en     km
en     km

សម្ដេច ហ៊ុន សែន ថាកម្ពុជាមិនអាចកំណត់តម្លៃស្រូវបានឡើយ

Share

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន អះអាងថា កម្ពុជាមិនអាចតំណត់តម្លៃស្រូវនោះទេ​ ព្រោះកម្ពុជាអនុវត្តន៍សេដ្ឋកិច្ចទីផ្សារសេរី ។ ពលរដ្ឋ និងមជ្ឈដ្ឋានមួយចំនួន ទទួចឱ្យរាជរដ្ឋាភិបាល កំណត់តម្លៃកសិផល ។ អ្នកជំនាញកសិកម្ម រិះគន់នូវអ្វីដែលរាជរដ្ឋាភិបាលទុកឱ្យទីផ្សារសេរីជាអ្នកកំណត់តម្លៃស្រូវ ហើយឱ្យជាយោបល់ថា គួរតែប្រើយន្តការរដ្ឋជួយទប់កុំឲ្យស្រូវចុះថោកពេលរដូវប្រមូលផល ។  

រាយការណ៍ដោយ​ លោក សោម លាភ

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បង្ហាញការហួសចិត្តក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នៅវិទ្យាស្ថានជាតិអប់រំ ដោយសម្ដេច ថ្លែងថា មានមនុស្សមួយចំនួនស្អប់របបកុម្មុយនិស្ត តែបែរជាជំរុញឱ្យរាជរដ្ឋាភិបាលកំណត់តម្លៃស្រូវអង្ករ ខណៈកម្ពុជាប្រកាន់របបទីផ្សាសេរី ។

សម្តេច​ ហ៊ុន សែន ​ថ្លែងថា សម្រាប់រាជរដ្ឋាភិបាលកម្ពុជា បានត្រឹមការអំពាវនាវប៉ុណ្ណោះ ប៉ុន្តែមិនអាចកំណត់តម្លៃបាននោះឡើយ ។

តាមការអង្កេត កសិករជាច្រើន និងអ្នកតាមដាន នៅពេលដែលតម្លៃស្រូវមានការធ្លាក់ចុះ គឺទទួចចង់​ឲ្យ​រដ្ឋាភិបាល ជួយ​រក​ទីផ្សារ និង​កំណត់តម្លៃស្រូវច្បាស់លាស់ ។

មាត្រា ៥៦ នៃរដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ ១៩៩៣ ចែងថា ព្រះរាជាណាចក្រកម្ពុជា អនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ។

មាត្រា ៦២ នៃច្បាប់ដដែល ចែងថា រដ្ឋយកចិត្តទុកដាក់ជួយដោះស្រាយមធ្យោបាយផលិត ការពារថ្លៃផលិតផលជូនកសិករ សិប្បករ និងជួយរកទីផ្សារលក់ផលិតផល ។

នាយករដ្ឋមន្ត្រីកម្ពុជា អះអាងថា គោលនយោបាយកម្ពុជា គឺជម្រុញការនាំចេញស្រូវ ខណៈមានការសល់ស្រូវនៅក្នុងប្រទេសជាច្រើន ។

ដោយឡែកចំពោះស្រូវនៅកម្ពុជា ដែលមានការធ្លាក់ថ្លៃនោះ បើតាមប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាលោក សុង សារ៉ន ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី “វិធានការរក្សាតម្លៃឱ្យបានសមរម្យក្នុងរដូវប្រមូលផលស្រូវ” នៅថ្ងៃទី ១៩ ធ្នូ ថា ដោយសារតែតម្លៃស្រូវសកលធ្លាក់ថ្លៃដែរ ហើយកម្ពុជាមិនអាចប្រឆាំងនឹងចរន្តនេះបានឡើយ ។

កន្លងទៅ អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ លោក កៅ ថាច ថ្លែងថា រដ្ឋាភិបាលបានទម្លាក់លុយ៥០ លានដុល្លារ ដើម្បីទិញស្រូវទុក ដើម្បីឱ្យស្រូវមានតម្លៃឡើងវិញ ។

លោក យ៉ង់ សាំងកុមារ អ្នកជំនាញកសិកម្ម និងជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន សរសេរលើទំព័រហ្វេសបុករបស់ខ្លួនថា កសិករខ្មែរធ្វើស្រែលើដីខ្លួនឯង តែអ្នកចំណេញទៅជាវៀតណាមទៅវិញ ។

លោក សរសេរក្នុងន័យដើមថា វៀតណាមលក់ជីឲ្យខ្មែរ វៀតណាមប្រមូលទិញស្រូវពីខ្មែរក្នុងតម្លៃថោកយកទៅកែច្នៃលក់យកចំណេញអង្ករ កន្ទក់ អង្កាម ហើយលក់អង្ករ កន្ទក់និងចំណីសត្វឲ្យខ្មែរវិញ ។ បើនៅតែបន្តដឹកនាំវិស័យស្រូវអង្កររបៀបនេះ កសិករខ្មែរយើងនឹងធ្វើកម្មករឬទាសករឲ្យគេលើដីខ្លួនឯងហើយ ។ ល្មមដល់ពេលកែលម្អគោលនយោបាយស្រូវអង្ករដើម្បីផលប្រយោជន៍ជាតិហើយ ។

លោក សន ដារ៉ា អ្នកវិភាគនៃអតីតគណបក្សសង្គ្រោះជាតិ ថារាជរដ្ឋាភិបាលកម្ពុជា មិនមានការសិក្សាអំពីតម្រូវការនៃប្រជាពលរដ្ឋកម្ពុជា ជាពិសេសប្រជាកសិករកម្ពុជាឡើយ ។

លោក យ៉ង សាំងកុមារ សរសេរលើទំព័រហ្វេសបុកក្នុងន័យដើមថា រដ្ឋាភិបាលថាទុកឲ្យទីផ្សារសេរីជាអ្នកកំណត់តម្លៃស្រូវ! ចុះលុយកសិករបង់ពន្ធផ្ទាល់និងប្រយោលយកទៅណាដែរ?

ថវិកាជាតិ២០១៩ជាង៦០០០លានដុល្លារ​​តែទម្លាក់៥០ លាន​តិចហើយយឺតទៀត ​។ ស្រូវថោក​ កសិករបានចំណូលទាប​ រដ្ឋក៏ប្រមូលពន្ធបានតិចដែរ ។ ក្រសួងកសិកម្ម​​ ពាណិជ្ជកម្ម សិប្បកម្មនិងឧស្សាហកម្មធ្វើអ្វីដែរបើអាស្រ័យលើយន្តការទីផ្សារសេរី​ ? ហេតុអ្វីបានជាមិនប្រើយន្តការរដ្ឋជួយទប់កុំឲ្យស្រូវចុះថោកពេលរដូវប្រមូលផល ?

Share

Image
Image
Image