en     km
en     km

សម្ដេចហ៊ុនសែនព្រមានជាថ្មីថានឹងរំលាយគណបក្សសង្រ្គោះជាតិបើបក្សនេះមានកំហុស ជាប្រព័ន្ធ

Share

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា នៅថ្ងៃនេះ បានប្រកាសថា អំពើក្បត់ជាតិជាអំពើមួយដែលមិនអាចអត់ឱនអោយបាន ហើយបើអំពើមួយនេះត្រូវបានរកឃើញថា មានការផ្សំគំនិតដោយក្របខណ្ឌបក្សទាំងមូល គឺ បក្សនោះ នឹងត្រូវទទួលរងនូវការដាក់ពិន័យផ្នែកច្បាប់ ដែលឈានទៅដល់ការរំលាយគណបក្សចោលតែ។ជុំវិញរឿងនេះអ្នកវិភាគយល់ឃើញថា ប្រសិនបើគណបក្សសង្រ្គោះជាតិត្រូវបានរំលាយ គឺបញ្ហារបស់រដ្ឋាភិបាល ក៏នឹងចូលមកដល់ផងដែរ។

នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្ដសុខាភិបាល នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ២០១៧ នេះ  សម្ដេច ហ៊ុន សែន បានលើកឡើង ថា អំពើក្បត់ជាតិរបស់លោកកឹមសុខា ធ្ងន់ធ្ងរណាស់។ សម្ដេចថា គឺល្អហើយដែលរដ្ឋាភិបាលចាត់ការជនក្បត់ជាតិនេះទាន់ពេលវេលា។

សម្ដេច​ ហ៊ុន សែន ៖ «វាជាភ័ព្វសំណាងណាស់ដែលកម្ពុជារកឃើញអំពើក្បត់រប​ស់ជនក្បត់ជាតិ​ ដែលយើងបានចាប់ខ្លួនរួចមកហើយ ហើយប្រសិនបើគណបក្សនយោបាយនៅតែ     បន្ដរារាំង ហើយនៅតែបន្ដការពារជនក្បត់ជាតិទៀត មានន័យថាបក្សមួយនេះ គឺ​ក្បត់ជាតិទៅហើយ ។ ដូច្នេះគ្មានពេលវេលាដើម្បីនឹងត្រូវទុកបក្សនេះដំណើរការនៅក្នុងប្រជាធិបតេយ្យនៅកម្ពុជាតទៅទៀតទេ»។

តាមការលើកឡើងរបស់សម្ដេច ហ៊ុន សែន ប្រសិនបើ រកឃើញថា អំពើក្បត់ជាតិរបស់លោក កឹម សុខាបានផ្សំគំនិតដោយក្របខណ្ឌបក្សទាំងមូល គឺ បក្សនេះ ក៏នឹងត្រូវទទួលរងការដាក់ពិន័យផ្នែកច្បាប់ ដោយការរំលាយបក្សចោលផងដែរ។ក្នុងន័យនេះ សម្ដេច ថា ប្រសិនបើគណបក្សសង្រ្គោះជាតិត្រូវបានរំលាយចោលក៏នូវមានបក្សនយោបាយច្រើនទៀតដែលចូលរួមបោះឆ្នោតនៅពេលខាងមុខដែរ។

សម្ដេច ហ៊ុន សែន «កម្ពុជារំលាយគណបក្សនយោបាយមួយតែក៏នៅមានគណបក្សនយោបាយច្រើនសម្រាប់ការបោះឆ្នោត យើងសូមផ្ញើសារជូនចំពោះជនរួមជាតិទាំងឡាយមិនត្រូវទុកឱ្យអំពើក្បត់ជាតិឃុបឃិតជាមួយជនបរទេសហើយបំផ្លាញជាតិខ្មែរដូចឆ្នាំ១៩៧០នោះទេ»។

តាម សម្ដេច ហ៊ុន សែន បានពន្យល់ទៀតថា សម័យឆ្នាំ ១៩៧០ ដោយសារតែអំពើក្បត់ជាតិរបស់ក្រុមលន់នល់ និងក្រុមបក្ខពួក ទើបមានសោកនាដកម្មកើតឡើង ។

ជុំវិញរឿងនេះ លោក ឯម សុវណ្ណារ៉ា សាស្រ្ដចារ្យវិទ្យាសាស្រ្ដនយោបាយមានប្រសាសន៍ថា ប្រសិនបើគណបក្សសង្រ្គោះជាតិត្រូវគេរំលាយ បញ្ហារបស់រដ្ឋាភិបាលក៏នឹងចូលមកដល់ផងដែរ។

លោក ឯ​ម សុវណ្ណារ៉ា ៖«បញ្ហាចោទ គឺបក្សលោក​កឹម សុខា អាចឈានទៅដល់ការរំលាយ ហើយបញ្ហារបស់រដ្ឋាភិបាលក៏ចោទដែរ។ ប្រសិនបើបក្សរំលាយ គឺ សមាជិកសភាក៏ត្រូវរំលាយ ហើយសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ក៏ត្រូវរំលាយ។ ចឹងបើវារលាយអស់ចឹង តើត្រូវពីណាមកជំនួស ហើយសមាជិកសភាវាលែងស្របច្បាប់(១២៣រូប) ចឹងរដ្ឋាភិបាលក៏ត្រូវខុសច្បាប់ដែរ។នេះគឺជាចំណោទបញ្ហាដែលយើងត្រូវចោទសួរ »។

ទាក់ទិននឹងការលើកឡើងរបស់សម្ដេច ហ៊ុន​ សែន នេះដែរ លោកស្រី មួរ សុខហួរ អនុប្រធានគណបក្សសង្រ្គោះជាតិ​ ដែលបានចុះទៅសួរសុខទុក្ខលោក ​កឹម សុខា នៅពន្ធធនាគារ ត្រពាំងថ្លុង បានលើកឡើងនៅចំពោះមុខអ្នកសារព័ត៌មាន ដោយទាមទារឱ្យដោះលែងលោក កឹម សុខា ជាបន្ទាន់ដោយគ្មានលក្ខខ័ណ្ឌ។លោកស្រីបញ្ជាក់ថា មន្រ្ដីដែលជាសមាជិកគណបក្សសង្រ្គោះជាតិនឹងនៅតែបន្ដតស៊ូមតិដោយអហិង្សារហូតដល់មានដំណោះស្រាយ។

លោក ស្រី មួរ សុខហួរ ៖ «ហើយប្រសិនបើជាលោកប្រធាន កឹម សុខា ដែលជាប្រធានគណបក្សសង្រ្គោះជាតិមិនមានការដោះលែង មិនមកចូលរួមនៅក្នុងការបោះឆ្នោតខាងមុខ និងកត្តាដទៃ និងលក្ខខណ្ឌដទៃទៀត ដើម្បីអោយមានការបោះឆ្នោតដោយសេរីនិងយុត្ដិធម៌ទេ  យើងមិនអាចចូលរួមនៅក្នុងបោះឆ្នោតមួយដែលមិនសេរី មិនយុត្ដិធម៌ ពីព្រោះយើងមិនធ្វើខុសនឹងឆន្ទះប្រជារាស្រ្ដយើង និងប្រទេសជាតិយើង»។

គួរបញ្ជាក់ដែរថា ការរលើកឡើងរបស់សម្ដេច ហ៊ុន សែន គឺ ស្របពេលដែលគណបក្សប្រជាជនកម្ពុជា ចំនួន ៦៧រូប បាន​បើកកិច្ចប្រជុំវិសាមញ្ញនៅរដ្ឋសភាលើសំណុំរឿងលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ដែលត្រូវបានរដ្ឋាភិបាល ចោទប្រកាន់ថា បានប្រព្រឹត្តអំពើក្បត់ជាតិដោយបានអនុម័តឱ្យតុលាការបន្តនីតិវីធីរបស់ខ្លួន ៕

 

 

 

Share

Image
Image
Image