en     km
en     km

សម្ដេចហ៊ុនសែន៖ កម្ពុជាមានមាស៣០តោន និងប្រាក់បម្រុងមួយ​ម៉ឺនប្រាំពាន់​លាន​ដុល្លារ​ ខណៈ​កម្ពុជាប្រឈមនឹងការបាត់EBA

Share


ភ្នំពេញ៖ នាយករដ្ឋ​មន្ត្រីកម្ពុជា បានថ្លែងបង្ហាញអំពីថាកម្ពុជា មានលុយច្រើន ដែលបានមកពីចំណូលផ្សេង ដែលសម្ដៅថាកម្ពុជាអាចរស់នៅដោយខ្លួន​ឯងបាន ។ មន្ត្រីអង្គការសង្គមស៊ីវិលថា ការថ្លែងនេះ មិនមែនជាការបង្ហាញនូវតម្លាភាពនោះទេ ។ ការថ្លែងបញ្ជាក់បែបនេះទៀតសោត ស្របពេលដែលដំណើរការនៃការដកប្រព័ន្ធអនុគ្រោះពន្ធចេញពីកម្ពុជាពីសហភាពអឺរ៉ុប កំពុងតែជិតចេញជារូបរាង ។ អ្នកវិភាគថា រាជរដ្ឋាភិបាល មានផ្លូវពីដើម្បីអនុវត្តន៍ប្រសិនបើបាត់បង់ EBA មែននោះ គឺទី១ ត្រៀមថវិកាបម្រុង និងទីពីរ បើឱ្យចិនវិនិយោគច្រើន ។
រាយការណ៍ដោយ លោក សោម លាភ


ការថ្លែងបែបនេះរបស់នាយករដ្ឋមន្ត្រីកម្ពុជា ធ្វើឡើងនាឱកាស ប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ នៅព្រឹកថ្ងៃទី ២ ខែ តុលា ឆ្នាំ ២០១៩ ។
នាយករដ្ឋមន្រ្តីកម្ពុជាថ្លែងអះអាង ដោយបង្ហាញជាសាធារណៈថា កម្ពុជាសម្បូរទៅដោយប្រភពចំណូល ហើយប្រភពចំណូលទាំងនោះទៀតសោត គឺមានទាំងបានលើសការរំពឹងទុកថែមទៀតផង ។


យ៉ាងណា កម្ពុជាមិនទាន់ប្រើប្រាស់ និងទទួលបានផល ឬចំណូលពីធនធានប្រេងនៅឡើយនោះទេ ។ សម្ដេច ហ៊ុន សែនថា នៅពេលដែលកម្ពុជាអាចទាញយកចំណូលពីធនធានប្រេង រួមទាំងធនធានធម្មជាតិផ្សេងទៀតបាន នោះនឹងប្រើចំណូលទាំងនោះសម្រាប់តែគ្រប់គ្រង និងផ្គត់ផ្គង់ទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធតែប៉ុណ្ណោះ ។
មិនត្រឹមតែប៉ុណ្ណោះ សម្ដេច ហ៊ុន សែន មានមោទនភាព ដោយភ្ជាប់ជាមួយសារមួយថា កម្ពុជាមិនទាន់ទទួលបានផលពីប្រេងផង ហើយអាចរស់បានហើយ នោះនៅពេលដែលទាញប្រយោជន៍ពីប្រភពទាំងនេះបាន កម្ពុជានឹងកាន់តែប្រសើរ ។
នាយករដ្ឋមន្ត្រីកម្ពុជា មិនមែនរំលេងតែពីការសង្ឃឹមអំពីចំណូលដែលបានមកពីប្រេងប៉ុណ្ណោះនោះទេ ថែមទាំងប្រាប់ជាសាធារណៈថា ចំណូលបានមកតាមរយៈគយ និងពន្ធដារផ្ទៃក្នុង និងចំណូលមិនមែនសារពើពន្ធ មានច្រើនលើសពីការរំពឹងទុក ។


នាយករដ្ឋមន្ត្រីបញ្ជ្រាបថា​ ចំណូលពន្ធគយនៅឆ្នាំ២០១៩នេះ អាចនឹងលើសផែនការប្រមាណ ៨០០ លានដុល្លារអាមេរិក ។ យ៉ាងណាចំណូលពន្ធគយ ប្រមាណជាង ១០៥% នេះ សម្ដេចថា មានប្រមាណ ២៣៨៤ លានដុល្លារអាមេរិក ។
សម្ដេចថា ផ្នែកពន្ធគយនេះលើសពីការគ្រោងទុកប្រមាណជាង ៨០០ លានដុល្លារអាមេរិក ដែលសម្ដេចបន្តថា ក្នុងមួយខែកម្ពុជាទទួលបានតែពីពន្ធគយប្រមាណ ៥០០ លាន ប្រើប្រាស់ ៣០០ លាន និងសន្សំទុក ២០០ លានដុល្លារអាមេរិក ដែលអាចធ្វើឱ្យកម្ពុជាមានប្រាក់វិនិយោគដោយខ្លួន​ឯង មិនចាំបាច់ពឹងបរទេស ។


នាយករដ្ឋមន្ត្រីកម្ពុជាបន្តបន្ថែមថា​ កម្ពុជាក៏មានប្រាក់បម្រុងអន្តរជាតិជាង ១៥ពាន់លានដុល្លារអាមេរិក ក្នុងនោះមានមាសប្រមាណ ៣០​ តោនផងដែរ ។
នៅមិនទាន់អស់នោះទេនូវអ្វីដែល សម្ដេច ហ៊ុន សែន បង្ហាញជំវិញស្ថានភាពហិរញ្ញវត្ថុរបស់កម្ពុជានោះទេ សម្ដេចថែមទាំងថា កម្ពុជាមានថវិការប្រើប្រាស់សព្វថ្ងៃ រហូតដល់ទៅជិត ៤ពាន់លានដុល្លារអាមេរិក ។ សម្ដេចរំលឹកថា គ្រាន់តែបញ្ហាភ្លើងអគ្គីសនី កម្ពុជាចំណាយអស់ជិត ៤០០ លានដុល្លារ ដោយកម្លាំងអគ្គិសនីប្រមាណ ៤០០ ម៉េហ្កាវ៉ាត់ ដើម្បីកុំឱ្យមានវិបត្តិនេះកើតឡើងម្ដងទៀតនៅឆ្នាំក្រោយ ។


មានការលើកឡើងពីមតិសាធារណៈជំវិញការប្រើប្រាស់ថវិកាជាតិ ទៅលើកម្រិតនៃតម្លាភាព ។
លោក សន ជ័យ នាយកប្រតិបត្តិនៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជាមានប្រសាសន៍ប្រាប់មណ្ឌលព័ត៌មានស្ត្រីកម្ពុជានារសៀលថ្ងៃទី ២ តុលាថា ការបង្ហាញបែបនេះរបស់នាយករដ្ឋមន្ត្រីកម្ពុជា មិនទាន់ចាត់ទុកជាការបង្ហាញនូវតម្លាភាពសម្រាប់កម្ពុជានោះទេ ។
លោកសម្ដៅថា កម្ពុជាមិនទាន់អនុវត្តន៍បានតម្លាភាពបានល្អប្រសើនៅឡើយនោះទេ ព្រោះកម្ពុជាមិនទាន់បានផ្ដល់ព័ត៌មាននូវអ្វីដែលពលរដ្ឋ និងសង្គមស៊ីវិល ក៏ដូចជាមជ្ឈដ្ឋានទូទៅចង់ដឹង ។


ពាក់ព័ន្ធនឹងការបញ្ជាក់បែបនេះរបស់នាយករដ្ឋមន្ត្រីកម្ពុជា ធ្វើឡើងខណៈពេលដែលវេលាជិតមកដល់នៃការសម្រេចថាដក ឬមិនដកពន្ធអនុគ្រោះពីកម្ពុជាដោយសហភាពអឺរ៉ុប និងអាមេរិក ។
ការដែលកម្ពុជាទទួលបានការអនុគ្រោះពន្ធនាំចូលទំនិញទៅសហភាពអឺរ៉ុប និងអាមេរិក អាចផ្ដល់លទ្ធភាពដល់កម្ពុជាចំណេញប្រាក់ប្រមាណ ១ពាន់លានដុល្លារក្នុងមួយឆ្នាំ ។ គួររំលឹកថា ខណៈដែលសហភាពអឺរ៉ុបយកពន្ធអង្ករពីកម្ពុជា ចំនួននៃការនាំចូលអង្ករទៅទីផ្សារដ៏ធំមួយនេះមានការធ្លាក់ចុះយ៉ាងខ្លាំង ហើយអ្នកធ្វើការពាក់ព័ន្ធលើវិស័យនេះបង្ហាញ បន្ទាប់ពីថ្កោលទោសរួចហើយនោះ ក៏បង្ហាញការព្រួយបារម្ភ និងឱ្យសហភាពអឺរ៉ុបពិចារណាឡើងវិញលើកិច្ចការនេះ ព្រោះនឹងនាំផលវិបាកដល់ប្រជាពលរដ្ឋកម្ពុជា ។
កាលពីថ្ងៃទី ២៥ កញ្ញា ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បានចេញ​របាយការណ៍​បច្ចុប្បន្ន​ភាព ស្ដីពី​ទស្សនវិស័យ​អភិវឌ្ឍន៍​អាស៊ី ឆ្នាំ​២០១៩ ដោយព្រមាន​ពី​ហានិភ័យ​ដល់​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​រយៈពេល​ខ្លី​ខាងមុខនេះ ដែល​អាច​បណ្ដាល​មក​ពី​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​គ្រប់​មុខទំនិញ​ទាំងអស់ លើកលែងតែ​អាវុធ​» ឬ​ EBA ​។
ធនាគារ​អភិវឌ្ឍន៍​អាស៊ី នៅតែព្យាករណ៍​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​២០២០ នឹង​ធ្លាក់​ចុះ​ពី ៧% មក ៦,៨% ។


ដោយឡែក ចំពោះក្រុមលោក សម រង្ស៊ីឯណោះវិញ ក៏បានប្រកាសថានឹងវិលចូលកម្ពុជាធ្វើឱ្យមានប្រជាធិបតេយ្យឡើងវិញ ដើម្បីរក្សាពន្ធអនុគ្រោះផ្សេងៗ ។
គួររំលឹកថា ការដំណើរការនីវិធីព្យួរការអនុគ្រោះពន្ធពីកម្ពុជាដោយសហភាពអឺរ៉ុប ធ្វើឡើងក្រោយពេលដែលកម្ពុជាបានរៀបចំការបោះឆ្នោតសភាជាតិ ដោយមិនមានបក្សប្រឆាំងចូលរួម ព្រោះតុលាការកំពូលរំលាយ អឺរ៉ុបថាជាការរំលាយមិនមានពឹងលើមូលដ្ឋានច្បាប់ និងការបោះឆ្នោតនោះទៀតសោតគឺមិនតំណាងឱ្យឆន្ទៈពលរដ្ឋ ។


ចំណែកឯអាមេរិកវិញ ក៏ទាមទារឱ្យកម្ពុជាគោរពសិទ្ធិមនុស្សឡើងវិញ រួមទាំងដោះលែងលោក កឹម សុខា ។ អាមេរិកទាមទារឱ្យកម្ពុជាស្ដារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ ដើម្បីជាថ្នូរទៅនឹងការមិនដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងទណ្ឌកម្មផ្សេងទៀត ។
មន្ត្រីរាជរដ្ឋាភិបាល បង្ហាញជំហរមិនខ្វល់ចំពោះអ្វីដែលគេហៅថាទណ្ឌកម្មទាំងនេះនោះឡើយ ថែមទាំងពន្យោះធ្វើកិច្ចការទាំងនេះឱ្យបានលឿនថែមទៀតផង ។
ចំពោះ EBA មន្ត្រីជាន់ខ្ពស់កម្ពុជាអះអាងថា មានវិធីដើម្បីការពារហើយ ។


លោកបណ្ឌិត មាស នី អ្នកវិភាគ និងតាមដានការវិវត្តន៍សង្គម និងនយោបាយ មានប្រសាសន៍ថាកម្ពុជាបានត្រៀមពីរផ្លូវដើម្បីឆ្លើយតប ឬទប់ទល់ ប្រសិនបើបាត់ EBA មែននោះ គឺទី ១ ត្រៀមលុយបម្រុង និងទី ២ គឺបើកឱ្យចិនវិនិយោគកាន់តែច្រើននៅកម្ពុជា ។
តែលោកបណ្ឌិតថា ការបើកឱ្យចិនវិនិយោគមួយចំនួនអាចនឹងមិនអាចជួយខ្លាំងដល់ការបង្កើតកន្លែងការងារសម្រាប់កម្មករនោះទេ ព្រោះការងារទាំងពីរនេះគឺខុសគ្នាឆ្ងាយ ។
ពាក់ព័ន្ធទៅនឹងអ្វីមជ្ឈដ្ឋានមួយចំនួនហៅថាទណ្ឌកម្ម ឬសម្ពាធនេះ ពួកគេទទួចឱ្យអ្នកនយោបាយគ្រប់និន្នាការ ពិសេសគឺបក្សកាន់អំណាច និងអតីតបក្សប្រឆាំង គួរចូលតុចរចារិះរកមធ្យោបាយដើម្បីផលប្រយោជន៍ជាតិទាំងមូល ៕​

Share

Image
Image
Image