en     km
en     km

សម្ដេច ហ៊ុន សែន ប្រកាសទទួលយកពលរដ្ឋខ្មែរដែលអាមេរិកបណ្ដេញចេញ

Share

ភ្នំពេញ៖សម្ដេចហ៊ុន​សែននាយករដ្ឋមន្រ្ដីកម្ពុជានៅថ្ងៃនេះបានប្រកាសទទួលយកពលរដ្ឋខ្មែរដែលអាមេរិកបណ្ដេញចេញត្រឡប់កម្ពុជាវិញ។

ការប្រកាសទទួលយកពលរដ្ឋខ្មែរដែលមានទោសនៅអាមេរិកមកវិញដូចនេះធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មាការិនី ជាង១ម៉ឺននាក់ នៅរោងចក្រតំបន់អូរដឹម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

នៅក្នុងពិធីនេះ សម្ដេច ហ៊ុន សែន ក៏បានសំនូមពរអោយសា្ថនទូតអាមេរិកប្រចាំនៅកម្ពុជាជួយផ្ញើសារទៅកាន់ក្រុងវ៉ាស៊ិន តោនឱ្យប្រគល់ពលរដ្ឋខ្មែរដែលអាមេរិកត្រៀមបណ្ដេញចេញនោះមកឱ្យកម្ពុជាវិញនឹងសុំឱ្យអាមេរិកជួយផ្ដល់អាហារូបត្ថម្ភជូនពលរដ្ឋខ្មែរដែលត្រូវបានបណ្ដេញចេញនេះផងដែរ។

សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែនធ្លាប់​ស្នើសុំ​សហរដ្ឋ​អាមេរិក ធ្វើ​វិសោធនកម្ម​លើ​កិច្ចព្រមព្រៀង​ស្ដីពី​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​ពលរដ្ឋ​ដើម​កំណើត​ខ្មែរ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​នៅ​សហរដ្ឋ​អាមេរិក ត្រឡប់​ទៅ​កម្ពុជា វិញ។ សម្ដេច ហ៊ុន សែន ចាត់​ទុក​ថា ទង្វើដែលចាប់បង្ខំពលរដ្ឋខ្មែរត្រឡប់មកកម្ពុជាវិញ គឺ “អគុណធម៌” និង “អសីលធម៌” ជា​​បំបែក​ក្រុម​គ្រួសារ​ខ្មែរ​ទាំងនោះ។

សូមជម្រាបដែរថា​​កន្លងមកកម្ពុជាធ្លាប់បដិសេធមិនទទួលយកពលរដ្ឋខ្មែរដែលបណ្ដេញពីអាមេរិកដោយទាមទារឱ្យអាមេរិករក្សាទុកពួកគេវិញ តែក្រោយមកអាមេរិកប្រកាសជាឯកតោភាគី ថាត្រូវតែបញ្ជូនពួកគេមកអោយកម្ពុជាវិញទោះមានការជំទាស់ក៏ដោយដែលបញ្ហានេះនាំកម្ពុជាពិចារណាឡើងវិញ។

គិតមកដល់ពេលនេះ អាមេរិកបានបញ្ជូន ពលរដ្ឋខ្មែរដែលមានទោសឱ្យត្រឡប់មកកម្ពុជា មាន​ ជាង ៥៥០​នាក់​ បើ​ទោះ​ជា​ពលរដ្ឋ​ទាំង​នោះ​ខ្លះ​បាន​ប្រព្រឹត្តិ​បទល្មើស​តិចតួច​ក្ដី ហើយ​ខ្លះ​មិន​ចេះ​និយាយ​ភាសា​ខ្មែរ និង​មិន​ដែល​ធ្លាប់​មក​លេង ឬ​ស្គាល់​ប្រទេស​កម្ពុជា ក៏ដោយ។ កាល​ពី​ឆ្នាំ​២០១៦ កន្លង​ទៅ មាន​ពលរដ្ឋ​ដើម​កំណើត​ខ្មែរ​ចំនួន ៤១​នាក់ ត្រូវ​បាន​ចាប់​បញ្ជូន​មក​កម្ពុជា​វិញ.

​ក្នុង​ឆ្នាំ​២០១៧ នេះ សហរដ្ឋអាមេរិក​បាន​ចាប់​បញ្ជូន​ពលរដ្ឋ​ដើម​កំណើត​ខ្មែរ​ចំនួន ១៣​នាក់​ហើយ មក​កម្ពុជា​វិញ។ ពលរដ្ឋ៣៦​នាក់​ទៀត នឹង​ត្រូវ​ចាប់​បញ្ជូន​មក​កម្ពុជា​វិញ នៅ​ពេល​ខាង​មុខ​ឆាប់ៗ​នេះ៕

 

 

Share

Image
Image
Image