en     km
en     km

សមាគម​ខ្មែរក្រោម​ខកចិត្ត​ក្រសួង​មហា​ផ្ទែ​បដិសេធ​មិន​ទទួល​សំណើ​ សុំ​កាន់​អត្តសញ្ញាណប័ណ្ណ​

Share

​ភ្នំពេញ៖ អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ និង​អង្គការ​ការពារ​សិទ្ធិ​ជនជាតិភាគតិច​បាន​ សម្ដែង​ការ​ខកចិត្ត​ ដោយសារ​តែ​ក្រសួងមហាផ្ទៃ​បដិសេធ​មិន​ទទួល​សំណើ​ របស់​អង្គការ​ទាំង​២​នេះ​ដែល​សុំ​កាន់​អត្តសញ្ញាណប័ណ្ណ​។​

khmerkroumលោក​ សឺ​ន​ ជុំ​សុ​ធន​ ប្រធាន​មន្ដ្រី​ស៊ើបអង្កេត​ផ្នែក​សិទ្ធិ​មនុស្ស​និង​ដីធ្លី​នៃ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ ដើម្បី​សិទ្ធិ​មនុស្ស​និង​អភិវឌ្ឍន៍​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​នៅ​ថ្ងៃ​អង្គារ​ទី​១២​ក​ក្ដ​ដា​នេះ​ថា​ ការ​ស្នើ​សុំ​របស់​ពួក​គេ​ត្រូវ​បរាជ័យ​ ព្រោះ​ក្រសួងមហាផ្ទៃ​ធ្វើការ​បដិសេធ​មិន​ទទួល​ការ​ស្នើ​សុំ​នេះ​។​ លោក​ថា​ការ​ពិត​ក្រសួង​មាន​សមត្ថកិច្ច​ រឿង​នេះ​។​ កញ្ញា​ ជុំ​ ជោគ​ជាតា​ រាយការណ៍​ព័ត៌មាន​លម្អិត​៖

 

​លោក​ សឺ​ន​ ជុំ​សុ​ធន​ មាន​ប្រសាសន៍​ថា​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​និង​អង្គការ​ការពារ​សិទ្ធិ​ជនជាតិភាគតិច​ បាន​ដាក់​លិខិត​មួយ​ទៅ​ក្រសួងមហាផ្ទៃ​ ដើម្បី​សុំ​ធ្វើ​អត្ដសញ្ញាណប័ណ្ណ​ ឱ្យ​ពលរដ្ឋ​ខ្មែរក្រោម​ ដែល​រស់នៅ​ខេត្តកំពង់ឆ្នាំង​ និង​ខេត្តសៀមរាប​ ប៉ុន្ដែ​ការ​ស្នើ​សុំ​នេះ​ ត្រូវ​បាន​បដិសេធ​។​

​លោក​ សឺ​ន​ ជុំ​សុ​ធន​ ៖«​លទ្ធផល​ការ​ដាក់​ស្នើរ​សុំ​របស់​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ ក្រសួងមហាផ្ទៃ​បាន​បដិសេធ​ ដោយ​មិន​ទទួលយក​លិខិតស្នើរ​សុំ​របស់​ពួក​យើង​ លិខិត​ក៏​គេ​មិន​បាន​ទទួល​ ហើយ​ការ​ស្នើរ​ចារ​ទៅ​លើ​លិខិត​ហ្នឹង​ ក៏​គេ​មិន​បាន​ចារ​ដែរ​ ហើយ​គេ​(​ក្រសួងមហាផ្ទៃ​)​ បែរជា​ច្រាន​អោយ​យើង​ហ្នឹង​ និង​ណែនាំ​អោយ​យើង​ទៅ​ដាក់​នៅ​អគ្គនាយកដ្ឋាន​ អត្ដសញ្ញាណ​កម្ម​វិញ​»​។​

​អង្គការ​ការពារ​សិទ្ធិ​ជនជាតិភាគតិច​ និង​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិ​មនុស្ស​ និង​អភិវឌ្ឍន៍​ បាន​ដាក់​លិខិតស្នើ​សុំ​នេះ​ទៅ​រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​ កាលពី​ថ្ងៃ​ម្សិលមិញ​។​

​ក្នុង​លិខិត​ អង្គការ​ទាំង​ពីរ​បាន​រក​ឃើញ​ថា​ បច្ចុប្បន្ន​ខ្មែរ​កម្ពុជា​ក្រោម​ នៅ​ក្នុង​មូលដ្ឋាន​មួយ​ចំនួន​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ គឺ​ត្រូវ​បាន​អាជ្ញាធរ​បដិសេធ​ ពុំ​ព្រម​ធ្វើ​អត្ដសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ជូន​ពួក​គាត់​នោះ​ឡើយ​ ទោះបីជា​ពួក​គាត់​ទាំងនោះ​ មួយ​ចំនួន​មាន​អត្ដសញ្ញាណប័ណ្ណ​គំរូ​ចាស់​ ហួស​សុពលភាព​ហើយ​ក៏​ដោយ​។​

​បើ​តាម​ការ​លើក​ឡើង​របស់​ លោក​ សឺ​ន​ ជុំ​សុ​ធន​ មូលហេតុ​ដែល​អាជ្ញាធរ​ដែនដី​ពុំ​ព្រម​ធ្វើ​អត្ដសញ្ញាណប័ណ្ណ​ សញ្ជាតិ​ខ្មែរ​គឺ​ដោយសារ​អាជ្ញាធរ​ដែនដី​មួយ​ចំនួន​ ចាំបាច់​សុំ​បញ្ជា​ និង​ការ​យល់ព្រម​ ពី​ក្រសួងមហាផ្ទៃ​ជា​មុន​ មុន​នឹង​សម្រេច​ធ្វើ​អត្ដសញ្ញាណប័ណ្ណ​នេះ​។​

​លោក​ សឺ​ន​ ជុំ​សុ​ធន​ ថា​ ការ​បដិសេធ​ម្ដង​ហើយ​ម្ដងទៀត​ពី​អាជ្ញាធរ​ដែនដី​ ក៏​ដូច​ជា​ពី​ក្រសួងមហាផ្ទៃ​ ធ្វើ​អោយ​ពួក​គាត់​យល់​ថា​ រដ្ឋាភិបាល​កម្ពុជា​កំពុង​រើសអើង​ពូ​សាសន៍​ និង​មិន​គោរព​តាម​ព្រះរាជ​បន្ទូល​របស់​ព្រះបាទ​ន​រោ​ត​ម្ដ​សីហ​នុ​ ដែល​ធ្លាប់​បាន​លើក​ឡើង​។​

«​អាជ្ញាធរ​ទាំងនោះ​ មិន​បាន​ស្ដាប់​ នូវ​ (​ព្រះរាជ​បន្ទូល​)​អតីត​ព្រះមហាក្សត្រ​ ព្រះបាទ​នរោត្ដម​សីហ​នុ​ កាល​ព្រះ​អង្គ​នៅ​មាន​ព្រះ​ជន្ម​ ព្រះ​អង្គ​បាន​ទៅ​ទីក្រុង​ប៉េ​កាំ​ង​ ដោយ​ព្រះ​អង្គ​បាន​…»​

​ជុំវិញ​រឿង​នេះ​ វិទ្យុ​ស្ដ្រី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ និង​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ទេ​ នៅ​ថ្ងៃនេះ​ ដោយ​ទូរស័ព្ទចូល​ពុំ​មាន​អ្នក​លើក​។​

​យ៉ាងនេះ​ក្ដី​ វិទ្យុ​ស្ត្រី​ក៏​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ អ្នកនាំពាក្យ​ គណបក្ស​ប្រជាជន​កម្ពុជា​ ឬ​អ្នកនាំពាក្យ​រដ្ឋាភិបាល​ ជុំវិញ​ ការ​ចោទ​ថា​មានការ​រើសអើង​ជាតិ​សាសន៍​ ដែល​លើក​ឡើង​ដោយ​ លោក​ សឺ​ន​ ជុំ​សុ​ធន​ ប្រធាន​មន្ដ្រី​ស៊ើបអង្កេត​ផ្នែក​សិទ្ធិ​មនុស្ស​ និង​ដីធ្លី​នៃ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ ដើម្បី​សិទ្ធិ​មនុស្ស​និង​អភិវឌ្ឍន៍​។​

​បើ​តាម​លោក​ សឺ​ន​ ជុំ​សុ​ធន​ ពលរដ្ឋ​ ដែល​បាន​ដាក់​ពាក្យបណ្ដឹង​មក​កាន់​អង្គការ​ការពារ​សិទ្ធិ​ជនជាតិភាគតិច​ និង​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ ដែល​បាន​ស្នើ​សុំ​ទៅ​ក្រសួងមហាផ្ទៃ​ ធ្វើ​អត្ដសញ្ញាណប័ណ្ណ​ គឺ​ពលរដ្ឋ​នីមួយៗ​នៅ​តាម​ឃុំ​ក្នុង​ខេត្តសៀមរាប​ និង​​ខេត្តកំពង់ឆ្នាំង​មាន​ជាង​១៥​គ្រួសារ​។​

​តាម​រដ្ឋធម្មនុញ្ញ​ ពលរដ្ឋ​ខ្មែរក្រោម​ក៏​ត្រូវ​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​ ថា​ជា​ពលរដ្ឋ​ខ្មែរ​ផង​ដែរ​៕

Share

Image
Image
Image