en     km
en     km

សម្ដេចហ៊ុនសែននឹងសុំឱ្យប្រទេសនៅអាស៊ី-អឺរ៉ុបជួយនាំទំនិញពីកម្ពុជា​ខណៈកម្ពុជាប្រឈម​នឹងការបាត់EBA

Share

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា នៅក្នុងឆ្នាំ២០១៩នេះ សម្ដេចនឹងធ្វើដំណើរទៅកាន់ប្រទេសមួយចំនួននៅអាស៊ី និងអឺរ៉ុប ដើម្បីរកទីផ្សារសម្រាប់ផលិតផលកម្ពុជា ដែលសម្ដេចថារុញកំណើនសេដ្ឋកិច្ចមានភាពរឺងមាំនឹងមិនអាចប្រឈមនឹងហានិភ័យ។

រាយការណ៍ដោយកញ្ញា ហេង នីទី

 

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ឆ្នាំ២០១៨ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ សម្ដេច នាយករដ្ឋមន្ដ្រី មានប្រសាសន៍​អំពីចក្ខុវិស័យលើវិស័យសេដ្ឋកិច្ចកម្ពុជា ដែលសម្ដេចបង្ហើបអោយដឹងថាសម្រាប់​ឆ្នាំ២០១៩​នេះ សម្ដេចនឹងទៅបញ្ចុះបញ្ជូល ប្រទេសមួយចំនួន នៅតំបន់អាស៊ី-អឺរ៉ុប និងនៅ​មជ្ឈិមបូព៌ាដើម្បី អោយប្រទេសទាំងនោះបើកទីផ្សាររបស់ពួកគេយកទំនិញពីកម្ពជា។

សម្ដេច ហ៊ុន សែន មានប្រសាសន៍ ថា «​ ឆ្នាំនេះ ខ្ញុំនឹងដើរទៅកាន់ប្រទេសអាស៊ីអឺរ៉ុប គេហៅថា អឺរ៉ាស៊ី មួយចំនួនទៀត ដើម្បីទាញយកផលិតផលរបស់យើង ទៅកាន់ទីនោះ ហើយយើងតម្រង់ឆ្ពោះទីផ្សាររបស់យើងនៅកាន់ទីផ្សារនៅមជ្ឈិមបូព៌ាថែមទៀត យើងបើកទីផ្សារកាន់តែធំ»។

ក្នុងន័យនេះ សម្ដេចក៏បានរំលឹក ​កាលពីអតីតកាល ប្រទេសកម្ពុជា ត្រូវទិញពីគេ ​តែ ដំណាក់កាលនេះផលិតផលក្នុង​ប្រទេស​ត្រូវការនាំចេញ។ សម្ដេចបន្តថាកុំពឹងទីផ្សារខាងក្រៅ ហើយ​បើ​​ពឹងគេពេកគឺប្រឈមនឹងហានិភ័យគឺ​ត្រូវរួមគ្នាពង្រឹងសេដ្ឋលកិច្ចកម្ពុជារឹង​មាំទើបគ្មានបារម្ភ​នឹង​ហានិភ័យ។

ក្នុងឱកាសនៃការបូកសរុបការងាររបស់ក្រសួងកសិកម្ម សម្ដេច ហ៊ុន សែន ក៏បាន ​ជំរុញកំណើនវិស័យកសិកម្ម នៅតែជាគោលដៅចម្បង ដើម្បីធានាសន្តិសុខស្បៀង ឤហារូបត្ថម្ភ និងការនាំចេញ។ សម្ដេចបន្ថែមថាផលិតកម្មដំណាំកសិ-ឧស្សាហកម្មកម្ពុជា មានការកើនឡើងខ្ពស់ ដោយផ្អែកលើការកើនឡើងនៃតម្រូវការទីផ្សារអន្តរជាតិ ព្រមទាំង ការកើនឡើងនៃការវិនិយោគលើផ្នែកកសិ-ឧស្សាហកម្ម។

សម្តេចបានទទួចថា កម្ពុជាមិនអាចរស់ដោយការតម្រូវរបស់ប្រទេសណាមួយនោះទេ ហើយកម្ពុជាមានមោទនភាព ចំពោះវឌ្ឍនភាពរបស់ខ្លួន ក៏ប៉ុន្តែកម្ពុជាតែក៏ត្រូវបន្តរួមគ្នាបន្ថែម ដើម្បីដោះស្រាយបញ្ហាប្រឈមដទៃទៀតឱ្យកាន់តែមានប្រសិទ្ធភាព។

យ៉ាងណា កាលពីថ្មីនេះ វិទ្យុស្រ្តីបានសុំការយល់ឃើញពីអ្នកស្រាវជ្រាវកិច្ចអភិវឌ្ឍសង្គម ពួកគាត់ មើលឃើញថា មានតែទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិក អាចស្រូបផលិតផលរបស់កម្ពុជា បានច្រើនជាងគេ។ ពួកគាត់ថា បើកម្ពុជា មានទីផ្សារថ្មីឬពង្រីកច្រើនទៀត គឺជាប្រសើរ។ តែបើកម្ពុជាបណ្ដោយអោយប្រព័ន្ធអនុគ្រោះពន្ធEBAរបស់សហភាពអឺរ៉ុបរបូតពីកម្ពុជាគឺសេដ្ឋកិច្ច​កម្ពុជានឹងចាប់ផ្ដើមធ្លាក់ចុះ ព្រោះកម្ពុជាត្រូវបង់ពន្ធអោយទីផ្សារអឺរ៉ុបនិងអាមេរិកក្នុងមួយឆ្នាំៗ ជាងមួយពាន់លានដុល្លារអាមេរិក។ ផលិតផលកម្ពុជាដែលនាំទៅទីផ្សារអឺរ៉ុបនិងអាមេរិក គឺមានដូចជា សំលៀកបំពាក់ កង់ អង្ករ ស្ករស ជាដើម។

សូមជម្រាបថាអាស៊ី-អឺរ៉ុប មិនមែនជាតំបន់នៅក្នុងសហភាពអឺរ៉ុបនោះទេ។ ប្រទេសនៅតំបន់នោះ ភាគច្រើន ស្ថិតនៅឈាងបន្តិចនៃអឺរ៉ុបខាងកើតហើយ​លាតសន្ធឹក​មក​ដល់​អាស៊ី​កណ្ដាល។ ប្រទេសនោះច្រើនតែជាអតីតរដ្ឋចំណុះអតីត​សហភាពសូវៀតគឺមាន​ប្រទេស ​Albania, Bosnia and Herzegovina, Kosovo, Montenegro,North Macedonia and Serbia Armenia, Azerbaijan, Georgia ជាដើម។ ប្រទេសទាំងនេះ ជារដ្ឋកំពុងអភិវឌ្ឍន៍ ដែលមិន​ទាន់​​មានសេដ្ឋកិច្ចជឿនលឿនខ្លាំងនៅឡើយទេ៕

Share

Image
Image
Image