en     km
en     km

សម្ដេចហ៊ុនសែនបដិសេធថាមិនបានទិញអ្នកនយោបាយបក្សប្រឆាំងទេ

Share

ភ្នំពេញ៖ តាមទំលាប់នៃចរន្តនយោបាយខ្មែរ គឺការដើរចេញពីបក្សរត់ទៅជ្រកកោន ក្រោមបក្ស​កាន់​អំណាចត្រូវបានសង្ស័យថាជាការធ្វើឡើងដោយការដូរថ្នូរនឹងបុណ្យស័ក្តិឬការទទួលប្រាក់ច្រើនម៉ឺនដុល្លារ ។ អ្នកនយោបាយប្រភេទនេះ ត្រូវបានម្ចាស់ឆ្នោតថ្កោលទោស ។ បុគ្គលនេះ ក៏​ទទួល​បាន ឋានៈនៅក្នុងបក្សកាន់អំណាច។  ក្រោយមកបុគ្គលនេះ បានថប់ថយប្រជាប្រិយ៍ភាព​ហើយ ក៏លែងចេញ​មុខ​ជាសាធារណៈ។ យ៉ាងណានៅថ្ងៃនេះ សម្ដេចហ៊ុនសែន បាន​បដិសេធ​ការចោទថាសម្ដេចបានទិញអ្នកនយោបាយក្រុមប្រឆាំងមួយចំនួន អោយដាក់ពាក្យសុំសិទ្ធិ​នយោបាយឡើងវិញ។ សម្ដេចចាត់ទុកមេបក្សនោះថា​មិនមានសមត្ថភាពគ្រប់គ្រង​កូនចៅ​ខ្លួន។

លោក សោម លាភ រាយការណ៍៖

 

ចរន្តដើរចេញពីបក្សបានក្លាយជាទំលាប់ដែលមជ្ឈដ្ឋានពលរដ្ឋ និងអ្នកសង្កេតការណ៍ ខ្លះ​ហៅ បុគ្គលនោះ ថាលក់ក្បាល ឬលក់ឧត្តមគតិដើម្បីបានមកវិញនូវតំណែងបុណ្យស័ក្តិ និង លាភសក្ការៈលុយកាក់ សម្ភារៈទំនើបៗ។ សម្រាប់សម្ដេចហ៊ុនសែន នៅថ្ងៃនេះបានទាត់ចោល ការលាបពណ៌មកលើសម្ដេចថាបានទិញអ្នកនយោបាយ មួយចំនួន នៃក្រុមប​ក្សប្រឆាំង​អោយ​ដាក់ពាក្យសុំសិទ្ធិធ្វើនយោបាយឡើយវិញ។​

សម្ដេចនាយករដ្ឋមន្ត្រីបានថ្លែងដូចនេះ អំឡុងសម្ដេចថ្លែងទៅកាន់និស្សិត នៃសាកល​វិទ្យាល័​យ​អាស៊ីអឺរ៉ុប ​ដែលមកទទួលសញ្ញាបត្រ នៅថ្ងៃព្រហស្បតិ៍ទី២១មីនាឆ្នាំ២០១៩នេះ។

ក្នុងឱកាសនោះសម្តេច បានបញ្ញាក់ថា ក្រុមអតីតបក្សសង្គ្រោះជាតិ ដែលមើលស្រាលអតីតសហការីរបស់ពួកគេពេលសុំសិទ្ធិធ្វើនយោបាយជាទំនិញទិញដូរ គឺជាបរាជ័យរបស់ក្រុមអតីតបក្សប្រឆាំង។ សម្តេចបន្តថា មិនមានជាការល្អទេ ក្នុងនាមជាមនុស្សអួតអាងជាអ្នកប្រជាធិបតេយ្យ គោរពសិទ្ធិសេរីភាពបញ្ចេញមតិ បែរជានិយាយបំពានសិទ្ធិរបស់បុគ្គលម្នាក់ៗទៅវិញ។

យ៉ាងណាសម្តេចក៏បានបដិសេធថាសម្ដេចជាអ្នកបំបែកក្រុមអតីតបក្សប្រឆាំងនោះ សម្តេច បានតបទៅវិញថា ក្នុងនាមជាមេដឹកនាំមួយបែរជាឲ្យអ្នកដទៃបំបែកបានមានន័យថា មេដឹកនាំនោះអន់បំផុត។

យ៉ាងណាសម្តេច ហ៊ុន សែន ប្រាប់ទៅមេដឹកនាំអតីតបក្សសង្គ្រោះជាតិ ឲ្យឈប់លាបពណ៌អតីតសហការីរបស់ខ្លួន។

កន្លងមក សម្ដេចហ៊ុនសែន បានអះអាងថា សម្ដេចជាអ្នកចូលទៅបំបែកគណប​ក្ស​ហ៊្វុន​ស៊ីន​ប៉ិច​។ តែនៅថ្ងៃនេះ សម្ដេចនាយករដ្ឋមន្ត្រីក៏បានវាយប្រហារសម្ដេចក្រុមព្រះ​ដែលតែង​មាន​បន្ទូលថាគណបក្សប្រជាជនកម្ពុជា បែកបាក់គ្នា គឺការពិតសម្ដេចហ៊ុនសែនថា បក្សហ្វ៊ុន​ស៊ីន​ប៉ិចទេបានបែកបាក់ហើយ បក្សនេះ បានសូន្យអាសនៈ។

តាមនាយករដ្ឋមន្ត្រី  គណបក្សប្រជាជនកម្ពុជាត្រូវការសម្តេច ដើម្បីដឹកនាំបក្សមិនមានការដណ្តើមគ្នាធ្វើមេបក្សនោះទេ។ ផ្ទុយទៅវិញមានតែក្រុមអតីតបក្សសង្គ្រោះជាតិទេ ដែលធ្វើបក្សប្រហារដណ្តើមគ្នាគ្រប់គ្រងបក្ស។

សម្តេច ហ៊ុន សែន បញ្ជាក់ ថា បើគណបក្សបែកបាក់ មេគណបក្សត្រូវទទួលខុសត្រូវមុនគេ។ ដូចគ្នានេះដែរបើគណបក្សប្រជាជនកម្ពុជាបែកបាក់ សម្តេចគឺជាអ្នកទទួលខុសត្រូវមុនគេ។តែសម្ដេចថាបក្សប្រជាជនគ្មានផ្លូវបែកបាក់ឡើយ។

ថ្មីៗនេះ មន្ត្រីអតីតគណបក្សប្រឆាំង គឺគណបក្សសង្គ្រោះជាតិ ដែលត្រូវបានហាមឃាត់សិទ្ធិនយោបាយក្នុងចំណោម១១៧គឺចំនួន ៩ រូប បានដាក់ពាក្យសុំសិទ្ធិស្ដារនីតិសម្បទាឡើងវិញ ។ ក្នុងនោះ មាន៤ រូបដែលត្រូវបានព្រះមហាក្សត្រចុះព្រះហស្ថលេខា និងសម្ដេច សាយឈុំ ប្រធានព្រឹទ្ធសភាចុះហត្តលេខា ផ្ដល់នីតិសម្បទា ។

ការណ៍នេះ មន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្រ្គោះជាតិដែលមួយចំនួនប្ដេជ្ញាមិនសុំសិទ្ធិធ្វើនយោបាយ និងសកម្មជននៅតាមមូលដ្ឋាន បានវាយប្រហារតាមរយៈបណ្ដាញសង្គមដល់អ្នកស្នើសុំថា ក្បត់ឆន្ទៈរាស្រ្ត និងលក់ឧត្តមគតិ តាមការបំបែកបំបាក់ពីគណបក្សប្រជាជនកម្ពុជាជាដើម ។

ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិធ្លាប់ថ្លែងថា សម្ដេច ហ៊ុន​ សែន បានចំណាយលុយឱ្យអ្នកសុំសិទ្ធិធ្វើនយោបាយចំនួន ១០ ម៉ឺនដុល្លារក្នុងម្នាក់ៗ ។

មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ រួមទាំងមជ្ឈដ្ឋានអ្នកវិភាគតែងតែធ្លាប់បង្ហាញការយល់ឃើញថា ការសើរើធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយមាត្រា ៤៥ ថ្មីស្ទួនមួយ ជាចេតនាបំបែកបំបាក់ផ្ទៃក្នុងរបស់មន្ត្រីអតីតគណបក្សសង្រ្គោះជាតិ ។

គណបក្សសង្រោះជាតិ គឺជាគណបក្សប្រឆាំងធំជាងគេបង្អស់នៅកម្ពុជា ។ គណបក្សនេះ ត្រូវបានតុលាការកំពូលរំលាយចោលកាលពីថ្ងៃទី ១៦ វិច្ឆិកា ឆ្នាំ ២០១៧ មុនព្រឹត្តិការណ៍នៃការបោះឆ្នោតសភានីតិកាលទី៦ ។

គណបក្សនេះជាគណបក្សដែលមានសំឡេងក្នុងរដ្ឋសភាច្រើនបន្ទាប់ពីគណបក្សប្រជាជនកម្ពុជា ដែលមានអាសន្នៈរហូតដល់ ៥៥ លើ ១២៣ ។ ដោយឡែក កាលពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កន្លងមក គណបក្សនេះទទួលបានការគាំទ្រច្រើន ដែលមន្ត្រីសភាជាន់ទាបទទួលបានរហូតដល់ ៥០០៧ នាក់ ។

តែយ៉ាងណា ដំណែងក្នុងរដ្ឋសភា និងនៅថ្នាក់ឃុំសង្កាត់ ត្រូវបានរំលាយចោលទៅឱ្យគណបក្សផ្សេងដែលពុំមានការគាំទ្រពីពលរដ្ឋសោះ ។

សម្រាប់អាណត្តិទី ៦ នេះ អាសន្នៈក្នុងរដ្ឋសភាកម្ពុជាមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់

សម្ដេចហ៊ុនសែនបានកាន់អំណាច ជាសហនាយករដ្ឋមន្ត្រីម្ដងទៀត បន្ទាប់ពីកម្លាំងកងទ័ព​ស្មោះ​ត្រង់នឹងបក្សប្រជាជនបានធ្វើអបគមន៍ ប្រឆាំងនឹងលទ្ធផលបោះឆ្នោតសភា​នីតិកាល​ទីមួយ កាលពីឆ្នាំ១៩៩៣។ សម្ដេចព្រះបាទនរោត្តមសីហនុជាអ្នកផ្សះផ្សាវិបត្តិនេះ ដោយតម្រូវ​អោយសម្ដេចហ៊ុនសែនជានាយករដ្ឋមន្ត្រីទី២ ហើយសម្ដេចក្រុមព្រះ តាងនាមអោយបក្សហ្វ៊ុន​ស៊ីន​ប៉ិច​​ដែលឈ្នះឆ្នោត បានធ្វើនាយករដ្ឋមន្ត្រីទី១។ ក្រោយពីបោះឆ្នោតឆ្នាំ១៩៩៣ បក្សកាន់​អំណាច​សព្វ​ថ្ងៃត្រូវមើលឃើញថាបានប្រើប្រាស់យុទ្ធសាស្ត្រឈ្នះៗ គ្រប់យ៉ាង ដើម្បីអូសទាញ ក្រុម​បក្សផ្សេងៗអោយ មករស់នៅជាមួយបក្សប្រជាជន ជាអ្វីដែលមជ្ឈដ្ឋានមួយចំនួន​សង្ស័យលើពួក​ចាកចេញ ថាទទូលបានអ្វីមួយជាថ្នូរ ឬ រងការគំរាមកំហែងសន្តិសុខ​ផ្លូវ​ចិត្តជាដើម៕ 

Share

Image
Image
Image