en     km
en     km

សម្ដេច​ ហ៊ុន​ សែន​ អំពាវនាវ​ឱ្យ​កម្មករ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឱ្យ​បាន​គ្រប់ៗ​គ្នា​

Share

ភ្នំពេញ៖សម្ដេច​នាយក​រដ្ឋមន្ដ្រី​ជា​ថ្មី​ម្ដងទៀត​បាន​អំពាវនាវ​ ឱ្យ​ពលរដ្ឋ​ ជា​ពិសេស​គឺ​កម្មករ​ ដែល​បម្រើ​ ការងារ​នៅ​តំបន់​ផ្សេងៗ​គ្នា​ ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ នៅ​ទីកន្លែង​ដែល​ខ្លួន​ស្នាក់​នៅ​ ឬ​ស្រុក​កំណើត​របស់​ខ្លួន​ដែល​សម្ដេច​ថា​ ជា​ការ​បំពេញ​សិទ្ធិ​ជា​ពលរដ្ឋ​។​

នាយករដ្ឋមន្រ្តី សម្តេច ហ៊ុន សែន។
នាយករដ្ឋមន្រ្តី សម្តេច ហ៊ុន សែន។

សម្ដេច​នាយក​រដ្ឋមន្ដ្រី​មាន​ប្រសាសន៍​ដូចនេះ​ នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ដ្រ​ នៅ​ព្រឹក​ថ្ងៃ​ទី​២២​ ខែកញ្ញា​ នេះ​។​

​ក្នុង​ពិធី​នេះ​សម្ដេច​ទទូច​ ថា​ ពលរដ្ឋ​គ្រប់​រូប​ដែល​គ្រប់​អាយុ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ត្រូវ​តែ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ ទៅ​ចូលរួម​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ហើយ​ពលរដ្ឋ​ចំណាកស្រុក​ រួម​ទាំង​កម្មករ​ ផង​ដែរ​ អាច​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ នៅ​នឹង​កន្លែង​ដែល​ខ្លួន​ស្នាក់​នៅ​ ហើយ​បើ​ចង់ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ នៅ​ស្រុក​កំណើត​របស់​ខ្លួន​ ក៏​បាន​ព្រោះ​លោក​ថា​ នេះ​ជា​សិទ្ធិ​របស់​បុគ្គល​ម្នាក់ៗ​។​

​សម្ដេច​ ហ៊ុន​ សែន​ ៖«​ទោះបី​ថា​ យើង​មានការ​ រវល់​ ប៉ុន្ដែ​សូមកុំ​បោះបង់​សិទ្ធិ​របស់​យើង​តាម​ រយៈ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ គណៈ​ក​ម្មា​ការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ បណ្ដា​បក្សនយោបាយ​ ទាំងអស់​ សុទ្ធតែ​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ចំនុចរួម​នៃ​បណ្ដា​បក្សនយោបាយ​ ទោះបី​មាន​ចំនុច​ខុសៗ​គ្នា​ នៃ​កម្មវិធី​នយោបាយ​របស់​ខ្លួន​ ក៏​ប៉ុន្ដែ​ចំនុចរួម​ បក្សនយោបាយ​ទាំងអស់​នៅ​កម្ពុជា​  គឺ​ស្ថិត​នៅ​ត្រង់​ថា​ អំពាវនាវ​ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ហើយ​ចុះ​នៅ​កន្លែង​ណា​ វា​អាស្រ័យ​លើ​បំណងប្រាថ្នា​របស់​អ្នក​ចុះ​ឈ្មោះ​»​។

​យ៉ាងណា​ ក៏​ដោយ​ លោក​ អាត់​ ធន់​ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​ នៅ​កម្ពុជា​ មិន​សង្ឃឹមថា​កម្មករ​ បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ច្រើន​ទេ​ដោយសារ​តែ​នីតិវិធី​នៃ​ ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ នៅ​ភ្នំពេញ​ក្ដី​ ឬ​នៅ​ទីកន្លែង​ផ្សេង​ទៀត​មាន​ ការ​លំបាក​ ព្រោះ​ មន្ត្រី​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ទាមទារ​ លក្ខខណ្ឌ​ច្រើន​។​

​លោក​ អាត់​ ធន់​ ៖«​ខ្ញុំ​ឃើញ​ថា​ ដូច​ជា​មិន​មានបាន​ច្រើន​ទេ​ បើសិនជា​រដ្ឋាភិបាល​មិន​ផ្ដល់​ពេល​អោយ​ខាង​កម្មករ​ បាន​ទៅ​ចុះ​ឈ្មោះ​ ហើយ​បើសិនជា​ចុះ​ឈ្មោះ​ហើយ​ ក៏​មិន​អាច​បាន​ទៅ​បោះ​ដែរ​ ព្រោះ​គាត់​គេ​មិន​អនុញ្ញាត​ច្បាប់​ឱ្យ​គាត់​ផង​ហ្នឹង​»​។​

​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​កុំ​ព្យូ​រ​ទ័​រ​ ជា​លើក​ដំបូង​នៅ​ឆ្នាំ​នេះ​ ធ្វើ​ឡើង​រយៈពេល​៣​ខែ​ គឺ​ ពី​ថ្ងៃ​ទី​១​ កញ្ញា​ ដល់​ថ្ងៃ​ទី​២៩​ វិច្ឆិកា​។​

​បើ​តាម​លោក​ ហង្ស​ ពុទ្ធា​ មន្ដ្រី​នាំពាក្យ​គ​.​ជ​.​ប​ បានឱ្យ​វិទ្យុ​ស្ដ្រី​FM102​ ដឹង​នៅ​ថ្ងៃ​ទី​២២​កញ្ញា​នេះ​ថា​ ចាប់តាំងពី​ថ្ងៃ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្ងៃ​ទី​១​កញ្ញា​ មក​ដល់​ថ្ងៃ​ទី​២១​ក​ញ្ញ​នេះ​ ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ មាន​ជិត​៣​លាន​នាក់​ហើយ​។​

​លោក​ ហង្ស​ ពុទ្ធា​ ៖«​បាទ៎​គិត​មក​ដល់​ថ្ងៃ​ទី​ ២១​ខែកញ្ញា​ អ្នក​ចុះ​ឈ្មោះ​ បាន​កើនឡើង​ដល់​២​លាន​៩​សែន​៣​ម៉ឺន​៧​ពាន់​៧​រយ​៦១​នាក់​ ហើយ​បើ​គិត​ពី​ភាគរយ​ នៃ​ការ​គ្រោងទុក​នោះ​គឺ​បាន​៣០​ចុច​៤០​ភាគរយ​ហើយ​»​។​

​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​នេះ​ទៀត​ ធ្វើ​ឡើង​ដោយ​មាន​អ្នកជំនាញ​បច្ចេកទេស​ កុំព្យូទ័រ​ ពី​ អ្នកជំនាញ​មក​ពី​ប្រទេស​ជប៉ុន​ និង​សហភាព​អឺរ៉ុប​។​ អ្នក​សង្កេតការណ៍​មួយ​ចំនួន​គិត​ថា​ ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ តាម​ប្រព័ន្ធ​កុំព្យូទ័រ​ ដោយ​មាន​ផ្ដិត​ស្នាម​មេដៃ​ និង​ថត​មុខ​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ គឺជា​ ប្រព័ន្ធ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មាន​ប្រសិទ្ធិ​ភាព​ ដោយ​មិន​អាច​មានឈ្មោះ​ស្ទួន​ ឈ្មោះ​ខ្មោច​ និង​អ្នកបោះឆ្នោត​បន្លំ​ទៀត​ឡើយ​៕

Share

Image
Image
Image