en     km
en     km

សម្ដេច​ ហ៊ុន​ សែន​ ៖​ អន្តរជាតិ​ត្រូវ​គោរព​អធិបតេយ្យភាព​កម្ពុជា​ តែ​អ្នកវិភាគ​ថា​អន្តរជាតិ​មាន​កាតព្វកិច្ច​

Share

ភ្នំពេញ៖ ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ ថ្លែង​អំពាវនាវ​ ដល់​សហគមន៍​អន្តរជាតិ​ កុំឱ្យ​លូកដៃ​ចូល​កិច្ចការ​នយោបាយ​កម្ពុជា​ ដែល​សម្ដេច​ថា​ ជា​ការ​ជ្រៀតជ្រែក​ អធិបតេយ្យភាព​កម្ពុជា​ ។​

Hun-Sen-28
សម្ដេច​ ហ៊ុន​ សែន​ នៅ​ក្នុង​ពិធី​ប្រារព្ធ​ ខួប​៦៥​ឆ្នាំ​ នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា
​​

ការ​ថ្លែង​របស់​សម្ដេច​ ហ៊ុន​ សែន​ ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ប្រារព្ធ​ ខួប​៦៥​ឆ្នាំ​ នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​បាន​ធ្វើ​ឡើង​ នៅ​ស្នាក់​ការ​គណបក្ស​នៅ​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​អង្គារ​ទី​២៨​មិថុនា​នេះ​ ។​ ប៉ុន្ដែ​អ្នក​តាមដាន​ស្ថានការណ៍​សង្គម​យល់​ថា​ បណ្ដា​ប្រទេស​អន្ដរជាតិ​ជា​មិត្ដ​ មិន​អាច​នឹង​ឈប់​ខ្វាយខ្វល់​ពី​កម្ពុជា​បាន​ឡើយ​ បើកាលណា​ការ​រំលោភ​បំពាន​ច្បាប់​ និង​ ការ​រំលោភសិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ នៅ​តែ​បន្ត​ ។​ លោក​ លៀ​ ស៊ី​ណា​ លម្អិត​ព័ត៌មាន​៖

 

​ក្នុង​ពិធី​នោះ​សម្ដេច​ បាន​ថ្លែង​អំពាវនាវ​ ដល់​សហគមន៍​អន្តរជាតិ​  កុំ​លូកដៃ​ចូល​កិច្ចការ​នយោបាយ​ កម្ពុជា​ ដែល​សម្ដេច​ថា​ជា​ការ​ជ្រៀតជ្រែក​ អធិបតេយ្យភាព​កម្ពុជា​។​

​សម្ដេច​ ហ៊ុន​ សែន​៖​ «​នេះ​មិនមែន​ជា​បញ្ហា​នយោបាយ​នោះ​ទេ​ ដូច្នេះ​គណបក្ស​ ក៏​ដូច​ជា​អង្គការ​សង្គម​មួយ​ចំនួន​មិន​គប្បី​ភ្ជាប់​ខ្លួន​ជាមួយ​បុគ្គល​ដែល​បាន​ប្រព្រឹត្ដិ​ខុសច្បាប់​នោះ​ឡើយ​ ព្រម​ជាមួយ​នេះ​យើង​សង្ឃឹមថា​ មជ្ឈដ្ឋាន​បរទេស​មួយ​ចំនួន​ដែល​មិន​បាន​យល់​ពី​សភាព​ការ​ពិត​នៅ​កម្ពុជា​ សូម​បន្ដ​ស្វែង​យល់​ឲ្យ​បាន​ច្បាស់លាស់​ត្រឹមត្រូវ​ និង​ផ្ដល់​នូវ​ការ​គាំទ្រ​ដំណើរការ​ (​មួយ​ចំនួន​)​ នៃ​ការ​អនុវត្ដន៍​និ​តិ​រដ្ឋ​ ជាមួយ​និង​ការ​គោរព​ដល់​អធិបតេយ្យ​របស់​កម្ពុជា​»​ ។​

​ជាមួយ​គ្នា​នេះ​ សម្ដេច​ ហ៊ុន​ សែន​ ក៏​មាន​ប្រសាសន៍​ រិះគន់​ អ្នកនយោបាយ​មួយ​ចំនួន​ ដែល​មិន​ហ៊ាន​ចេញ​មុខ​ មក​ទទួលខុសត្រូវ​ចំពោះ​កំហុស​ខ្លួន​ ដែល​បាន​ប្រព្រឹត្ត​ ។​ ប្រសាសន៍​របស់​សម្ដេច​ នាយក​រដ្ឋមន្ត្រី​ទំនង​និយាយ​សំដៅលើ​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​មានរឿង​ក្ដី​ហើយ​ សម្ងំ​ជ្រកកោន​ នៅ​ស្នាក់​ការ​គណបក្ស​ ជា​ច្រើន​ថ្ងៃ​មក​ហើយ​នោះ​ ។​

​ចំណែក​សាស្ដ្រាចារ្យ​វិទ្យាសាស្ដ្រ​នយោបាយ​លោក​ សូ​ ច​ន្ថា​ មាន​ប្រសាសន៍​មក​កាន់​វិទ្យុ​ស្ដ្រី​នៅ​ថ្ងៃ​ អង្គារិ៍​ ទី​ ២៨​ មិថុនា​ នេះ​ថា​ការ​រំលោភសិទ្ធិ​មនុស្ស​ ការ​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​ និង​ ការ​ធ្វើ​ឲ្យ​ប្រព័ន្ធ​យុ​ត្ដិ​ធ​ម៍​នៅ​កម្ពុជា​ មិន​អាច​ដំណើរការ​ប្រក​ដ​ដោយ​ភាព​ត្រឹមត្រូវ​ជាដើម​ ទាំងនេះ​ពុំ​មែន​ជា​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ តែ​ម្នាក់ឯង​ទេ​ វា​ជា​បញ្ហា​ជា​អន្ដរជាតិ​ ។​ លោក​ថា​ ដោយសារ​កម្ពុជា​ជា​សមាជិក​អង្គការសហប្រជាជាតិ​ ហើយ​សហគមន៍​អន្តរជាតិ​ក៏​ជា​ប្រទេស​ហត្ថលេខី​សន្ដិភាព​ទីក្រុង​ប៉ា​រី​ផង​ ទើប​អន្ដរជាតិ​គេ​ខ្វាយខ្វល់​មក​ដល់​ការ​បំពេញ​ដំណើរ​លទ្ធិប្រជាធិបតេយ្យ​ក​នៅ​កម្ពុជា​ ។​

​សាស្ដ្រាចារ្យ​វិទ្យាសាស្ដ្រ​នយោបាយ​រូប​នេះ​ បន្ថែម​ថា​ សត្ស​វ​តទី​២១​នេះ​ កម្ពុជា​មិន​អាច​រស់នៅ​ម្នាក់ឯង​ ហើ​ប្រសិនជា​ រាជរដ្ឋាភិបាល​បង្ខំ​បដិសេធ​រាល់​អនុសាសន៍​របស់​អន្ដរជាតិ​ ជុំវិញ​ការ​គោរព​លទ្ធិប្រជាធិបតេយ្យ​នេះ​ នឹង​នាំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ជួប​ក្ដី​លំបាក​ ក៏​ដូច​ជា​ជាតិ​ត្រូវ​បាត់បង់​ ការ​គាំពារ​ និង​ជំនួយ​ដែល​បណ្ដា​ប្រទេស​អន្ដរជាតិ​ទាំងនោះ​ធ្លាប់​ផ្ដល់​មក​កម្ពុជា​ ។​

​លោក​ សូ​ ច​ន្ថា​ បញ្ជាក់​ថា​ ប្រសិនជា​កម្ពុជា​មិន​ចង់​ឲ្យ​អន្ដរជាតិ​មក​ ពាក់ព័ន្ធ​កិច្ច​ផ្ទៃក្នុង​របស់​ខ្លួន​ រាជរដ្ឋាភិបាល​ត្រូវ​តែ​បង្ហាញ​ឲ្យ​ឃើញ​ថា​ ខ្លួន​បាន​គោរព​យ៉ាង​ត្រឹមត្រូវ​ពេញលេញ​ ទៅ​តាម​ច្បាប់រដ្ឋធម្មនុញ្ញ​ដែល​ចែង​អំពី​ ប្រទេស​ដែល​កាន់​លទ្ធិប្រជាធិបតេយ្យ​ សិរី​ពហុបក្ស​ ។​

so-chantha-thum
​សាស្ដ្រាចារ្យ​វិទ្យាសាស្ដ្រ​នយោបាយ​លោក​ សូ​ ច​ន្ថា

​លោក​ សូ​ ច​ន្ថា​៖ «​អ្វី​ដែល​កម្ពុជា​ត្រូវធ្វើ​គឺ​គោរព​ទៅ​តាម​ច្បាប់​ ដែល​ចែង​ថា​កម្ពុជា​ជា​ប្រទេស​លទ្ធិប្រជាធិបតេយ្យ​សិរី​ពហុបក្ស​ ហើយ​ឈរ​លើក​គោលការណ៍​ប្រជាធិបតេយ្យ​គឺ​ការ​ប្រ​គួ​ត​ប្រជែង​គ្នា​ដោយ​សេរី​ ត្រឹមត្រូវ​ និង​ ស្មោះត្រង់​ ហើយ​ការ​អនុវត្ដន៍​ច្បាប់​ត្រូវ​មាន​ស្ដង់ដា​តែ​មួយ​ស្រប​តាម​អន្ដរជាតិ​ កម្ពុជា​ត្រូវ​ផ្ដល់​សេរីភាព​ដល់​ប្រជាពលរដ្ឋ​ និង​ គោរព​សិទ្ធិ​មនុស្ស​ »​។​

​សម្រាប់​លោក​ សុខ​ ឥ​សាន្ដ​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ប្រសាសន៍​ថា​ បញ្ហា​រំលោភសិទ្ធិ​មនុស្ស​នៅ​កម្ពុជា​មានការ​ប៉ះពាល់​តិច​តូច​ណាស់​គឺ​ ប្រ​សិន​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ក្នុង​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​មួយ​ចំនួន​ ។​ លោក​ថា​ អ្នកវិភាគ​ស្ទើរ​ ១០០%​ ទៅ​ហើយ​ដែល​អ្នក​ទាំងនោះ​ សុទ្ធសឹងតែ​ក្រុមប្រឆាំង​រាជរដ្ឋាភិបាល​ ដែល​តែងតែ​លើកយក​ចំណុច​ខ្វះខាត​មិនល្អ​របស់​រដ្ឋាភិបាល​មក​និយាយ​ ។​ ចំណែក​ចំណុច​ល្អ​របស់​រដ្ឋាភិបាល​ អ្នក​ទាំងនោះ​មិន​ដែល​ យក​មក​និយាយ​ដើម្បី​ឲ្យ​សាធារណជន​ដឹង​ឡើយ​ ។​

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​បញ្ជាក់​ថា​ រាជរដ្ឋាភិបាល​មិន​ដែល​ធ្វើ​អ្វី​បំពាន​ទៅ​លើ​រដ្ឋធម្មនុញ្ញ​ ឬ​ក៏​សិទ្ធិ​មនុស្ស​ដូច​អ្វី​ដែល​ក្រុម​អ្នកវិភាគ​ លើក​លើង​នោះ​ឡើយ​ ។​

​លោក​ សុខ​ ឥ​សាន្ដ​៖ «​ខ្ញុំ​សុំ​ឲ្យ​គាត់​បោះបង់​ចោលការ​ដែល​ចោទ​ថា​ ស្ថាប័នរដ្ឋ​ទាំងមូល​ទៅ​រំ​លោ​រដ្ឋធម្មនុញ្ញ​វា​មិន​ត្រឹមត្រូវ​ទេ​ ស្ថាប័ន​រដ្ឋសភា​ជាស​មោហ​ភាព​មួយ​ មុន​សម្រេច​មាន​មូល​ដ្ឋា​ច្បាស់លាស់​ណាស់​ មិនមែន​រំលោភ​រដ្ឋធម្មនុញ្ញ​ ដូ​ជ​គាត់​ចោទ​ទេ​ គាត់​ឯកជន​ទេ​ដែល​មិន​យល់​ច្បាប់​ឬ​គាត់​យល់​ដែរ​ធ្វើ​មិន​យល់​ដើម្បី​បំភ័ន​មតិ​សាធារណៈ​»​ ។​

​ការ​កត់សម្គាល់​របស់​ សម្ដេច​ នាយក​រដ្ឋមន្ត្រី​ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ ឯកអគ្គរដ្ឋទូត​ប្រទេស​ជា​ច្រើន​ រួម​មាន​អា​មេ​រិ​ក​ សហភាព​អឺរ៉ុប​  កា​ណា​ដា​ បារាំង​ អា​ល្លឺ​ម៉​ង់​ និង​ គណៈកម្មាធិការ​កាកបាទក្រហម​អន្តរជាតិ​ បាន​ចូល​ជួប​ លោក​ កឹ​ម​ សុខា​ ដែល​ក្នុង​ជំនួប​នោះ​ ជនបរទេស​ទាំងនោះ​ សម្ដែង​ការ​ចាប់អារម្មណ៍​ ចំពោះ​នយោបាយ​នៅ​កម្ពុជា​ ខណៈ​បក្ស​ប្រឆាំង​ថា​នឹង​នាំ​ឱ្យទៅ​រក​ចំនុច​គ្រោះថ្នាក់​ ៕​

Share

Image
Image
Image