en     km
en     km

សម្ដេចហ៊ុនសែន៖ជំរឿននៅកម្ពុជាមិនបម្រើនយោបាយ តែអ្នកវិភាគគិតផ្ទុយពីនេះ

Share

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់តាមរយៈលិខិតអំពាវនាវមួយថា ការជំរឿនមានសារៈសំខាន់ណាស់សម្រាប់ប្រទេសទាំងអស់ ហើយកិច្ចការនេះមិនជាប់ពាក់ព័ន្ធនឹងនយោ​បាយនោះទេ។ ដោយសារដូចនេះ សម្ដេចអំពាវនាវសុំឱ្យពលរដ្ឋទាំងអស់សហការជាមួយអ្នកចុះចម្រឿន ឱ្យបានល្អប្រសើរ  ។ យ៉ាងណាក្ដី អ្នកវិភាគបង្ហាញការចង់ឃើញថា កម្ពុជាត្រូវធ្វើកិច្ចការនេះប្រកបដោយឯករាជ្យភាព ដោយរក និងបង្ហាញទិន្នន័យពិតស្របតាមទិដ្ឋភាពសង្គម ។

លោក សោម លាភ រាយការណ៍៖

 

បើតាមសារអំពាវនាវរបសនាយករដ្ឋមន្ត្រីកម្ពុជាបញ្ជាក់ថា ការជំរឿនក្នុងឆ្នាំ​២០១៩ នេះ នឹង​ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ រហូតដល់ថ្ងៃទី  ១៣ ខែ មីនា ឆ្នាំ ២០១៩ ។

នាយករដ្ឋមន្ត្រីកម្ពុជាបញ្ជាក់តាមរយៈសារនេះថា កិច្ចការជំរឿននេះ ជាជំរឿនលើកទី ១ ដែលនឹងប្រើប្រាស់ថវិកាជាតិ ។

សម្ដេចបញ្ជាក់បន្ថែមទៀតថា ជំរឿនជាកិច្ចការធំសម្រាប់ប្រទេសជាតិ  ដែលមានសារៈសំខាន់ ខណៈដែលប្រទេសទាំងអស់នៅលើពិភពលោក គឺធ្វើគ្រប់ៗប្រទេស ។

ជាងនេះទៅទៀត ការធ្វើកិច្ចការងារនេះដើម្បីទទួលបាននូវទិន្នន័យប្រជាសាស្ត្រពិតប្រាកដរបស់ប្រទេស ដែលជាចំណែកជួយឱ្យរាជរដ្ឋាភិបាលកម្ពុជា​រៀបចំ និងតាក់តែងគោលនយោបាយ ឈានទៅដល់ការអនុវត្តឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព ។

សម្ដេច ហ៊ុន សែន បញ្ជាក់ថា ទិន្នន័យមកពីណាក៏ដោយ ក៏មិនអាចយកមកជំនួសលើទិន្នន័យដែលបានមកពីការធ្វើជំរឿននោះទេ ។

យ៉ាងណាក្ដី នាយករដ្ឋមន្ត្រីមកពីគណបក្សប្រជាជនកម្ពុជារូបនេះ បញ្ជាក់ច្បាស់ៗថា កិច្ចការងារជំរឿននេះ មិនពាក់ព័ន្ធនឹងនយោបាយ មិនបម្រើឱ្យគណបក្សនយោបាយ ។ អាស្រ័យហេតុនេះហើយ សម្ដេច ហ៊ុន សែន អំពាវនាវឱ្យប្រជាជនកម្ពុជាទាំងអស់ ឱ្យចូលរួមគាំទ្រ និងសហការលើកិច្ចការងារនេះ  ក៏ដូចជាផ្ដល់ព័ត៌មានតាមសំណួរសម្ភាសឱ្យបានគ្រប់គ្រាន់ ត្រឹមត្រូវ និងស្មោះត្រង់ ជូនដល់មន្ត្រីធ្វើជំរឿនប្រជាជន ព្រោះកិច្ចការនេះ គឺធ្វើឡើងដើម្បីប្រទេសជាតិ និងប្រជាជនដែលរស់នៅក្នុងប្រទេសទាំងអស់ ។​​

លោក សន ស៊ីថន រដ្ឋលេខាធិការក្រសួងផែនការ និងជាអនុប្រធានគណៈកម្មាធិការជាតិជំរឿនទូទៅ ធ្លាប់មានប្រសាសន៍ថា កិច្ចការជំរឿនទូទៅសម្រាប់ឆ្នាំ២០១៩ នេះ គឺមានលក្ខណទំនើបជាងជំរឿនកន្លងទៅ ដោយក្រុមការងារនឹងដាក់ប្រព័ន្ធសម្រាប់វាយតម្លៃភាពសុក្រឹត្យរបស់ជំរឿន ដោយប្រើប្រាស់ Tablet PDA និងបច្ចេកទេស NBS ។

ពាក់ព័ន្ធនឹងការជំរឿនៅកម្ពុជានេះដែរ កាលពីចុងខែកញ្ញា ប្រទេស​ចិន ក៏បាន​ផ្ដល់​ជំនួយ​ជា​សម្ភារៈ​ ​ដែលមានតម្លៃ​សរុបប្រមាណជា​ ២,៥​លាន​ដុល្លារ​អាមេរិកដល់​កម្ពុជា សម្រាប់​ប្រើ​ប្រាស់​ក្នុងដំណើរការនៃកិច្ចការនេះ  ។  

អ្នកតាមដានការអភិវឌ្ឍសង្គមកម្ពុជាបញ្ជាក់ថា កិច្ចការជំរឿន មិនមែនធ្វើឡើងដើម្បីតែរាប់ចំនួនពលរដ្ឋតែប៉ុណ្ណោះនោះទេ តែក៏ដើម្បីរកទិន្នន័យទាក់ទងទៅនឹងសេដ្ឋកិច្ច សង្គមកិច្ច រួមទាំងស្ថានភាពជីវភាពរបស់ពលរដ្ឋ ។

លោកបណ្ឌិតមាស នី ប្រាប់វិទ្យុស្ត្រីនៃមណ្ឌលព័ត៌មានស្ត្រីកម្ពុជាថា លោក ចង់ឃើញទិន្នន័យនៃការជំរឿន ជាទិន្នន័យប្រកបដោយទំនុកចិត្ត ឯករាជ្យ និងសុក្រិត្យ ។

យ៉ាងណាមិញ លោក បណ្ឌិត មាស នី បន្ថែមថា កិច្ចការជំរឿន ជាការទទួលខុសត្រូវធំបំផផុតរបស់ក្រសួងផែនការ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា   ដូច្នេះទិន្នន័យដែលបានមកពីជំរឿននោះ ត្រូវតែជាទិន្នន័យពិតក្នុងសង្គម ។

អ្នកតាមដានការអភិវឌ្ឍសង្គមរូបនេះបន្ថែមទៀតថា កន្លងមករាជរដ្ឋាភិបាលកម្ពុជាតែងតែកេងចំណេញផ្នែកនយោបាយទៅលើទិន្នន័យនៃការជំរឿនប្រជាជននេះ ជាក់ស្ដែងទិន្នន័យនៃភាពក្រីក្រនៅកម្ពុជា គឺមានភាពខុសគ្នានឹងទិន្ន័យរបស់អង្គការអន្តរជាតិរកឃើញ ។

លោកបណ្ឌិតមាស នី ​ពន្យល់ថាប្រសិនបើរាជរដ្ឋាភិបាលកម្ពុជា មានឆន្ទៈ ដោយបញ្ជាក់នូវអ្វីដែលបានរកឃើញពិតៗ មិនប្រឌិត  កែប្រែចំណុចខ្សោយដែលកម្ពុជាមាន នោះនឹងធ្វើឱ្យកម្ពុជារីកចម្រើនទៅមុខជាខ្លាំង ។

តែអ្នកវិភាគរូបនេះបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែទាត់ចោលនូវព័ត៌មាន ឬរបាយការណ៍ណាដែលបង្ហាញនូវចំណុចខ្សោយដែលបានមកពីការដឹកនាំរបស់ខ្លួន ។

នេះជាជំរឿនលើកទីបួនហើយ សម្រាប់កម្ពុជា តែជំរឿននេះត្រូវបានលើកពីឆ្នាំ ២០១៨ មក ឆ្នាំ ២០១៩​ ដោយសារឆ្នាំ ២០១៨ មានព្រឹត្តិការណ៍ដំណើរការនៃការបោះឆ្នោតសភាជាតិនីតិកាលទី ៦ ។

លោក ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​របស់​គណៈកម្មាធិការ​ជាតិ​ជំរឿន​ប្រជាជន​នៅ​កម្ពុជា​ឆ្នាំ​ ២០១៩ នៅ​ក្រសួង​មហាផ្ទៃ​ កាលពីខែវិច្ចិកា ឆ្នាំ ២០១៨ ថា ការ​ជំរឿន​ប្រជាពលរដ្ឋ​កម្ពុជា​លើក​ទី​ ៤ នេះ នឹងត្រូវ​ប្រើ​ថវិកា​ជាង​ ៨ ​លាន​ដុល្លារ​អាមេរិក ​ដោយសារ​មាន​ការ​កើនឡើង​ចំនួន​ប្រជាជន​ និង​សំណួរ​ ៕

អត្តបទដោយ៖ សោម លាភ

Share

Image
Image
Image