en     km
en     km

សម្ដេច​នាយក​រដ្ឋមន្ត្រី​ ព្រមាន​ចាប់ខ្លួន​អ្នកនយោបាយ​ឃោសនា​បោក​ពលរដ្ឋ​ពី​ការ​លុប​បំណុល​

Share

ភ្នំពេញ៖ ​សម្ដេច​នាយក​រដ្ឋមន្ត្រី​ថ្លែង​សារ​ព្រមាន​ចាប់ខ្លួន​អ្នកនយោបាយ​ដែល​ឃោសនា​ថា​នឹង​លុប​បំណុល​ជួន​ប្រជាពលរដ្ឋ​ពេល​បក្ស​ខ្លួន​ឈ្នះ​ឆ្នោត​ ។​ នាយក​រដ្ឋមន្ត្រី​ ហ៊ុន​សែន​ ថ្លែង​បែប​នេះ​នៅ​ក្នុង​កម្មវិធី​សន្និសីទ​ការ​អភិវឌ្ឍ​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​ នៅ​វិមាន​រដ្ឋសភា​នៅ​ថ្ងៃ​ទី​១៤​ ខែមីនា​ នេះ​។​

ចំណែក​អ្នក​សិក្សា​ស្រាវជ្រាវ​ពី​ការ​អភិ​វ​ន្ឍ​សង្គម​ថា​ តាម​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​បច្ចុប្បន្ន​ គ្មាន​គណបក្ស​នយោបាយ​ណា​មាន​លទ្ធភាព​សងបំណុល​ជំនួស​រាស្ត្រ​នោះ​ឡើយ​។​ ប្រសាសន៍​ របស់​សម្ដេច​ ហ៊ុន​ សែន​  ត្រូវ​បក្ស​ប្រឆាំង​ថា​ រំលោភ​សេរីភាព​បញ្ចេញមតិ​របស់​អ្នកនយោបាយ​។​

​លោក​ ធូ​ វិ​រៈ​ ជូន​សេចក្ដីរាយការណ៍​ ៖

cover-HS-at-peace-palace
​សម្ដេច​ នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ថ្លែង​ ព្រមាន​ដូចនេះ​  នៅ​ក្នុង​ពិធី​មួយ​ទាក់ទង​នឹង​ស្ថិរភាព​ហិរញ្ញវត្ថុ​ មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​ តែ​សម្ដេច​មិន​បាន​លើក​ឡើង​ពី​ឈ្មោះ​អ្នកនយោបាយ​ ឬ​គណបក្ស​នយោបាយ​ណា​នោះ​ទេ​។​

​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ចាត់​ទុក​ អ្នកនយោបាយ​ណា​ដែល​ឃោសនា​ថា​នឹង​លុប​ចោល​បំណុល​នោះ​ គឺជា​ការ​បោកប្រាស់​ប្រជាពលរដ្ឋ​ និង​ខុស​ទៅ​នឹង​បទបញ្ញត្តិ​ផ្នែក​ហិរញ្ញវត្ថុ​ ដោយ​លោក​បញ្ជា​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​នឹង​កន្លែង​តែ​ម្តង​។​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ថ្លែង​ថា​៖​ «​បក្សនយោបាយ​ណា​ អ្នកតំណាង​រាស្ត្រ​ ឬ​ក៏​មេដឹកនាំ​បក្ស​ណា​ដែល​ទៅ​បោក​ប្រជាពលរដ្ឋ​ថា​ បើ​ឈ្នះ​ឆ្នោត​គេ​នឹង​លុប​ចោល​បំណុល​ទាំងអស់​ ព្រោះ​បំណុល​ជា​បំណុល​របស់​រដ្ឋ​ ខ្ញុំ​ស្នើ​ឱ្យ​ចាប់ខ្លួន​នៅ​នឹង​កន្លែង​»​។​

នា​ពេល​កន្លង​មក​ សម្តេចក្រុមព្រះ​ នរោត្តម​ រណឫទ្ធិ​ ប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ មាន​បន្ទូល​ថា​ ប្រសិនបើ​គណបក្ស​របស់​ព្រះ​អង្គ​ ឈ្នះ​ឆោ្ន​ត​នៅ​អាណត្តិ​ក្រោយ​នេះ​ ព្រះ​អង្គ​នឹង​សងបំណុល​ជំនួស​ប្រជាពលរដ្ឋ​ដែល​ជំពាក់​ធនាគារ​។​

លោក​ សាយ​ ហាក់​ អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ​ថា​ លោក​ពុំ​អាច​ធ្វើ​អត្ថាធិប្បាយ​ទៅ​លើ​ប្រសាសន៍​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដែល​លោក​ថា​មិនដឹង​ច្បាស់​អំពី​ប្រសាសន៍​របស់​សម្តេច​ដូច​ម្ដេច​។​ ប៉ុន្តែ​លោក​គាំទ្រ​ប្រសាសន៍​របស់​នាយក​រដ្ឋមន្ត្រី​។​

លោក​ សាយ​ ហាក់​ និយាយ​ថា​៖​ «​ទី​១​ យើងខ្ញុំ​ពុំ​អាច​ធ្វើ​សេចក្តី​អត្ថាធិប្បាយ​ទៅ​លើ​ប្រសាសន៍​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ពុំ​ដឹង​ច្បាស់​នោះ​ជា​ដាច់ខាត​។​ ទី​២​ បើ​តាម​ Fresh​ News​ ផ្សាយ​នោះ​ គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ សូម​គាំទ្រ​ ១០០%​ ប្រសាសន៍​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​»​។​

ជុំវិញ​បញ្ហា​នេះ​ លោក​ អ៊ូ​ ច័ន្ទ​រ័​ត្ន​ សមាជិក​អចិន្ត្រៃយ៍​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ប្រសាសន៍​ថា​ លោក​មិន​គាំទ្រ​ប្រសាសន៍​របស់​លោកនាយក​រដ្ឋមន្ត្រី​ឡើយ​។​ លោក​ថា​ការ​ ឃោសនា​បែប​នេះ​ គ្រាន់តែ​ជា​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​ប៉ុណ្ណោះ​ ប៉ុន្តែ​ត្រង់​គណបក្ស​នយោបាយ​មាន​លទ្ធភាព​សង​ ឬ​គ្មាន​លទ្ធិ​ភាព​សង​នោះ​ អាស្រ័យ​ទៅ​លើ​ប្រជាពលរដ្ឋ​ជា​វិនិច្ឆ័យ​។​
​លោក​ អ៊ូ​ ច័ន្ទ​រ័​ត្ន​ មាន​ប្រសាសន៍​ថា​៖​ «​តាម​ពិត​ទៅ​ខ្ញុំ​មិន​គ្រាំ​ទេ​ រហូត​ដល់​គ្រាន់តែ​និយាយ​បញ្ជា​ឱ្យ​ចាប់ខ្លួន​ នេះ​គឺ​សិទ្ធិ​សេរីភាព​ក្នុង​បញ្ចេញមតិ​ ត្រង់​ថា​និយាយ​ហើយ​ធ្វើ​បាន​ឬ​ មិន​បាន​ប្រជាពលរដ្ឋ​ជា​វិនិច្ឆ័យ​ទៅ​»​។​

លោក​ មាស​ នី​ អ្នក​សិក្សា​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​ មិន​រំពឹង​ថា​ មាន​គណបក្ស​នយោបាយ​ណាមួយ​អាច​មាន​លទ្ធភាព​សង់បំណុល​ជំនួស​ប្រជាពលរដ្ឋ​បាន​ឡើយ​ ។​ លោក​ថា​ ការ​សន្យា​បែប​នេះ​ គ្រាន់​ជា​ប្រជាភិថុតិ​ប៉ុណ្ណោះ​ ប៉ុន្តែ​ប្រសិនបើ​គណបក្ស​នយោបាយ​នីមួយៗ​បង្ហាញ​គោលនយោបាយ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​បំណុល​ប្រជាពលរដ្ឋ​នៅ​ពេល​អនាគត​ នោះ​ទើប​ជា​ការ​ប្រសើរ​។​

អ្នក​សិក្សា​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍន៍​សង្គម​រូប​នេះ​បាន​បញ្ជាក់​ទៀត​ថា​ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ រាជរដ្ឋាភិបាល​គួរតែ​ជួយ​រក​វិធី​ដោះស្រាយ​បញ្ហា​បំណុល​ធនាគារ​របស់​ប្រជាពលរដ្ឋ​សម្រាប់​ពេល​អនាគត​ ជា​ជាង​ថ្លែង​សារ​ព្រមាន​ដល់​គណៈ​បក្សនយោបាយ​។​

លោក​ មាស​ នី​ និយាយ​ថា​៖​ «​នៅ​ក្នុង​ស្ថានភាព​នៃ​សេដ្ឋកិច្ច​បច្ចុប្បន្ន​របស់​កម្ពុជា​ ខ្ញុំ​គិត​ថា​ មិន​មាន​គណបក្ស​ណាមួយ​អាច​មាន​លទ្ធិ​ភាព​រក​លុយ​សម្រាប់​សង​ជំនួស​ប្រជាពលរដ្ឋ​ដែល​កំពុង​ជំពាក់​គេ​នោះ​ទេ​ ហើយ​ខ្ញុំ​គិត​ថា​ ការ​ប្រកាស​លុប​បំបាត់​បំណុល​របស់​ពលរដ្ឋ​គ្រាន់តែ​ជា​ប្រជាភិថុតិ​នោះ​ទេ​»​។​

​នៅ​ក្នុង​កម្មវិធី​សន្និសីទ​ស្ដី​ពី​ការ​អភិវឌ្ឍ​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​នេះ​ដែរ​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ បាន​បញ្ជា​ទៅ​ក្រសួង​សេដ្ឋកិច្ច​ និង​ធនាគារជាតិ​នៃ​កម្ពុជា​ ពិនិត្យ​ឡើង​វិញ​ប្រតិបត្តិការ​របស់​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​មួយ​ចំនួន​ ដែល​សម្ដេច​ថា​មាន​ទិស​ដៅ​បោកប្រាស់​ និង​ជំរឹត​រឹបអូស​យក​ផ្ទះសម្បែង​ ដីធ្លី​របស់​ប្រជាពលរដ្ឋ​។​ សម្តេច​នាយក​រដ្ឋមន្ត្រី​ បាន​ស្នើ​ទៅ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និង​ធនាគារជាតិ​នៃ​កម្ពុជា​ ត្រូវ​ពិនិត្យ​ និង​ចាត់វិធានការ​ទៅ​តាម​ច្បាប់​ ចំពោះ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ទាំងឡាយ​ ដែល​ប្រតិបត្តិការ​មិន​សុចរិត​ភាព​៕

Share

Image
Image
Image