en     km
en     km

សមត្ថកិច្ចរុះរើស្លាកយីហោហាងជនជាតិចិនឈ្មោះថា«តូបលក់សាច់កម្ពុជា»និង«ក្មេងស្រីជនជាតិចិន»

Share

ខេត្តព្រះសីហនុ៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្កិ បានបញ្ជាឱ្យអាជ្ញាធរមូលដ្ឋានចុះរុះរើស្លាកយីហោអាជីវកម្មជន ជាតិចិនពីរកន្លែង ដែលប្រើប្រាស់ពាក្យពេចន៍មិនត្រឹមត្រូវ។  ទីតាំងទី១ គឺជាហាងលក់សម្លៀកបំពាក់ឈ្មោះថា«ក្មេងស្រីជនជាតិចិន»និងទី២ ហាងលក់ម្ហូបឈ្មោះថា«តូបលក់សាច់កម្ពុជា»។

ទីតាំងទាំងពីរខាងលើស្ថិតនៅខេត្តព្រះសីហនុ ដែលកំពុងមានលំហូរអ្នកវិនិយោគ អ្នករកស៊ី និងជនជាតិចិន មករស់នៅយ៉ាងសន្ធឹកសន្ធាប់នារយៈពេលចុងក្រោយនេះ។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី២៦ ឧសភា។

                                    ​សកម្មភាពអាជ្ញាធរចុះដោះស្លាកយីហោហាងជនជាតិចិន ដែលសរសេរខុសពាក្យពេចន៍ខ្មែរ។

 

ទំព័រហ្វេសប៊ុកក្រសួងពាណិជ្ជកម្មបញ្ជាក់ថា ការចុះទម្លាក់ស្លាកយីហោអាជីវកម្មខាងលើ បន្ទាប់ពីបានពិនិត្យឃើញថា ហាងទាំងពីរនេះ បានប្រើប្រាស់ពាក្យពេចន៍ខ្មែរមិនត្រឹមត្រូវ ដែលបានមកពីការបកប្រែភាសាអង់គ្លេស របស់ជនជាតិចិនដែលជាម្ចាស់ ហាង។ ជាងនេះទៀតហាងទាំងពីរខាងលើ ក៏ពុំមានច្បាប់អនុញ្ញាតប្រកបអាជីវកម្ម ពីមន្ទីរពាណិជ្ជកម្មខេត្ត ក៏ដូចជាច្បាប់អនុញ្ញាតពីស្ថាប័នពាក់ព័ន្ធផ្សេងទៀតផងដែរ។

រដ្ឋលេខាធិការលោក វ៉េង សុធី ដែលបានដឹកនាំកម្លាំងចុះរុះរើស្លាកយីហោបានធ្វើការណែនាំ និងពន្យល់ជនជាតិចិនជាម្ចាស់ហាង អំពីច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្មនិងវិធានមួយចំនួននៅកម្ពុជា។

លោករដ្ឋលេខាធិការ វ៉េង សុធី បានគូសបញ្ជាក់បន្ថែមថា៖«ដើម្បីអាចបើកដំណើរការអាជីវកម្មមួយម្ចាស់ហាង ម្ចាស់អាជីវកម្មត្រូវបំពេញលក្ខខណ្ឌបីចំនុច ទី១ ត្រូវប្រើប្រាស់ពាក្យពេចន៍ឱ្យបានត្រឹមត្រូវចំពោះស្លាកយីហោជាភាសាខ្មែរ។ ទី២ ការលើកស្លាកយីហោ ត្រូវសុំការអនុញ្ញាតជាមុនពីក្រសួង ឬមន្ទីរពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធ។ និងទី៣ ការដាក់ពាក្យសុំលើកស្លាកយីហោអាជីវកម្ម ត្រូវធ្វើតាមរយៈច្រកចេញចូលតែមួយ របស់សាលារាជធានី ឬខេត្ត»។

                ​អាជ្ញាធរណែនាំម្ចាស់ហាងជនជាតិចិនពីនីតិវិធីមួយចំនួនក្នុងការលើកស្លាកយីហោ និងការបើកដំណើរការអាជីវកម្ម។

 

សម្រាប់ខេត្តព្រះសីហនុដែលសម្បូរដោយជនជាតិចិនមករស់នៅ និងប្រកបអាជីវកម្មរកស៊ី អាជ្ញាធរបានរាយការណ៍ថា អាជ្ញាធរក្រុងបានចុះរុះរើស្លាកយីហោហាងអាជីវកម្មរបស់ជនជាតិចិនចំនួនជាង ២០០ស្លាក ពីហាងប្រមាណជា ១០០ កាលពីចុងឆ្នាំ ២០១៨។

អាជ្ញាធរឱ្យដឹងថា ការសរសេរអក្សរខ្មែរលើស្លាកយីហោហាងមិនត្រឹមត្រូវ ដោយសារម្ចាស់ហាងជាជនបរទេស មិនចេះអក្សរខ្មែរ ហើយពួកគេបានបកប្រែភាសារបស់ពួកគេមកជាភាសាខ្មែរ ដោយប្រើកម្មវិធីបកប្រែ «Google Translate»៕

Share

Image
Image
Image