en     km
en     km

សម្តេច ហ៊ុន សែន អំពាវនាវឱ្យបន្ថែមរយៈ​ពេលកិច្ចសន្យាការងារ លើសពីបីខែ

Share

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវ​ដល់ថៅកែរោងចក្រឱ្យមានការសម្របសម្រួលដើម្បី​បង្កើនរយៈ​ពេលកិច្ចសន្យាការងារ ឱ្យលើសពីបីខែ ។​

សម្តេចនាយករដ្ឋ​មន្រ្តីថ្លែងដូចនេះ ខណៈសម្តេចជួបសំណេះសំណាលជាមួយកម្មករកម្មការិនីជាង១ម៉ឺននាក់ នៅតំបន់កំបូលនៅព្រឹក​​ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ។

សម្តេចនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា នៅរោងចក្រ​មួយចំនួន កិច្ចសន្យាការងារមានរយៈពេលតែបីខែប៉ុណ្ណោះ​​ ដែលធ្វើឱ្យកម្មករកម្មការិនីមាន​អារម្មណ៍មិនជាក់លាក់ក្នុងការងារ ​បន្ទាប់ពីធ្វើការបានបីខែ​​ ថៅកែបន្តកិច្ចសន្យាឱ្យធ្វើការទៀត។

ស្របពេល​សម្តេចថ្លែងពីបញ្ហានេះ មានកម្មការិនីមួយរូបបានបញ្ចេញយោបល់(ខមមិន) ក្នុងទំព័រហ្វេសប៊ុក ​សុំឱ្យសម្តេចជួយ​​អន្តរាគមន៍ ​នៅរោងចក្ររបស់ខ្លួនដែល​ថៅកែបានបន្ថយកិច្ចសន្យាការងារពីមួយឆ្នាំមកបីខែ។

កម្មការិនីរូបនេះ បានសរសេរថា«សម្តេចសូមជួយកម្មករផង ៣០០០នាក់ត្រូវគាបសង្កត់ពីខាងរោងចក្រពុយៀនដោយទំលាក់កុងត្រាពីមួយឆ្នាំមកបីខែ។ កូនចៅសូមអោយសម្តេចជួយផងកូនដាច់លុយអស់ហើយ»។

យ៉ាងណាមិញ សម្តេចហ៊ុន សែន បានទទូច​​កម្មករ កម្មការិនីឱ្យមានការអនុគ្រោះចំពោះកិច្ចសន្យាការងារខ្លីនេះ ព្រោះ​នៅរោងចក្រខ្លះការងារមានរយៈពេលខ្លី ដែលថៅកែរោងចក្រទាំងនោះមិនអាច​​បន្តកិច្ចសន្យាឱ្យវែងបាន៕

 

Share

Image
Image
Image