en     km
en     km

សម្ដេច ហ៊ុន សែនបញ្ជាកងទ័ពកម្ចាត់ក្រុមប៉ុនប៉ងផ្ដួលរដ្ឋាភិបាល មុនលោកសម រង្ស៊ីចូលកម្ពុជា

Share

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសខ្លាំងៗថា កងទ័ពទាំងអស់ ត្រូវតែកំចាត់ក្រុមប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ឱ្យខានតែបាន ដោយមិនចាំបាច់មានការអនុញ្ញាត ឬបទបញ្ជាអ្វីឡើយ ។ ជាងនេះ សម្ដេចថា ការកំចាត់នេះ បណ្ដាលឱ្យស្លាប់មនុស្សមួយចំនួន ក៏មិនមានបញ្ហាដែរ ។ ដោយឡែកអ្នកវិភាគថា ពេលនេះមិនមែនជាពេលបញ្ជាកងទ័ពបែបនេះទេ ព្រោះមិនមែនជាពេលដែលកម្ពុជាស្ថិតក្នុងភាពមានអាសន្ន ។

លោក សោម​ លាភ ជូនសេចក្ដីរាយការណ៍

 

ឆ្នាំ ២០១៩ ជាឆ្នាំទី ៣៥ ដែលសម្ដេច ហ៊ុន សែន ដឹកនាំកម្ពុជា ហើយជារយៈពេលដឹកនាំយូរជាងគេក្នុងតំបន់ ក្នុងនាមឈ្មោះប្រទេសថាជាប្រជាធិបតេយ្យ ក្នុងតំណែងជានាយករដ្ឋមន្ត្រី ។

អំឡុងពេលនៃការដឹកនាំកម្ពុជា នាយករដ្ឋមន្ត្រីរូបនេះតែងតែអះអាងថា រដ្ឋាភិបាលរបស់លោក ជារដ្ឋាភិបាលស្របច្បាប់ ហើយមិនអាចត្រូវបាននរណាម្នាក់រំលោភ ឬផ្ដួលរំលំបានឡើយ ។

សម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជារូបនេះបានគម្រាមថា នឹងកម្ចាត់ ឬសម្លាប់ក្រុមណាដែលធ្វើបដិវត្តន៍គោលបំណងផ្ដួលរំលំរដ្ឋាភិបាលរបស់ខ្លួន ។

កន្លងមក សម្ដេច ហ៊ុន សែន ថា ពិតជាមានការសោកស្ដាយណាស់ ដែលកាលពីចុងឆ្នាំ ២០១៣ និងដើមឆ្នាំ ២០១៤ មិនបានសម្លាប់ក្រុមរបស់លោក សម រង្ស៊ី ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ហឹង្សាមួយនៅផ្លូវវែងស្រេង ។

នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ រូបនេះ បញ្ជាក់ម្ដងទៀតដោយឱ្យសិទ្ធិពេញលេញដល់កងទ័ពទាំងអស់មានសិទ្ធិប្រើមធ្យោបាយរបស់ខ្លួន ដើម្បីបង្រ្កាបក្រុមអ្នកមានបំណងផ្ដួលរំលំរដ្ឋាភិបាល ។

សម្ដេចបន្ថែមថា សម្លាប់មនុស្ស បួនប្រាំនាក់ ប្រសើរជាងស្លាប់មនុស្ស រាប់លាននាក់ ។

សម្ដេចប្រាប់ទៅកងកម្លាំងប្រដាប់អាវុធនៅក្នុងពីធីខួប២០ឆ្នាំនៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៅព្រឹកថ្ងៃនេះថាកងទ័ពអាចចេញទប់ស្កាត់ឱ្យកំទេចចោលក្រុមបដិវត្តន៍ពណ៌ដើម្បីផ្ដួលរំលំរដ្ឋាភិបាលឱ្យទាន់ពេលវេលា ហើយសម្ដេចថា សម្ដេចក៏មិនខ្លាចបញ្ជាឱ្យកងទ័ពធ្វើបែបនេះដែរ ។

សម្ដេចថា ធ្វើបែបនេះដើម្បីបង្ហាញថា កម្ពុជាគ្មានអំពើភេតលរវកម្ម ហើយគ្មានការដណ្ដើមអំណាចក្រៅក្របខ័ណ្ឌច្បាប់នោះទេ ។ សម្ដេចថា បើទោះបីជាកងទ័ពកម្ពុជាមិនសូវមានអាវុធទំនើប តែគឺមានសមត្ថភាពដើម្បីការពាររដ្ឋកម្ពុជាឱ្យបានល្អ ។

សម្ដេច ហ៊ុន សែន ក៏បានលើកឡើងថា នៅវេណេហ្សូអេឡា ក៏បានបង្រ្កាបក្រុមអ្នកបះបោរផងដែរ ។

ជាងនេះសម្ដេច  បញ្ជាក់ដោយប្រៀបធៀបជាមួយបារាំងថា បារាំងគេធ្វើបានគេបង្រ្កាបក្រុមបះបោរអាវកាក់លឿងបាន។ តើហេតុអ្វីបានជាកម្ពុជាធ្វើមិនបាន ? សម្ដេចថា​ នេះជាការអយុត្តិធម៌សម្រាប់កម្ពុជាណាស់ ។

យ៉ាងណាលោក បណ្ឌិតមាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយឯករាជ្យ ប្រាប់វិទ្យុស្រ្តីនៃមណ្ឌលព័ត៌មានស្ត្រីកម្ពុជានៅថ្ងៃទី ២៤ ខែ មករានេះថា លោកមិនយល់ថាហេតុអ្វីបានជានាយករដ្ឋមន្ត្រីកម្ពុជាថ្លែងបញ្ជាកងទ័ពបែបនេះ ព្រោះការបញ្ជាបែបនេះ មានតែនៅក្នុងស្ថានភាពប្រទេសដែលត្រូវបានប្រកាសឱ្យស្ថិតក្នុងភាពមានអាសន្នតែប៉ុណ្ណោះ  ។

លោកបណ្ឌិតថា រាជរដ្ឋាភិបាលកម្ពុជាមានការព្រួយបារម្ភចំពោះស្ថិរភាពនៃការកាន់អំណាចរបស់ខ្លួន មិនមែនតែក្រោយពេលដែលដឹងថាលោក សម រង្ស៊ី រៀបនឹងចូលកម្ពុជាទេ តាំងពីគណបក្សប្រជាជនកម្ពុជាធ្លាក់ប្រជាប្រិយភាពតាំងពីឆ្នាំ ២០១៣ មកម៉្លេះ។

យ៉ាងណា ការវិលទៅរកទំនាក់ទំនងស្អិតរមួតជាមួយចិនក៏ព្រោះតែហេតុផលមួយនេះដែរ ។

លោក បណ្ឌិតបន្ថែមថា ការប្រកាសនៅថ្ងៃនេះរបស់សម្ដេច ហ៊ុន សែន ជាការបង្ហាញឱ្យឃើញសាធារណៈជនថា រាជរដ្ឋាភិបាលកម្ពុជា នៅត្រូវកម្លាំងប្រដាប់អាវុធត្រូវស្មោះត្រង់ជាមួយ ។

បើតាមមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ​ឱ្យដឹងថា លោក សម រង្ស៊ី អាចនឹងចូលមកកម្ពុជាក្នុងអំឡុងពេល ៣ ខែទៀងនេះ ។

កាលពីថ្ងៃទី ២០ មករា គណៈកម្មាធិការអចិន្ត្រៃយ៍នៃអតីតគណបក្សសង្គ្រោះជាតិ ដាក់ផែនការចំនួន ៥ ចំណុចសម្រាប់ឱ្យលោក សម រង្ស៊ី ត្រឡប់មកកម្ពុជាវិញ ។

ក្នុងចំណុចទាំង ៥ នោះ មានមួយចំណុចគឺរៀបចំកម្លាំងដើម្បីត្រៀមទទួលលោក សម រង្ស៊ីចូលកម្ពុជា ។

កាលពីថ្ងៃទី ២២ មករា ការិយាល័យអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បានចេញសេចក្ដីថ្លែងការណ៍ថា​ នឹងបង្ក្រាបអ្នកដែលទៅហៃហម លោក សម រង្ស៊ី ដោយអាជ្ញាធរចាប់ក្រោមមូលហេតុការមិនអនុវត្តសាលដីការតុលាការជាដើម  ៕

អត្តបទដោយ៖ សោម លាភ

Share

Image
Image
Image