en     km
en     km

សម្ដេច​ ស​ ខេ​ង​ ប្រាប់​ឲ្យ​អាជ្ញាធរ​ខេត្ដ​ទប់ស្កាត់​ និង​លុប​បំបាត់​ឱសថ​ក្លែងក្លាយ​

Share

​ភ្នំពេញ​ ៖​ សម្ដេច​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ដ្រី​ និង​ជា​រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​ មាន​ប្រសាសន៍​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​ បើក​ការដ្ឋាន​សាងសង់​អគារ​មន្ទីរពេទ្យ​បង្អែក​ខេត្ដបាត់ដំបង​ ដោយ​ស្នើ​ដល់​មន្ទីរពេទ្យ​ និង​មន្ដ្រី​អាជ្ញាធរ​ខេត្ដ​ទាំងអស់​ ពង្រឹង​ការ​គ្រប់គ្រង​វិស័យ​សុខាភិបាល​ឯកជន​ និង​ធ្វើ​យ៉ាងណា​លុប​បំបាត់​ឲ្យ​បាន​ នូវ​សេវា​សុខាភិបាល​ខុសច្បាប់​ និង​ឱសថ​ក្លែងក្លាយ​ ដែល​នាំ​គ្រោះថ្នាក់​ដល់​សុខភាព​ពលរដ្ឋ​។

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

​ការ​បើក​ការដ្ឋាន​សាងសង់​អគារ​មន្ទីរពេទ្យ​បង្អែក​ខេត្ដបាត់ដំបង​ ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៤​ ខែមីនា​ ឆ្នាំ​២០១៨​ ដែល​ជំនួយ​ នៃ​ការ​សាងសង់​នេះ​ ទទួល​បាន​ពី​ប្រទេស​ជប៉ុន​ តាម​រយៈ​អង្គការ​ JICA​។​ សម្ដេច​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ដ្រី​ និង​ជា​រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​ ថ្លែង​នៅ​ក្នុង​ពិធី​នេះ​ថា​ បញ្ហា​នៃ​ការ​ហូរ​ចូល​ឱសថ​ក្លែងក្លាយ​គឺជា​ក្ដី​បារម្ភ​ដ៏​ធំ​បំផុត​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ព្រោះតែ​វា​មាន​គ្រោះថ្នាក់​បំផុត​ដល់​សុខភាព​ប្រជាពលរដ្ឋ​។​ បន្ថែម​លើ​នេះ​សម្ដេច​ថា​ វិស័យ​សុខាភិបាល​ឯកជន​ ដែល​ខុសច្បាប់​ក៏​ជា​ក្ដី​កង្វល់​ មួយ​ផង​ដែរ​ ដែល​ករណី​នេះ​ ទាំង​មន្ទីរ​សុខាភិបាល​ខេត្ដ​ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ ត្រូវធ្វើ​យ៉ាងណា​ទប់ស្កាត់​ និង​លុប​បំបាត់​ឲ្យ​បាន​។​

​សម្ដេច​ ស​ ខេ​ង​ បន្ថែម​ទៀត​ថា​ ថ្នាំពេទ្យ​មាន​គ្រោះថ្នាក់​ខ្លាំង​បំផុត​ដល់​អាយុជីវិត​មនុស្ស​ ប្រសិនបើ​ថ្នាំពេទ្យ​នោះ​ជា​ផលិតផល​ក្លែងក្លាយ​ ហើយ​ប្រជាពលរដ្ឋ​មិន​បានដឹង​ បាន​យក​ឱសថ​នោះ​ទៅ​ប្រើប្រាស់​។​

​សម្ដេច​ ស​ ខេ​ង​ ៖«​ចំពោះ​ថ្នាំពេទ្យ​វា​ចូល​ទៅ​ក្នុង​ស​សៃ​ឈាម​ចូល​ទៅ​ក្នុង​ខ្លួន​មនុស្ស​ ពេល​ដែល​យើង​ចាក់​ ពេល​ដែល​យើង​លេប​ អ​ញ្ចឹ​ង​ហើយ​វា​មាន​ឥទ្ធិពល​គ្រោះថ្នាក់​ណាស់​ បើកាលណា​ថ្នាំពេទ្យ​នោះ​វា​មិនមែន​ជា​ថ្នាំពេទ្យ​ពិតប្រាកដ​ វា​ក្លែងក្លាយ​ អ​ញ្ចឹ​ង​វា​មិន​ទៅ​ជា​ព្យាបាល​ វា​ទៅ​ជា​បន្ថែម​ជំងឺ​ឲ្យ​កាន់តែ​ធ្ងន់ធ្ងរ​ថែម​ទៀត​»​។​

​តែ​យ៉ាងណា​រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​ ទទួលស្គាល់​ថា​ ក្នុង​រយៈពេល​កន្លង​មក​អាជ្ញាធរ​ពិត​បាន​ខិតខំ​ប្រឹងប្រែង​ ក្នុង​ការ​ទប់ស្កាត់​ផលិតផល​ក្លែងក្លាយ​ ពិសេស​គឺ​ថ្នាំពេទ្យ​នេះ​តែ​ម្ដង​។​ ក៏​ប៉ុន្ដែ​សម្ដេច​ បន្ដ​ថា​ ដើម្បី​លុប​បំបាត់​ឲ្យ​បាន​ទាំងស្រុង​ ក៏​ត្រូវ​មានការ​ចូលរួម​ ពី​ប្រជាពលរដ្ឋ​ផង​ដែរ​ ដោយ​មិន​ត្រូវ​ ចេះ​តែ​ទៅ​ទិញ​ថ្នាំ​ ទាំង​ដែល​មិនដឹង​ថា​ ខ្លួន​កំពុង​ឈឺ​អ្វី​នោះ​ទេ​។​ លើស​ពី​នេះ​ សម្ដេច​ ស​ ខេ​ង​ ក៏​ស្នើ​ឲ្យ​គ្រប់​បណ្ដា​ក្លី​និ​ច​ និង​ឱសថស្ថាន​ឯក​ទាំងអស់​ មិន​ត្រូវ​លក់​ថ្នាំ​ឲ្យ​ពលរដ្ឋ​ឡើយ​ ប្រសិនបើ​គាត់​គ្មាន​វិ​ជ្ជ​បញ្ជា​ពី​គ្រូពេទ្យ​។​

​សម្ដេច​ ស​ ខេ​ង​៖«​គ្លី​និ​ច​ទាំងឡាយ​ អ្នកល់ក​ថ្នាំ​ទាំងឡាយ​ គឺ​មិន​លក់ដាច់​ខាត​ នៅ​ពេល​ដែល​អ្នក​ទៅ​គ្មាន​វិ​ជ្ជ​បញ្ជា​ គ្មាន​សំបុត្រ​ពេទ្យ​ មាន​សំបុត្រ​ពេទ្យ​ទើប​អាច​ទិញ​បាន​»​។​

​ទន្ទឹម​ការ​អំពាវនាវ​នេះ​ សម្ដេច​ ស​ ខេ​ង​ បាន​សង្កត់ធ្ងន់​ថា​ រាជរដ្ឋាភិបាល​នឹង​បន្ដ​រឹត​បន្ដឹង​ការ​ត្រួតពិនិត្យ​ផលិតផល​ក្លែងក្លាយ​ឲ្យ​បាន​កាន់តែ​ខ្លាំង​ថែម​ទៀត​នៅ​ក្នុងឆ្នាំនេះ​។​ ប្រសិនបើ​រក​ឃើញ​ថា​ មាន​អ្នកលក់​ថ្នាំ​ក្លែងក្លាយ​ រាជរដ្ឋាភិបាល​ក្រៅ​តែ​ពី​រឹបអូស​យក​ឱសថ​ទាំងនោះ​មក​កម្ទេច​ចោល​ហើយ​ អ្នកលក់​ក៏​នឹង​ត្រូវ​ផ្ដន្ទាទោស​ធ្ងន់ធ្ងរ​ផង​ដែរ​។​

​សូម​ជម្រាប​ថា​ ក្នុង​អំឡុង​ខែតុលា​ ឆ្នាំ​២០១៧​ កងកម្លាំង​សមត្ថកិច្ច​ចម្រុះ​ នៃ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ បាន​ដុត​កម្ទេច​ចោល​នូវ​ ថ្នាំពេទ្យ​ និង​គ្រឿងសម្អាង​ក្លែងក្លាយ​ ប្រមាណ​ ៨០​តោន​ ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ​ជិត​ ៦​លាន​ដុល្លារ​។​ យ៉ាងណា​សម្ដេច​ ស​ ខេ​ង​ បាន​បញ្ជាក់​ថា​ នៅ​ពេល​ខាង​មុខ​នេះ​ អាជ្ញាធរ​នឹង​ដុត​កម្ទេច​ចោល​នៅ​ពពួក​ផលិតផល​ក្លែងក្លាយ​នេះ​ ប្រមាណ​ជា​ ៦០​តោន​ទៀត​៕

Share

Image
Image
Image