en     km
en     km

សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ ៖ ​បើ​រដ្ឋ​មិន​ដំ​ឡើ​ប្រាក់ខែ​គ្រូ​ដល់​២​លាន​រៀន​ គឺ​បង្ហាញ​ថា​មិន​ចិត្ដ​ទុកដាក់​ចំពោះ​គ្រូ​

Share

​ភ្នំពេញ​ ៖​ ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ លើក​ឡើង​ថា​ ប្រសិនបើ​រដ្ឋាភិបាល​មិន​ព្រម​ដំឡើង​ប្រាក់ខែ​គ្រូ​ ដល់​២​លាន​រៀល​តាម​ការ​ទាមទារ​របស់​សមាគម​ គឺ​បង្ហាញ​ថា​ រដ្ឋ​មិន​យកចិត្ដទុកដាក់​ចំពោះ​គ្រូបង្រៀន​។​ ការ​លើក​ឡើង​នេះ​ បន្ទាប់​ពី​សម្ដេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​ មាន​ប្រសាសន៍​ថា​ ការ​ទាមទារ​ប្រាក់ខែ​ ២​លាន​រៀល​នេះ​ បើ​រដ្ឋ​គ្មាន​លទ្ធភាព​ គឺ​រដ្ឋ​មិន​អាច​ដោះស្រាយ​បាន​ទេ​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖

 

​នៅ​ព្រឹក​ថ្ងៃ​ទី​០៥​ ខែតុលា​នេះ​ សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ បាន​ប្រមូលផ្ដុំ​គ្នា​ដើម្បី​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក​ បំណង​ដាក់​ញ្ញត្ដិ​ទៅ​ក្រសួង​អប់រំ​ និង​ខុទ្ទកាល័យ​សម្ដេច​ ហ៊ុន​ សែន​ ដើម្បី​ទាមទារ​ នូវ​លក្ខខណ្ឌ​មួយ​ចំនួន​សម្រាប់​គ្រូបង្រៀន​។​ តាម​លិខិត​ចំហ​របស់​សមាគម​ លក្ខខណ្ឌ​ទាំងនោះ​មាន​ ៩​ចំណុច​ ហើយ​ក្នុង​នោះ​លក្ខខណ្ឌ​ទី​១​ គឺ​ទាមទារ​ឲ្យ​ដំឡើង​ប្រាក់ខែ​គ្រូបង្រៀន​ចាប់ពី​កម្រិត​ទាប​បំផុត​ ២​លាន​រៀល​ក្នុង​មួយ​ខែ​។​

​ទាក់ទិន​រឿង​នេះ​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ បាន​ថ្លៃ​ង​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ថា​ ប្រសិនបើ​រដ្ឋ​គ្មាន​លទ្ធភាព​ រដ្ឋ​ក៏​មិន​អាច​ដោះស្រាយ​អ្វី​បាន​ដែរ​ ៖«​ហើយ​ថ្ងៃនេះ​គេ​កំពុង​ជុំ​គ្នា​ដែរ​ ដើម្បី​ទាមទារ​ប្រាក់ខែ​គ្រូបង្រៀន​។​ ត្រូវ​ហើយ​អ្នក​ដែល​ចង់បាន​ប្រាក់​ ប៉ុន្ដែ​ប្រាក់​ដែល​យើង​មិន​មាន​លទ្ធភាព​យើង​ក៏​មិន​អាច​ដោះស្រាយ​បាន​ដែរ​»​។​

​ជុំវិញ​ការ​ថ្លែង​របស់​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ដូចនេះ​ លោកស្រី​ អ៊ុ​ក​ ឆា​យ៉ា​វី​ ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ យល់​ឃើញ​ថា​ ចេតនា​របស់​សម្ដេច​ គឺ​មិន​មានការ​យកចិត្ដទុកដាក់​ចំពោះ​គ្រូបង្រៀន​ទេ​ ហើយ​អ្វី​ដែល​សម្ដេច​ធ្លាប់​អះអាង​ថា​ លោក​កំពុង​តែ​យកចិត្ដទុកដាក់​លើ​លោកគ្រូ​ អ្នកគ្រូ​ គឺ​មិនមែន​ជា​ការ​ពិត​ ៖«​ចាស​ បើ​នាយក​រដ្ឋមន្ដ្រី​ឆ្លើយ​បែប​នេះ​បាន​ន័យ​ថា​ នាយក​រដ្ឋមន្ដ្រី​មិន​ទាន់​បាន​លើកកម្ពស់​គ្រូបង្រៀន​ទេ​។​ នាយក​រដ្ឋមន្ដ្រី​តែងតែមាន​ប្រសាសន៍​ថា​ នាយក​រដ្ឋមន្ដ្រី​កំពុង​តែ​យកចិត្ដទុកដាក់​ចំពោះ​លោកគ្រូ​អ្នកគ្រូ​។​ អ​ញ្ចឹ​ង​បាន​ន័យ​ថា​ មិនមែន​ទេ​ គ្រាន់តែ​ទាមទារ​រក​សន្លឹក​ឆ្នោត​ តែ​មួយ​បណ្ដោះអាសន្ន​នា​ពេល​បោះ​ឆ្នោត​តែ​ប៉ុណ្ណឹង​»​។​

​បន្ថែម​លើ​នេះ​លោកស្រី​ បញ្ជាក់​ថា​ ការ​ទាមទារ​នេះ​គឺ​ដើម្បី​ផលប្រយោជន៍​លោកគ្រូ​ អ្នកគ្រូ​ គ្រប់​រូប​ មិនមែន​ជា​ការ​ទាមទារ​ដើម្បី​តែ​ក្រុម​លោកស្រី​ប៉ុន្មាន​នាក់​នោះ​ទេ​។​ លោកស្រី​ ចង់​ឲ្យ​រដ្ឋាភិបាល​បង្ហាញ​ការ​យកចិត្ដទុកដាក់​ឲ្យ​បាន​ខ្ពស់​ជាង​នេះ​ ចំពោះ​វិស័យ​អប់រំ​។​ ទន្ទឹម​នឹង​នេះ​ ដើម្បី​បង្ហាញ​ពី​ចេតនា​ក្នុង​ការ​លើកកម្ពស់​វិស័យ​អប់រំ​ លុះត្រាតែ​មានការ​ដំឡើង​ប្រាក់ខែ​លោកគ្រូ​ អ្នកគ្រូ​ ឲ្យ​បាន​សមរម្យ​ យ៉ាង​ហោច​ណាស់​ ២​លាន​រៀល​ ក្នុង​មួយ​ខែ​ និង​លក្ខខណ្ឌ​មួយ​ចំនួន​ទៀត​។​

​យ៉ាងណា​ជុំវិញ​ការ​ដំឡើង​ប្រាក់ខែ​សម្រាប់​គ្រូ​ប​ង្រៀ​នេះ​ កាលពី​ចុងខែ​មីនា​ ឆ្នាំ​២០១៨​នេះ​ សម្ដេច​ ហ៊ុន​ សែន​ធ្លាប់​អះអាង​ថា​ បច្ចុប្បន្ន​ប្រាក់ខែ​គ្រូបង្រៀន​មិន​តិច​ជាង​ ១​លាន​រៀល​នោះ​ទេ​ ហើយ​រដ្ឋាភិបាល​នឹង​ដំឡើង​ប្រាក់ខែ​ជូន​លោកគ្រូ​ អ្នកគ្រូ​បន្ដ​ទៀត​នៅ​ឆ្នាំ​ក្រោយៗ​៕

Share

Image
Image
Image