en     km
en     km

សម្ដេចហ៊ុនសែនប្រកាសថាកម្ពុជាមិននៅក្រោមប្រព័ន្ធត្រួតត្រារបស់ចិនទេ

Share

សម្ដេចហ៊ុនសែន អះអាងថាចិនមិនយកកម្ពុជា ជារដ្ឋមួយក្រោមឥទ្ធិពលរបស់ខ្លួនឡើយ។ សម្ដេចបន្តថា ចិនក៏មិនចង់ឃើញប្រទេសដទៃជ្រៀតជ្រែកផ្ទៃក្នុងចិន មកបំបែកបំបាក់ ខេត្ត​របស់​ចិនដែរ។ យ៉ាងណា លោកសមរង្ស៊ីប្រធានស្ដីទីនៃអតីតគណបក្សសង្រ្គោះ​ជាតិ​ កាល​ពីថ្មី​ៗនេះ បានព្រមានថា ​នៅពេលនេះ កម្ពុជាកំពុងធ្លាក់ក្នុងស្ថានភាពអាណានិគម​បែបថ្មី​របស់​ចិនហើយ។

លោកនួនបូរិន ជូនសេចក្ដីរាយការណ៍៖

 

សម្ដេចហ៊ុនសែននៅថ្ងៃសុក្រទី១ មិនា នេះ បានប្រកាសថា កម្ពុជាមិនស្ថិតក្រោមការត្រួតត្រារបស់ចិន ហើយចិនក៏មិនចង់ត្រួតត្រាប្រទេសណាមួយនោះដែរ។

សម្ដេចបញ្ជាក់ថា គោលនយោបាយ​ការបរទេស កម្ពុជា និង ចិន មានចរន្ដពីរត្រូវរ៉ូវគ្នា។​

ដោយលើកឡើងអំពីសមិទ្ធផលមួយចំនួនពីការជួយ អភិវឌ្ឍន៍ ក្រោមគំរោងជំនួយរបស់ចិន  សម្ដេចហ៊ុនសែន មើលទៅ និយាយការពារចិនដោយជំទាស់នូវអ្វីដែលមជ្ឈដ្ឋានខ្លះបារម្ភថាចិន ជាប្រទេសវាតទីនិយម  គឺមិនមែនដូច្នេះទេ។ សម្ដេចថា ដែនដីកោះតៃវ៉ាន់ឬទីបេ ខេត្ត ជីងជាំងក្ដី ក៏ចិន មិនចង់ឱមានការបំបែករដ្ឋដែរ។

ការថ្លែងរបស់នាយករដ្ឋមន្ត្រីកម្ពុជាធ្វើឡើងនៅចំពោះមុខប្រជាពលរដ្ឋ ​បុគ្គលិកមន្ទីរពេទ្យរាប់ពាន់នាក់ ក៏ដូចជាកឯកអគ្គរដ្ឋទូតចិន លោក វ៉ាង វិនធាន ដែលមានវត្តមាននៅក្នុងពិធីសម្ពោធការដ្ឋានសាងសង់មន្ទីរពេទ្យ “មិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ” នៅព្រឹកថ្ងៃសុក្រនេះ។

ចំពោះ​ បញ្ហាចិន និង កម្ពុជា លោកសមរង្ស៊ី ប្រធានស្ដីទីនៃអតីតគណបក្សសង្រ្គោះជាតិ តែង​តែនិយាយថា កម្ពុជាបានធ្លាក់ក្រោមអាណានិគមថ្មីរបស់ចិនទៅហើយ ដែលលោកថា ជនជាតិចិន​មកនៅខេត្តព្រះសីហនុ ជាច្រើនពាន់នាក់នេះ គឺប្រៀបបានជាការធ្វើនិគមជនមួយ​នៅ​កម្ពុជា ដើម្បីតកូនតទៅ។ លោកបន្តថា កម្ពុជា ធ្លាក់ក្រោមឥទិ្ធពលចិន នៅពេលនេះ ទាំងសេដ្ឋ​កិ​ច្ចនិងនយោបាយ។ ជាមួយគ្នានេះ លោកសមរង្ស៊ីក៏បានចេញលិខិត​ព្រមាន​អ្នក​វិនិយោគ​ចិន​អោយដឹង ថានៅថ្ងៃក្រោយពលរដ្ឋកម្ពុជាអាច​នឹងងើបឡើងប្រឆាំងឥទ្ធិពលចិននៅកម្ពុជា។

យ៉ាងណា អ្នកនាំពាក្យរាជរដ្ឋាភិបាលលោកផៃស៊ីផាន បានហៅការព្រមានរបស់លោក​សមរង្ស៊ីថា មិនមាន​តម្លៃ​និងឥទ្ធិពលលើការដឹកនាំរបស់សម្ដេចនាយករដ្ឋមន្ត្រីឡើយ។ លោកថានាសម័យទំនើបនេះ គ្មានប្រទេសណាមួយល្ងង់ឱ្យខ្លួនក្រោមអាណានិគម​ប្រទេស​មួយឡើយ៕

Share

Image
Image
Image