en     km
en     km

សម្ដេច ហ៊ុន សែនថា គេត្រូវយកវិស័យទេសចរណ៍មកទប់ទល់នឹងការយកពន្ធអង្ករដោយEU

Share

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន បញ្ញាឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធ ក៏ដូចជាប្រជាពលរដ្ឋ ធ្វើយ៉ាងណាដើម្បីលើកស្ទួយវិស័យទេសចរណ៍ ដើម្បីជាយន្តការក្នុងការជម្រុញកំណើនវិស័យកសិកម្មមួយកម្រិតថែមទៀត ក្រោយពេលដែលសហភាពអឺរ៉ុបបានសម្រេចយកពន្ធនៃការនាំចូលអង្ករពីកម្ពុជា ។

លោក សោម លាភ រាយការណ៍៖

 

ការថ្លែងបែបនេះរបស់នាយករដ្ឋមន្ត្រីកម្ពុជា គឺធ្វើឡើងនៅក្នុងពិធីអបអរសាទរ «ទិវាជាតិទីក្រុងស្អាត» លើកទី៧ ក្រោមប្រធានបទ «ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅ» នៅសណ្ឋាសុខាភ្នំពេញនៅថ្ងៃទី២៥ កុម្ភៈនេះ ។

នាឱកាសនោះ សម្ដេចថា ទីក្រុង ឬតំបន់ទេសចរណ៍ស្អាតគឺត្រូវការជាចាំបាច់នូវការចូលរួមពីសំណាក់ប្រជាជនខ្មែរទាំងអស់ ដើម្បីជាការទាក់ទាញអ្នកទេសចរណ៍ទាំងជាតិ និងអន្តរជាតិ ។

យ៉ាងណា សម្ដេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា កម្ពុជាទោះបីជាចាត់វិធានការបែបណាក៏ដោយ ក៏ធានាឱ្យបាននូវការទប់ស្កាត់ឱ្យមានប្រសិទ្ធភាពនូវរាល់សកម្មភាពទាំងឡាយណា ដែលប៉ុនប៉ងប្រមូលផ្ដុំដើម្បីធ្វើសកម្មភាពភេរវកម្មផ្សេងៗ ។

សម្ដេច ហ៊ុន សែន ធ្លាប់ប្រកាសឱ្យកងទ័ពបង្ក្រាបសកម្មភាពដែលសម្ដេច ហៅថា ជាសកម្មភាពបដិវត្តន៍ពណ៌ផងដែរ ។ ការបញ្ជាក់បែបនេះ ធ្វើឡើងក្រោយពេលដែលមន្ត្រីអតីតបក្សប្រឆាំងធំជាងគេនៅកម្ពុជា គឺគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការរំលាយកាលពីឆ្នាំ ២០១៧ បានប្រកាសរៀបចំគម្រោងឱ្យលោក សម រង្ស៊ី ប្រធានស្ដីទីនៃអតីតគណបក្សនេះ វិលត្រលប់មកកម្ពុជាវិញ ។​

លោក សម រង្ស៊ី ក៏បានស្នើសុំសហភាពអឺរ៉ុប ឱ្យជួយការពារសកម្មជនអតីតគណបក្សប្រឆាំង ក្នុងដំណើរវិលចូលកម្ពុជាផងដែរ ។ ជាងនេះ លោកក៏ជម្រុញ និងលើកទឹកចិត្តដល់សហភាពអឺរ៉ុប ឱ្យដាក់ទណ្ឌកម្មមកលើកម្ពុជា ។

យ៉ាងណា សហភាពអឺរ៉ុប កំពុងតែដំណើរការនីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធគ្រប់មុខទំនិញទាំងអស់លើកលែងអាវុធពីកម្ពុជា ដំណាក់កាលទី ២ ។

មុនដំណើរការនីតិវិធីនេះ សហភាពអឺរ៉ុប ក៏បានសម្រេចជាស្ថាពរក្នុងការយកពន្ធអង្ករពីកម្ពុជាទៅសហភាពនេះ ក្រោមហេតុផលដើម្បីជាប្រយោជន៍ដល់ប្រទេសជាសមាជិករបស់ខ្លួន ដែលធ្វើឱ្យកម្ពុជា បាត់បង់ចំណូលប្រមាណជា ៥៤ លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ ។

កន្លងមក រាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានបង្ហាញពីយុទ្ធសាស្ត្រ ក្នុងការបន្តធ្វើសកម្មភាពផ្សេងៗ ដើម្បីធានាឱ្យបាននូវកំណើនសេដ្ឋកិច្ច ដោយមិនពឹងនឹងជំនួយបរទេស ។

ក្រោយពេលអឺរ៉ុបយកពន្ធអង្ករពីកម្ពុជា ប្រទេសចិនបានបង្ហាញជំហររបស់ខ្លួនថា នឹងទិញអង្ករកម្ពុជាចន្លោះពី ៣០ ម៉ឺន ទៅ៤០ ម៉ឺនតោន ហើយវៀតណាម គឺ ៣០ ម៉ឺនតោនផងដែរ ។ ដោយឡែក អ្នកវិភាគថា មិនអាចទៅរួចនោះទេ ។

មកដល់ថ្ងៃនេះ សម្ដេចបានបង្ហាញយុទ្ធសាស្ត្រថ្មីមួយទៀត ក្នុងការទប់ទល់ដើម្បីបង្កើនទំហំសេដ្ឋកិច្ចរីកចម្រើនក្រោយការយកពន្ធអង្ករពីកម្ពុជាដោយសហភាពអឺរ៉ុ​ប ។

ជាក់ស្ដែងសម្ដេច បានបញ្ជាក់ដោយប្រើប្រាស់វិស័យទេសចរណ៍ ដើម្បីទប់ទល់នឹងករណីនេះផងដែរ ។

នាយករដ្ឋមន្ត្រីកម្ពុជាពន្យល់ថា អ្នកដែលមកទេសចរណ៍នៅកម្ពុជា គឺមិនដែលវេចអង្ករមកតាមនោះទេ ដូចនេះ កម្ពុជាគួរកែច្នៃអង្ករសម្រាប់សេចក្ដីត្រូវការរបស់ពួកគេ ដោយមិនចាំបាច់នាំចេញក៏បាន ។

យ៉ាងណា សម្ដេច មានប្រសាសន៍ថា ត្រូវប្រើប្រាស់វិស័យទេសចរណ៍ បង្កើនកំណើនវិស័យកសិកម្ម ។

សម្ដេច បញ្ជាក់បន្ថែមទៀតថា ត្រូវធ្វើយកលទ្ធភាពដែលមានស្រាប់ដូចជា ភោជនីយដ្ឋាន សណ្ឋាគារ ដើម្បីធ្វើជាទីផ្សារសម្រាប់កសិករ ហើយការធ្វើបែបនេះ ច្បាស់ណាស់គឺកាត់បន្ថយហានីភ័យសម្រាប់កសិករទាំងអស់ ។

ភ្ញៀវទេសចរណ៍បរទេស ដែលមកកម្ពុជាកាលពីឆ្នាំ ២០១៨ មានប្រមាណជាង ៦ លាននាក់ ហើយក្នុងនោះ ភ្ញៀវទេសចរណ៍ដែលជាជនជាតិចិន គឺមានច្រើនជាងគេ ៕

អត្តបទដោយ៖ សោម លាភ

Share

Image
Image
Image