en     km
en     km

សម្ដេចហ៊ុនសែន ថាកម្ពុជាត្រូវតែបន្តអនុវត្តឱ្យបាននូវគោលនយោបាយចិនតែមួយ

Share

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាល សម្ដេចហ៊ុនសែន ដែលត្រូវបានអ្នកវិភាគមួយចំនួនថា មាននិន្នា​ការជិត​ស្និទ្ធជាខ្លាំងជាមួយចិន នៅរយៈពេលចុងក្រោយនេះ បានប្ដេជ្ញាជាថ្មីម្ដងទៀត នូវការប្រកាន់​យ៉ាង​​ខ្ជាប់ខ្ជួន គោលនយោបាយចិនតែមួយដោយទាត់ចោលការស្នើសុំណាមួយ អោយកម្ពុជា ទទួលស្គាល់ ស្ថានបេសកកម្មនៃអាជ្ញាធរកោះតៃវ៉ាន់។ ការប្រកាសជំហររបស់មេដឹកនាំកម្ពុជា ជាន់ខ្ពស់នេះ ស្របពេល ប្រទេសចិនកំពុងគំរាមច្បាមយកដែនកោះតៃវ៉ាន់មក​ក្រោម​ក្រុង​ប៉េកាំងវិញ ក្រោមនយោបាយ ប្រទេសមួយប្រព័ន្ធ២ ដែលដាក់ចុះដោយប្រធា​នាធិបតី​ចិន​​ស៊ីជីនភីង។​យ៉ាងណាអ្នកវិភាគម្នាក់ថា កម្ពុជាត្រូវប្រកាន់ខ្លួនឯងមួយទៀតគឺ​នយោ​បាយ​អព្យាក្រិត្យ។

កញ្ញា ពៅនិការាយការណ៍៖

 

សម្តេច នាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសជាថ្មីម្តងទៀតនូវការប្រកាន់ខ្ជាប់គោលនយោបាយចិនតែមួយ ​ដោយមិនអនុញ្ញាតឱ្យមានស្ថានតំណាងកោះ តៃវ៉ាន់ នៅក្នុងប្រទេសកម្ពុជាឡើយ។

ការប្រកាសរបស់សម្តេច ហ៊ុន សែន ធ្វើឡើងនៅចំពោះមុខវិនិយោគិនខ្មែរសែស្រឡាយចិន ជាច្រើននាក់ នៅក្នុងពិធីពិទទួលទានអាហាររួមមួយជាមួយថ្នាក់ដឹកនាំ និងសមាជិក សមា​ជិកាសមាគមសម្ព័ន្ធខ្មែរ-ចិន នៅមជ្ឈមណ្ឌលកោះពេជ្រ នាយប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩នេះ។

នៅចំពោះមុខវិនិយោគិនទាំងនោះ ដែលមានការចូលរួមដោយអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា សម្ដេចនាយករដ្ឋមន្ត្រីបានរំលឹកអំពីគោលនយោបាយចិនតែមួយ ដែលបានអនុវត្តនៅកម្ពុជា តាំងពីជំនាន់ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៅក្នុងទសវត្ស៥០-៦០ រហូតដល់រាជកាលសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បច្ចុប្បន្ន ហើយសម្តេចបានស្នើឱ្យវិនិយោគិនទាំងអស់គាំទ្រគោលនយោបាយនេះ។

សម្តេចបានថ្លែងបញ្ជាក់ថា បើកម្ពុជា បដិសេធគោលនយោបាយនេះ គឺកម្ពុជា ដើរលើ​ខ្សែ​បន្ទាត់នយោបាយ ជាន់ជើង មហាមិត្តរបស់ខ្លួន។

សម្តេចបានបញ្ជាក់ទៀតថាកម្ពុជាបានបើកឱកាសឱ្យជនជាតិចិនដែលមកពីតៃវ៉ាន់មករកស៊ីនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែសម្តេចបានលើកសំណូមពរទៅកាន់អ្នកទាំងនោះវិញថា នឹងមិនអនុញ្ញាតឱ្យមានស្ថានតំណាងតៃវ៉ាន់នៅកម្ពុជាទេ ហើយក៏មិនអនុញ្ញាតឱ្យលើកទង់ជាតិតៃវ៉ាន់នៅលើទឹកដីកម្ពុជាដែរ។

ជាមួយគ្នាសម្ដេចមិនគាំទ្រដាច់ខាត ការបំបែកខេត្តណាមួយ របស់ចិន ផ្ដាច់ពីរដ្ឋបាល​កណ្ដាល​​ទីក្រុងប៉េកាំង។

សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា ក៏បានប្រកាស គាំទ្រគោលនយោបាយ ប្រទេសមួយប្រព័ន្ធ២ ដែល​កំពុងអនុវត្តលើដែនដីហុងកុងនិងម៉ាកាវ។

គោលនយោបាយ ប្រទេសមួយប្រព័ន្ធ២ បានដាក់ចុះដោយប្រធានាធិបតីចិនស៊ីជីនភីង កាល​ពីក្នុងមហាសន្និបាត ដើមឆ្នាំ២០១៩​នេះ ​សំដៅ អោយកោះតៃវ៉ាន់មកជ្រកក្រោម ក្រុង​ប៉េកាំង តាមរយៈប្រព័ន្ធរដ្ឋបាលស្វ័យត។ លោកស៊ីបានព្រមានថា បើកោះតៃវ៉ាន់ ប្រកាស​ជារដ្ឋ​ឯក​រាជ្យ គឺចិននឹងនាំទ័ពលុកលុយកាន់កាប់មកវិញ។ យ៉ាងណា លោកស្រីសាយអ៊ឺងវែន ប្រធានា​​ធិ​បតី​កោះតៃវ៉ា ដែលគេហៅថា អ្នកនយោបាយ និយមអាមេរិក បានប្រកាសទាត់ចោល គោល​ការណ៍របស់កក្រុងប៉េកាំង។

ចំពោះការប្ដេជ្ញាចិត្តរបស់មេដឹកនាំកម្ពុជា វិញ ថាត្រូវតែអនុវត្តអោយបាននូវគោល​នយោ​បាយ​ចិនតែមួយនេះ  ត្រូវបានអ្នកវិភាគម្នាក់ គឺលោកឯមសុវណ្ណរ៉ា យល់ថា រាជរដ្ឋាភិបាល កម្ពុជា បាន​កំពុង​ដើរលើ​ផ្លូវត្រូវ។​លោកថាមិនថាតែកម្ពុជា មួយទេ បានប្រកាន់បែបនេះ គឺប្រទេស​ច្រើនទៀត ក៏គេធ្វើ​ដូច​នេះដែរ។ តែប្រទេសទាំងនោះ គេបែងចែងច្បាស់លាស់ រវាងទំនាង​ទំនង​សេដ្ឋកិច្ចនិង នយោបាយ ឬការទូត ជាមួយកោះតៃវ៉ាន់។ 

នៅពេលសួរថាតើ លោកមើលឃើញដូចម្ដេច ​អំពីនយោបាយភូមិសាស្ត្រតំបន់ ជាមួយ​ចិន​និងកម្ពុជា  អ្នកវិភាគជើងចាស់រូបនេះ និយាយថា កម្ពុជាកំពុងដើរលើផ្លូវមួយ គឺងាកឈ្វេង បន្តិច គឺទៅរកនិយមចិន ដែលមើលទៅបាត់ពីរូបភាពអព្យាក្រឹត្យទៅហើយ។ លោក​បញ្ជាក់ថាបើដូចនេះ គឺជាការរំលោភរដ្ឋធម្មនុញ្ញនិងស្មារតីនៃកិច្ចព្រម​ព្រៀងសន្តិភាព​ក្រុងប៉ារីសសម្រាប់កម្ពុជា។

កាលពីសម័យសង្រ្គាមត្រជាក់ កម្ពុជា ត្រូវបានអ្នកវិភាគមើលឃើញថា បានរបូត គោល​នយោបាយ​អព្យា​ក្រឹត្យដែលអះអាងថាខ្លួនមិនចូលបក្សសម្ព័ន្ធខាងណាងឡើយ។ តែជាតាក់តាង កម្ពុជា បានធ្លាក់ក្នុងសង្រ្គាមត្រជាក់នេះ នៅពេល វៀតណាមខាងត្បូង ផ្ទុះ​សង្រ្គាម​ជាមួយវៀតណាមខាងជើង ដែលគេហៅថា សង្រ្គាមអាមេរិក-វៀតណាម គឺកម្ពជា នៅ​ចុងទសវត្ស១៩៦០ ក៏បានជាប់ពាក់ព័ន្ធ ដោយ តំបន់ភាគឥសាន្តប្រទេស និងភាគខាងកើត ត្រូវ​កង​ទ័ពវៀតណាម កុម្មុយនិស្ត មក​ច្រក​កោន ហ្វឹកហាត់ ដើម្បីប្រឆាំងអាមេរិក៕

Share

Image
Image
Image