en     km
en     km

សម្ដេច ហ៊ុន សែន៖ អាណត្តិនេះជាពេលកែទម្រង់ស៊ីជម្រៅបំផុតដើម្បីម្ចាស់ឆ្នោត

Share

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន បញ្ជាក់ថា អាណត្តិនេះជាអាណត្តិមួយដែលរាជរដ្ឋាភិបាលកម្ពុជា កំណែទម្រង់ស៊ីជម្រៅបំផុតដើម្បីបម្រើសេចក្ដីត្រូវការរបស់ពលរដ្ឋដែលជាម្ចាស់ឆ្នោត ។ អ្នកតាមដានសង្គមចង់ឃើញមានវិធានការយូរអង្វែងមួយពីរាជរដ្ឋាភិបាល មិនចង់ឃើញវប្បធម៌និទណ្ឌភាព ហើយសមាជិកសង្គមទទួលបានផលប្រយោជន៍ស្មើៗគ្នា ។

លោក សោម លាភ ជូនសេចក្ដីរាយការណ៍

 

បើតាមការចុះផ្សាយលើទំព័រហ្វេសបុករបស់សម្ដេច ហ៊ុន សែន នៅថ្ងៃទី ០១ ខែ មីនា ការបង្ហាញនូវជំហរអនុត្តន៍តាមអភិក្រមទាំង៥ ម្ដងទៀតនេះ គឺធ្វើឡើងក្រោយពេលដែលមានការដកដំណែងមន្ត្រីអាជ្ញាធរមួយចំនួន ។

សម្ដេចបញ្ជាក់ថា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នឹងទទួលការដកដំណែង ឬផ្ដន្ទាទោសតាមច្បាប់ ចំពោះអ្នកណាដែលរំខានដល់ពលរដ្ឋ ។

នាយករដ្ឋមន្ត្រីកម្ពុជាថា ខ្លួនបានដើមកដល់ដំណាក់កាលនៃការអនុវត្តន៍អភិក្រមទី៥ ហើយដំណាក់កាលនេះជាការវះកាត់ ។

សម្ដេចថា សម្ដេច ចង់ឱ្យមានការអភិវឌ្ឍទៅមុខឱ្យលឿនជាទីបំផុត ដោយគ្មានការរំខានពីមន្ត្រីដែលស៊ីប្រាក់ខែរដ្ឋបានមកពីការបង់ពន្ធពីពលរដ្ឋឡើយ ។

គួររំលឹកថា អភិក្រមទាំង ៥ មានដូចជា ១-ឆ្លុះកញ្ចក់, ២-ងូតទឹក ៣-ដុសក្អែល, ៤-ព្យាបាល និង ៥-វះកាត់ ។

ចូលដល់ដើមឆ្នាំ ២០១៩ នេះ គេសង្កេតឃើញថា ថ្នាក់ដឹកនាំកម្ពុជា ក្រសួង ស្ថាប័មានឬស្ថាប័នពាក់ព័ន្ធ បានចាត់វិធានការក្ដៅចំពោះអំពើអសកម្ម អំពើមិនប្រក្រតី និងអំពើបង្កចលាចលក្នុងសង្គមផ្សេងៗ ។

នៅថ្ងៃទី១ មីនា ឆ្នាំ ២០១៩ នេះ នាយករដ្ឋមន្ត្រីកម្ពុជា បានចេញអនុក្រិត្យ ស្ដីពីការបញ្ចប់មុខដំណែងមន្ត្រីរាជការចំនួន ពីររូបផងដែរ ។ តួយ៉ាងអ្នកទាំងពីរនាក់នោះ គឺអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុលោក ស្រ៊ុន ស្រ៊ន់ ឋានន្តរស័ក្ដិមន្ត្រីថ្នាក់លេខ ៣ និងលោក ឆៃ ប៊ុនវណ្ណៈ ឋានន្តរស័ក្ដិមន្ត្រីថ្នាក់លេខ ៥ ។

សម្ដេច សរសេរលើទំព័រហ្វេសបុកថា «ថ្ងៃនេះខ្ញុំបង្ខំចិត្តអនុវត្តន៍អភិក្រមទី៥គឺការវះកាត់ដោយដកអភិបាលរងខេត្តព្រះសីហនុពីររូបចេញពីតំណែង» ។

ក្នុងទំព័រហ្វេសបុករបស់លោក សុខសុវណ្ណវឌ្ឍនាសារពង្ស ប្រធានគណបក្សខ្មែរក្រោក បានសរសេរថា ក្រៅពីសម្ដេច ហ៊ុន សែន ដកដំណែងអភិរងខេត្តព្រះសីហនុរួចមក សម្ដេចក៏បានប្រគល់ការងារបន្តទៅអង្គភាពប្រឆាំងអំពើពុករលួយដើម្បីអនុវត្តន៍ច្បាប់លើបុគ្គលទាំង២នេះ ហើយមេយោធាខេត្តដដែលនេះក៏កំពុងប្រឈមនិងការបាត់បង់ដំណែងដូចគ្នាដែរ ។

មុនការចេញអនុក្រិត្យស្ដីពីការដកដំណែងនេះ មានការបញ្ជាក់ពីសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ថាមានការលើកឡើងអំពីទំនាស់ដីធ្លីដែលកើតមានឡើងនៅក្រុងព្រះសីហនុ ដែលបណ្ដាលមានការប្រើអំពើហិង្សារពីសំណាក់មន្ត្រីកងកម្លាំងប្រដាប់អាវុធ ។

លោក ផៃប៊ុន វណ្ណៈ បានដឹក​នាំ​កម្លាំង​ចម្រុះ ៣០០​នាក់ ​រាប់​ទាំង​កម្លាំង​យោធា ​ចុះ​ទៅ​អនុវត្ត​សាល​ដីកាក្នុង​ជម្លោះ​ដី​ធ្លី​នៅ​ ឃុំបិត​ទ្រាំង ស្រុក​ព្រៃនប់ ដើម្បី​វាស់វែង​ដី​ឲ្យ​អ្នកស្រី ហុង សួន ភរិយា​របស់លោក ស៊ីវ គង់ទ្រីវ ​។​ ហើយនេះជា​ការចុះ​អនុវត្ត​សាល​ដីកា ធ្វើ​ឲ្យ​ពលរដ្ឋ​រាប់​រយ​នាក់​តវ៉ា ដុត​កង់​ឡាន​និង​បិទផ្លូវ ​ហើយ​ក៏​មាន​ហិង្សា​បណ្តាលពលរដ្ឋ​ម្នាក់​រង​របួស​ដោយ​គ្រាប់​កាំ​ភ្លើង ​។

សម្ដេច ស​ ខេង ក៏ធ្លាប់មានប្រសាសន៍ដែរថា ការអនុវត្តដីកាតុលារការដោយកងកម្លាំងប្រដាប់អាវុធនេះ គឺមិនត្រឹមត្រូវតាមច្បាប់នោះទេ ។

សម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មកដល់ថ្ងៃទី ១ មីនានេះ បានព្រមានដល់បុគ្គលទាំងឡាយណា ដែលពាក់ព័ន្ធក្នុងកិច្ចអន្តរាគមន៍រឿងទំនាស់ដីធ្លីនៅខេត្តព្រះសីហនុ  ត្រូវដកខ្លួនចេញជាបន្ទាន់ ។

សម្ដេច ស ខេង បញ្ជាក់ថា កិច្ចការនេះ គឺទុកឱកាសឱ្យរដ្ឋបាលខេត្តនេះជាអ្នកដោះស្រាយតាមនីតិវិធីច្បាប់ ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវមន្ត្រីអនុវត្តច្បាប់ ការពារដីរដ្ឋឲ្យបានល្អ ទប់ស្កាត់ការចូលទន្ទ្រានដីរដ្ឋដោយ ខុសច្បាប់ បង្កើនការដោះស្រាយទំនាស់ដីធ្លីកុំឲ្យកើតថ្មី រួមទាំងលើកកំពស់សមត្ថភាពមន្ត្រីជាដើម ។

សម្ដេចទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏បានចេញបទបញ្ជាដាច់ខាត មិនឱ្យមេបញ្ជាការគ្រប់ជាន់ថ្នាក់ បញ្ជាការកងទ័ព ចូលរួមសកម្មភាពទំនាស់ដីធ្លី របស់ប្រជាពលរដ្ឋនោះឡើយ ព្រោះមិនស្របតាមច្បាប់លក្ខន្តិកៈ របស់កងយោធពលខេមរភូមិន្ទ ។

ថ្មីៗនេះ ក៏មានការដកដំណែង មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរីមួយរូប គឺលោក គឹម រស្មី ក្រោយពេលមានវីដេអូដែលលោក ចែកលុយឱ្យកូនរបស់ខ្លួនក្នុងម្នាក់ៗ ១០ ម៉ឺនដុល្លារ ។ យ៉ាងណា ព្រះមហាក្សត្រ ឡាយព្រះហស្ថលេខា​ត្រាស់​បង្គាប់​លុបឈ្មោះចេញ​ពី​កងយោធពលខេមរភូមិន្ទ ។

អង្គភាពប្រឆាំងអំពើពុករលួយក៏បានបញ្ចប់ការស៊ើបអង្កេតលើទ្រព្យសម្បត្តិរបស់លោកដែរ តែមិនទាន់មានព័ត៌មានយ៉ាងណានោះទេ ។

យ៉ាងណា អង្គភាពប្រឆាំងអំពើពុករលួយ ក៏កំពុងស៊ើបអង្កេតទ្រព្យសម្បត្តិ ​ និង​បំណុល​របស់​ស្នងការ​រង​ខេត្ត​កណ្ដាល​ម្នាក់ គឺ​លោក ស្រេង​ សុខា  ​ឋានៈ​ឧត្ដម​សេនីយ៍​ត្រី ផ្កាយ១​ ។

ចំណាត់​ការ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នេះ ធ្វើ​ឡើង​ ក្រោយ​មាន​ការ​​រិះគន់​ ពី​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ករណីលោក ស្រេង សុខា ​បាន​ជូន​ថ្លៃ​បណ្ដា​ការ ១០ម៉ឺន​ដុល្លារ និង​រថយន្ត​មួយ​គ្រឿង​ ទៅ​​ខាង​ស្រី​ក្នុង​ថ្ងៃ​ភ្ជាប់​ពាក្យ ។

សម្ដេច ហ៊ុន សែន តែងតែបញ្ជាក់ថា ការវះកាត់នេះ គឺជាការវះកាត់ដែលមានការឈឺចាប់ជាខ្លាំង ។

លោក សន ជ័យ នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា ប្រាប់មណ្ឌលព័ត៌មានស្ត្រីកម្ពុជានៅថ្ងៃទី ១ មីនានេះថា ប្រសិនបើសាច់នោះស្អុយហើយ បើទុកបន្តបណ្ដាលឱ្យមហារីក ឬរកឃើញថាមន្ត្រីដែលទុកបន្តនឹងបង្ករភាពអយុត្តិធម៌ដល់សង្គម យកអំណាច និងតួនាទីទៅធ្វើបាប និងប៉ះពាល់ដល់ពលរដ្ឋម្ចាស់ឆ្នោត និងពលរដ្ឋទូទៅ  នោះការដកដំណែងឬការវះកាត់នោះ មិនគួរណាមានភាពឈឺចាប់ឡើយ ។

លោក សន ជ័យថា ជាទូទៅវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជាជាវិធានការភ្លើងចំបើង ។ លោកថា ត្រូវមានការរកមធ្យោបាយដើម្បីឱ្យមានការកម្រិតឥរិយាបទ និងទង្វើរបស់មន្ត្រីទាំងអស់ ។​ លោកថា គ្រប់គ្នាមិនចង់ឃើញមន្ត្រីធ្វើអំពើមិនល្អ មានឱកាសបន្តទង្វើបែបនេះទៀតទេ ។

លោកថា មានបញ្ហាជាច្រើនដែលគួរតែដោះស្រាយជាមុន ដើម្បីកុំឱមានបញ្ហានៅថ្ងៃក្រោយ ។

នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាបន្ថែមថា ត្រូវតែមានការរួមគ្នាដើម្បីកាត់បន្ថយ ឈានទៅដល់លុបបំបាត់វប្បធម៌និទណ្ឌភាព  ទើបប្រទេសជាតិអភិវឌ្ឍ និងធ្វើឱ្យសមាជិកសង្គមទទួលបានផលស្មើៗគ្នា ។ លោកថា​ បញ្ហាធំនោះគឺមន្ត្រីដែលយកច្បាប់ដែលមានលក្ខណៈល្អហើយនោះ មកទ្រាប់អង្គុយ ៕ ​  

Share

Image
Image
Image