en     km
en     km

សម្តេច​ ហ៊ុន​ សែន​​ ណែ​នាំ​​ឱ្យ​​ចាប់​ខ្លួន​​មន្ត្រី​​ធ្វើ​​ឱ្យ​​កក​ស្ទះ​​សេវា​​សាធារណៈ​​របស់​​រដ្ឋ​

Share

ភ្នំពេញ​៖​ ប្រមុខ​រាជរដ្ឋាភិបាល​ណែនាំ​ឱ្យ​ចាប់ខ្លួន​មន្ត្រី​អសកម្ម​ ដែល​ខិលខូច​ក្នុង​ការ​បម្រើសេវា​សាធារណៈ ​ទៅ​ដល់​ប្រ​​ជាពលរដ្ឋ​មក​ផ្តន្ទាទោស​ ហើយ​សម្តេច​ ហ៊ុន​ សែន​ មាន​ប្រសាសន៍​ថា​ តាម​ការ​ស្រាវជ្រាវ​មន្ត្រី​ទាំងនោះ​មាន​និន្នា​ការ​ប​ម្រើ​​​ការងារ​ឱ្យ​បក្សនយោបាយ​ក្រៅពី​បក្ស​កាន់​អំណាច​។​ មន្ត្រី​បក្ស​ប្រឆាំង សាទរ​ប្រសាសន៍​របស់​សម្ដេច​នាយក​រដ្ឋ​មន្ត្រី​ តែ​ទទូច​ឱ្យ​​អ្នកបំរើ​ការងារ​រដ្ឋ​ត្រូវ​ប្រកាន់​ជំហរ​អ​ព្យា​ក្រឹត្យ​។​

 

HUN-SEN-GOVERMENT-CAMBODIA
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា

សម្តេច​ ហ៊ុន​ សែន​ បាន​លើក​ឡើង​ថា​ ការ​ផ្តល់​សេវា​សាធារណៈ​ជូ​ន​​​​ប្រ​ជាពលរដ្ឋ​ជា​រឿង​សំខាន់​ ដែល​​មន្ត្រី​​ពាក់​ព័ន្ធ​​ទាំង​អស់​​ត្រូ​វ​​​​​យ​ក​​​ចិត្ត​ទុ​​ក​​ដាក់​ និង​​​ដោះ​​ស្រាយ​​​ជូន​​​ប្រជា​​ពល​​រដ្ឋ​​ឱ្យ​​​បាន​​​ទាន់​​​ពេ​ល​​វេ​លា​ ចៀ​ស​វា​ង​​មាន​ការ​​យឺត​យ៉ាវ​ដោះ​ស្រាយ​​ជូន​​​ប្រ​ជា​​ព​ល​​រដ្ឋ​។​​ ការ​​ថ្លែង​​របស់​​ប្រ​មុ​ខ​​រាជរ​ដ្ឋា​ភិ​​បាល​ ធ្វើ​ឡើ​ង​នៅ​ក្នុង​ពិ​ធី​មួ​យ​នៅ​រា​ជ​ធានី​​ភ្នំ​ពេញ​​កាល​ពី​ព្រឹ​ក​មិ​ញ​នេះ​ ។​

​ក្នុង​ពិធី​នេះ​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​លើក​ឡើង​ថា​ នៅ​តា​ម​រដ្ឋបាល​ថ្នាក់​មូលដ្ឋាន​មួយ​ចំនួន​មាន​មន្ត្រី​ខិលខូច​ ​ដែ​ល​​នាំ​ឱ្យ​ភា​ព​​អសក​ម្ម​ក្នុង​​ការ​​ផ្តល់​​សេវា​​សា​ធារ​ណៈ​ជូន​​ប្រជា​ពល​រដ្ឋ​ ហើយ​មន្ត្រី​ទាំ​ងនោះ​ អាច​ជា​អ្នក​ដែល​មាន​និន្នាការ​បម្រើ​ការងារ​ឱ្យ​បក្ស​នយោ​បា​យ​​ក្រៅពី​ប​ក្ស​កាន់​អំណាច​។​ ករណី​នេះ​ សម្តេច​ ហ៊ុន​ សែន​ បាន​ថ្លែង​ណែនាំ​ឱ្យ​ចាប់ខ្លួន​មន្ត្រី​អសកម្ម​ទាំង​នោះ​មក​ផ្តន្ទាទោស​ ចៀសវាង​ធ្វើ​ឱ្យ​ខូច​កេរ្តិ៍ឈ្មោះ​មន្ត្រី​រាជរដ្ឋាភិបាល​ដែល​ល្អៗ​ជា​ច្រើន​រូប​ផ្សេង​ទៀត​។​

«​មាន​បក្សនយោបាយ​ខ្លះ​ បាន​ប្រើប្រាស់​នៅ​មនុស្ស​ដែល​ខ្លួន​ចាត់តាំង​បាន​នៅ​ក្នុង​រដ្ឋបាល​សាធារណៈ​ ដើម្បី​បំផ្លាញ​កេរ្តិ៍ឈ្មោះ​នៃ​មន្ត្រី​រដ្ឋបាល​សាធារណៈ​ ខ្ញុំ​សូម​ស្នើ​ឱ្យ​មន្ត្រី​ដែល​ល្អៗ​ចាប់ខ្លួន​អា​មនុស្ស​ហ្នឹង​ ដើម្បី​ផ្តន្ទាទោស​ហើយ​លាង​សង​ភាព​ស្អាតស្អំ​សម្រាប់​​យើង​វិញ​…»​។​

​ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ យឹ​ម​ សុវណ្ណ​ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃ​នេះ​​​ថា​ លោក​គាំទ្រ​ឱ្យ​មានការ​ចាប់ខ្លួន​មន្ត្រី​ដែល​ខិលខូច​មក​ផ្តន្ទាទោស​ ដោយ​លោក​បញ្ជាក់​ផង​ដែរ​ថា​ មន្ត្រីរាជការ​គឺជា​មន្ត្រី​អ​ព្យាក្រឹត​គឺ​មិន​ត្រូវ​គិត​ពី​គណបក្ស​នយោបាយ​ណាមួយ​នោះ​ទេ​ បើ​ពួក​គេ​ប្រព្រឹត្ត​ឱ្យ​មាន​កំហុស​នោះ​ត្រូវ​តែ​ផ្តន្ទាទោស​។​

YIM-SOVAN
លោក​ យឹ​ម​ សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​

​«​មន្ត្រីរាជការ​ គឺជា​មន្ត្រីរាជការ​សាធារណៈ​តាម​ក្រប​ខណ្ឌ​ច្បាប់​ ​ជា​ម​ន្ត្រី​​ដែល​អ​ព្យា​ក្រឹត្យ​ មិនមែន​កាន់​គណបក្ស​នយោបាយ​ណា​​មួយ​នោះ​ទេ​ ឱ្យ​​តែ​ធ្វើ​ខុស ​​កុំ​ថា​ទ្បើ​យ​គណប​ក្សកាន់អំ​ណាច​​ គណ​បក្ស​ប្រ​ឆាំ​ង​ .​.​.​​​​​ ឱ្យ​តែ​​​​អ្នក​​ដែល​ធ្វើ​ខុស​ គឺ​យើង​​គួរតែ​មាន​វិន័យ ​ដើម្បី​តម្រែតម្រង់​កែ​ល​ម្អ​​គាត់​អ្នក​ណា​ធ្វើ​ខុស​អាហ្នឹង​យើង​ដាក់​វិន័យ ចំ​ណែក​​អ្នក​ណា​ដែ​ល​​ធ្វើ​ត្រូវ​យើ​ង​​លើក​ទឹក​ចិត្ត​​…»​ ​។​

​តាម​ច្បាប់​សហលក្ខន្តិកៈ​មន្ត្រីរាជការ​   ការ​បំពេញ​មុខងារ​រដ្ឋ​​របស់​អ្នក​រា​​ជ​ការ​ត្រូវ​ដាច់​ដោយឡែក​ពី​រឿង​នយោបាយ​ គឺ​ប្រ​យោ​ជ​ន៍​​ប្រកាន់​​ជំ​ហ​រ​​អ​ព្យា​ក្រឹត្យ​ ។​

​នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល​ លោក​ គល់​ បញ្ញា​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ដែរ​ថា​ នាយក​រដ្ឋមន្ត្រី​មិន​អាច​លូកដៃ​ចូល​ទៅ​ក្នុង​កិច្ចការ​មន្ត្រីរាជការ​នោះ​ទេ​ ពីព្រោះ​មន្ត្រីរាជការ​មានច្បាប់​ដាច់​ដោយ​ទ្បែ​ក​ផ្សេង​ទៀត​ដែល​មានការ​គ្រប់គ្រង​ពី​ថ្នាក់លើ​រប​ស់​​​ពួក​គេ​។​ លោក​ គល់​ បញ្ញា​ បន្ត​ថា​ ប្រសិនបើ​នាយក​រដ្ឋមន្ត្រី​លូកដៃ​ចូល​កិច្ចការ​របស់​មន្ត្រី​សាធារណៈ​នោះ​វា​នឹង​ធ្វើ​ឱ្យ​ប៉ះ​ពា​ល់​​​​ទៅ​​ដល់​​មុខ​​ខារ​របស់​មន្ត្រី​សាធារណៈ​ដែល​កំពុង​តែ​អនុវត្ត​ការងារ​របស់​មន្ត្រី​ទាំងនោះ​។​

​សូម​ជំរាប​ថា​ នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​រដ្ឋបាល​ថ្មី​របស់​សាលា​រាជធានី​ភ្នំពេញ ​កាលពី​ព្រឹក​មិ​ញ​នេះ​ ​សម្តេ​ច​ ហ៊ុន​ សែន​ បាន​រិះគន់​ទៅ​លើ​មន្ត្រី​មួយ​ចំនួន​ដែល​មិន​បាន​យកចិត្តទុកដាក់​ផ្តល់​សេវា​សាធារណៈ​គ្រប់គ្រាន់​ជូន​ប្រជាពលរដ្ឋ​ ដោយ​ត្រូវ​តែ​ពង្រឹង​តួនាទី​របស់​ខ្លួន​ទ្បើ​ង​វិញ​ចៀសវាង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​៕

Share

Image
Image
Image