en     km
en     km

សម្ដេច ហ៊ុន សែន ថា កម្ពុជាមិនឱនក្បាលឱ្យបរទេសជាន់ឡើយ

Share

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា​ កម្ពុជា មិនឱនក្បាលឱ្យនរណាម្នាក់ឡើយ ដែលសម្ដេចថាប្រទេសកម្ពុជា ជារដ្ឋអធិបតេយ្យ មានច្បាប់ផ្ទាល់ខ្លួន។ យ៉ាងណាសម្ដេចថា នៅលើលោកនេះគ្មានច្បាប់ណាស្ថិតក្នុងស្ដង់ដាអន្តរជាតិនោះទេ។តែអ្នកវិភាគថា កម្ពុជាមិនអាចអត់សហគមន៍អន្តរជាតិបានឡើយ។

លោក សោម លាភ រាយការណ៍ ៖

 

សម្ដេច ហ៊ុន សែន ថ្លែងដូចនេះ នៅក្នុងជំនួបជាមួយកម្មករកម្មការិនីជិត ៣ម៉ឺននាក់ នៅខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃ ពុធ ទី ១៩កញ្ញានេះ។

ក្នុងជំនួបនោះ សម្ដេចហ៊ុនសែន មានប្រសាសន៍ថា សម្ដេចមិនមានហេតុផលអ្វីដែលធ្វើឱ្យសម្ដេចដឹកនាំកម្ពុជាឱ្យឱនក្បាលនឹងអន្តរជាតិណាមួយនោះទេ។ សម្ដេចថា កម្ពុជាជារដ្ឋអធិបតេយ្យ និងគោរពសិទ្ធិមនុស្ស។

សម្ដេចបង្ហាញទិដ្ឋភាពថា អ្នកខ្លាំងជាអ្នកឈ្នះ និងអ្នកខ្សោយនៅតែចាញ់។ សម្ដេច លើកឡើងថា អន្តរជាតិចោទថាកម្ពុជារំលោភលើដែនសមត្តកិច្ចរបស់តុលាការកម្ពុជា តែអាមេរិកមិនត្រឹមតែគម្រាមលើតុលាការអាមេរិកនោះទេ តែថែមទាំងគម្រាមទាំងអង្គការឧក្រិដ្ឋកម្មអន្តរជាតិទៀត តែមិនមានប្រទេសមួយណាថាអាមេរិកបំពានច្បាប់។ ប្រការនេះហើយ ដែលសម្ដេចថា នៅលើលោកនេះគ្មានយុត្តិធម៌នោះទេ។

សម្ដេច ហ៊ុន សែន បញ្ជាក់ម្ដងហើយម្ដងទៀតថា កម្ពុជាត្រូវរក្សានូវឯករាជ្យ អធិបតេយ្យភាពរបស់កម្ពុជា ដោយគ្មានអ្នកណាអាចបញ្ជាមកលើកម្ពុជានោះទេ។ ប្រសិនបើកម្ពុជាឱនក្បាលនៅពេលនេះ កម្ពុជា នឹងជំពាក់ ហើយត្រូវឱនក្បាលឱ្យគេ១០០ដងទៀត។

សម្ដេចបញ្ជាក់ថា ពេលដែលសម្ដេចទៅចូលរួមប្រជុំនៅអង្គការសហប្រជាជាតិ សម្ដេចនឹងនិយាយតែរឿងដែលពាក់ព័ន្ធនឹងបញ្ហាពិភពលោកមួយចំនួន​ មិនមែននិយាយពីស្ថានការណ៍នៃកម្ពុជានោះទេ។

សម្ដេចថា ប្រជាពលរដ្ឋខ្មែរសញ្ជាតិអាមេរិកជាងមួយពាន់នាក់ កំពុងតែចំមកទទួលសម្ដេចនៅញូយ៉កនៅថ្ងៃខាងមុខ។

កម្ពុជា ជារដ្ឋសមាជិកនៃអង្គការសហប្រជាតិ។ រាជាណាចក្រនេះ មានអាសនៈអចិន្ត្រៃយ៍នៅ ស្នាក់ការកណ្ដាលរបស់ស្ថាប័នពិភពលោកនៅក្រុងញូយ៉ក។ តែអាសនៈកម្ពុជា មានច្រើនទៀតនៅលើវេទិកាពិភពលោក មានជា នៅសហភាពអន្តរសភា IPU អាសនៈនៅសហភាពអឺរ៉ុប អាសនៈនៅ មហាសន្និបាតអង្គការសហប្រជាជាតិ និង នៅក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិនៅក្រុងហ្សេណេវប្រទេសស្វិស។

តែសម្រាប់សម្ដេចនាយករដ្ឋមន្ត្រីបាន អះអាងថាគ្មានបរទេសណាមួយ ដកហូតអាសនៈកម្ពុជា នៅអង្គការសហប្រជាជាតិបានឡើយ ព្រោះកម្ពុជា ជារដ្ឋសមាជិកពេញសិទ្ធិ។

យ៉ាងណា ប្រធានក្រុមអ្នកវិភាគវ័យក្មេងកញ្ញា លីស្រីស្រស់ ហាក់មិនយល់ស្របនឹងសម្ដេចហ៊ុនសែនប្រកាន់ជំហរបែបនេះទេ។ កញ្ញា ថាសហគមន៍អន្តរជាតិមានកាតព្វកិច្ច ជួយកម្ពុជា ដោយសារកម្ពុជា បានអោយសច្ចាប័នអនុសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិស៊ីវិល សិទ្ធិនយោបាយ និងសិទ្ធិមនុស្ស។

គួររំលឹកថា កាលល្ងាចថ្ងៃទី១២កញ្ញា សភាអឺរ៉ុបទទូចឲ្យសមាជិកខ្លួនលើកឡើងបញ្ហាអាសនៈកម្ពុជានៅUN ថាមិនស្របច្បាប់ និងចំណុចពាក់ព័ន្ធនឹងកម្ពុជាមួយចំនួនទៀតដូចជា៖ ទទូចឲ្យរដ្ឋាភិបាលកម្ពុជា ទម្លាក់ចោលបទប្រឆាំងលោក កឹម សុខា និងលោក សម រង្ស៊ី។ ទុកជាមោឃៈនូវសេចក្ដីសម្រេចរំលាយគណបក្សសង្រ្គោះជាតិ និងត្រូវស្ដារគណបក្សសង្រ្គោះជាតិឡើងវិញ។  អំពាវនាវឲ្យគណៈកម្មការអឺរ៉ុប ព្យូរកម្មវិធីការអនុគ្រោះពន្ធលើកលែងតែអាវុធ EBA។ ទទូចឲ្យរដ្ឋាភិបាលសមាជិកសហភាពអឺរ៉ុប ទាំងអស់ លើកឡើងពីអាសនៈរបស់កម្ពុជា នៅឯអង្គការសហប្រជាជាតិ ដែលគ្រប់គ្រងដោយរដ្ឋាភិបាលមិនស្របច្បាប់តាមរយៈការបោះឆ្នោតមួយដែលគ្មានភាព យុត្ដិធម៌ និងពហុបក្ស។

កាលពីថ្ងៃម្សិលមិញ សហជិពឯករាជ្យ បានព្រមានធ្វើបាតុកម្មបង្ខំអោយរដ្ឋាភិបាល គោរព និងអនុវត្តតាមសំណើរបស់សភាសហភាពអឺរ៉ុប ដោយសហជីពនេះ បារម្ភពីការដកការអនុគ្រោះពន្ធEBA នាំកម្មករច្រើនម៉ឺននាក់ អត់ការងារធ្វើ។តែមន្ត្រីកម្ពុជា ព្រមានបង្រ្កាបបើសហជីពនេះហ៊ានបាតុកម្ម៕

Share

Image
Image
Image