en     km
en     km

សហជីព​គ្រោង​ពិភាក្សា​លើ​៣​ចំណុច​ដើម្បី​ស្វែងរក​លទ្ធភាព​ដំឡើង​ប្រាក់​ឈ្នួល​គោល​ជូន​កម្មករ​

Share

​ក្រុម​សហជីព​ដែល​មិន​ទាន់​ពេញចិត្ត​លើ​ការ​សម្រេច​ដំឡើង​ប្រាក់​ឈ្នួល​ជូន​កម្មករ​ ដែល​មាន​តួលេខ​ ១៤០​ ដុល្លារ​ នោះ​ គ្រោង​នឹង​បើក​កិច្ច​ពិភាក្សា​លើ​ ៣​ ចំណុច​នៅ​ថ្ងៃ​ពុធ​ ទី​២២​ ខែតុលា​ដើម​ស​ប្តា​ហ៍​នេះ​ ដើម្បី​ស្វែងរក​លទ្ធភាព​ដំឡើង​ប្រាក់​ឈ្នួល​គោល​ជូន​កម្មករ​ឱ្យ​បាន​ច្រើន​ជាង​នេះ​។​ នេះ​បើ​តាម​ការ​គូស​បញ្ជក់​ពី​លោក​ អាត់​ ធន់​ ប្រធាន​សម្ពន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​ និង​ជា​សមាជិក​គណៈកម្មការ​ប្រឹក្សា​ការងារ​ ដែល​បាន​ប្រាប់​វិទ្យុ​ស្រី្ត​នៅ​ថ្ងៃ​ទី​១៨​ ខែតុលា​នេះ​។​

រូបតំណាង
រូបតំណាង

​មន្ត្រី​សហជីព​អះអាង​ថា​ នៅ​ដើម​ស​ប្ដា​ហ៍​ក្រោយ​ នឹង​មាន​កិច្ច​ពិភាក្សា​ ដើម្បី​ស្វែងរក​យុទ្ធសាស្ត្រ​ថ្មី​ និង​រក​លទ្ធភាព​យ៉ាងណា​ជំរុញ​ឱ្យ​មានការ​ផ្តល់​ប្រាក់​ឈ្នួល​ និង​អត្ថប្រយោជន៍​បន្ថែម​ទៀត​ជូន​ដល់​កម្មករ​។​

​លោក​ អាត់​ ធន់​ ប្រធាន​សម្ពន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​ និង​ជា​សមាជិក​គណៈកម្មការ​ប្រឹក្សា​ការងារ​ និយាយ​ថា​ នៅ​ថ្ងៃ​ពុធ​ ទី​២២​ ខែតុលា​ ដើម​ស​ប្តា​ហ៍​នេះ​ ក្រុម​សហជីព​ដែល​មិន​ទាន់​ពេញចិត្ត​លើ​ការ​សម្រេច​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​ ១៤០​ ដុល្លារ​ សម្រាប់​ឆ្នាំ​ ២០១៦​ ខាង​មុខ​ គ្រោង​នឹង​បើក​កិច្ច​ពិភាក្សា​លើ​ ៣​ ចំណុច​ ដើម្បី​ស្វែងរក​យុទ្ធសាស្ត្រ​ថ្មី​ និង​រក​លទ្ធភាព​យ៉ាងណា​ ជំរុញ​ឱ្យ​មានការ​ផ្តល់​ប្រាក់​ឈ្នួល​ និង​អត្ថប្រយោជន៍​បន្ថែម​ទៀត​ជូន​កម្មករ​។​

លោក​ អាត់​ ធន់​ បញ្ជាក់​ថា​ ចំណុច​ទាំង​៣​នោះ​រួម​មាន​ ទី​១​ ការ​ពិភាក្សា​ជំរុញ​ឱ្យ​មានការ​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​បន្ត​ ទី​២​ ក្នុង​ករណី​ប្រាក់​ឈ្នួល​អប្បបរមា​មិន​អាច​ដំឡើង​បាន​ សហជីព​នឹង​ស្នើ​ឱ្យ​មាន​ចរចា​លើ​អត្ថប្រយោជន៍​នានា​ និង​ទី​៣​ ក្នុង​ករណី​មិន​មានការ​ដំឡើង​ប្រាក់​ឈ្នួល​គោល​បន្ថែម​ ឬ​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ដល់​កម្មករ​នោះ​ទេ​ នោះ​សហជីព​និង​កម្មករ​គ្រោង​ចេញ​ធ្វើការ​តវ៉ា​ទាមទារ​ជា​ក្បួន​ តាម​ទី​សាធារណៈ​ជាក់​ជា​មិន​ខាន​។​

លោក​ អាត់​ ធន់​ ប្រធាន​សម្ពន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​ និង​ជា​សមាជិក​គណៈកម្មការ​ប្រឹក្សា​ការងារ​
លោក​ អាត់​ ធន់​ ប្រធាន​សម្ពន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​ និង​ជា​សមាជិក​គណៈកម្មការ​ប្រឹក្សា​ការងារ​

​លោក​ អាត់​ ធន់​៖​ «​យើង​អាច​ជជែក​គ្នា​ ៣​ របៀប​ ទី​១​ យើង​នឹង​ជំរុញ​ប្រាក់​ឈ្នួល​អប្បបរមា​ហ្នឹង​បន្ត​ទៀត​ ទី​២​ ប្រសិនបើ​ប្រាក់​ឈ្នួល​ហ្នឹង​មិន​អាច​ជជែក​គ្នា​ទៀត​ទេ​ យើង​អាច​ស្នើ​ឱ្យ​មានការ​ចរចា​ទៅ​លើ​អត្ថប្រយោជន៍​ផ្សេងៗ​ ទី​៣​ ក្នុង​ករណី​ដែល​គេ​មិន​ព្រមទាំង​ពីរ​ យើង​អាច​ធ្វើ​ជា​ការ​តវ៉ា​ ឬ​ក៏​យ៉ាងណា​យើង​ហ្នឹង​ជជែក​គ្នា​នៅ​ពេល​ហ្នឹង​ដើម្បី​សម្រេច​»​។​

​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា​ មូលហេតុ​ដែល​នាំ​ឱ្យ​ក្រុម​សហជីព​ឈាន​ដល់
​កិច្ច​ពិភាក្សា​នេះ​ ក៏​ព្រោះតែ​ក្រុម​សហជីព​យល់​ឃើញ​ថា​ តួលេខ​ប្រាក់​ឈ្នួល​ ១៤០​ ដុល្លារ​ នេះ​ នៅ​មិន​ទាន់​ឆ្លើយ​តប​ចំពោះ​តម្រូវការ​របស់​កម្មករ​នៅឡើយ​ បើ​ប្រៀបធៀប​នឹង​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ​សព្វថ្ងៃ​។​

​លោក​ អាត់​ ធន់​ បន្ត​ថា​ កាល​មុន​បុណ្យ​ភ្ជុំបិណ្ឌ​ ក្រុម​សហជីព​បាន​ជូនដំណឹង​ពី​ការ​សម្រេច​ដំឡើង​ប្រាក់​ឈ្នួល​ ១៤០​ ដុល្លារ​ ទៅ​តាម​បណ្ដា​រោងចក្រ​ជាង​ ៧០​ រោងចក្រ​ ដើម្បី​ស្ទាបស្ទង់​មតិ​ ។​ លោក​ថា​ ជា​ការ​ឆ្លើយ​តប​ មាន​កម្មករ​រហូត​ដល់​ ៧០%​ មិន​ពេញចិត្ត​ លើ​ការ​កំណត់​នេះ​ ។​ លោក​ អាត់​ ធន់​៖​យើង​បាន​ស្ទង់​មតិ​ហ្នឹង​ប្រហែលជា​ ៦០​ ទៅ​ ៧០%​ មិន​បាន​ពេញចិត្ត​ទេ​ក្នុង​ចំនួន​ប្រាក់​ឈ្នួល​អប្បបរមា​ន​ ១៤០​ ដុល្លារ​ ហ្នឹង​ គឺ​ចង់ឱ្យ​មានការ​ដំឡើង​បន្ថែម​ទៀត​។​

​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ​ដែរ​ លោក​ កែម​ ឡី​ អ្នកវិភាគ​សង្គម​សេដ្ឋកិច្ច​ យល់​ឃើញ​ថា​ ដើម្បី​ឱ្យ​កម្មករ​កាត់ដេរ​ ឬ​កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ អាច​រស់នៅ​ក្នុង​ជីវភាព​សមរម្យ​ជាមួយនឹង​ប្រាក់​ឈ្នួល​គោល​ ១៤០​ ដុល្លារ​ បាន​ លុះត្រាតែ​រដ្ឋាភិបាល​តម្រូវ​ឱ្យ​រោងចក្រ​ត្រូវ​មាន​បន្ទប់​សម្រាប់​កម្មករ​ស្នាក់​នៅ​ដោយ​ឥត​គិតថ្លៃ​។​ មួយវិញទៀត​ រដ្ឋាភិបាល​ត្រូវ​លើកទឹកចិត្ត​ដល់​ម្ចាស់​រោងចក្រ​សហគ្រាស​ទាំងអស់​ ឱ្យ​វិនិយោគ​នៅ​តាម​បណ្តា​ខេត្ត​ឱ្យ​បាន​ច្រើន​ ព្រោះ​កម្មករ​ភាគច្រើន​មក​ពី​តាម​បណ្តា​ខេត្ត​ ដែល​នេះ​ជា​ប្រការ​មួយ​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​កម្មករ​ផង​ដែរ​។​

​លោក​ កែម​ ឡី​៖​ «​បើ​ ១៤០​ ដុល្លារ​ គឺ​រស់នៅ​ដោយ​លំ​បាល​វេទនា​ មិន​អាច​គ្រប់គ្រាន់​បាន​ទេ​។​ ប៉ុន្តែ​ដើម្បី​ឱ្យ​គ្រប់គ្រាន់​បាន​ប៉ុណ្ណឹង​ល្មម​ លុះត្រាតែ​រដ្ឋាភិបាល​ធ្វើ​កិច្ចការ​បន្ថែម​ទៀត​ ព្រោះ​ដោយសារ​រដ្ឋ​ចាយ​បំណុល​លើ​ពលរដ្ឋ​ ដូច្នេះ​រដ្ឋ​គួរតែ​ធ្វើ​កិច្ចការ​គ្រប់គ្រង​លើ​បំណុល​ហ្នឹង​ឱ្យ​ធ្លាក់​បន្តិច​ទៅ​ ពលរដ្ឋ​ចំណាយ​ទាប​ ដូច្នេះ​កម្មករ​អាច​ចាយ​បាន​។​ ទី​២​ រដ្ឋាភិបាល​តម្រូវ​ឱ្យ​ក្រុមហ៊ុន​ហ្នឹង​ មាន​កន្លែង​ស្នាក់​នៅ​របស់​កម្មករ​ដោយ​មិន​គិតថ្លៃ​។​ ទី​៣​ ធ្វើ​ម៉េច​រដ្ឋាភិបាល​ជួយ​ក្រុមហ៊ុន​ហ្នឹង​ ឱ្យ​គាត់​អាច​មាន​លទ្ធភាព​មានទឹក​ ភ្លើង​ មាន​សន្តិសុខ​ មាន​សេវា​ដឹង​ជញ្ជូន​ថោក​   ធ្វើ​ឱ្យ​រោងចក្រ​កាត់ដេរ​ចេញពី​ទីក្រុង​ ទៅ​ដល់​ជនបទ​កៀក​ទៅ​ហ្នឹង​របស់​ប្រជាពលរដ្ឋ​។​

​សូម​រំឭក​ថា​ ក្រោយ​ពី​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​ប្រឹក្សា​ការងារ​ កាលពី​ថ្ងៃ​ទី​៨​ ខែតុលា​ រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ លោក​ អ៊ិ​ត​ សំ​ហេង​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ តួលេខ​ប្រាក់ខែ​ថ្មី​ ១៤០​ ដុល្លារ​នេះ​ គឺជា​លទ្ធផល​មួយ​ដែល​មានការ​សិក្សា​ទាំង​ខាង​ផ្នែក​វិទ្យាសាស្ត្រ​ និង​បច្ចេកទេស​យ៉ាង​ល្អិតល្អន់​។​ លោក​រដ្ឋមន្ត្រី​បន្ត​ថា​ លោក​ជឿជាក់​ថា​ ប្រាក់ខែ​ថ្មី​ ១៤០​ ដុល្លារ​នេះ​ នឹង​ជួយ​លើក​ស្ទួយ​ជីវភាព​រស់នៅ​របស់​កម្មករ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​៕

Share

Image
Image
Image