en     km
en     km

សម្ដេច ហ៊ុន សែនស្នើឱ្យអន្តរជាតិគិតថារាជរដ្ឋាភិបាលកម្ពុជាមិនស្របច្បាប់សូមពិចារ​ណា​​ឡើងវិញ

Share

ភ្នំពេញ៖ ​សម្ដេច ហ៊ុន សែន បញ្ជាក់នៅក្នុងវេទិការាជរដ្ឋាភិបាល និងឯកជនលើកទី១៨ ដោយចង់អន្តរជាតិទាំងឡាយណា ដែលគិតថារាជរដ្ឋាភិបាលកម្ពុជាជារាជរដ្ឋាភិបាលមិនស្របច្បាប់ហើយចង់ដាក់ទណ្ឌកម្មមកលើកម្ពុជាឱ្យគិតពិចារណាឡើងវិញ ដើម្បីស្វែងយល់ពីគ្នាបន្ត ។ សម្ដេចថា កម្ពុជានៅតែបន្តជួយប្រទេសដទៃដែលកំពុងជួបបញ្ហា អំឡុងពេលដែលខ្លួនក៏កំពុងជួបបញ្ហាជាច្រើនដូចគ្នាហើយត្រូវការដោះស្រាយចាំបាច់ដែរនោះ ។​

តែអ្នកវិភាគថា ការបញ្ជូនកងទ័ពទៅការពារសន្តិសុខពិភពលោកក្រោមឆ័ត្រអង្គការសហប្រជាជាតិនេះ គឺមិនអាចបញ្ជាក់ថា ប្រទេសនោះស្របច្បាប់ឬមិនស្របនោះទេ ។​

រាយការណ៍ដោយលោក សោម លាភ

 

ចូលមកដល់ឆ្នាំ ២០១៩ សហភាពអឺរ៉ុបបានសម្រេចថាដកការអនុគ្រោះពន្ធការនាំចូលអង្ករពីកម្ពុជា ។

សម្ដេច ហ៊ុន សែន ថា ការដកការអនុគ្រោះពន្ធលើការនាំចូលអង្ករពីកម្ពុជានេះ ជាការបំពានមកលើកម្ពុជាសុទ្ធសាធ ព្រោះដោយសារតែអង្ករកម្ពុជាជាប់លេខមួយជាច្រើនឆ្នាំមកហើយ ។

យ៉ាងណាកម្ពុជាកំពុងតែពិចារណាថាប្ដឹងទៅអង្គការពាណិជ្ជកម្មពិភពលោកចំពោះករណីនេះ​ ។

សម្ដេចថា ការដកការអនុគ្រោះពន្ធអង្ករពីកម្ពុជាមិនមែនជាបញ្ហានោះទេ ព្រោះកម្ពុជាមានទីផ្សារវៀតណាម រួមទាំងទីផ្សារប្រទេសចិន និងប្រទេសមួយចំនួនទៀត ។ សម្ដេចថា ការនាំទៅវៀតណាម៣០ម៉ឺនតោន ប៉ុន្តែការនាំចេញអង្ករពីកម្ពុជាជាង ១លានតោនរួចហើយលើទីផ្សារវៀតណាម ។

សម្ដេចថា កម្ពុជានឹងយកទីផ្សារវៀតណាមសម្រាប់កសិករកម្ពុជា ។ ជាងនេះការនាំចេញអង្ករទៅទីផ្សារចិនចំនួន៤០ ម៉ឺនតោន និងនាំចេញទៅកូរ៉េខាងត្បូង និងជប៉ុនគឺជាអាទីភាព នៃផលិតផលកសិកម្មរបស់កម្ពុជា ។

តែយ៉ាងណា សហភាពអឺរ៉ុបដដែល ក៏កំពុងតែដំណើរការនីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធបណ្ដោះអាសន្នចេញពីកម្ពុជាក្រោមក្របខ័ណ្ឌគ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធចេញពីកម្ពុជា ។

ការត្រៀមដកការអនុគ្រោះពន្ធនេះ​ គឺបើតាមមន្ត្រីរបស់សហភាពអឺរ៉ុប លោកស្រី Cecilia malnstrom និងលោកស្រី Federiga mogerini ថាដោយសារតែកម្ពុជាគ្មានការគោរពលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងគ្មាននីតិរដ្ឋ ។​ ជាងនេះ សហគមន៍អន្តរជាតិទាំងនេះគិតថា រាជរដ្ឋាភិបាលកម្ពុជាជារាជរដ្ឋាភិបាលមិនស្របច្បាប់ បានមកពីការបោះឆ្នោតក្លែងក្លាយ ។

យ៉ាងណា សម្ដេច ហ៊ុន សែន អំពាវនាវឱ្យសហគមន៍អន្តរជាតិទាំងនោះពិចារណាឡើងវិញ ។

កន្លងមក និងរហូតមកដល់ពេលនេះ សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា មិនដែលបង្ហាញនូវការព្រួយបារម្ភចំពោះការដកប្រព័ន្ធអនុគ្រោះពន្ធចេញពីកម្ពុជាឡើយ ។ ប្រសាសន៍ដដែលៗ ដែលសម្ដេច ហ៊ុន សែន បញ្ជាក់ម្ដងហើយម្ដងទៀតនោះគឺថា សេដ្ឋកិច្ចកម្ពុជាត្រូវបន្តរីកចម្រើនដោយខ្លួន​ឯង រស់ដោយខ្លួនឯង ទើបថ្លៃថ្នូរ ជំនួយបរទេសមិនធ្វើឱ្យកម្ពុជាក្លាយជាប្រទេសអ្នកមាននោះទេ ហើយអត់ជំនួយកម្ពុជាក៏មិនស្លាប់ដែរ ។

ក្រុមហ៊ុនវិនិយោគធំៗ សហជីព និងសង្គមស៊ីវិលបង្ហាញការព្រួយបារម្ភបើកម្ពុជារបូតការអនុគ្រោះពន្ធនាំចូលទៅសហភាពអឺរ៉ុប ។

ទោះបីជាមានការព្យួរការអនុគ្រោះពន្ធយ៉ាងណាក៏ដោយ សម្ដេចថា ទំនាក់ទំនងការទូតនៅតែមានជាបន្ត ។ ទាំងការធ្វើកិច្ចការក្នុងស្រុក និងកិច្ចការក្រៅស្រុកសម្ដេចថា កម្ពុជាមិនចោលមួយណាឡើយ ។

ជាក់ស្ដែងសម្ដេចថា​ បើទោះបីជាពេលនេះកម្ពុជាកំពុងធ្វើការងារក្នុងប្រទេស ហើយមានបញ្ហាជាច្រើនក្ដី តែកិច្ចការអន្តរជាតិក្នុងក្របខ័ណ្ឌនៃការចូលរួមក្នុងការរក្សាការពារសន្តិភាពរបស់អង្គការសហប្រជាជាតិនៅតែបន្ត ។

សម្ដេចថា កងទ័ពមួយកខៀវកម្ពុជាដែលបញ្ជូនទៅប្រទេសម៉ាលី ក្រោមឆ័ត្រអង្គការសហប្រជាជាតិ កំពុងមានហានីភ័យខ្ពស់ ដែលតម្រូវឱ្យកម្ពុជាចំណាយនូវថវិកាជាតិចំនួន ១៥ លានដុល្លារអាមេរិកដើម្បីបំពាក់រថពាសដែកសម្រាប់កងទ័ពកម្ពុជានៅទីនោះ ។ ​

សម្ដេចថា កម្ពុជាត្រូវតែធ្វើដើម្បីបំពេញកាតព្វកិច្ចជារដ្ឋដែលមានការទទួលខុសត្រូវជាមួយនឹងការចូលរួមប្រតិបត្តិការណ៍រក្សាសន្តិភាពសម្រាប់ពិភពលោក ។

កត្តានេះហើយ សម្ដេច ហ៊ុន សែន សង្ឃឹមថារដ្ឋភាគីពាក់ព័ន្ធមួយចំនួនមើលឃើញនូវអ្វីដែលកម្ពុជាកំពុងតែខិតខំធ្វើនេះ ។

យ៉ាងណា នាយករដ្ឋមន្ត្រីកម្ពុជាចង់ដឹងអំពីការយល់ឃើញពីប្រទេសដែលកំពុងដំណើរការដាក់ទណ្ឌកម្មមកលើកម្ពុជា ហើយគិតថាកម្ពុជាជារដ្ឋមិនស្របច្បាប់ថាយល់ឃើញយ៉ាងណាចំពោះករណីនេះ  ។

សម្ដេចនៅតែបង្ហាញចម្ងល់របស់ខ្លួនពាក់ព័ន្ធនឹងថាតើពិភពលោកបែងចែកជាប៉ូលប៉ុន្មាន និងស្ដង់ដាប៉ុន្មាន​។

សម្ដេច ហ៊ុន សែន​ ចង់ឱ្យប្រទេសដែលចង់ដាក់ទណ្ឌកម្មមកលើកម្ពុជាពិចារណាឡើងវិញ ។​

នាយករដ្ឋមន្ត្រីកម្ពុជាកាន់អំណាចជិត៤ ទសវត្សមកនេះ បានសួរបញ្ជាក់ទៅភាគីរដ្ឋដែលពាក់ព័ន្ធថា ប្រសិនបើរាជរដ្ឋាភិបាលកម្ពុជាជារដ្ឋាភិបាលមិនស្របច្បាប់ តើកងទ័ពកម្ពុជាដែលនៅក្រៅប្រទេសក៏មិនស្របច្បាប់ដែរ​ឬទេ ។

សម្ដេចថា កងទ័ពកម្ពុជាបច្ចុប្បន្នកំពុងចូលរួមជាអង្គការសហប្រជាជាតិដើម្បីរក្សាសន្តិភាពពិភពលោក នៅអាហ្វ្រិកកណ្ដាល នៅម៉ាលី នៅស៊ូដង់ នៅស៊ូដង់ខាងត្បូង​ រួមទាំងនៅលីបង់ផងដែរ ។ ជាងនេះ សម្ដេចបន្ថែមថាកម្ពុជាក៏កំពុងរៀបចំកម្លាំងសម្រាប់ប្រតិបត្តិការណ៍រហ័សថែមទៀតផង ។

ប្រធានគណបក្សប្រជាជនកម្ពុជាដដែលបង្ហាញមោទនភាពថា ប្រសិនបើកម្ពុជាមិនសមទៅនឹងកិច្ចការនោះទេ តើមានប្រទេសណាដែលសាកសមជាងនេះ ។

សម្ដេចអំពាវនាវឱ្យអន្តរជាតិមួយចំនួន ដែលសម្ដេចមិនបញ្ចេញឈ្មោះប្រទេសថា យកចិត្តទុកដាក់ទៅលើការយល់ដឹងពីគ្នា បញ្ឈប់ការមើលមកកម្ពុជាក្នុងន័យជាសត្វចម្លែកជាដើម ។

អ្នកវិភាគនយោបាយកម្ពុជា លោក បណ្ឌិតមាស នី ប្រាប់មណ្ឌលព័ត៌មានស្ត្រីកម្ពុជានៅរសៀលថ្ងៃទី ២៩ មីនានេះថា ការកំណត់ថារាជរដ្ឋាភិបាលស្របច្បាប់ ឬមិនស្របច្បាប់គឺអាស្រ័យទៅលើការបោះឆ្នោតត្រឹមត្រូវជាដើម ។

អ្នកវិភាគរូបនេះថា ការដែលថា ការបញ្ជូនកងទ័ពពីប្រទេសណាមួយទៅការពារសន្តិសុខពិភពលោកក្រោមឆ័ត្រអង្គការសហប្រជាជាតិនេះ មិនទាន់អាចកំណត់ថាប្រទេសនោះស្រប ឬមិនស្របច្បាប់នោះទេ ។

កម្ពុជា ក្នុងអន្តរកាលនេះត្រូវបានមើលឃើញថាពានព្យាយាមបង្ហាញ មុខមាត់​ជាខ្លាំង​នៅ​ឆាក​​អន្តរជាតិចាប់តាំងការរំលាយគណបក្សសង្រ្គោះជាតិ និងក្រោយការបោះឆ្នោតសភា នី​តិកាលទី​៦កាលពីថ្ងៃទី២៨កក្តដា ឆ្នាំ២០១៨ ដែលប​ក្សប្រឆាំងថាជាការ​បោះឆ្នោត​ក្លែង​ក្លាយ ខណៈសហភាពអឺរ៉ុបនិងអាមេរិក បានដកកិច្ចសហការជាមួយ​ញគណៈ​កម្មាធិការជាតិ​រៀបចំការបោះឆ្នោតកម្ពុជា ៕ 

អត្តបទដោយ សោម លាភ

Share

Image
Image
Image