en     km
en     km

សម្ដេច ហ៊ុន សែនថា​ វត្តមានលោកស្រីអោង សានស៊ូជី គឺពង្រឹងមិត្តភាព តែលោក សម រង្ស៊ី គិតខុសពីនេះ

Share

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន បញ្ជាក់ថា ការបំពេញទស្សនកិច្ចផ្លូវការរបស់លោក ស្រីអោង សាងស៊ូជី មកកម្ពុជា ជាការពង្រឹងនូវមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីលើគ្រប់វិស័យ ។ តែលោក សម រង្ស៊ី ថា វត្តមានរបស់លោកស្រី នឹងធ្វើឱ្យគេនឹងឃើញដល់លោក កឹម សុខា ទៅវិញទេ ។

កញ្ញា ឆោមពៅនិកា រាយការណ៍៖

 

តាមការចុះផ្សាយលើទំព័រហ្វេសបុករបស់សម្ដេច ហ៊ុន សែន កាលពីរសៀលថ្ងៃទី ២៩ មេសា ម្សិលមិញ សម្ដេចសរសេរដោយបង្ហាញការស្វាគមន៍នូវដំណើរទស្សនកិច្ចផ្លូវការរបស់ លោកស្រី អោង សានស៊ូជី  មកកាន់កម្ពុជា ។

ការមកបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃនៅកម្ពុជារបស់លោកស្រី មេដឹកនាំនៃ​ប្រទេស​ភូមា​ធ្វើឡើងតបតាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីកម្ពុជា ។

សម្ដេចថា ដំណើរទស្សនកិចច្ចនេះ ជាការពង្រឹង និងពង្រីកថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ព្រមទាំងក្នុងក្របខ័ណ្ឌអាស៊ាន និងពហុភាគី ។

ដោយឡែក លោក សម រង្ស៊ី ប្រធានស្ដីទីនៃអតីតគណបក្សសង្រ្គោះជាតិ  ក៏បានសរសេរលើទំព័រហ្វេសបុករបស់ខ្លួនថា ដំណើរទស្សនកិច្ចរបស់លោក ស្រី អោង សាងស៊ូជី នៅកម្ពុជា នឹងធ្វើឱ្យសាធារណៈមតិចងចាំថា លោកស្រីធ្លាប់ត្រូវបានឃុំនៅក្នុងគេហដ្ឋានរយៈពេលប្រមាណ ១៤ ឆ្នាំ ។

លោក សម រង្ស៊ី ថា លោក កឹម សុខា ជាអ្នកទោសនយោបាយ ដូចលោកស្រី អ៊ុង សានស៊ូជី កាលពីប្រមាណ ១០ ឆ្នាំមុន ។

ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយ កាលពីចុងឆ្នាំ ២០១៧ បន្តទៀតថា  ការឃុំឃាំងលោកស្រីក្នុងផ្ទះ  ធ្វើឲ្យពិភពលោកទាំងមូល ទាមទារឲ្យមានការដោះលែងលោកស្រីឲ្យទទួលបានសេរីភាពពេញលេញឡើងវិញ ។ លោកថា លោក កឹម សុខា ក៏កំពុងតែត្រូវទទួលការឃុំឃាំងក្នុងផ្ទះ ជាង ៦ ខែមកហើយ   ហើយពិភពលោកទាំងមូល ក៏ទាមទារឲ្យនាយករដ្ឋមន្ត្រីកម្ពុជាដោះលែងលោកផងដែរ ។

យ៉ាងណា​ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានមានប្រសាសន៍ដែលហាក់ដូចជាការទទួលស្គាល់ថា​លោក កឹម សុខា កំពុងតែត្រូវបានឃុំខ្លួនក្នុងផ្ទះ កន្លងមក មន្រ្តីកម្ពុជាមកពីគណបក្សប្រជាជនកម្ពុជាទាំងអស់ថា មិនមែនជាការឃុំខ្លួនក្នុងផ្ទះទេ ។ 

អ្នកវិភាគវ័យក្មេង គឺលោកបុង ដែត មានធ្លាប់ប្រសាសន៍ប្រាប់មណ្ឌលព័ត៌មានស្ត្រីកម្ពុជាថា ការធ្វើទស្សនកិច្ចរបស់ លោកស្រី អោង សានសូជី គឺមិន​អាច​ជួយកែ​ប្រែ ឬ​ធ្វើ​​អោយ​​តម្លៃ​នយោ​បាយ ​នៅកម្ពុជា មានភាពធូរស្រាល ឬមាន​មុខ​មាត់​ឡើង​វិញ​ទេនៅលើឆាក​អន្តរ​ជាតិនោះទេ ។

លោកថា ទស្សនកិច្ចនេះអាចគ្រាន់តែជាការពង្រឹងចំណងការទូតទ្វេភាគីប៉ុណ្ណោះ ។

សូមបញ្ជាក់ថា ក្នុងអំឡុងពេលទស្សនកិច្ច លោកស្រី អោង សានស៊ូជី នឹងចូលបង្គំគាល់ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរនៅក្នុងព្រះបរមរាជវាំង ។ លោកស្រីក៏នឹងចូលសម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេច  ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំងមានជំនួបពិភាក្សាទ្វេភាគីជាមួយសម្តេច ហ៊ុន សែន នៅនៅវិមានសន្តិភាព ។

លោកស្រី នឹងអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធនៅស្តូបវិមានឯករាជ្យ និងព្រះមណ្ឌបព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រកម្ពុជា ។ ហើយនៅចុងបញ្ចប់ នៃដំណើរទស្សនកិច្ច លោកស្រី នឹងអញ្ជើញទៅទស្សនាប្រាសាទមួយចំនួន នៅខេត្តសៀមរាបផងដែរ ។

ក្នុងឆ្នាំ១៩៩១ លោកស្រីអោង សាងស៊ូជី  ទទួលជ័យលាភីផ្នែកប្រជាធិបតេយ្យ ។

លោកសម រង្ស៊ី និងលោកស្រី អោង សានសូជីធ្លាប់ជួបគ្នាម្ដងកាលពីឆ្នាំ២០១២ នៅទីក្រុងរ៉ង់ហ្គូន ដែលនៅពេលនោះ លោកសមរង្ស៊ីត្រូវបានលោកស្រីសូជីអញ្ជើញអោយចូលរួម​ជាអ្នក​សង្កេត​ការណ៍នៅពេលគណបក្ស សម្ព័ន្ទជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រីធ្វើសមាជ បក្ស។

លោក សម រង្ស៊ី ក៏ទទួលបានពានរង្វានជើងឯកអ្នកប្រជាធិបតេយ្យនៅកម្ពុជាពីអង្គការកូរ៉េ ខណៈដែលលោក កឹម សុខា មិនទាន់ទទួលបានសេរីភាពអស់រយៈពេលជិតពីឆ្នាំទៅហើយក្ដី ។

លោក កឹម សុខា ត្រូវរងការចោទប្រកាន់ពីបទក្បត់ជាតិ ដែលមានការព្រមព្រៀងជាមួយរដ្ឋបរទេស ដើម្បីផ្ដួលរំលំរដ្ឋាភិបាលកម្ពុជា ។ មកដល់ពេលនេះ តុលាការមិនទាន់រកឃើញ ពិរុទ្ធភាពរបស់លោក កឹម សុខានៅឡើយនោះទេ ហើយក៏មិនមានភស្ដុតាងដាក់បន្ទុកបន្ថែមទៀតដែរ ក្រៅពីវីដេអូកាលពីឆ្នាំ ២០១៣នោះ ៕

អត្តបទដោយ៖ សោម លាភ

 

Share

Image
Image
Image