en     km
en     km

សម្ដេចហ៊ុនសែនសុំចិនកុំរត់ចោលកម្ពុជា ខណៈកម្ពុជាបាត់បង់EBA

Share

សម្តេច នាយករដ្ឋមន្ត្រី បានបង្ហាញក្តីសង្ឃឹមថា ចិននឹងបន្តការខិតខំ ជួយសម្រាលការលំបាករបស់កម្ពុជាលើបញ្ហាសេដ្ឋកិច្ច ក្រោយពេលគណៈកម្មការអឺរ៉ុប សម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធ (EBA)។

ក្នុងឱកាសថ្លែងសារពិសេសទៅកាន់ជនរួមជាតិលើវិធានការដោះស្រាយបញ្ហាប្រឈមចំពោះសេដ្ឋកិច្ចកម្ពុជា ដែលបង្កដោយជំងឺផ្លូវដង្ហើមកើតពីមេរោគ «COVID19» និងការព្យួរប្រព័ន្ធអនុគ្រោះពន្ធ កាលពីថ្ងៃទី២៤ ខែកុម្ភៈ គឺថ្លែងពីវិមានសន្តិភាព  លោកហ៊ុន សែន បានថ្លែងថា ក្នុងជំនួបជាមួយប្រធានា​ធិបតីចិន លោក ស៊ី ជិនពីង កាលពីថ្ងៃទី០៥ ខែកុម្ភៈ កន្លងទៅ សម្តេចបានស្នើសុំ៣ចំណុចទៅកាន់រដ្ឋាភិបាល​ចិនជួយដោះស្រាយពេលមានការព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះ។

៣ចំណុចដែលលោក នាយករដ្ឋមន្ត្រី បានស្នើសុំទៅប្រធានាធិបតីចិននោះរួមមានការវិនិយោគរបស់ចិនគឺសុំកុំឱ្យរោងចក្ររត់ចោលកម្ពុជាពេលបាត់EBA ទី២ គឺសុំចិនជម្រុញវិនិយោគបន្ថែម វិទ្យាសាស្រ្ដបច្ចេកវិទ្យា ទី៣ បើកចំហទីផ្សាររបស់ចិនឱ្យធំតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។

បច្ចុប្បន្នទំនិញកម្ពុជានាំចេញទៅកាន់ទីផ្សារអន្តរជាតិមានរហូតដល់ទៅ១៤ពាន់លានដុល្លារអាមេរិក ក្នុងនោះអឺរ៉ុបមានប្រមាណជា ៤ពាន់លានដុល្លារអាមេរិក។ ខណៈជាង ១០ពាន់លានដុល្លារនាំទៅកាន់ប្រទេសផ្សេងៗទៀត រួមមានទាំងចិន ជប៉ុន និងកូរ៉េខាងត្បូងផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការព្យួរប្រព័ន្ធអនុគ្រោះពន្ធ ២០ភាគរយរបស់អឺរ៉ុប នឹងមិនធ្វើឱ្យកម្ពុជាស្លាប់នោះឡើយ។

គណៈកម្មអឺរ៉ុបកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅនេះ បានសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធ ពោលគឺសម្រេចយកពន្ធលើទំនិញកម្ពុជាប្រមាណជា ២០ភាគរយ លើទំនិញប្រមាណជា៤០មុខ ដែលភាគច្រើនជាទំនិញសម្លៀកបំពាក់ និងការបូបយួរតាមខ្លួន។ ក្នុងមួយឆ្នាំកម្ពុជានាំទំនិញទៅកាន់ប្រទេសក្នុងតំបន់អឺរ៉ុបប្រមាណជា ៤ពាន់លានដុល្លារអាមេរិក។

ការសម្រេចរបស់គណៈកម្មការអឺរ៉ុបនេះ នឹងចូលជាធរមាននៅខែសីហា ឆ្នាំ២០២០ខាងមុខ ប្រសិនបើសភាអឺរ៉ុបមិនបដិសេធទេនោះ។ សម្តេច ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការមួយចំនួនរួចហើយ ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះសហគ្រាសកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ក៏ដូចជាកាបូបយួរតាមខ្លួននៅក្នុងប្រទេសកម្ពុជា។

សហភាពអឺរ៉ុប សម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធលើទំនិញកម្ពុជា ក្រោមហេតុផលថា កម្ពុជាធ្វើឱ្យធ្លាក់នូវការគោរពសិទ្ធិមនុស្ស សិទ្ធិនយោបាយ និងលទ្ធិប្រជាធិបតេយ្យ និងទាមទារឱ្យកម្ពុជាកែលំអរនូវចំណុចទាំងអស់នេះ។ តែសម្តេច ហ៊ុន សែន បានអះអាងជាថ្មីថា លោកមិនតវ៉ាសុំការអនុគ្រោះពីអឺរ៉ុបនោះឡើយ កុំថាឡើយ ២០ភាគរយ ទោះព្យួរប្រព័ន្ធអនុគ្រោះពន្ធ ១០០ភាគរយ ក៏សម្តេចទទួលយកដែរ។

សម្តេច នាយករដ្ឋមន្ត្រី បានចាត់ទុកការចុះញមចំពោះមុខការព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះ គឺជានាំឱ្យមានឱនភាពចំពោះអធិបតេយ្យរបស់កម្ពុជា ដែលជាប្រទេសឯករាជ្យមួយ។សម្ដេច ធ្លាប់ប្រកាសថា លោកទទួលយកនូវអ្វីដែលជាការសម្រេចរបស់សហភាពអឺរ៉ុប តែអឺរ៉ុប ក៏ត្រូវតែទទួលយកនូវអ្វីដែលជាការសម្រេចរបស់ច្បាប់កម្ពុជាពាក់ព័ន្ធលើរឿងនយោបាយផងដែរ។ តែយ៉ាងណា អ្នកសង្កេតការណ៍​ឯករាជ្យព្រមាន​ពីហានិភ័យថែមទៀត ថាសហភាពអឺរ៉ុបអាចនឹងដាក់ទណ្ឌកម្មលើកម្ពុជា បន្ថែមទៀត បើកម្ពុជាមិនបន្ទន់ឥរិយាបទ បើកអោយមានលទិ្ធប្រជាធិបតេយ្យ ពិតៗឡើងវិញនោះ។

ស្របពេលជាមួយគ្នានេះ នាយករដ្ឋមន្ត្រី បានថ្លែងចង់អោយអង់គ្លេស មានកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីជាមួយកម្ពុជា។សម្ដេច នាយករដ្ឋមន្រ្ដី បានប្រកាសស្វាគមន៍ ចំពោះចក្រភពអង់គ្លេស ដែលចង់បង្កើតឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជា និងចង់ឲ្យអង់គ្លេសក្លាយជា ដៃគូយុទ្ធសាស្រ្ដរបស់អាស៊ានផងដែរ។

សម្តេច បន្តថា ការដែលចង់ឲ្យអង់គ្លេសក្លាយជាដៃគូអាស៊ាននេះ ដោយមូលហេតុអង់គ្លេសក៏ជាសមាជិកមួយ ក្នុងចំណោមសមាជិកអចិន្រ្ដៃទាំង៥ របស់ក្រុមប្រឹក្សាសន្ដិសុខ អង្គការសហប្រជាជាតិ។ អាស៊ានត្រូវមានកុងសង់ស៊ីស ហើយកម្ពុជានឹងពិភាក្សាជាមួយដៃគូដទៃទៀតរបស់អាស៊ាន ដើម្បីផ្ដល់នូវការគាំទ្រ សម្រាប់ការធ្វើភាពជាដៃគូរវាង អាស៊ាន ជាមួយអង់គ្លេស ក្នុងពេលដែលអង់គ្លេសបានចាកចេញពីអឺរ៉ុប៕

ដោយ៖ ពៅនិកា

Share

Image
Image
Image