en     km
en     km

សម្ដេច ហ៊ុន សែន ថាបានរៀបចំផែនការដើម្បីកម្ចាត់លោក សម រង្ស៊ី ដូចប៉ុលពត

Share

ជាថ្មីម្ដងទៀត ​សម្ដេចនាយករដ្ឋមន្រ្ដី បានរំលឹកការឈឺចាប់ការដែលចោទថាលោក​ សម រង្ស៊ី បានវាយប្រហារគ្រួសាររបស់សម្ដេច​គឺភរិយារបស់សម្ដេចថា ជាភរិយារបស់មេដឹកនាំវៀតណាម ដែលសម្ដេចចាត់ទុកថានេះជាការប្រមាថធ្ងន់ធ្ងរខ្លាំងណាស់។ ដោយមានការយវិការនិង ពាក្យសម្ដីធ្ងន់ៗគឺទំនងទៅលើលោកសមរង្ស៊ីនោះ សម្ដេចនាយករដ្ឋមន្រ្ដីប្រកាសថា សម្ដេចរៀបចំផែនការ និង គោលដៅដើម្បីកំចាត់លោកសមរង្ស៊ីគឺដូចប៉ុលពត។

យ៉ាងណាអ្នកវិភាគតែងតែចាត់ទុកកំដៅនយោបាយកើតឡើងចំរដូវមិនយោគយល់គ្នា។

លោក នួន បូរិន រាយការណ៍៖

ថ្លែងនៅចំពោះមុខ និស្សិតនៃវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ នៅព្រឹកថ្ងៃចន្ទទី១ មេសានេះសម្ដេចនាយករដ្ឋមន្រ្ដីដែលប្រើសម្ដី អញ ហែង ពេញមាត់ទៅលើអ្នកនយោបាយម្នាក់ ទំនងគឺលោកសមរង្ស៊ី សម្ដេចបានប្រាប់ថា នឹងកំចាត់បុរសនេះគឺដូចបោស សម្អាត ប៉ុល ពត។ សម្ដេចថា សម្ដេចមានផែនការនិង គោលដៅរួចទៅហើយ គឺមិនទុកឱ្យអ្នកឯងនៅបន្ដទៀតឡើយ។ អ្វីដែលសម្ដេចខឹងខ្លាំងដូចនេះ ខណៈសម្ដេចរំលឹកពីរឿងអតីតកាល ដែលសម្ដេចថាមិនអត់ឱនបុគ្គលនោះបានឡើយ ព្រោះអ្នកបានប្រមាថភរិយានឹងកូនប្រុសច្បងរបស់សម្ដេចថា ប្រពន្ធនិងកូនរបស់មេដឹកនាំវៀតណាម។

សម្ដេចថានេះមិនមែនជារឿងបុគ្គលទេ តែជារឿងគំនុំបុគ្គល។ សម្ដេចថាអ្នកណាមិនដឹងថាសម្ដេចនេះហើយជាអ្នកកម្ទេចប៉ុលពត។

សម្ដេចបានអះអាងទៀតថា រឿងនេះសម្ដេចនឹងបញ្ចូនខ្សែអាត់សម្លេងទៅបណ្ដាទូតនានាទាំងអស់នៅកម្ពជាដើម្បីឱ្យដឹងពីចរិតបុគ្គលម្នាក់នេះគឺលោកសមរង្ស៊ី ដែលតាមឈ្នានីសសម្ដេចមិនចេះចប់មិនចេះហើយ ជាពិសេសមកលើគ្រួសារសម្ដេច។

បើនិយាយចំពោះ ប៉ុលពតវិញ គឺគាត់ស្លាប់ដោយសារជំងឺនៅឆ្នាំ១៩៩៨នៅស្រុងអង្លង់វែង ខេត្ត​ឧត្តមានជ័យ។ ប៉ុលពតស្លាប់ខណៈ ទ័ពព្រៃខ្មែរក្រហម ចាប់ផ្ដើមបែកបាក់គ្នាមុនអតីត​ទ័ពអា​វ​ខ្មៅ​នេះ ធ្វើសមាហរណកម្មជាមួយរដ្ឋកម្ពុជាដែលសម្ដេចជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី។

                                                                         សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

 

ជាការកត់សម្គាល់អ្វីដែលធ្វើឱ្យសម្ដេចនាយករដ្ឋមន្រ្ដីសម្ដែងកំហឹងទៅមេបក្សប្រឆាំងដែលមានឥទ្ធិពលម្នាក់់នេះគឺបន្ទាប់ពីលោកសមរង្ស៊ីបានរំលឹកខួប២២ឆ្នាំនៃការវាយប្រហារដោយគ្រាប់បែកនៅថ្ងៃ៣០មិនា ១៩៩៧ ដែលពេលនោះលោកសមរង្ស៊ីខ្លួនលោកផ្ទាល់ស្ថិតនៅក្នុងចំណោមជនរងគ្រោះបាត់បង់ជីវិតជិត២០នាក់។លោកសមរង្ស៊ីបានថ្លែងទៅកាន់ពិធីមួយនៅទីក្រុង ប៉ារីស៍កាលពីថ្ងៃ៣០មិនា និង បានបញ្ជាក់បន្ថែមលើទំព័រហ្វេសប៊ុករបស់លោកដោយដាស់តឿនឱ្យ លោក ហ៊ីងប៊ុនហៀង ដេលលោកចោទថា នៅពីក្រោយការវាយប្រហារដោយគប់គ្រាប់បែកនោះថាត្រូវកម្ទេចនាយករដ្ឋមន្រ្ដី ប្រយ័ត្ននាយករដ្ឋមន្រ្ដីកម្ទេចដូចហុកឡុងឌីករណីលោកជាវិជ្ជា។

យ៉ាងណាក៏ដោយ លោក សម រង្ស៊ី បានបញ្ចេញសារជាថ្មី ក្រោយប៉ុន្មានម៉ោងប៉ុណ្ណោះដែលសម្ដេចនាយករដ្ឋមន្រ្ដីបានសម្ដែងកំហឹងដូចនេះ។ លោកសមរង្ស៊ីបានសរសេររៀបរាប់ដូចនេះថា៖“ខ្ញុំមិនដែលចាប់អារម្មណ៍ ពីរឿងឯកជនរបស់អ្នកដទៃណាម្នាក់ ឬគ្រួសារអ្នកដទៃណាមួយឡើយ។ ហ៊ុន សែន ជាមេដឹកនាំមិនទទួលខុសត្រូវ ដែលប៉ុនប៉ងបង្វែរអារម្មណ៍របស់មហាជន ពីបញ្ហាប្រទេសជាតិ ដែលគាត់មិនចេះដោះស្រាយ ឲ្យទៅចាប់អារម្មណ៍ពីរឿងឯកជនរបស់គាត់ និងក្រុមគ្រួសារគាត់ទៅវិញ។ រួចទៅ គាត់ដើរចោទប្រកាន់គេឯងយ៉ាងឆ្កួតលីលា ទាក់ទងទៅនឹងរឿងផ្ទាល់ខ្លួនរបស់គាត់ និងគ្រួសារគាត់ ពីព្រោះគាត់ត្រូវការលេស ដើម្បីបង្ក្រាបគូប្រកួតនយោបាយរបស់គាត់។”

លោក សម រង្ស៊ី កាលនៅក្នុងស្រុក។

 

ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ត្រីក៏បាន ថ្លែងបញ្ជាក់ថា សម្ដេចលែងអង្វរអ្នកសុំសិទ្ធិនយោបាយ ទៀតហើយ។ សម្ដេចថាពួកអ្នកឯងរង់ចាំឆ្នាំ២០២២ទៅ។

ជម្លោះកម្ពុជាបច្ចុប្បន្នត្រូវបានអ្នកសង្កេតការណ៍មើលឃើញថា ផ្ទុះឡើងខ្លាំងៗតែរវាងសម្ដេចហ៊ុនសែន និង លោកសមរង្ស៊ី។ តែគេនៅចាំបានថា ដើមចមដែលបង្កឱ្យមានភាពតានតឹងបន្ទាប់ពីការរំលាយគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី១៦វិច្ឆិកាឆ្នាំ២០១៧ ដោយតុលាការហើយពេលនេះលោកសមរង្ស៊ីបានវាយប្រហារធ្ងន់ៗលើគណបក្សប្រជាជននិង សម្ដេចនាយករដ្ឋមន្រ្ដី។

កាលពីសប្ដាហ៍មុន សម្ដេចនាយករដ្ឋមន្រ្ដី បានព្រមានថានឹងកម្ចាត់លោកសមរង្ស៊ីដោយប្រើកាំភ្លើងយន្ដដាក់នៅក្នុងលេណ ដ្ឋានហើយស្រេចបើមេដឹកនាំបក្សប្រឆាំងរូបនេះ វិលចូលប្រទេសកម្ពុជាវិញតាមច្រកព្រំដែនប្រទេសថៃ។ អ្នកវិភាគនយោបាយបានហៅសង្គ្រាមវោហាសាស្រ្ដនាំឱ្យខ្មែររកពេលផ្សះផ្សាគ្នាមិនបានឡើយ។ ទាំងលោកឯមសុវណ្ណារ៉ា និងលោកបណ្ឌិតមាសនី តែងតែដាស់តឿនឱ្យអ្នកនយោបាយទាំងពីរនេះ គិតដល់ការឯកភាពជាតិ ដោយត្រូវបញ្ចប់ទៅ នយោបាយគុំគួននិងសឹកគ្នា។ ពួកគាត់ថា បើដូច្នេះ អាចនាំអោយមាន នយោបាយ ទឹកឡើងត្រីស៊ី ស្រម៉ោច ពេលទឹកស្រក់ស្រម៉ោចស៊ីត្រី៕

 

Share

Image
Image
Image