en     km
en     km

សម្ដេច ហ៊ុន សែន៖ មេដឹកនាំសហជីព៣នាក់គ្មានកំហុស តែតុលាការសម្រេចឱ្យមានទោស

Share

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន សែន ភា្ញក់ផ្អើលចំពោះសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលសម្រេចសេចក្ដីឱ្យមេដឹកនាំសហជីព ទទួលការផ្តន្ទាទោសទាំងដែលអ្នកពុំមានបានប្រព្រឹត្តបទល្មើស។

អត្ថាធិប្បាយជូនដោយ លោក សោម លាភ៖ 

សម្ដេច ហ៊ុន សែន អះអាងថា អ្នកទាំងបីនាក់គឺស្អាតស្អំហើយសម្ដេចថាមានភស្តុតាង និងមានសាក្សីគ្រប់គ្រាប់ក្នុងការបញ្ជាក់នូវរឿងនេះ។ យ៉ាងណា នាយករដ្ឋមន្ត្រីរូបនេះ ណែនាំឱ្យអ្នកទាំងនោះដាក់ពាក្យប្ដឹងទៅឧទ្ធរណ៍ដើម្បីជំទាស់លើសេចក្ដីសម្រេចនេះ។

មកដល់ថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៨ សាលាដំបូងរាជធានីភ្នំពេញ បានចេញសាលក្រមសម្រេចផ្តន្ទាទោសមេដឹកនាំសហជីពទាំង ៦ នាក់ ក្នុងម្នាក់ៗមានទោសរយៈពេល​២ឆ្នាំ និង ៦ ខែ តែទោសនេះត្រូវបានព្យួរ និងពិន័យជាប្រាក់ចំនួន ៣៥លានរៀលផងដែរ។  

ក្រុម​មេដឹកនាំ​សហជីព​ទាំង​៦​រូបគឺ លោក រ៉ុង ឈុន  ប្រធាន​សហភាព​សហជីព​កម្ពុជា​ លោក ជា មុន្នី ប្រធាន​សហជីព​សេរី​កម្មករកម្ពុជា លោក អាត់ ធន ប្រធាន​សហភាព​ការងារ​កម្ពុជា អ្នកស្រី យ៉ាង សោភ័ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា ប៉ាវ ស៊ីណា  ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​កម្ពុជា​ និង លោកស្រី ម៉ម ញឹម ​ប្រធាន​សហព័ន្ធ​សហជីព​ជាតិ​នៃ​ឧស្សាហកម្ម​វាយនភណ្ឌ។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃពុធទី១២ធ្នូនេះ បានចុះជួបសំណេះ​សំណាល​​ជាមួយកម្មករ កម្មការិនីចំនួន ជាងមួយម៉ឺននាក់ នៅខេត្តកំពង់ស្ពឺតែ ក្នុងឱកាសនោះ សម្ដេច បានបញ្ជាក់ថា សម្ដេច បានតាមដានសំណុំរឿងក្ដីរបស់មេសហជីពកម្ពុជាយ៉ាងយកចិត្តទុក។

កន្លងមក សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំដល់មេសហជីពដែលជាប់បណ្ដឹងនៅតុលាការ ត្រូវបញ្ជូនសំណុំរឿងទៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីឱ្យសហការជាមួយក្រសួងយុត្តិធម៌ដើម្បីពន្លឿនការសម្រេចលើរឿងក្ដីទាំងនេះ។

យ៉ាងណាមិញ សម្ដេច​ ហ៊ុន សែន បានថ្លែងចំពោះមុខកម្មករកម្មការនីថា អ្នកដែលពាក់ព័ន្ធនៅករណីកុបកម្មនៅផ្លូវវែងស្រេងគឺត្រូវតែជាប់ទោស ហើយនេះគឺផ្លូវច្បាប់។ សម្ដេច បញ្ជាក់ថា ព្រឹត្តិការណ៍នៅផ្លូវវែងស្រែងនេះ ជាព្រឹតិ្តការណ៍ផ្តួលរំលំរដ្ឋាភិបាល ដូចនេះអ្នកដែលពាក់ព័ន្ធត្រូវទទួលទោស។

នាយករដ្ឋមន្ត្រីកម្ពុជាធ្លាប់បានអះអាងថា សម្ដេច នៅមានការសោកស្ដាយ ដែលមិនបានសម្លាប់អ្នកដែលចូលរួម និងបង្កើតចលនានេះ។

ក្នុងចំណោមអ្នកទាំង ៦ នាក់នោះ​ ដែលសាលាដំបូងសម្រេចផ្តន្ទាទោសនោះ សម្ដេច ហ៊ុន សែន ធានាថា មានមេដឹកនាំសហជីព ៣ នាក់ មិនមានកំហុសទេ ហើយសម្ដេចមានភស្តុតាង និងសាក្សី។ សម្ដេច អាចនឹងបញ្ជូនសាក្សីប្រសិនបើមានប្រយោជន៍ដល់ការសម្រេចរបស់តុលាការ និងអ្នកទាំងនោះ។

សម្តេចបានអះអាងថា មនុស្សបីនាក់ដែលមិនមានកំហុស មាន លោក អាត់ ធន លោក ជា មុន្នី និង លោក ប៉ាវ ស៊ីណា គឺមិនជាប់ពាក់ព័ន្ធឡើយ ដោយសម្តេចអាចបញ្ជូន លោក កែវ រ៉េម៉ី ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា និងលោក សាយ សុភាព ឱ្យធ្វើជាសាក្សី។

សម្ដេច ហ៊ុន សែន សាក្សីទាំងពីរនាក់នេះដឹងច្បាស់ និងអាចបញ្ជាក់ថា អ្នកទាំងបីនាក់នោះមិនបានចូលរួមក្នុងព្រឹត្តិការណ៍ផ្លូវវែងស្រេងនោះទេ។

លោក អាត់ ធន ប្រធាន​សហភាព​ការងារ​កម្ពុជា ប្រាប់វិទ្យុស្រ្តីថា លោក មានការខកចិត្តជាខ្លាំងចំពោះសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញបែបនេះ។

លោក បន្ថែមថា ការថ្លែងរបស់នាយករដ្ឋមន្ត្រីកម្ពុជាបែបនេះ គឺជាការល្អ ក្នុងការធ្វើឱ្យសាលាឧទ្ធរណ៍ពិចារណាសម្រេចសេចក្ដីឱ្យពួកគ្មានទោស។

មេដឹកនាំ​សហជីព​ទាំង ៦នាក់ ត្រូវ​ចោទ​ពីបទផ្តើមគំនិត​ក្នុងអំពើ​ហិង្សា​ដោយចេតនា​មាន​ស្ថាន​ទម្ងន់ទោស ផ្តើម​គំនិតក្នុង​អំពើ​ធ្វើឲ្យខូចខាត​ដោយ​ចេតនា​មាន​ស្ថានទម្ងន់ទោស ផ្តើម​គំនិត​ក្នុងអំពើ​គំរាមកំហែង​ថា នឹង​ធ្វើឲ្យ​ខូចខាត​ដែល​ភ្ជាប់​នូវ​បញ្ជា​អ្វីមួយ និង​ពីបទផ្តើម​គំនិត ក្នុង​អំពើ​ប្រើមធ្យោបាយ​ដើម្បី​ជា​ឧបសគ្គដល់​ចរាចរណ៍​សាធារណៈ ប្រព្រឹត្ត​នៅ​ចំណុចមុខ​សួន​ឧស្សាហកម្មកាណាឌីយ៉ា ផ្លូវ​វ៉េងស្រេង អំឡុង​ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ រហូត​ដល់​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤។

កុបកម្មនេះ ធ្វើឡើងក្រោយលទ្ធផលនៃការបោះឆ្នោតជាតិអាណត្តិទី ៥ ឆ្នាំ ២០១៣៕

អត្ថបទដោយ៖ លោក សោម លាភ

 

Share

Image
Image
Image