en     km
en     km

សម្ដេច​ ហ៊ុន​ សែន​ ប្រតិកម្ម​​នឹង​​សម្ដី​រិះ​គន់​​របស់​​អ្នក​វិភាគ​​ថា​ ​លោក​​បាន​​ប្រមូល​ផ្ដុំ​​អំណាច​​តែ​​ម្នាក់​ឯង​​

Share

ភ្នំពេញ​៖​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​ប្រតិកម្ម​តប​ទៅ​នឹង​អ្វី​ដែល​ជា​ការ​រិះគន់​របស់​អ្នក​វិភា​គ​ ដោយ​លោក​បាន​លើក​ឡើង​ថា​  លោក​មិន​បាន​ក្តោប​អំណាច​ក្នុង​ដៃ​តែ​ម្នាក់ឯង​នោះ​ឡើយ​ ហើយ​លោក​ក៏​មិន​ដែល​បាន​​បំពាន​ការងារ​របស់​មន្ត្រី​ក្រោម​ឱវាទ​ណាមួយ​ ដូច​ជា​ការ​រិះគន់​ពី​អ្នកវិភាគ​នោះ​ដែរ​។​ ករណី​នេះ​ អ្នកវិភាគ​ព្រឹត្តិ​ការ​ណ៍​​សង្គម​នៅ​តែ​ប្រកាន់​ជំហរ​រឹង​មាំ​ថា​ អំណាច​មួយ​ចំនួន​នៅ​តែ​ស្ថិត​នៅ​ក្រោម​ការ​ជ្រៀតជ្រែក​របស់​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​​ សែន​ ដដែល​ ។

 

Hun-Sen--Gavoment-WMC
លោក ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា

​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​រដ្ឋបាល​ថ្មី​របស់​សាលា​រាជធានី​ភ្នំពេញ​នា​ថ្ងៃ​ទី​ ០៥​ ខែមេសា​ ឆ្នាំ​ ២០១៦​ នេះ​ សម្ដេច​ ហ៊ុន​ សែន​ បាន​ថ្លែង​ថា​ អំណាច​មិន​ស្ថិត​ក្រោម​ដៃ​របស់​លោក​ដូច​ជា​ការ​លើក​ឡើង​របស់​អ្នកវិភាគ​នោះ​ទេ​។​ លោក​ថា​ មិន​ច្បាស់​ក្នុង​រឿង​នេះ​ អ្នកវិភាគ​អាច​សាកសួរ​ព័ត៌មាន​បន្ថែម​ចំពោះ​មន្ដ្រី​ទាំងអស់​បាន​។​

«​មាន​អ្នក​និយាយ​ ព្រោះ​ស្រុក​ខ្មែរ​ឥឡូវ​ខ្ញុំ​អត់​ប្រើ​ពាក្យ​អ្នកវិភាគ​ទៀត​ទេ​ ដោះ​ដូរ​ ឬ​ មិន​ដោះ​ដូរ​ គឺ​វា​មិន​សំខាន់​ទេ​ ព្រោះ​ទីបំផុត​អំណាច​មក​ប្រមូលផ្ដុំ​សម្រាប់​មនុស្ស​ម្នាក់​ គឺ​សំដៅ​មក​លើ​ខ្ញុំ​ តែង​ខ្ញុំ​អាច​និយាយ​ប្រាប់​អស់លោក​ ហើយ​មាន​ទាំង​រដ្ឋមន្ដ្រី​ទាំង​អ​ស់​​​​នៅ​ទី​នេះ​ ខ្ញុំ​មិន​ដែល​ទៅ​បំពាន​ជាមួយ​កិច្ចកា​រដ្ឋមន្ដ្រី​ណាមួយ​ទេ​ សុំ​តែ​រដ្ឋមន្ដ្រី​ហ្នឹង​ធ្វើការ​ទៅ​តាម​ច្បាប់​ កំណត់​តែ​ប៉ុណ្ណឹង​ ឥឡូវ​​អ្នក​និយាយ​ទាំងឡាយ​ បើ​ចង់​ដឹង​ច្បាស់​មក​សួរ​រដ្ឋមន្ដ្រី​ទៅ​…»​។​

So-Chantha-WMC-Mao-Samnang
លោក សូ ចន្ថា សាស្ត្រាចារ្យវិទ្យសាស្ត្រនយោបាយ

សម្ដេច​ ហ៊ុន​ សែន​ បាន​ច្រាន​ចោលការ​រិះគន់​នេះ​ ដោយ​លើក​ឡើង​ថា​ លោក​មិន​ដែល​បំពាន​​លើ​ការងារ​រដ្ឋមន្ត្រី​នោះ​ទេ​ ប៉ុន្តែ​លោ​ក​​សូម​ឲ្យ​តែ​រដ្ឋ​មន្ត្រី​ធ្វើ​ទៅ​តាម​ច្បាប់​​ដែល​​​បាន​​កំណត់​។​ ស​ម្តេច​​​បន្ត​ថា​ រដ្ឋមន្ត្រី​ខ្លះ​បា​ន​​បំពាន​​សិទ្ធិ​រូប​​លោក​​ក្នុង​​ការ​​ស្នើ​​តែង​តាំង​​ប្រធា​ន​​នាយកដ្ឋាន​នានា​។​

​ជុំវិញ​រឿង​នេះ​ អ្នកវិភាគ​ព្រឹត្តិការណ៍​សង្គម​ លោក​ សូ​ ចន្ថា​ មាន​ប្រសាសន៍​តប​វិញ​ថា​ ការ​លើក​ឡើង​របស់​សម្ដេច​នាយក​រដ្ឋ​មន្ដ្រី​ ហ៊ុន​ សែន​ នៅ​ពេល​នេះ​ មិន​ឆ្លុះ​បញ្ចាំង​ពី​ភាព​ពិត​ជាក់ស្ដែង​នោះ​ទេ​។​ លោក​ថា​ ការ​ពិត​ប្រទេស​កម្ពុជា​ គឺ​មាន​អំណាច​បី​ដា​ច់​​ដោយឡែក​ពី​គ្នា​ តែ​ទោះជា​អំណាច​ទាំងអស់​ដាច់​ដោយឡែក​ពី​គ្នា​ក៏​ដោយ​ យើង​នៅ​តែ​ឃើញ​ថា​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ នៅ​តែ​មានការ​ជ្រៀតជ្រែក​ក្នុង​ការងារ​របស់​ស្ថាប័ន​ទាំងនោះ​ដដែល​។​

«​ការ​ពិត​ទៅ​បើ​យើង​ពិនិត្យ​មើល​បទ​ពិសោធន៍​កន្លង​មក​ យើង​ឃើញ​ថា​ មានការ​ចែង​ពី​អំណាច​ទាំង​បី​ដាច់​ពី​គ្នា​ អំណាច​នីតិ​បញ្ញា​​ត្តិ​ នីតិប្រតិបត្តិ​ អំណាចតុលាការ​ ក៏​ប៉ុន្ដែ​សម្រាប់​ការ​អនុវត្ត​ជាក់ស្ដែង​ យើង​ឃើញ​នៅ​ពេ​ល​​ដែ​ល​នាយក​រដ្ឋមន្ដ្រី​លើក​ឡើ​ង​​​​ពី​បញ្ហា​អ្វីមួយ​មន្ដ្រី​តុល​ការ​ ឬ​ តុលា​ការ​ ចាប់ផ្ដើម​អនុវត្ត​នូវ​កិច្ចការ​នោះ​ ហើយ​ម្យ៉ាងទៀត​ខាង​នីតិ​បញ្ញា​ត្តិ​ ក៏​ចា​ប់​ផ្ដើម​​ធ្វើ​​ការ​កិច្ចការ​នោះ​ដែរ​»​។​

ជា​ថ្មី​អ្នកវិភាគ​ព្រឹត្តិការណ៍​សង្គម​រូប​នេះ​ ក៏​បាន​អះអាង​ពី​ទឡ្ហីករណ៍​មួយ​ចំនួន​ ដែល​លោក​បានឃើញ​ថា​៖​ «​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​តួនាទី​ យើង​ឃើញ​ហើយ​ករណី​មួយ​ដែល​ខ្ញុំ​ និង​ពលរដ្ឋ​ខ្មែរ​ទូទៅ​តែងតែ​មើលឃើញ​ គឺ​តុលាការ​នៅ​ប្រទេស​កម្ពុជា​ មិន​ចាត់ការ​រឿង​មួយ​ចំនួន​ភ្លាមៗ​ទេ​ បើសិនជា​នាយក​រដ្ឋមន្ដ្រី​មិន​លើក​ឡើង​ ឧទាហរណ៍​ករណី​ លោក​ សម​ រ​ង្ស៊ី​ ជាដើម​។​ …​ ហើយ​យើង​ថា​ លោក​ ហ៊ុន​ សែន​ គាត់​មាន​ឥទ្ធិពល​ ជា​ការ​ជ្រៀតជ្រែក​នៅ​ក្នុង​កិច្ចការ​រដ្ឋមន្ដ្រី​និង​អំណាច​ផ្សេងៗ​ទៀត​នោះ​។​

លោក​ សាស្ដ្រាចារ្យ​ សូរ​ ចន្ថា​ មាន​ប្រសា​ន៍​ដោយ​សង្ខេប​ជា​រួម​លើ​ចំនុច​នេះ​ថា​ មិនមែន​តែ​បញ្ហា​តុលាការ​ដែល​លោក​បាន​សង្កេត​ឃើញ​នោះ​ទេ​ គឺ​នៅ​មាន​បញ្ហា​មួយ​ចំនួន​ទៀត​ ទាក់ទង​នឹង​ដែន​សមត្ថកិច្ច​របស់​ក្រសួង​នីមួយៗ​ ។​

ការ​ថ្លែង​របស់​សម្ដេច​ហ៊ុន​សែន​ ក៏​ផ្ដើម​ចេញពី​កា​រិះគន់​មួយ​ចំនួន​របស់​អ្នកវិភាគ​ទៅ​លើ​ការ​រុះរើ​គណៈរដ្ឋមន្ត្រី​ ដែល​សភា​សំឡេ​ង​​ភាគច្រើន​មក​ពី​គណបក្សកាន់អំណាច​ បាន​បោះ​ឆ្នោត​គាំទ្រ​កាលពី​ថ្ងៃ​ម្សិលមិញ​ ។​ អ្នកវិភាគ​ថា​ គ្រាន់តែ​ដោះ​ដូរ​ក្រសួង​គ្នា​កាន់​តែ​ប៉ុណ្ណោះ​ គឺ​គេ​មិន​ហៅ​ថា​ការ​រុះរើ​រដ្ឋមន្ត្រី​នោះ​ទេ​ ព្រោះ​គ្មាន​រដ្ឋមន្ត្រី​ណា​ត្រូវ​ដកហូត​តំណែង​។​ អ្នកវិភាគ​ថា​ ប្រការ​នេះ​ គឺ​មិនមែន​ជា​ការ​កែទម្រង់​ឡើយ​។​ ត្រង់នេះ​ហើយ​ ធ្វើ​ឱ្យ​សម្ដេច​ ហ៊ុន​ សែន​ ប្រតិកម្ម​ហើយ​មិន​ទទួលស្គាល់​ការ​វាយតម្លៃ​របស់​អ្នកវិភាគ​ ។​

​លោក​ មាស​ នី​ បាន​លើក​ឡើង​ដែរ​ថា​ អ្វី​ដែល​សម្ដេច​ នាយក​រដ្ឋមន្ត្រី​ ប្រតិកម្ម​ គឺ​មិន​មាន​អ្វី​ភ្ញាក់ផ្អើល​ ព្រោះ​ប្រតិកម្ម​មិន​ឈរ​លើ​មូលដ្ឋាន​ជាក់ស្ដែង​ ។​  លោក​បន្ត​ថា​ ជា​ការ​ពិត​សម្ដេច​ដាក់​ពិន្ទុ​ឱ្យ​អ្នក​ប្រឡង​ ហើយ​ក៏​ជា​អ្នក​ចេញ​វិញ្ញាសារ​ខ្លួនឯង​ដែរ​។​

«​សម្ដេច​នាយក​អ្នក​ឱ្យ​ពិន្ទុ​ខ្លួនឯង​ ហើយ​គាត់​ក៏​នៅ​ទុក​ក្រុម​រដ្ឋមន្ដ្រី​ទាំងអស់​ហ្នឹង​​ខ្លួនឯង​ដែរ​ ហើយ​មួយទៀត​បើ​យើង​មើល​ពី​រដ្ឋ​មន្ដ្រីក្រសួង​យុ​ត្ថិ​ធម៌​ដែ​ល​​សាធារណៈជន​ដាក់​ពិន្ទុ​ឱ្យ​ទាប​បំផុត​ ក៏​មិនឃើញ​មាន​ដូរ​ទៅ​ណា​ ព្រោះ​គេ​​យល់​​ថា​ ប្រព័ន្ធ​យុត្តិធម៌​ជា​​ប្រព័ន្ធ​មួយ​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​យក​ប្រើ​ស​ម្រាប់​​ធ្វើ​ជា​ដៃស្ដាំ​ ក្នុង​ការ​បង្កើត​រឿង​ផ្សេងៗ​ដែល​យើង​បានឃើញ​កន្លង​មក​ហើ​​យ​​ណាស់​​»​។​

យ៉ាងនេះ​ក្ដី​ ក្រុម​អ្នកវិភាគ​ដែល​ត្រូវ​បាន​ម​ជ្ឈ​ដា្ឋ​ន​មួយ​ចំនួន​អះអាង​ថា​ អ្នក​វិ​ភា​គ​ឯករាជ្យ​ មិន​មាន​ជំនឿ​ចិត្ត​ថា​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​ធ្វើ​ឱ្យ​មាន​តុល្យ​ភា​ព​​រវាង​អំណាច​រដ្ឋ​ទាំង​បី​ ដែល​ត្រូវ​បាន​ចែង​ដោយ​រដ្ឋ​ធម្ម​នុ​ញ្ញា​នោះ​ទេ​។​

​ក្រុម​អ្នកវិភាគ​សង្កេត​ឃើញ​ថា​ ប្រព័ន្ធ​តុលាការ​មក​ដល់​ពេល​នេះ​នៅ​តែ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​ ស្ថាប័ន​នីតិប្រត្ដិបត្តិ​ ហើយ​សម្ដេ​ច​​នា​យក​រដ្ឋមន្ដ្រី​នៅ​តែ​ជា​បុគ្គល​មាន​អំណាច​លើសលប់​៕

Share

Image
Image
Image