ​ ប្រធាន​សហព័ន្ធ​សហជីព​មិត្តភាព​កម្មករ​ បាន​បញ្ចេញ​ជា​ទស្សនៈ​ថា​ ៖​ «​រដ្ឋសភា​គួរតែ​ផ្តល់​ពេលវេលា​ឱ្យ​បាន​គ្រប់គ្រាន់​ដល់​សហជីព​និង​ស​សង្គម​ស៊ី​វិល​ ដើម្បី​បង្ហាញ​ពី​ក្តី​កង្វល់​របស់​ខ្លួន​»​។​ លោក​ថា​ ការ​សួរ​សំណួរ​ និង​ការ​លើកយក​ចំណុច​មួយ​ចំនួន​របស់​តំណាង​សហជីព​ស្នើ​ទៅ​រដ្ឋសភា​នឹង​ធ្វើ​ឱ្យ​សេចក្តីព្រាងច្បាប់​ស្តី​ពី​សហជីព​ ក្លាយជា​ច្បាប់​ដែល​ផ្តល់​ផលប្រយោជន៍​ដល់​កម្មករ​ និង​មិនមែន​ជា​ច្បាប់​ដែល​ដាក់​គំនាប​ដល់​សហជីព​ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​កម្មករ​ឡើយ​។​

​យោង​តាម​សេចក្តីថ្លែងការណ៍​រួម​របស់​តំណាង​សហជីព​និង​សង្គម​ស៊ី​វិល​ បាន​បញ្ជាក់​ថា​ ក្រោយ​ពី​គណៈកម្មការ​ចំពោះ​កិច្ច​បង្កើត​ឡើង​ដោយ​គណបក្ស​មាន​អាសនៈ​ក្នុង​សភា​ទាំង​ពីរ​ បាន​ពិភាក្សា​ជា​ច្រើន​លើក​ច្រើន​សារ​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​សហជីព​នេះ​ ជា​លទ្ធផល​មិន​មាន​អ្វី​កែប្រែ​ជា​ដុំ​កំភួន​អ្វី​ឡើយ​។​

​ជុំវិញ​បញ្ហា​នេះ​ លោក​ សុខ​ ឥ​សាន​ សមាជិក​គណៈកម្មការ​ចំពោះ​កិច្ច​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ប្រសាសន៍​ថា​ កន្លង​ទៅ​គណៈកម្មការ​ចំពោះ​កិច្ច​មក​ពី​គណបក្ស​នយោបាយ​ទាំង​ពីរ​ បាន​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​នេះ​ ច្រើន​ដង​រួច​មក​ហើយ​។​  លោក​បន្ត​ថា​ ចំពោះ​ពេលវេលា​នៅ​ក្នុង​សិក្ខាសាលា​នេះ​ គឺជា​ការ​កំណត់​របស់​គណៈ​ក​ម្មា​ការ​ទី​៦​ នៃ​រដ្ឋ​សភាព​ដែល​ជា​អ្នក​រៀបចំ​កម្មវិធី​។​ លោក​ សុខ​ ឥ​សាន​ បាន​បញ្ជាក់​ថា​ កម្ម​ការ​ចំពោះ​កិច្ច​មាន​តួនាទី​ត្រឹមតែ​ជា​អ្នកសម្របសម្រួល​តែ​ប៉ុណ្ណោះ​។​

​សូមជ្រាប​ថា​ កន្លង​ទៅ​ក្រុម​សហជីព​ បាន​សុំ​អន្តរាគមន៍​ពី​ប្រធានរដ្ឋសភា​ ដើម្បី​ឱ្យ​ពួក​គេ​បាន​ជួប​ជាមួយ​ គណៈ​ក​ម្មា​ការ​ទី​៦​ នៃ​រដ្ឋសភា​ទទួល​បន្ទុក​ផ្នែក​នីតិកម្ម​ និង​យុត្តិធម៌​ក្នុង​គោលបំណង​ពិភាក្សា​ និង​ស្នើ​បញ្ចូល​សំណើ​រួម​របស់​សហជីព​ទៅ​ក្នុង​សេចក្តីព្រាងច្បាប់​ស្តី​ពី​សហជីព​ច្រើន​ដង​រួច​មក​ហើយ​ ប៉ុន្តែ​រដ្ឋ​ស​ភ​ហាក់​មិន​ការ​អើពើ​ចំពោះ​ការ​ស្នើ​សុំ​របស់​ក្រុម​សហជីព​នេះ​ឡើយ​ ។​ រហូត​មក​ដល់​ពេល​នេះ​ក្រុម​សហជីព​នៅ​តែ​ទទូច​ឱ្យ​រដ្ឋ​សភាព​ទទួលយក​សំណើ​របស់​ខ្លួន​ដដែល​៕​

Share

Image
Image
Image