en     km
en     km

សម្ដេច​ ហ៊ុន​ សែន​ បញ្ជា​កុំឱ្យ​យក​លុយ​ពី​ប្រជាពលរដ្ឋ​នៅ​តាម​ផ្លូវ​វ៉េ​ង​ស្រេង​

Share

រូបភាពពីហ្វេសប៊ុក
រូបភាពពីហ្វេសប៊ុក

ភ្នំពេញ៖  នាយក​រដ្ឋមន្ត្រី​កម្ពុជា​ បាន​បញ្ជា​ឱ្យ​សាលា​រាជធានី​ភ្នំពេញ​ ជួយ​សម្របសម្រួល​ ឱ្យ​​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ផ្លូវ​វ៉េ​ង​ស្រេង​ អាច​ប្រើប្រាស់​ផ្លូវ​នេះ​ ដោយ​មិន​ចាំបាច់​បង់ប្រាក់​។​

​យោង​តាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្ដេច​ ហ៊ុន​ សែន​ នៅ​យប់​ថ្ងៃអាទិត្យ​ ទី​២៧​ ខែធ្នូ​ ឆ្នាំ​២០១៥​ បាន​សរសេរ​ឱ្យ​ដឹង​ថា​ សម្ដេច​បាន​សម្រេចចិត្ត​ទិញ​យក​ការ​វិនិយោគ​ទាំងមូល​នៃ​ផ្លូវ​វ៉េ​ង​ស្រេង​ មក​កាន់កាប់​ទាំងស្រុង​ និង​បញ្ជា​ឱ្យ​សាលា​រាជធានី​ភ្នំពេញ​ និង​ក្រុមហ៊ុន​ឯកជន​ បញ្ឈប់​ការ​ យក​ប្រាក់​ទាំងស្រុង​លើ​កំណាត់​ផ្លូវ​វ៉េ​ង​ស្រេង​។​

​សម្ដេច​មាន​ប្រសាសន៍​ថា​៖​ «​ ក្រោយ​ពី​បាន​សិក្សា​ល្អិតល្អន់​មួយ​កម្រិត​ធំ​ថែម​ទៀត​ គឺ​រាជរ​ដ្ឋា​ ភិ​បាល​សម្រេច​ទិញ​យក​ការ​វិនិយោគ​ទាំងមូល​នៃ​ផ្លូវ​វ៉េ​ង​ស្រេង​នេះ​ មក​កាន់កាប់​ទាំងស្រុង​វិញ​។​ ខ្ញុំ​បាន​បញ្ជា​ទៅ​សាលាក្រុង​ និង​ក្រុមហ៊ុន​ឯកជន​ត្រូវ​បញ្ឈប់​យក​លុយ​ទាំងស្រុង​ ចាប់ពី​ ពេល​ចេញ​ដំណឹង​នេះ​ ហើយ​ចាប់ពី​ពេល​នេះ​តទៅ​ គឺ​បងប្អូន​ប្រជាពលរដ្ឋ​ និង​អ្នក​ធ្វើ​ដំណើរ​ ទូទៅ​ គឺ​ឈប់​បង់ប្រាក់​តទៅ​ទៀត​ហើយ​។​ នេះ​គឺជា​កាដូ​សម្រាប់​បងប្អូន​ជនរួមជាតិ​នៅ​ក្នុង​ឆ្នាំ​ថ្មី​ ២០១៦​នេះ​!​ បងប្អូន​នឹង​សន្សំ​បាន​ប្រាក់​ដែល​ធ្លាប់​បង់ថ្លៃ​ផ្លូវ​ មក​លើកកម្ពស់​ជីវភាព​ក្នុង​ក្រុម​ គ្រួសារ​វិញ​»​។​

​ការ​សម្រេច​ទិញ​យក​ការ​វិនិយោគ​ផ្លូវ​ វ៉េ​ង​ ស្រេង​ រួម​ទាំង​ការ​បង្គាប់​ឱ្យ​សាលា​រាជធានី​ភ្នំពេញ​ និង​ក្រុមហ៊ុន​ឯកជន​ ឈប់​យក​ប្រាក់​ទាំងស្រុង​ចំពោះ​រថយន្ត​គ្រួសារ​ ដែល​ប្រើប្រាស់​ផ្លូវ​នេះ​ គឺ​នៅ​ក្រោយ​ពេល​ដែល​សម្ដេច​ ហ៊ុន​ សែន​ បាន​ទទួល​ព័ត៌មាន​ថា​ ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​លើ​ផ្លូវ​នេះ​ តម្រូវ​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​តាម​សងខាង​ផ្លូវ​បង់ប្រាក់​ ១១០០​ រៀល​ ក្នុង​រថយន្ត​ ១​ គ្រឿង​ ពេល​ឆ្លងកាត់​ម្ដងៗ​ ឬ​ត្រូវ​បិទ​ sticker​ ក្នុង​តម្លៃ​ ១៣​ ម៉ឺន​ ២​ពាន់​ រៀល​ ក្នុង​រថយន្ត​ ១​គ្រឿង​ សម្រាប់​រយៈពេល​មួយ​ឆ្នាំ​។​

សម្ដេច​មាន​ប្រសាសន៍​បន្ថែម​ថា​៖​ «​ខ្ញុំ​ទើបបាន​ដឹង​រឿង​ ដែល​រថយន្ត​គ្រួសារ​រស់នៅ​តាម​ បណ្តោយ​ផ្លូវ​វ៉េ​ង​ស្រេង​ ត្រូវ​ក្រុមហ៊ុន​យក​ប្រាក់​ ១១០០​ រៀល​ ក្នុង​រថយន្ត​ ១​គ្រឿង​ ឬ​ត្រូវ​បិទ​  sticker​ ក្នុង​តម្លៃ​ ១៣២​ ០០០​ រៀល​ ក្នុង​រថយន្ត​ ១​គ្រឿង​។​ នេះ​បើ​តាម​ការ​បញ្ជាក់​ របស់​បងប្អូន​ ដែល​បាន​ផ្ញើ​ព័ត៌មាន​ពិត​ មក​កាន់​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ (Facebook)​ របស់ខ្ញុំ​។​

«​ចំណែក​ អា​ជា្ញ​ធរ​បញ្ជាក់​ថា​ ៤០.០០០​ រៀល​១​គ្រឿង​។​ សម្រាប់​ខ្ញុំ​ ទោះ​តម្លៃ​មួយ​ណា​ក៏​ដោយ​ បងប្អូន​មិន​ត្រូវ​បង់ថ្លៃ​ផ្លូវ​ ឬ​ បង់ថ្លៃ​ធ្វើ​ sticker​ នោះ​ទេ​។​ ខ្ញុំ​បាន​បញ្ជា​ឱ្យ​អភិបាលក្រុង​ធ្វើ​ Sticker​ ជូន​បងប្អូន​ដោយ​មិន​ចាំបាច់​បង់ប្រាក់​សម្រាប់​រថយន្ត​គ្រួសារ​ដែល​រស់នៅ​តាម​បណ្តោយ​ផ្លូវ​ និង​ស្ថិត​ក្នុង​តំបន់​ដែល​ក្រុមហ៊ុន​ធ្វើ​វិនិយោគ​»​។​

​ជុំវិញ​ការ​លើក​ឡើង​របស់​លោកនាយក​រដ្ឋមន្ដ្រី​នេះ​ដែរ​ លោក​ សូ​ ច​ន្ថា​ សាស្ដ្រ​ចា​រ្យវិទ្យា​សាស្ដ្រ​នយោបាយ​ មាន​ប្រសាសន៍​ថា​ លោក​សាទរ​ចំពោះ​ការ​សម្រេច​នេះ​។​ ប៉ុន្ដែ​លោក​បន្ត​ថា​ ការ​សម្រេចចិត្ត​ភ្លាមៗ​បែប​នេះ​ អាច​ប៉ះពាល់​ទៅ​ដល់​អ្នក​វិនិយោគទុន​ដែល​បាន​ទទួល​អាជ្ញា​បណ្ណ​រួច​ហើយ​ក្នុង​ការ​វិនិយោគ​។​

​លោកសាស្ត្រាចារ្យ​ សូ​ ច​ន្ថា​ បន្ថែម​ថា​ រដ្ឋាភិបាល​គួរតែ​មាន​យន្ដការ​ ច្បាស់លាស់​ជា​មុន​ មិនមែន​សម្រេច​ដោយ​ភ្លាមៗ​ ក្នុង​ហេតុផល​នយោបាយ​នោះ​ទេ​។​ ​លោក​ថា​៖​ «​ការ​ពិត​វា​អាច​ជួយ​សម្រួល​ប្រជាពលរដ្ឋ​ ដែល​ឆ្លងកាត់​តាម​ផ្លូវ​នោះ​ មួយ​ផ្នែក​ ទៅ​ លើ​ជីវភាព​។​ ក៏​ប៉ុន្ដែ​ ការ​គ្រាន់តែ​មិន​យក​ថ្លៃ​ឆ្លងកាត់​បែប​នេះ​ មិន​ទាន់​អាច​ដោះស្រាយ​បញ្ហា​ របស់​ប្រជាពលរដ្ឋ​ទូទៅ​បាន​ទេ​។​ យើង​ឃើញ​ថា​ នៅ​កម្ពុជា​ មាន​បញ្ហា​ច្រើន​ណាស់​ ដែល​ត្រូវ​ ដោះស្រាយ​ជា​បន្ទាន់​ ឧទាហរណ៍​៖​ បញ្ហា​អត់​ការងារ​ធ្វើ​ បញ្ហា​ទំនិញ​ឡើងថ្លៃ​ អយុត្តិធម៌​សង្គម​ រឿង​ដីធ្លី​ជាដើម​ ដែល​ត្រូវ​ដោះស្រាយ​នោះ​។​ អ​ញ្ចឹ​ង​ការ​ដែល​មិន​យក​ថ្លៃ​រថយន្ដ​ឆ្លងកាត់​ផ្លូវ​វ៉េ​ង​ស្រេង​ ជា​ផ្នែក​មួយ​ ក៏​ប៉ុន្ដែ​ជា​ការ​យល់​ឃើញ​ រដ្ឋាភិបាល​គួរតែ​មាន​យន្ដការ​ និង​ ផែនការ​ច្បាស់លាស់​ជា​មុន​ មិនមែន​សម្រេច​ដោយ​ភ្លាមៗ​ ក្នុង​ហេតុផល​នយោបាយ​ ដើម្បី​កេង​ចំណេញ​នយោបាយ​ មុន​ការ​បោះ​ឆ្នោត​ មក​ដល់​នោះ​ទេ​»​។​

សូម​ជម្រាប​ថា​ ផ្លូវ​វ៉េ​ង​ស្រេង​ សាងសង់​ដោយ​ក្រុមហ៊ុន​ភ្នំពេញ​ថូ​ល​វេ​ មានប្រវែង​ ៦៥០០​ ម៉ែត្រ​ ដោយ​ចាក់​បេតុង​កម្រាស់​ ២០​ សង់ទីម៉ែត្រ​ ចំណាយ​អស់ប្រាក់​ ១០.៥៧៦.០០០​ ដុល្លារ​ អា​មេ​រិ​ក​។​

គួរ​បញ្ជាក់​ដែរ​ថា​ បន្ទាប់​ពី​ប្រកាស​ឈប់​ឱ្យ​យក​លុយ​នៅ​ផ្លូវ​វ៉េ​ង​ស្រេង​ ក្នុង​រាជធានី​ភ្នំពេញ​ សម្តេច​ ហ៊ុន​ សែន​ ក៏​បាន​ប្រកាស​ឱ្យ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ពិនិត្យ​ករណី​ក្រុមហ៊ុន​ AZ​ យក​លុយ​ប្រជាពលរដ្ឋ​រស់នៅ​តាម​ផ្លូវជាតិ​លេខ​៤​ ផង​ដែរ​ ដែល​ករណី​នេះ​ នា​ពេល​កន្លង​មក​ មានការ​រិះគន់​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់​ប្រជាពលរដ្ឋ​ និង​បក្ស​ប្រឆាំង​ ថា​ជា​ការ​ធ្វើ​នំ​អត់​ម្សៅ​៕​

Share

Image
Image
Image