en     km
en     km

សម្តេច ហ៊ុន សែន ផ្តល់អនុសាសន៍១១ ចំណុចដល់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី

Share

ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន សែន នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ បានផ្តល់អនុសាសន៍ ១១ ចំណុចដល់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ធ្វើយ៉ាងណាខិតខំប្រឹងប្រែងជួយនិងលើកកម្ពស់តួនាទីស្រ្តី ពិសេសបង្កបរិយាកាសដល់ស្រ្តីរួចផុតពីការជួញដូរគ្រប់ទម្រង់។

ការប្រកាសរបស់សម្តេច ហ៊ុន សែន នេះធ្វើឡើងនៅថ្ងៃទី១៨ ខែកុម្ភៈក្នុងកម្មវិធីបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៨ និងលើកទិសដៅផែនការសកម្មភាពការងារឆ្នាំ២០១៩ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី។

អនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលសម្តេច ហ៊ុន​ សែន ទាំង១១ចំណុចនោះរួមមាន៖

បន្តផ្សព្វផ្សាយអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ និងឯកសារពាក់ព័ន្ធនានា។ បន្តជំរុញការអនុវត្តផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ របស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាព។

ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ត្រូវបន្តចុះសិក្សាស្វែងយល់អំពីឧបសគ្គរារាំងក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ស្ត្រី ដែលមានតួនាទីក្នុងការធ្វើសេចក្តីសម្រេចទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ក្រសួងស្ថាប័នត្រូវបង្កើនកិច្ចសហការអភិវឌ្ឍន៍សមត្ថភាពដល់ស្ត្រីជាថ្នាក់ដឹកនាំនៅថ្នាក់ក្រោមជាតិទាក់ទងនឹងផ្នែកមគ្គុទេសន៍ភាព ច្បាប់ និងបទប្បញ្ញត្តិនានា។ រៀបចំវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសសម្រាប់ថ្នាក់ដឹកនាំនារី ដើម្បីជួយឲ្យពួកគេអាចបំពេញតួនាទី និងភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ជូនឲ្យកាន់តែប្រសើរឡើង។ ពិសេសរៀបចំវគ្គបណ្តុះបណ្តាលសម្រាប់ស្ត្រី និងស្ត្រីវ័យក្មេង ហើយវាយតម្លៃលទ្ធផលឲ្យបានជាក់លាក់។

ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ត្រូវបន្តស្វែងយល់អំពីស្ថានភាពសេដ្ឋកិច្ច និងផលិតកម្មរបស់ស្ត្រីនៅជនបទក្នុងការរក្សាស្ថិរភាពសេដ្ឋកិច្ចគ្រួសារស្របតាមអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ (CEDAW) មកធ្វើជាគោលដើម្បីពិនិត្យ និងតាមដាន។

ក្រសួង និងស្ថាប័នពាក់ព័ន្ធ ត្រូវធានាស្វែងរកយុត្តិធម៌ជូនភាគីពាក់ព័ន្ធហើយត្រូវបន្តបង្កើនការផ្សព្វផ្សាយច្បាប់ស្ដីពីការបង្ក្រាបការជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទព្រមទាំងបទដ្ឋានគតិយុត្តនានា ដើម្បីធានានូវភាពយុត្តិធម៌ និងពន្លឿនការដោះស្រាយរឿងក្តីឲ្យបានឆាប់រហ័សជាពិសេសសំណុំរឿងក្តីដែលពាក់ព័ន្ធទៅនឹងស្ត្រី។ ដោយឡែកក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ត្រូវបន្តខិតខំជួយសម្របសម្រួលក្នុងការស្វែងរកសេវាផ្លូវច្បាប់ និងសេវាផ្សេងទៀត សម្រាប់ផ្ដល់ជូនដល់ស្ត្រីក្រីក្ររងគ្រោះដោយអំពើហិង្សាទាំងក្នុងករណីមានបណ្ដឹង និងក្នុងករណីមិនមានបណ្ដឹង។

អជ្ញាធរត្រូវបន្តគ្រប់គ្រងឲ្យបានហ្មត់ចត់ចំពោះក្រុមហ៊ុនដែលបញ្ជូនពលករ ពលការិនីទៅធ្វើការនៅប្រទេសក្រៅប្រទេស ដោយត្រូវសហការអោយបានល្អជាមួយក្រសួងពាក់ព័ន្ធក្នុងគណៈកម្មាធិការប្រឆាំងអំពើជួញដូរមនុស្ស ជាពិសេសក្រសួងមហាផ្ទៃ។ ក្រសួងការបរទេស ត្រូវការពារសិទ្ធិនិងផលប្រយោជន៍របស់ពលករ ពលការិនីព្រមទាំងពង្រឹងការអនុវត្តច្បាប់និង វិធានការនានាក្នុងគោលដៅបង្កើនសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋដែលធ្វើចំណាកស្រុកស្វែងរកការងារធ្វើនៅក្រៅប្រទេស។

ត្រូវបង្កើនគម្រោងកម្មវិធីដើម្បីជួយអភិវឌ្ឍន៍ជនពិការជាពិសេសស្ត្រី និងកុមារដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍកម្ពុជា។ មួយវិញទៀត ត្រូវយកចិត្តទុកដាក់លើការថែទាំជនរងគ្រោះដោយអំពើហិង្សា និងអំពើ ជួញដូរមនុស្សជាពិសេស កុមារា កុមារី ក្នុងមណ្ឌលនិងសហគមន៍ដោយសហការជិតស្និទ្ធជាមួយអង្គការមនុស្សធម៌ដែលមានឆន្ទៈ និងលទ្ធភាព និងតាមដានជាប្រចាំ។

ទន្ទឹមនេះ ក្រសួងព័ត៌មាន ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្រសួងពាក់ព័ន្ធត្រូវពិនិត្យឲ្យបានម៉ត់ចត់ និងមានវិធានការយ៉ាងម៉ឺងម៉ាត់បំផុតចំពោះខ្លឹមសារ និងរូបភាពដែលបាននិងកំពុងចាក់បញ្ចាំងតាមទូរទស្សន៍ហើយមានលក្ខណៈរើសអើងចំពោះស្ត្រីបន្ទាបបន្ថោកប្រពៃណីវប្បធម៌និងតម្លៃស្ត្រីខ្មែរ។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ត្រូវរៀបចំគណៈកម្មាធិការចម្រុះអន្តរក្រសួងដោយចាត់វិធានការក្នុងការទប់ស្កាត់ការផ្សព្វផ្សាយរូបភាពអាសអាភាសតាមរយៈបច្ចេកវិទ្យា។ ក្រសួងធម្មការ និងសាសនា ត្រូវបន្តសកម្មភាពអប់រំឲ្យបានទូលំទូលាយទូទាំងប្រទេស តាមរយៈនាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម។

គ្រប់ក្រសួងស្ថាប័នអាជ្ញាធរដែនដីត្រូវបន្តយកចិត្តទុកដាក់ក្នុងការបង្កើនចំនួនមន្ត្រីរាជការជាស្ត្រីបន្ថែមទៀត និងការតែងតាំងមុខតំណែងឲ្យមានតំណាងស្ត្រីនៅគ្រប់រចនាសម្ព័ន្ធទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។ ត្រូវជួយឧបត្ថម្ភគាំទ្រទាំងស្មារតី មធ្យោបាយ ថវិកានិងផ្តល់ឱកាសឲ្យមានសំឡេងស្ត្រីចូលរួមផ្ដល់យោបល់ក្នុងការសម្រេចតែងតាំងជាដើម។ ពិនិត្យការតែងតាំងមន្ត្រីរាជការជាស្ត្រីដែលមានសមត្ថភាពជំនួសមន្ត្រីជាស្ត្រីចូលនិវត្តន៍ដែលរួមចំណែករក្សាបាននូវកំណើនចំនួនស្ត្រីក្នុងតួនាទីមានសិទ្ធិសម្រេច។ បង្កើនសមត្ថភាពមន្រ្តីរាជការស៊ីវិលជាស្ត្រីតាមរយៈវគ្គបណ្ដុះបណ្ដាលទាំងក្នុងនិងក្រៅប្រទេស។ យកចិត្តទុកដាក់ជ្រើសរើសមន្រ្តីរាជការស៊ីវិលជាស្ត្រីសម្រាប់បន្តវេនលើគ្រប់វិស័យជាពិសេសនៅថ្នាក់ក្រោមជាតិ ។ យកចិត្តទុកដាក់ចំពោះស្ត្រីមន្រ្តីរាជការស៊ីវិលជាស្ត្រីមុនចូលនិវត្តន៍ដោយដំឡើងឋានន្តរស័ក្កិ និងថ្នាក់ក្នុងប្រភេទក្របខណ្ឌរបស់ខ្លួនតាមអតីតភាពការងារឲ្យស្របតាមគោលការណ៍។

ស្ថាប័នតុលាការ និងរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ គួរបន្តខិតខំបង្កើនចំនួនក្រឡាបញ្ជីមេធាវីចៅក្រម និងនិស្សិតជាស្ត្រីដើម្បីរួមចំណែកផ្ដល់សេវាយុត្តិធម៌ ប្រកបដោយសមធម៌និងប្រសិទ្ធភាពចំពោះករណីមានអំពើហិង្សាលើស្ត្រីនិងកុមារ។

ក្រសួងអប់រំ យុវជននិងកីឡាត្រូវបន្តពិនិត្យស្រាវជ្រាវស្ថានភាពនិស្សិតជានារីទាំងការលំបាកនិងការងារ ទាំងក្នុងកម្រិតឧត្តមសិក្សា និងក្រោយឧត្តមសិក្សានៅក្នុងគ្រឹះស្ថានរបស់រដ្ឋនិងគ្រឹះស្ថានឯកជនដោយត្រូវធ្វើរបាយការណ៍ដោយឡែក ដើម្បីមានវិធានការដោះស្រាយ។

ក្នុងការអនុវត្តគោលនយោបាយវិមជ្ឈការ ក្រសួងស្ថាប័នទាំងអស់គប្បីយកចិត្តទុកដាក់ជំរុញ និងលើកកម្ពស់ការចូលរួមរបស់ស្ត្រីនៅគ្រប់កំរិតទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធានាថាស្ត្រីត្រូវទទួលបានផលប្រយោជន៍ពីការផ្ដល់សេវាសង្គម សេដ្ឋកិច្ច សេវារដ្ឋបាលនិងសាធារណៈប្រកបដោយសមធម៌ព្រមទាំងជំរុញ និងលើកកម្ពស់តួនាទីក្នុងការចូលរួម និងការទទួលបាននូវសុវត្ថិភាពពីការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពដែលមានក្រសួងមហាផ្ទៃជាស្នូលក្នុងការដឹកនាំនិងសម្របសម្រួល៕

 

Share

Image
Image
Image