en     km
en     km

សមត្ថកិច្ចដោះលែងពលរដ្ឋ ៤ នាក់វិញក្រោយធ្វើកិច្ចសន្យាឈប់ឱ្យចូលមើលដីស្រែក្នុងព្រលានយន្តហោះថ្មី

Share

ភ្នំពេញ៖ តំណាងប្រជាពលរដ្ឋមួយរូបមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនសាងសង់ព្រលានយន្តហោះថ្មីនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ប្រាប់វិទ្យុស្រ្តីនៅព្រឹកថ្ងៃទី១០ ខែកញ្ញា នេះថា កម្លាំងនគរបាលដែលយាមនៅតំបន់ដីទំនាស់ បានដោះលែងពលរដ្ឋចំនួន ៤ នាក់មកវិញហើយ បន្ទាប់ពីពួកគេចូលទៅក្នុងតំបន់ដីទំនាស់ដែលកំពុងហាមឃាត់​ និងមានវិវាទយ៉ាងរុំាំរ៉ៃជាយូរមកហើយនោះ។

លោក ទួន វណ្ណៈ បន្តថា ពលរដ្ឋទាំងបួននាក់នោះត្រូវបានសមត្ថកិច្ចដោះលែងមកវិញកាលពីវេលាម៉ោង៧ យប់ថ្ងៃទី០៩ ខែកញ្ញាម្សិលមិញ បន្ទាប់ពីពួកគេបានធ្វើកិច្ចសន្យាបញ្ឈប់ការចូលទៅមើលដីស្រែក្នុងតំបន់ទំនាស់។ លោកបញ្ជាក់ថា ក្នុងចំណោមពួកគេទាំងបួននាក់ មានពីរនាក់ជាប្តីប្រពន្ធលក់គ្រឿងចាបហួយដែលពួកគេទាំងពីរបានដឹកអ៊ីវ៉ាន់ឆ្លងកាត់តំបន់ទំនាស់នោះក៏ត្រូវឃាត់ខ្លួនដែរ។

ចំណែកពលរដ្ឋពីរនាក់ផ្សេងទៀត ត្រូវបានឃាត់ខ្លួនពេលចុះទៅថតរូប និងមើលដីស្រែរបស់ពួកគេ។

តំណាងពលរដ្ឋរូបនេះយល់ថា ការបង្ហាញរូបភាពឃាត់ខ្លួនប្រជាពលរដ្ឋបែបនេះ ជារូបភាពមួយដាក់ការគំរាមកំហែង បំបាក់ស្មារតីពលរដ្ឋមួយផ្នែកទៀត កុំឱ្យហ៊ានងើបតវ៉ាជាមួយអាជ្ញាធរ។

សូមស្តាប់ការបន្ថែមរបស់លោក ទួន វណ្ណៈ

ទាក់ទងរឿងនេះ លោក ស៊ឹម គឹមស៊ុន អធិការរងស្រុកកណ្តាលស្ទឹង ប្រាប់ថាលោកពុំទាន់ទទួលព័ត៌មាននេះទេ ព្រោះលោកបំពេញបេសសកម្មខាងក្រៅ។ ហើយវិទ្យុស្រ្តីពុំទាន់អាចសុំការបំភ្លឺពីលោក ឈឿន សុចិត្រ ស្នងការ​នគរបាល​ខេត្តកណ្តាលបានទេនៅថ្ងៃនេះ ព្រោះលោកមិនទទួលទូរស័ព្ទ។

តែយ៉ាងណាកាលពីថ្ងៃទី០៨ ខែកញ្ញា ស្នងការនគរបាលខេត្តកណ្តាលបានឃាត់ខ្លួនពលរដ្ឋពីរនាក់ជាម្តាយនិងកូន ខណៈពួកគេបានសុំប៉ូលិសយាមប៉ារ៉ាស់បិទផ្លូវ ដើម្បីចេញទៅរកអុស។ តែពេលម្តាយនិងកូនត្រឡប់មកផ្ទះវិញ ក៏ត្រូវបានប៉ូលីសឃាត់ខ្លួន ហើយដកហូតទូរស័ព្ទ ព្រោះសង្ស័យថា បានថតរូបសកម្មភាពក្រុមហ៊ុនឈូសឆាយដីស្រែ។ យ៉ាងណាម្តាយនឹងកូនត្រូវបានដោះលែងមកវិញ បន្ទាប់ពីត្រូវបានប៉ូលីសសួរនាំជាច្រើនម៉ោង និងបានធ្វើកិច្ចសន្យាឈប់ឱ្យចូលទីតាំងដីមានទំនាស់នោះ។

ជាការកត់សម្គាល់ ការរឹតបណ្តឹងពីសំណាក់សមត្ថកិច្ចនេះ កើតឡើងបន្ទាប់ពីសាលា​ខេត្ត​កណ្ដាល ចេញ​លិខិត​ជូន​ដំណឹង​មួយ​ អំពី​ការ​កាយ​ផ្ដាច់​ផ្លូវ​អម​ប្រឡាយ​លេខ៩០ ដើម្បី​រំដោះ​ទឹក​ភ្លៀង កុំឱ្យ​ប៉ះពាល់​គម្រោង​សាងសង់​ផ្លូវ​យន្ត​ហោះ​ថ្មី។ ក្នុងលិខិតនោះអាជ្ញាធរ​ព្រមាន​ថា បើ​មាន​ជន​ណា​ទៅ​រារាំង​ដល់​ការ​អនុវត្ត​នេះ​ រដ្ឋបាល​ខេត្ត​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់។

សូមបញ្ជាក់ថា ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) របស់លោក ពុង ឃាវសែ បានទទួលសិទ្ធិសាងសង់ព្រលានយន្តហោះខ្នាតអន្តរជាតិមួយស្ថិតក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ព្រលានយន្តហោះថ្មីនេះ វិនិយោគក្នុងទឹកប្រាក់ប្រមាណជាង មួយពាន់ ប្រាំរយ លានដុល្លារ (១.៥០០លានដុល្លារ) លើផ្ទៃដីជិតបីពាន់ហិកតា។ តាមគម្រោង ក្រុមហ៊ុននឹងសាងសង់រួចរាល់នៅ ឆ្នាំ២០២៣។

ក្នុងដំណើរការសាងសង់ព្រលានយន្តហោះថ្មីនេះ ប្រជាពលរដ្ឋប្រហែល ៣០០គ្រួសារត្រូវរងផលប៉ះពាល់ពីការអភិវឌ្ឍន៍នេះ។ ប្រជាពលរដ្ឋបានលើកគ្នាតវ៉ា និងដាក់វេនគ្នាយាមដីដើម្បីរារាំងសកម្មភាពឈូសឆាយរបស់ភាគីខាងក្រុមហ៊ុន OCIC លើដីទំនាស់ដែលមិនទាន់បានដោះស្រាយនោះ។

តាមគោលការណ៍សំណង ខាងក្រុមហ៊ុននៅតែប្រកាន់ជំហរទូទាត់ថ្លៃដីស្រែរបស់ប្រជាពលរដ្ឋត្រឹមតែ ៨ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈពលរដ្ឋអះអាងថា ដីនៅទីនោះបានឡើងដល់ ៧០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ប្រជាពលរដ្ឋបេ្តជ្ញាថានឹងការពារដីស្រែរបស់ពួកគេឱ្យបានគង់វង្ស បើទោះបីជាត្រូវលះបង់អាយុជីវិត ។ ប្រជាពលរដ្ឋក៏ធ្លាប់លើកឡើងថា ខ្លួនមិនរឹងទទឹង ឬបដិសេធនឹងការអភិវឌ្ឍន៍របស់រដ្ឋាភិបាលនោះ តែពលរដ្ឋទាមទារឱ្យមានសំណងទូទាត់សមរម្យ៕

Share

Image
Image
Image