en     km
en     km

សម្ដេច ហ៊ុន សែន ថ្លែងអរគុណវៀតណាម ខណៈវៀតណាមចាត់ទុក ៧មករា ជាមហាជោគជ័យរួមគ្នា

Share

ទាំងប្រទេសកម្ពុជា និងវៀតណាម បានឈានដល់ចំណុចខ្ពស់បំផុតនៃប្រវត្តិសាស្រ្ត ដោយ​សារមេដឹកនាំនៃ ប្រទេសទាំងពីរបានចាត់ទុកជ័យជម្នះលើរបបខ្មែរក្រហមគឺជាមហាជោគ​ជ័យរួមគ្នា។ កាលពីថ្ងៃពី៧មករា ក្នុងពិធីរំលឹកខួប ៤០ឆ្នាំ សម្ដេចហ៊ុនសែនបានថ្លែងអរគុណជាខ្លាំងដល់ប្រទេសវៀតណាម ដែលបានជួយរំដោះពលរដ្ឋកម្ពុជា ចេញពីរបបអាវខ្មៅនេះស្របពេលនៅក្នុងក្រុងហាណូយមេដឹកនាំវៀតណាម បានប្រារព្ធពិធីនេះ ដោយចាត់ទុក៧មករា១៩៧៩ជាមហាជោគជ័យរួម។

អត្ថបទ៖ នួន បូរិន រាយការណ៍៖ កញ្ញា ហេង នីទី 

                                      សម្តេច ហ៊ុន សែន និងសម្តេច ហេង សំរិន ក្នុងពិធីរំលឹកខួបលើកទី៤០ ថ្ងៃទី០៧ មករា ឆ្នាំ២០១៩។

 

ស្ថិតក្នុងហ្វូងមហាជនរាប់ម៉ឺននាក់ ដែលបានចូលរួមអបអរសាទរ ខួប៤០ឆ្នាំថ្ងៃជ័យជម្នះលើរបបខ្មែរក្រហម សម្ដេចហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានហៅព្រឹត្តិការណ៍៧មករា គឺជាការបញ្ចប់របបប្រល័យពូជសាសន៍ ហើយនាំមកនូវសុខសន្តិភាព។ សម្ដេចថា ពលរដ្ឋកម្ពុជាចងចាំមិនភ្លេចនូវ ការឈឺចាប់នៃរបបដ៏ឃោរឃៅនេះ។ តែនៅក្នុងសន្ទកថា ដែលអានមួយៗ សម្ដេចបាន ចាត់ទុក ការរំដោះពលរដ្ឋកម្ពុជាពីរបបប្រល័យ​ពូជសាសន៍នេះថាជាគុណបំណាច់មួយរបស់កងទ័ព បក្សនិងប្រជាជានវៀតណាម។

ជាការកត់សម្គាល់ ការប្រារព្ធជ័យជម្នះលើរបបកម្ពុជា ប្រជាធិបតេយ្យដែលចិនប្រជាមានិតនៅពីក្រោយរបបនេះ គឺជាព្រឹ​ត្តិមួយធ្វើនៅលើទឹកដីនៃប្រទេសពីរ។ កាលពីថ្ងៃទី៦មករា មេដឹកនាំវៀតណាមជាន់ខ្ពស់ គឺមានទាំងប្រធានាធិបតី និងជាអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមង្វៀន ភូជុង និងនាយករដ្ឋមន្ត្រីង្វៀនសុនហ្វុកក៏បានធ្វើជាអធិបតីនៃពិធីរំលឹកព្រឹត្តិការណ៍នេះដែរ។

លោកនាយករដ្ឋមន្ត្រីង្វៀនសុនហ្វុកបានហៅ៧មករា ១៩៧៩គឺបានមកពីការធ្វើពលីកម្ម របស់កងទ័ពប្រជាជនវៀតណាមដើម្បីជួយកម្ពុជាចេញពីរបបប្រល័យពូជសាសន៍របស់ប៉ុលពត។ លោក បានហៅជាមហាជោគជ័យរបស់ប្រទេសទាំងពីរនិងពិភពលោកផងដែរ។

                                                               កងទ័ពវៀតណាមចូលរំដោះប្រជាជនកម្ពុជាពីរបបខ្មែរក្រហម។

 

លោកង្វៀនសុនហ្វុក បញ្ជាក់ ជ័យជម្នះនេះ គឺជាយុត្តិធម៌ សម្រាប់ជនរងគ្រោះ នៃរបបប្រល័យពូជសាសន៍ ហើយ ជាពលិកម្មមួយរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម។ លោកថាតាមរយៈជ័យជម្នះនេះ បាននាំកម្ពុជាបើកទំព័រថ្មី នៃការអភិវឌ្ឍ ប្រទេសមានឯក រាជ្យ សេរីភាព សន្តិភាព និងភាពរុងរឿង។

ដោយឡែង ក្នុងបទសម្ភាសជាមួយ សារព័ត៌មាន វៀតណាម Vietnam News Agency អតីតរដ្ឋមន្ត្រី​ការពារ​ជាតិវៀតណាម លោកPhạm Văn Trà ដែលអះអាងថាលោកជាអ្នកដឹកនាំទ័ពវៀតណាម មួយកងពលធំ ចូលទឹកដីកម្ពុជា គឺដើមឡើយ កងទ័ពខ្មែរ​ក្រហមទេដែលបានឈ្លានពាន ទឹកដីវៀតណាម គឺនៅឆ្នាំ១៩៧៧ ដែលកាលនោះ​កងទ័ព​របស់​ប៉ុលពតបានវាយចូលទឹកដី វៀតណាម នៅខេត្តគៀនយ៉ាង និងខេត្តអាងយ៉ាង រហូត​ដល់១៥គីឡូម៉ែត្រ។ លោក​ អោយដឹងថា កងពលដែលចូលទឹកដី វៀតណាម គឺបាន​ដុតភូមិនិងសម្លាប់រង្គាលលើពលរដ្ឋវៀតណាម។ លោកថា ចាប់តាំងពីប៉ុលពត ឈ្នះសង្រ្គាម​លើ​របប លន់ នល់នៅ ឆ្នាំ១៩៧៥គឺទ័ពខ្មែរក្រហម ចាប់ផ្ដើមបង្កើតភ្លើងសង្រ្គាមលើវៀតណាម​ទៅហើយគឺរហូតមានការប្រយុទ្ធគ្នាទ្រង់ទ្រាយធំតែម្ដង គឺនៅថ្ងៃទី ៣០ មេសា ​១៩៧៧។

                                                ​ឧត្តមសេនីយវៀតណាមម្នាក់គឺអតីតរដ្ឋមន្ត្រីការពារជាតិ លោកPhạm Văn Trà

 

លោក បព្ជាក់ទៀតថា ដោយសារដូចនេះ វៀតណាមបានលើកទ័ពចូលទៅរំដោះកោះមួយចំនួន ដែល​ទ័ពខ្មែរ ក្រហមបានវាយកាន់កាប់ គឺមានកោះ Phú Quốc ដែលខ្មែរហៅថា កោះ​ត្រល់​ជាដើម។លោកថានេះជាការវាយបកមួយរបស់កងទ័ពវៀតណាមដើម្បីការពារទឹកដី។ លោកថា​នៅពេល​មានចលនារណសិរ្យប្រឆាំងរបបខ្មែរក្រហមទើប វៀតណាមមានការ​សម្រេច​ចិត្ត ចូលជួយរំដោះប្រជាជនខ្មែរចេញពីរបប ប៉ុលពតតែម្ដងហើយ ពេលនោះពល​រដ្ឋខ្មែរ​​ដែល​រងគ្រោះពីរបបខ្មែរក្រហមក៏បានស្វាគមន៍កងទ័ពវៀតណាម ជួយ​សង្រ្គោះ​ជីវិតពួកគេដែរ។

ព្រឹត្តិការណ៍៧មករា ១៩៧៩ ដែលថ្ងៃបញ្ចប់របបខ្មែរក្រហម គឺសម្រាប់ទស្សនៈពលរដ្ឋខ្មែរ ហាក់មានទស្សនៈពីរដើរផ្ទុយគ្នា។ មជ្ឈដ្ឋានខ្លះថា គឺពិតជា ថ្ងៃដែលត្រូវដឹងគុណដល់ប្រទេស​វៀតណាម ដែលលើកទ័ពមករំដោះពលរដ្ឋកម្ពុជា ពីរបបប្រល័យពូជសាសន៍។ តែមជ្ឈដ្ឋាន​ខ្លះទៀត បានអោយតម្លៃទៅលើ កិច្ចព្រមព្រៀងក្រុងប៉ារីស ២៣តុលា១៩៩១ គឺពិតជាថ្ងៃ​បញ្ចប់ ការត្រួតត្រាកម្ពុជា ពីសំណាក់ប្រទេសវៀតណាម។ ក្រុមនេះចាត់ទុកជាព្រឹត្តិ​ការណ៍​វៀតណាម ចូលលុកលុយកម្ពុជា៕

 

Share

Image
Image
Image