en     km
en     km

សម្ដេច ហ៊ុន សែនឱ្យលោក លឺឡាយស្រេងមកកម្ពុជាវិញតែត្រូវលែងតាំងខ្លួនជាព្រឹទ្ធាចារ្យនយោបាយ

Share

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ប្រកាសហៅឱ្យលោក លឺ ឡាយស្រេង អាចចូលមកកម្ពុជាវិញ ដោយភ្ជាប់ជាមួយលក្ខខ័ណ្ឌមួយចំនួន ហើយអាជ្ញាធរមិនចាប់ខ្លួនឡើយ ។ ការថ្លែងនេះក្រោយពេលដែលលោក លឺ ឡាយស្រេង ស្នើសុំសម្ដេច ហ៊ុន សែន ចូលមកប្រទេសកំណើតខ្លួនវិញ ។

រាយការណ៍ដោយ លោក សោម លាភ

 

អតីត​ឧបនាយក​រដ្ឋមន្ត្រី លោក លឺ ឡាយស្រេងកាលពីពេលថ្មីៗនេះ បានបង្ហាញនូវការនឹករលឹកកម្ពុជាដែលជាស្រុកកំណើតរបស់ខ្លួន ហើយសុំសម្ដេច ហ៊ុន សែន អនុញ្ញាតឱ្យខ្លួនអាចវិលចូលកម្ពុជាវិញ ។

លោក លឺ ឡាយស្រេង ថ្លែងតាមរយៈគណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួនកាលពី​ថ្ងៃ​ព្រហស្បតិ៍​​ថា លោក​នឹក​ស្រុក ហើយ​ចង់​វិល​មក​វិញ​ឆាប់ៗ​នេះ ។

លោកបានរៀបរាប់អំពីប្រវត្តិតស៊ូជាមួយនឹងរាជរដ្ឋាភិបាលជាច្រើនអាណត្តិកន្លងទៅ ។

មកដល់ថ្ងៃនេះ គឺថ្ងៃទី ០១ មេសា ឆ្នាំ ២០១៩ សម្ដេច ហ៊ុន សែន បានប្រកាសដោយបើកចំហសេរីភាពឱ្យលោក លឺ ឡាយស្រេង អាចចូលមកកម្ពុជាវិញបាន ដោយពុំមានអាជ្ញាធរចាប់ខ្លួននោះទេ ។

ការប្រកាសបែបនេះរបស់សម្ដេច ហ៊ុន សែន ធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត​ នៃវិទ្យាស្ថានវ៉ាន់ដា នៅកោះពេជ្រ ។

នាយករដ្ឋមន្ត្រីកម្ពុជា បាន ហៅ លោក លឺឡាយ ស្រេង ដែលកំពុងរស់នៅក្នុងប្រទេសថៃ អោយវិលត្រឡប់មកប្រទេសកម្ពុជាវិញដោយគ្មានការភ័យខ្លាចអ្វីឡើយ ។

សម្តេច បានប្រកាសជាសាធារណៈថានឹងគ្មានការចោទប្រកាន់ទៅលើរូប លោក លឺ ឡាយស្រេង ទេ ហើយបានប្រាប់ទៅអាជ្ញាធរ​ និងសមត្ថកិច្ចកុំអោយចាប់ចងរូបគាត់ទៀតផង។

តែយ៉ាងណា សម្ដេចថាការចូលមកកម្ពុជារបស់លោក លឺ ឡាយស្រេង ធ្វើទៅបានលុះត្រាបញ្ឈប់ការប្រមាថ រួមទាំងមិនធ្វើជាព្រឹទ្ធាចារ្យនយោបាយជាដើម ។

លោក​ ​លឺ ឡាយ​ស្រេង​ ត្រូវ​បាន​កាត់​ទោស​ពី​បទ​បរិហារកេរ្តិ៍​លោក​ ​ហ៊ុន សែន​ និង​ប្រមាថ​ព្រះ​ជេស្តា​ព្រះ​មហាក្សត្រ ។

យ៉ាងណា តុលាការបានសម្រេច​ពិន័យ​ពីលោក លឺ ឡាយស្រេង ចូល​ជា​ថវិកា​ជាតិចំនួន​៨​លាន​រៀល និង​សំណង​ជំងឺ​ចិត្ត​៥០០​លាន​រៀល ពី​បទ​ជេរ​ប្រមាថ​ជា​សាធារណៈ ដែលមានចែងក្នុងមាត្រា ៣០៥នៃក្រមព្រហ្មទណ្ឌឆ្នាំ ២០០៩ ។

ការប្ដឹង និងចោទប្រកាន់លោក លឺ ឡាយស្រេង គឺផ្អែកលើសំឡេង​នៃ​ការ​សន្ទនា​តាម​ទូរស័ព្ទឯកជន​របស់​អតីត​ឧប​នាយក​រដ្ឋមន្ត្រី​កម្ពុជា​រូប​នេះ​ ​ ត្រូវ​បាន​គេ​លួច​ថត​ ​ហើយ​បង្ហោះ​ជា​សាធារណៈ​តាមរយៈ​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ «សីហា» ។ ​

​ក្នុង​ខ្សែ​អាត់​សំឡេង​នោះ ​លោក​ ​លឺ ឡាយស្រេង​ ​បាន​លើក​ឡើង​ពី​គម្រោង​ដែល​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ​ត្រៀម​ទទួល​យក​អាសនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​ប្រឈម​នឹង​ការ​រំលាយ​នាពេលនោះ​ ​និង​ថា​សម្ដេច​ ​ហ៊ុន សែន​ ​ឲ្យ​លុយ​ទៅ​មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ម្នាក់​២ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក ។​

ក្នុងសំឡេង​នោះ ​លោកក៏​បាន​ចំអកដាក់ព្រះ​បាទ​នរោត្តម​សីហមុនី​ ពាក់ព័ន្ធ​នឹង​ស្ថានភាព​នយោបាយ​កម្ពុជានាពេលនោះផងដែរ។

ច្បាប់រដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ ១៩៩៣ មាត្រា ៣៣ ចែងថា «ប្រជាពលរដ្ឋ​ខ្មែរ​មិន​អាច​ត្រូវ​បាន​ដក​សញ្ជាតិ​ និរទេស​ ឬ​​ ចាប់​បញ្ជូន​ខ្លួន​ទៅ​ឱ្យ​ប្រទេស​ក្រៅ​ណា​មួយ​ឡើយ​ លើក​លែង​តែ​មាន​កិច្ច​ព្រមព្រៀង​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក»

ជាងនេះ មាត្រា ៤០ នៃច្បាប់ដដែលចែងថា «សេរីភាព​ក្នុង​ការ​ដើរ​ឆ្ងាយ​ ជិត​ និង​ តាំង​ទី​លំនៅ​ក្នុង​ស្ថានភាព​ស្រប​ច្បាប់​របស់​ប្រជាពលរដ្ឋ​ត្រូវ​បាន​គោរព ។ ប្រជាពលរដ្ឋ​ខ្មែរ​ អាច​ចេញ​ទៅ​តាំង​ទី​លំនៅ​នៅ​ប្រទេស​ក្រៅ​ ឬ​ វិល​ត្រឡប់​មក​វិញ​បាន។

ការ​រក្សាសិទ្ធិ​មិន​ឲ្យ​រំលោភ​លើ​លំនៅឋាន​ និង​អាថ៌កំបាំង​នៃ​ការ​ឆ្លើយ​ឆ្លង​តាម​លិខិត​ តាម​សារ​ទូរលេខ​ ទូរពុម្ព​ ទូរគមន៍​ និង​តាម​ទូរស័ព្ទ​ ត្រូវ​បាន​ធានា»

អត្តបទដោយ៖ សោម លាភ

Share

Image
Image
Image