en     km
en     km

សម្តេច​ ហ៊ុន​ សែន​ ក្រើនរំឭក​ជា​ថ្មី​ឱ្យ​ប្រជាពលរដ្ឋ​រក្សា​ទឹក​ទុក​សម្រាប់​ឆ្នាំ​ ២០១៦

Share

cover-HS on-28.12.15
​ភ្នំពេញ៖ ​ សម្តេច​ ហ៊ុន​ សែន​ បាន​អំពាវនាវ​ដល់​ប្រជា​កសិករ​ ត្រូវ​ចេះ​សន្សំ​ និង​ថែរក្សា​ទឹក​ទុក​សម្រាប់​ប្រកបការងារ​កសិកម្ម​ នៅ​ឆ្នាំ​ ២០១៦​ខាង​មុខ​។​ មូលហេតុ​ដែល​លោកនាយក​រដ្ឋមន្ត្រី​អំពាវនាវ​ដូច្នេះ​ ដោយសារ​តែ​កម្ពុជា​នឹង​ទទួល​រង​បាតុភូត​ក្តៅ​ ដែល​ធ្វើ​ឱ្យ​កម្ពុជា​ប្រឈម​នឹង​កង្វះខាត​ទឹក​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ផង​ដែរ​។​

​ការ​ថ្លែង​របស់​សម្តេច​បែប​នេះ​ ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​ វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ នៅ​សាលសន្និសីទ​ និង​ពិ​ព័រ​ណ៌​កោះ​ពេជ្រ​ រាជធានី​ភ្នំពេញ​ព្រឹក​ថ្ងៃ​ទី​ ២៨​ ខែធ្នូ​ នេះ​។​

​ទាក់ទង​នឹង​ការ​ថ្លែង​របស់​សម្តេច​ ហ៊ុន​ សែន​ នេះ​ នាយក​ប្រតិបត្តិ​នៃ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា​ (NGO​ Forum)​ លោក​ តឹក​ វ​ណ្ណា​រ៉ា​ ធ្លាប់​បាន​លើក​ឡើង​ថា​ វា​ជា​រឿង​ល្អ​ដែល​រាជរដ្ឋាភិបាល​បាន​ផ្តល់​ដំណឹង​ជា​មុន​ដល់​ប្រជា​កសិករ​ទូទៅ​ឱ្យ​បានដឹង​ពី​ការ​បម្រែបម្រួល​អាកាសធាតុ​ដែល​នឹង​ធ្វើ​ឱ្យ​កម្ពុជា​អាច​នឹង​ខ្វះខាត​ទឹក​ប្រើប្រាស់​ក្នុង​ឆ្នាំ​
២០១៦​ ខាង​មុខ​នេះ​។​

​លោក​ តឹក​ វ​ណ្ណា​រ៉ា​ បាន​បន្ត​ទៀត​ថា​ ទោះបីជា​ការ​ជូនដំណឹង​បាន​មុន​យ៉ាងណា​ក្តី​ក៏​សង្គម​ស៊ី​វិល​ចង់​ឃើញ​ក្រសួង​ពាក់ព័ន្ធ​គ្រប់​ផ្នែក​ គួរ​ចុះ​អប់រំ​ប្រឹក្សា​បច្ចេកទេស​ក្នុង​ការ​រក្សា​ទឹក​ការ​ដាំ​ដុះ​កសិផល​ដែល​ងាយ​ទទួល​បាន​ផល​ ហើយ​ចំណាយ​ទឹក​តិច​ដល់​ប្រជាពលរដ្ឋ​ដោយ​ផ្ទាល់​នៅ​តាម​មូលដ្ឋាន​។​

​យោង​តាម​សារ​ចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ស្តី​ពី​ការ​ចាត់វិធានការ​ថែរក្សា​ទឹក​ទុក​កាលពី​ថ្ងៃ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០១៥​ បានឱ្យ​ដឹង​ថា​ នៅ​ក្នុង​ឆ្នាំ​២០១៦​ខាង​មុខ​នេះ​ ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ទទួល​រង​បាតុភូត​ El​ Nino​ រហូត​ដល់​ចុងខែ​មិថុនា​។​ បាតុភូត​មួយ​នេះ​អាច​នឹង​បង្ក​ឱ្យ​រដូវវស្សា​ហ៍​មក​ដល់​យឺត​ នៅ​ដើមរដូវ​វស្សា​មាន​ភ្លៀង​ធ្លាក់​តិច​ មាន​បាតុភូត​ផ្គរ​ន្ទះ​ ខ្យល់​កន្ត្រាក់​កើត​ទ្បើ​ង​ច្រើន​ កម្រិត​សីតុណ្ហភាព​អតិបរមា​កើន​ទ្បើ​ង​ អាកាសធាតុ​ក្តៅ​ហួតហែង​ជាដើម​។​

ស្ថានភាព​អាកាសធាតុ​បែប​នេះ​នឹង​កើត​មាន​ចាប់ពី​ខែកុម្ភៈ​ រហូត​ដល់​ចុងខែ​មិថុនា​ ឆ្នាំ​២០១៦​។​ កត្តា​ទាំងនេះ​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ប្រឈម​នឹង​ក​ខ្វះខាត​ទឹក​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​តាម​តំបន់​មួយ​ចំនួន​ ហើយ​រហូត​ដល់​ពាក់កណ្តាល​ខែកក្កដា​ ឆ្នាំ​២០១៦​ ទើប​បាតុភូត​ថ្មី​ La​ Nina​ មាន​ឥទ្ធិពល​មក​លើ​ព្រះរាជា​ណា​ចក​ក្រ​កម្ពុជា​វិញ​ ហើយ​ភ្លៀង​ក៏​នឹង​ចាប់ផ្តើម​ធ្លាក់​នា​ពេល​នោះ​ផង​ដែរ​។​

​យោង​ទៅ​តាម​ការ​ព្យាករ​ណ៏​ខាងលើ​នេះ​ រាជរដ្ឋាភិបាល​បាន​ធ្វើការ​ណែនាំ​ដូច​តទៅ​៖​ ការងារ​បង្កបង្កើន​ផល​ស្រូវប្រាំង​ក្នុង​ឆ្នាំ​២០១៥-២០១៦​ គឺ​អាច​ធ្វើ​បាន​តែ​ ១​ ដង​ប៉ុណ្ណោះ​ ដោយ​មិន​អាច​ធ្វើ​ស្រូវប្រាំង​លើក​ទី​០២​ បាន​ទេ​ ទោះបីជា​ទឹក​តាម​បណ្តា​អាង​ដែល​បាន​រក្សា​ទុក​ និង​កន្លែង​មួយ​ចំនួន​ដែល​មាន​ទឹកជា​ធម្មជាតិ​ក៏​ដោយ​គួរ​គប្បី​រក្សា​ទឹក​ទាំងនោះ​ទុក​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ និង​ការ​ដាំ​ដំណាំ​រួម​ផ្សំ​ផ្សេងៗ​ទៀត​ ក្រៅពី​ស្រូវ​ ហើយ​ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ​ អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់​ ត្រូវ​ចូលរួម​ចាត់វិធានការ​ថែរក្សា​ទឹក​ទុក​ឱ្យ​បាន​ល្អ​ ដើម្បី​ផ្គត់ផ្គង់​សម្រាប់​តែ​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​តែ​ប៉ុណ្ណោះ​រហូត​ដល់​ពេល​មាន​ភ្លៀង​ធ្លាក់​៕

Share

Image
Image
Image