en     km
en     km

សម្ដេចហ៊ុនសែនថាកង្វះអគ្គិសនីមកពីកំណើនសំណង់ហក់ឡើងខ្លាំង

Share

ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា សេចក្ដីត្រូវការនៃការប្រើប្រាស់ថាមពលអគ្គិសនី មានការកើនឡើងជាខ្លាំងជាពិសេសវិស័យសំណង់គឺហក់ឡើងដល់ទៅ៧០០ភាគរយដែលនាំអោយក្រុងធំៗនៅកម្ពុជាជួបការ ខ្វះថាមពលអគ្គិសនី។ 

ការបញ្ជាក់របស់សម្តេចហ៊ុនសែន ធ្វើឡើងក្នុងឱកាសដែលសម្តេច ចុះសំណេះសំណាលជាមួយកម្មករ កម្មការិនី ជាង១ម៉ឺននាក់ នៅក្នុងខេត្តពោធិ៍សាត់ នៅថ្ងៃទី២០ ខែមីនានេះ។

សម្តេច ហ៊ុន សែន ក៏បានទទូចសុំជនរួមជាតិថា កម្ពុជាប្រឈមនូវកង្វះខាតអគ្គិសនីប្រើប្រាស់ ដោយសារតម្រូវការកាន់តែខ្ពស់ដូចជានៅទីក្រុងភ្នំពេញ, សៀមរាប និងក្រុងព្រះសីហនុជាដើម។

តាមការពន្យល់របស់នាយករដ្ឋមន្ត្រីគឺពីមុនមកប្រើប្រាស់តែជាង២០មេហ្កាវ៉ាត់ ប៉ុន្តែពេលនេះ គឺត្រូវការភ្លើងជាង១០០ មេហ្កាវ៉ាត់។ សម្ដេចថាព្រោះតែវិស័យសំណង់ បានកើនឡើងជាង៧០០% បើប្រៀបធៀបក្នុងខែ មករា និងកុម្ភៈឆ្នាំទៅ ទើបមានបញ្ហា អគ្គិសនី ហើយកម្ពុជា មានការប្រើប្រាស់អគ្គិសនីកាន់តែច្រើន តើបខុសពីការព្យាករណ៍របស់រាជរដ្ឋាភិបាលកាលពីមុន។

យ៉ាងណា  សម្តេចនាយករដ្ឋមន្ត្រីបានអោយដឹងថា លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជានឹងទៅកាន់ប្រទេសតួកគី ដើម្បីចរចានាំយកនូវនាវាផ្ទុកថាមពលអគ្គិសនី អនុភាព២០០មេហ្កាវ៉ាត់មកកាន់កម្ពុជាដើម្បីជួយថាមពលអគ្គីសនីនៅរាជធានីភ្នំពេញ។ សម្ដេចថានេះជាដំណោះស្រាយបន្ទាន់។

ក្នុងឱកាសនោះ សម្ដេចហ៊ុនសែនបានជំរុញឲ្យក្រសួងរ៉ែ និងថាមពល សហការជាមួយអាជ្ញាធរអគ្គិសនីកម្ពុជា ជ្រើសរើសយករោងចក្រផលិតអគ្គិសនី ដែលមានលក្ខណៈបច្ចេកវិទ្យាទំនើប ដូចជារោងចក្រដែលប្រើប្រាស់ហ្គាសជាដើម។

កាលពីថ្ងៃទី១៨មីនា អាជ្ញាធរអគ្គិសនីកម្ពុជា បានជូនដំណឹងទៅជូនអតថិជន ដោយលើកឡើងអំពីកង្វះអគ្គីសនីប្រើប្រាស់ នៅក្នុងរដូវនៅប្រាំងឆ្នាំនេះ ។ អាជ្ញាធរអគ្គិសនីកម្ពុជាបានជូនដំណឹងថា នៅតំបន់ខ្លះរួមទាំងរាជធានីភ្នំពេញ គឺអាចនឹងផ្អាកការផ្ដល់ភ្លើងអគ្គិសនីប្រើប្រាស់ ក្នុងរយៈមួយ ឬ លើសពីរនេះសម្រាប់មួយថ្ងៃ។ ជាការកត់សម្គាល់ គឺចាប់តាំងពី ថ្ងៃទី ១៦មីនាមក  តំបន់ខ្លះមានការដាច់ភ្លើងអគ្គិសនី ដល់ទៅ ២ ឬ ៣ ម៉ោង ក៏មានហើយដាច់មានទាំងយប់មានទាំងថៃ្ង ។ ជួនការដាច់ភ្លើងហើយ ទឹកអត់ចេញទៀតផង ។ នៅលើបណ្ដាញសង្គម មានការបញ្ចេញមតិ ផ្សេងៗគ្នា អ្នកខ្លះថា ដាច់ភ្លើងអគ្គិសនី ជាមធ្យមតែសុំកុំបិទទឹកព្រោះទឹក គ្មានអ្វីជំនួសបានទេ ។

យ៉ាងណាសម្ដេចហ៊ុន សែន កាលពីថ្មីៗនេះ បានអំពាវនាវ អោយ សហគ្រាស​និង ស្ថាប័នណាដែលមានលទ្ធភាពគួរត្រូវរកទិញ ម៉ាស៊ីនភ្លើងដើម្បី ជួយបំពេញថាមពលរបស់ខ្លួន ។ តែពលរដ្ឋមួយចំនួននៅរាជធានីភ្នំពេញ ចាត់ទុកការដាច់ចរន្តអគ្គិសនីញឹកញាប់ និងច្រើនម៉ោង គឺជារឿងចម្លែក។

សូមជម្រាបថា ប្រភពអគ្គសនីកម្ពុជា មានមកពីទំនប់វារីអគ្គិសនីនៅខេត្តកំពត ជាក្រុមរបស់ចិន  ប្រភពមកពីវៀតណាម និងថៃ ៕  

Share

Image
Image
Image